ក្រុមកូដករណាហ្គាវើលដ៍ កាលពីព្រឹកថ្ងៃពុធ បានដាក់លិខិតចំហមួយទៅរដ្ឋមន្រ្តីថ្មីនៃក្រសួងការងារ ដើម្បីស្នើឱ្យមានកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) ដែលអូសបន្លាយច្រើនឆ្នាំហើយ និងទាមទារឱ្យដោះលែងថ្នាក់ដឹកនាំសហជីពដែលកំពុងជាប់ពន្ធនាគារ គឺកញ្ញា ឈឹម ស៊ីថរ។
នៅខាងមុខច្រកចូលក្រសួងការងារ នាថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៤ កូដករណាហ្គាវើលដ៍ប្រមាណ ៤ ០នាក់ បានលើកឡើងថា លិខិតចំហមួយនេះជាលិខិតដំបូងដែលដាក់ស្នើសុំកិច្ចអន្តរាគមន៍ពីលោក ហេង សួរ អតីតអ្នកនាំពាក្យក្រសួងការងារ ក្រោយលោកបានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារបានជាង៦ខែ។
បើតាមលិខិតចំហនោះ ក្រុមអ្នកតវ៉ាស្នើលោក ហេង សួរ ដោះស្រាយវិវាទការងារនេះ «ដោយយុត្តិធម៌ មិនលម្អៀង» ហើយថា តំណាងសហជីពណាហ្គាវើលដ៍បានព្យាយាមចរចាផ្ទៃក្នុងជាមួយក្រុមហ៊ុន ដើម្បីរកដំណោះស្រាយជាច្រើនដង ប៉ុន្តែមិនទទួលបានលទ្ធផលឡើយ។ លិខិតបញ្ជាក់ថាក្រុមហ៊ុននៅតែប្រកាន់ «ជំហរមិនអនុលោមតាមស្មារតីដែលមានក្នុងច្បាប់» ហើយក៏មិនមាន «ឆន្ទៈ» ក្នុងការទទួលយកច្បាប់ជាគោលក្នុងការដោះស្រាយជម្លោះការងារនេះ។
លិខិតដដែលបន្ថែមថា សហជីពបានព្យាយាមប្រើប្រាស់យន្តការក្នុងការដោះស្រាយវិវាទការងារគ្រប់នីតិវិធី រហូតដល់បានបញ្ចប់នីតិវិធីដែលមានចែងក្នុងច្បាប់ មុនឈានដល់ចេញធ្វើកូដកម្ម ចាប់ពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១។
អ្នកស្រី ឃ្លាំង សុបិន្ត អាយុ ៤៣ ឆ្នាំ សមាជិកសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ដែលចូលរួមក្នុងការដាក់លិខិតចំហមួយនេះ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «ខ្ញុំស្តាប់គាត់[ក្រសួងការងារ]ជារឿយៗ គាត់ថាឋានសួគ៌សហជីព ប៉ុន្តែសម្រាប់សហជីពរបស់ខ្ញុំមួយហ្នឹងគឺសហជីព LRSU ហ្នឹងគឺវាអត់មានទទួលបានលក្ខណៈឋានសួគ៌ វាដូចជាឋាននរកអ៊ីចឹង យើងរងការរើសអើងពីក្រុមហ៊ុន តាមធ្វើទុក្ខបុកម្នេញពីក្រុមហ៊ុនថ្មីៗទៀត អាវិវាទរបស់យើងវែងអន្លាយក៏ដោយសារក្រសួងជ្រៀតជ្រែកវាមិននៅកណ្តាល បានន័យថា ជ្រៀតជ្រែកលក្ខណៈផ្អៀង។ ហើយមានស្ថាប័នផ្សេងៗខាងរដ្ឋយើងក៏ជ្រៀតជ្រែកដែរ ប៉ុន្តែអត់មានតម្លាភាព និងភាពលម្អៀងឱ្យបានត្រឹមត្រូវ បើថា នៅកណ្តាលនៅកណ្តាលកុំងាកខាងឆ្វេង កុំងារខាងស្តាំអីព្រោះគាត់ជាអ្នកដោះស្រាយ»។
អ្នកស្រី ឃ្លាំង សុបិន្ត នៅតែមានក្តីសង្ឃឹមថា អាចនឹងមានដំណោះស្រាយសមស្របថ្មីណាមួយជូនក្រុមកូដករណាហ្គាវើលដ៍។
អ្នកស្រីថ្លែងថា៖ «សម្រាប់ខ្ញុំសង្ឃឹមថា ការដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារថ្មីហ្នឹង សង្ឃឹមថា ក្រែងលោពីមុនគាត់អត់ទាន់ជារដ្ឋមន្រ្តីក្រសួងការងារ ក្រែងលោគាត់ថាអត់សូវមានសមត្ថភាព គាត់ថាដែនសមត្ថកិច្ចគាត់នៅមានកម្រិត អ៊ីចឹងឥឡូវគាត់ក្លាយជាប្រធានបានន័យថាជារដ្ឋមន្រ្តីក្រសួងការងារហើយ អ៊ីចឹងលទ្ធភាពអំណាចរបស់គាត់ ដែនសមត្ថកិច្ចរបស់គាត់គឺត្រូវតែមានហើយ ខ្ញុំសង្ឃឹមគាត់នឹងដោះស្រាយជូនពួកយើង»។
លោក ណាំ ទីវ័ន្ត អាយុ ២៥ ឆ្នាំ កូដករក្រុមណាហ្គាវើលដ៍ម្នាក់ទៀតដែលចូលរួមដាក់លិខិតចំហ ប្រាប់វីអូអេថា ក្រុមកូដករស្នើសុំក្រសួងការងារជួយអន្តរាគមន៍បញ្ឈប់ការរើសអើងសហជីព និងកុំឱ្យថៅកែណាហ្គាវើលដ៍បន្តធ្វើទុក្ខបុកម្នេញកម្មករទៀត។
លោកលើកឡើងថា៖ «នៅពេលដែលលោកឯកឧត្តម ហេង សួរ ឡើងនេះគឺជាលើកទីមួយរបស់ពួកយើងដែលមកទីនេះ ដើម្បីសុំកិច្ចអន្តរាគមន៍ពីគាត់ក្រែងរដ្ឋមន្រ្តីក្រសួងការងារចាស់គាត់អត់មានសមត្ថភាពដោះស្រាយ។ អ៊ីចឹងយើងសង្ឃឹមថា រដ្ឋមន្រ្តីក្រសួងការងារថ្មីគាត់អាចនឹងមានសមត្ថភាពខ្លាំងជាងអ្នកចាស់គាត់អាចដោះស្រាយវិវាទការងារនេះបាន»។
កូដកររូបនេះក៏ស្នើសុំឱ្យក្រសួងការងារជួយអន្តរាគមន៍ដោះលែងថ្នាក់ដឹកនាំសហជីពកញ្ញា ឈឹម ស៊ីថរ។
កាលពីព្រឹកថ្ងៃពុធ ក្រុមសន្តិសុខចម្រុះរបស់ក្រសួងការងារបានអនុញ្ញាតឱ្យសមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ១០ នាក់ចូលដាក់លិខិតសុំកិច្ចអន្តរាគមន៍របស់ពួកគេ។ ក្រោយដាក់លិខិតរួច អ្នកស្រី ឈឹម សុខន សមាជិកសហជីពមួយរូប ប្រាប់វីអូអេថា តំណាងពីក្រសួងការងារបានមកទទួលលិខិតមួយនោះ ដោយថា នឹងបញ្ជូនលិខិតនេះទៅរដ្ឋមន្រ្តី ដើម្បីត្រួតពិនិត្យ។
អ្នកស្រីថ្លែងថា៖ «យើងរំពឹងថាលិខិតនេះគឺត្រូវបានរដ្ឋមន្រ្តីក្រសួងការងារលោក ហេង សួរ បានទៅដល់ដៃរបស់គាត់ ហើយគាត់បានពិនិត្យ និងដោះស្រាយលើបញ្ហារបស់ពួកយើងដែលជាវិវាទរុំារៃហ្នឹង»។
លោក កត្តា អន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ក្រសួងបានទទួលលិខិតរបស់ក្រុមកូដករណាហ្គាវើលដ៍រួចហើយ ក៏បានបញ្ជូនទៅគណៈកម្មការដោះស្រាយកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញា ដើម្បីពិនិត្យខ្លឹមសារសំណើសុំអង្គហេតុ និងអង្គច្បាប់។ លោកបន្ថែមថា គណៈកម្មការដោះស្រាយកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញាបានធ្លាប់ដោះស្រាយជាមួយកូដករណាហ្គាវើលដ៍ចំនួន ២៧ លើក ប៉ុន្តែនៅតែមិនមានលទ្ធផលជាវិជ្ជមានឡើយ។
លោកបន្តថា កន្លងមក ក្រសួងការងារបានប្រឹងប្រែងសម្របសម្រួលដោះស្រាយវិវាទតាមយន្តការ ដោះស្រាយវិវាទតាមច្បាប់ការងារ ចំនួន២លើក និងបានបញ្ជូនករណីនេះទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល រហូតដល់មានជាសេចក្តីបង្គាប់រួចហើយ។ ប៉ុន្តែលោកបញ្ជាក់ថា ក្រុមកូដករណាហ្គាវើលដ៍មិនអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយបានចេញតវ៉ា។
កាលពីខែឧសភា ឆ្នាំមុន តុលាការរាជធានីភ្នំពេញ បានកាត់ទោសកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ឱ្យជាប់ពន្ធនាគារពីរឆ្នាំ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការតវ៉ារបស់កញ្ញាកាលពីកន្លងទៅ។
គួរបញ្ជាក់ថា អតីតបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ បានប្រមូលផ្តុំធ្វើកូដកម្មជាច្រើនខែ បន្ទាប់ពីកម្មករនិយោជិតប្រមាណ ១.៣២៩ នាក់ ត្រូវបានបញ្ឈប់ពីការងារដោយបង្ខំ កាលពីអំឡុងខែមេសា ឆ្នាំ ២០២១។ អតីតបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលត្រូវបានបញ្ឈប់នោះ ភាគច្រើនជាសមាជិកសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្តើមការតវ៉ា កាលពីខែធ្នូ ឆ្នាំ ២០២១។ ការបញ្ឈប់ពួកគេត្រូវបានមើលឃើញថា ជាចេតនាក្នុងការបំបាត់សហជីពឯករាជ្យនៅក្រុមហ៊ុនកាស៊ីណូ ដែលចុះបញ្ជីនៅផ្សារភាគហ៊ុនក្នុងទីក្រុងហុងកុងមួយនេះ៕