បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានដកខ្លួនចេញពីការបោះឆ្នោតសម្រាប់អាណត្តិទីពីរនិងគាំទ្រអនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kalama Harris ឱ្យធ្វើជាបេក្ខជនប្រធានាធិបតី អ្នកស្រី Harris បានទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែលពីគណបក្សប្រជាធិបតេយ្យ។
ដូច្នេះ សំណួរនៅពេលនេះគឺថា តើអ្នកស្រីនឹងជ្រើសរើសអ្នកណាឱ្យមកឈរឈ្មោះធ្វើជាបេក្ខជនអនុប្រធានាធិបតីដើម្បីប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខតទល់នឹងលោក Donald Trump និងលោក J.D. Vance ដែលជាបេក្ខជនប្រធានាធិបតីនិងបេក្ខជនអនុប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ។
អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោក Eric Holder និងក្រុមហ៊ុនច្បាប់របស់លោកកំពុងពិនិត្យពិច័យលើបេក្ខជននានាដែលអាចក្លាយជាបេក្ខជនអនុប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យឈរឈ្មោះជាមួយនឹងអ្នកស្រី Harris។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់បក្សប្រជាធិបតេយ្យបានស្នើសុំឯកសារសម្រាប់ការពិនិត្យពិច័យពីអភិបាលរដ្ឋចំនួន ៥ រូបខាងបក្សប្រជាធិបតេយ្យ ដែលនោះគឺលោក Roy Cooper នៃរដ្ឋ North Carolina លោក Josh Shapiro នៃរដ្ឋ Pennsylvania អ្នកស្រី Gretchen Whitmer នៃរដ្ឋ Michigan លោក Tim Walz នៃរដ្ឋ Minnesota និងលោក J.B. Pritzker នៃរដ្ឋ Illinois និងពីសមាជិកព្រឹទ្ធសភាមួយរូបខាងបក្សប្រជាធិបតេយ្យ ដែលនោះគឺលោក Mark Kelly នៃរដ្ឋ Arizona។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត Wall Street Journal។
អ្នកដែលឆ្លងផុតដំណើរការពិនិត្យពិច័យនេះ «នឹងប្រហែលជាមានកិច្ចសន្ទនាមួយទល់នឹងមួយជាមួយនឹងអ្នកស្រី Harris ហើយបន្ទាប់មកអ្នកស្រីនឹងសម្រេចជ្រើសរើសប្រហែលនៅក្នុងពេលមួយសប្ដាហ៍ខាងមុខមុនពេលសន្និបាតគណបក្សចូលមកដល់»។ នេះបើតាមការបញ្ជាក់ប្រាប់ VOA របស់លោក William Galston អ្នកស្រាវជ្រាវជាន់ខ្ពស់នៃស្ថាប័ន Brookings។
វា «អាចទំនងខ្លាំងបំផុត» ដែលអ្នកស្រី Harris ដែលមានឪពុកស្បែកខ្មៅនិងម្ដាយជាជនអន្តោប្រវេសន៍មកពីឥណ្ឌា នឹងជ្រើសរើសបុរសស្បែកសធ្វើជាបេក្ខជនអនុប្រធានាធិបតី។ នេះបើតាមការបញ្ជាក់របស់លោក Joel K. Goldstein ដែលជាអ្នកសិក្សាស្រាវជ្រាវអំពីបេក្ខជនអនុប្រធានាធិបតីនិងជាសាស្ត្រាចារ្យកិត្តិយស Vincent C. Immel ផ្នែកច្បាប់នៅមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ St. Louis។
តុល្យភាពភូមិសាស្ត្រគឺជាកត្តាមួយទៀត។ អ្នកស្រី Harris ដែលមកពីរដ្ឋ California ដែលជារដ្ឋមានអ្នកបោះឆ្នោតភាគច្រើនគាំទ្របក្សប្រជាធិបតេយ្យ ទំនងជាចង់បាននរណាម្នាក់ដែលអាចបង្កើនឱកាសរបស់គណបក្សនៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំងដូចជារដ្ឋ Pennsylvania រដ្ឋ Michigan និងរដ្ឋ Georgia ជាដើម។
លោក Jay Chen ដែលជាប្រតិភូសន្និបាតជាតិគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ California និងជាសហប្រធានអង្គការ Taiwanese Americans for Progress បាននិយាយថា៖ «បេក្ខជនដែលមកពីបណ្ដារដ្ឋភាគកណ្ដាលផ្នែកខាងជើង Midwest ឬមកពីបណ្ដារដ្ឋភាគខាងត្បូងអាចជាជម្រើសដ៏ល្អ»។
លោក Chen បាននិយាយថា៖ «ខ្ញុំគិតថា អភិបាលរដ្ឋ Kentucky លោក Andy Beshear អាចជាជម្រើសដ៏ល្អ។ យើងចង់ធ្វើឱ្យប្រាកដថា បេក្ខភាពប្រធានាធិបតីនិងអនុប្រធានាធិបតីមានតុល្យភាព ដោយសារយើងមានអ្នកស្រី Harris មកពីរដ្ឋ California។ ខ្ញុំគិតថា យើងត្រូវធ្វើឱ្យប្រាកដថា អ្នកដែលនៅបណ្ដារដ្ឋភាគកណ្ដាលផ្នែកខាងជើង បណ្ដារដ្ឋភាគខាងកើត និងបណ្ដារដ្ឋភាគខាងត្បូងមិនមានអារម្មណ៍ថាត្រូវបានរដ្ឋបាលនេះធ្វើព្រងើយកន្តើយដាក់នោះទេ ហើយនេះគឺជាឱកាសដ៏ល្អបំផុតក្នុងការព្យាយាមធ្វើឱ្យមានតុល្យភាពនៃបេក្ខភាពរួមគ្នានេះ»។
ទាំងអភិបាលរដ្ឋ Pennsylvania លោក Shapiro និងអភិបាលរដ្ឋ Michigan អ្នកស្រី Whitmer ដែលមកពីគណបក្សប្រជាធិបតេយ្យដែរ បានគាំទ្រអ្នកស្រី Harris កាលពីថ្ងៃចន្ទ។ ករណីនេះបានបំបាត់ការសង្ស័យដែលថា លោក Shapiro ឬអ្នកស្រី Whitmer អាចប្រជែងនឹងអ្នកស្រី Harris ដើម្បីដណ្ដើមគណៈប្រតិភូនៅមុនសន្និបាតថ្នាក់ជាតិគណបក្សប្រជាធិបតេយ្យចូលមកដល់នៅខែក្រោយ។
រដ្ឋ Pennsylvania គឺជារដ្ឋដែលទាំងបក្សប្រជាធិបតេយ្យនិងបក្សសាធារណរដ្ឋត្រូវតែយកឈ្នះ។ រដ្ឋនេះមានសំឡេងឆ្នោតចំនួន១៩ នៃអង្គបោះឆ្នោត ដែលជាសំឡេងឆ្នោតភាគច្រើនបំផុតក្នុងចំណោមរដ្ឋដែលមានការប្រកួតប្រជែងខ្លាំងក្នុងការបោះឆ្នោតឆ្នាំ ២០២៤ នេះ។ បេក្ខជនប្រធានាធិបតីតម្រូវឱ្យទទួលបានសំឡេងឆ្នោតសរុបចំនួន ២៧០ នៃអង្គបោះឆ្នោតដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតី។
ប្រសិនបើអភិបាលរដ្ឋ Michigan អ្នកស្រី Whitmer ឈរឈ្មោះជាមួយនឹងអ្នកស្រី Harris នោះ វានឹងក្លាយជាការផ្សំបញ្ចូលគ្នាដែលមិនធ្លាប់មានពីមុនមក ដែលទាំងបេក្ខជនប្រធានាធិបតីនិងបេក្ខជនអនុប្រធានាធិបតីសុទ្ធតែជាស្ត្រី។
គណបក្សសាធារណរដ្ឋធ្លាប់តែងតាំងស្ត្រីមួយរូបធ្វើជាបេក្ខជនអនុប្រធានាធិបតីរបស់ខ្លួន។ អភិបាលរដ្ឋ Alaska អ្នកស្រី Sarah Palin ត្រូវបានបេក្ខជនប្រធានាធិបតីខាងបក្សសាធារណរដ្ឋលោក John McCain ជ្រើសរើសធ្វើជាបេក្ខជនអនុប្រធានាធិបតីនៅឆ្នាំ ២០០៨ ដែលនៅពេលនោះ លោក Barack Obama ខាងបក្សប្រជាធិបតេយ្យ បានឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតីស្បែកខ្មៅដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
គណបក្សប្រជាធិបតេយ្យក៏ជាគណបក្សធំតែមួយគត់ផងដែរដែលបានតែងតាំងស្ត្រីឱ្យធ្វើជាបេក្ខជនប្រធានាធិបតី។ នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៦ អ្នកស្រី Hillary Clinton ដែលជារដ្ឋមន្ត្រីការបរទេសនិងជាភរិយារបស់អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton បានឈ្នះសំឡេងឆ្នោតនៃការបោះឆ្នោត ប៉ុន្តែលោក Trump បានឈ្នះសំឡេងឆ្នោតនៃអង្គបោះឆ្នោតក្លាយជាប្រធានាធិបតី៕
ប្រែសម្រួលដោយ ភី សុភាដា