កម្ពុជាដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២២នេះ សម្រេចមិនអញ្ជើញប្រទេសមីយ៉ាន់ម៉ា ឬភូមាមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងធ្វើនៅខែវិច្ឆិកាខាងមុខ ក្រោមហេតុផលថា ប្រទេសដែលដឹកនាំដោយពួកយោធានេះ នៅតែមិនធ្វើឱ្យមានភាពចម្រើនទៅមុខនៃការអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច។
ប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) ចំនួន១០ បានយល់ព្រមគ្នាលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច កាលពីខែមេសា ឆ្នាំ២០២១ ដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមានសញ្ញាតិចតួចដែលរបបដឹកនាំដោយយោធាអនុវត្តតាមកិច្ចព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដែលក្នុងនោះ រួមមានការបញ្ចប់អំពើហិង្សា និងការធ្វើឲ្យមានកិច្ចសន្ទនារវាងយោធា និងចលនាប្រឆាំងនឹងការធ្វើរដ្ឋប្រហារ។ នេះជាកិច្ចខិតខំស្វែងរកដំណោះស្រាយរបស់អាស៊ាននៅក្នុងវិបត្តិមីយ៉ាន់ម៉ា ដែលមេដឹកនាំយោធាបានធ្វើរដ្ឋប្រហាររដ្ឋាភិបាលស៊ីវិល ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ជុំ សុន្ទរី ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃសុក្រនេះថា ការចូលរួមរបស់ប្រទេសមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់អាស៊ានមានទំនាក់ទំនងនឹងភាពប្រសើរឡើងនៅក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច។
លោកបន្ថែមថា៖ «ហេតុដូច្នេះ កម្ពុជាក្នុងនាមប្រធានអាស៊ានបច្ចុប្បន្នបានផ្ញើសំណើមួយជូនទៅក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ដើម្បីចាត់តំណាងមិនមែនជាអ្នកនយោបាយដើម្បីចូលរួមកិច្ចប្រជុំកំពូល និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀតដែលកំពុងតែខិតជិតចូលមកដល់។ ហើយជាថ្មីម្តងទៀត ក្រុមប្រឹក្សារដ្ឋ[មីយ៉ាន់ម៉ា] មិនព្រមបញ្ជូននរណាម្នាក់មកចូលរួមប្រជុំកំពូលអាស៊ាននេះទេ»។
បើតាមលោក ជុំ សុន្ទរី កម្ពុជាបានផ្ញើលិខិតអញ្ជើញប្រទេសជាសមាជិកអាស៊ានទាំងអស់លើកលែងតែប្រទេសមីយ៉ាន់ម៉ា ដែលកម្ពុជាសុំឱ្យបញ្ជូនតំណាងមិនមែនអ្នកនយោបាយ ហើយក៏បានអញ្ជើញដៃគូសន្ទនាទាំង១០របស់អាស៊ាន ក៏ដូចជាអង្គការអន្តរជាតិ និងក្នុងតំបន់។ នៅពេលនេះ កម្ពុជាកំពុងរង់ចាំការឆ្លើយតបបញ្ជាក់ពីការចូលរួមជំនួបកំពូលនៅខែវិច្ឆិកា។
យ៉ាងណាក៏ដោយ ទាក់ទិនបញ្ហាប្រទេសមីយ៉ាន់ម៉ា អ្នកតាមដាននយោបាយកម្ពុជា មើលឃើញហេតុផលផ្សេងៗមួយចំនួនទៀត ដែលនាំឱ្យកម្ពុជាមិនអាចអញ្ជើញមីយ៉ាន់ម៉ាបាននោះ គឺសម្ពាធផ្ទៃក្នុងរបស់អាស៊ានខ្លួនឯង បន្ទាប់ពីគំនិតផ្តួចផ្តើមកម្ពុជាក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ានេះទទួលបានការរិះគន់ពីប្រទេសជាសមាជិកអាស៊ានដូចគ្នា។
អ្នកវិភាគនយោបាយលោក សេង សារី ថ្លែងថា កម្ពុជាបានផ្តួចផ្តើមគំនិតថ្មីមួយចំនួនដែរ ដើម្បីសាកល្បងនៅក្នុងការដោះស្រាយបញ្ហានៅភូមា ដោយប្រធានអាស៊ានប្តូរវេន គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទៅប្រទេសភូមា កាលពីដើមខែមករា។ ប៉ុន្តែលោកថាដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន កាលនោះ រងការរិះគន់ខ្លាំង ជាពិសេសពីបណ្តាសមាជិកអាស៊ាន ពីអ្នកកាទូតអាស៊ាន និងបណ្តាអង្គការអន្តរជាតិផ្សេងៗ។
លោកបន្តថា៖ «ដូចខ្ញុំបានលើកកន្លងមកដែរថា កម្ពុជាមិនផ្តួចផ្តើមនូវគំនិតថ្មីណាមួយទៀតទេ គឺកម្ពុជាបណ្តោយទៅតាមអ្វីដែលអាស៊ានចង់បាន សមាគមអាស៊ានចង់បាន។ ហើយប្រាកដណាស់ថាបើសិនជាគ្មានសំឡេងភូមាទេ អាស៊ានដំណើរការទៅយឺត ហើយនិងមិនអាចធ្វើអីបាន លើសពីហ្នឹងទេ។ អ៊ីចឹង ហើយអ្វីដែលអ្នកសិក្សាស្រាវជ្រាវបានកំណត់ថាអាស៊ានជាខ្លាក្រដាសហ្នឹង គឺមិនខុសទេ»។
លោកបន្ថែមថា៖ «ប្រទេសសមាជិកហ្នឹង នៅតែជាប្រទេសដែលគិតគូពីប្រយោជន៍ផ្ទាល់ខ្លួន គិតគូអំពីផលប្រយោជន៍ជាតិខ្លួនឯងហ្នឹងច្រើនជាងប្រយោជន៍តំបន់។ អញ្ចឹង រឿងផលប្រយោជន៍ខ្លួនហ្នឹងគឺជាកត្តាអាទិភាពរបស់ប្រទេសនីមួយៗ ហើយ វប្បធម៌មិនសូវជាចេះជួយគ្នាទៅវិញទៅមកហ្នឹងក៏បន្តអីចឹង បន្តទៅទៀតទៅ»។
ស្ថានទូតមីយ៉ាន់ម៉ានៅកម្ពុជាមិនទាន់ឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមេរិកដែលបានផ្ញើតាមសារអ៊ីមែលគិតត្រឹមរសៀលថ្ងៃសុក្រនេះ។
នៅក្នុងដំណើរទៅជួបមេដឹកនាំរបបសឹកយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing កាលពីដើមខែមករា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលរងការរិះគន់ថាលោកព្យាយាមធ្វើឱ្យមីយ៉ាន់ម៉ាមានសិទ្ធិស្របច្បាប់បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលការណ៍នេះនឹងធ្វើឱ្យសុខមាលភាពប្រជាជនភូមានិងស្ថិរភាពក្នុងតំបន់រងការគំរាមកំហែង។ នេះបើតាមសារព័ត៌មានអនឡាញ Myanmar Now។
ដោយឡែក កាលពីខែសីហា ឆ្នាំ២០២២នេះ កម្ពុជាបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ហើយក្រោយការប្រជុំនោះ ក្រុមរដ្ឋមន្ត្រីក្នុងប្លុកអាស៊ានបានធ្វើការថ្កោលទោសដ៏កម្រចំពោះសកម្មភាពរបស់ពួកយោធាមីយ៉ាន់ម៉ា ដែលក្នុងនោះមានការប្រហារជីវិតសកម្មជនមួយចំនួនផងដែរ។
ក្រុមរដ្ឋមន្ត្រីបានលើកឡើងថា៖ «ពួកគេខកចិត្តយ៉ាងខ្លាំងនឹងការវិវឌ្ឍនទៅមុខដ៏មានកម្រិត និងកង្វះឆន្ទៈ របស់អាជ្ញាធររដ្ឋធានី Naypyidaw ដើម្បីបំពេញឱ្យបានកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុចទាន់ពេលវេលា»៕
មីយ៉ាន់ម៉ានឹងមិនបានចូលរួមប្រជុំអាស៊ាន ព្រោះមិនបញ្ឈប់ហិង្សា
ភ្នំពេញ —