ក្រុមមេដឹកនាំយុវជនមីយ៉ាន់ម៉ាខ្លាចច្បាប់កាតព្វកិច្ចយោធា

រូបឯកសារ៖ ពលរដ្ឋវ័យក្មេងមីយ៉ាន់ម៉ាតម្រង់ជួរ​ដាក់ពាក្យស្នើសុំទិដ្ឋាការទៅប្រទេសថៃ នៅមុខស្ថានទូតថៃប្រចាំប្រទេសមីយ៉ាន់ម៉ា ក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ច្បាប់​សេវា​យោធារបស់​ពលរដ្ឋនៃ​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​បាន​បង្កើតកាលពី​ឆ្នាំ ២០១០ តែ​ត្រូវ​បានប្រើ​ក្នុង​ខែកុម្ភៈ មានន័យថា​បុរសអាយុពី ១៨​ទៅ​៤៥ឆ្នាំ ​និង​ស្ត្រី​អាយុ​ពី ​១៨​ទៅ​៣៥​ឆ្នាំ ​អាច​ត្រូវ​កេណ្ឌ​ឱ្យ​បម្រើការ​ក្នុងកងយោធពលពីរឆ្នាំ។​ ពលរដ្ឋ​ដែល​មានវិជ្ជា​ជីវៈខ្លះ​ ដូចជាវេជ្ជបណ្ឌិត​ជាដើម​ ត្រូវ​បម្រើការបីឆ្នាំ។ ក្នុង​ករណី​ប្រទេស​ជាតិ​មាន​ភាព​អាសន្ន​ ការ​បម្រើយោធាអាច​ត្រូវពន្យារ​ពេល​ដល់ទាំងអស់​ប្រាំឆ្នាំ។

បើតាម​លោក Zaw Min Tun ​អ្នកនាំពាក្យ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ ​ក្រុមប្រឹក្សា​យោធា​គ្រប់គ្រង​ប្រទេស​មាន​គោលដៅ​កេណ្ឌទាហានថ្មី​ ៦០.០០០នាក់ ​ក្នុង​មួយ​ឆ្នាំ ​ដោយ​ឱ្យ​បាន ​៥.០០០​នាក់ នៅ​ដំណាច់​ខែមេសា។

លោក Robert Minn ​អាយុ​២៥​ឆ្នាំ ​ជា​សកម្មជន​យុវជន​ម្នាក់​នៃ​ក្រុម ​Milk Tea Alliance-Friends of Myanmar​ ដែលជា​ក្រុម​មួយ​ទាក់ទង​នឹងប្រទេស​អាស៊ី​ខាងកើត​មួយ​ចំនួន។ លោក​បាន​និយាយប្រាប់​វីអូអេ​ថា​ កាលពី​ពេល​ថ្មីៗ​នេះ​លោក​ត្រូវ​បាន​ឃាត់​នៅ​កន្លែងត្រួតពិនិត្យមួយ​ក្នុង​ក្រុង​រ៉ង់ហ្គូន ​ហើយ​ត្រូវ​បាន​សុំឱ្យ​ចូលរួម​បម្រើ​ក្នុង​ជួរ​កងទ័ព។

លោក​ថា៖ ​«កាលពី​អាទិត្យ​មុន ខ្ញុំបាន​ទៅកណ្តាល​ក្រុង ​ហើយ​ពួកគេឆែកទូរស័ព្ទខ្ញុំ។ ខ្ញុំគ្មាន​អ្វី​លើទូរស័ព្ទនោះ​ទេ ​គ្មានឯកសារ​នយោបាយ​ទេ។ តែ​ពួកគេ​សួរ​ថា ​«តើ​អ្នកចង់​បម្រើ​កងទ័ព​ឬទេ?​ តើ​អ្នកចង់ចូលរួម​ក្នុង​កំណែននេះ​ឬទេ?»

ដោយ​ប្រឈមនឹង​ការបំភិតបំភ័យ ​លោក Minn ​ថា​ លោកប្តេជ្ញាចេញ​ពី​ទីនោះ។

លោក​បាន​និយាយ​ថា៖​ «ខ្ញុំ​បាននិយាយថា​ ទេ ​ប៉ុន្តែ​មាន​ទាហាន​ច្រើន​នាក់ ​ដូច្នេះ​ខ្ញុំ​ថា​បើលោកកោះហៅខ្ញុំជា​ផ្លូវការ ដោយ​មានសំបុត្រ​ខ្ញុំអាចចូលរួមបាន»។​

លោក Minn ​ថា​ លោក​បានបង់​ប្រាក់ ​៥០.០០០​ Kyat ​ភូមាស្មើនឹង ​២៣,៨០​ដុល្លារ ឱ្យ​ពួកទាហាន ​ដើម្បី​អាចចាកចេញពី​កន្លែង​ត្រួតពិនិត្យនោះ​បាន។

លោក​បាន​បន្ថែម​ថា៖ ​«ខ្ញុំ​មិន​ចង់ចូលរួមជា​មួយ​ពួកគេទេ។ ខ្ញុំ​ត្រូវ​តែ​បង់ប្រាក់ដើម្បី​គេចខ្លួន។ បើខ្ញុំ​និយាយថា ព្រម​ ​ពួកគេ​ប្រហែលចាប់​យក​ខ្ញុំនៅ​នឹង​កន្លែង​នោះ​តែម្តង។ កាលពី​ពេលមុនៗ កងយោធាគ្រាន់តែ​ឆែកឆេរអត្តសញ្ញាណប័ណ្ណ​ ហើយ​ខ្ញុំអាច​ទៅបានដោយងាយ ​ប៉ុន្តែ​ពេលនេះពិបាក​ជាងមុន»។

ខិតបណ្ណរដ្ឋាភិបាលលើក​ទឹកចិត្ត​ក្រុម​យុវជនឱ្យ​ចុះ​ឈ្មោះ​ត្រូវបាន​ចែក​នៅ​ទូទាំង​មីយ៉ាន់ម៉ា​តាំងពី​ច្បាប់​កាតព្វកិច្ច​យោធា​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី ១០​ ខែ​កុម្ភៈ​មក។​

ខិតបណ្ឌស្តីពីច្បាប់​យោធា​មីយ៉ាន់ម៉ា។ (រូបភាពផ្តល់ឱ្យដោយ Robert Min)

លោក Aung Sett ​សកម្មជន​ម្នាក់នៃ​សហព័ន្ធ​សហជីព​និស្សិតទូទាំងប្រទេស​ភូមា ​បាន​និយាយថា ច្បាប់​កាតព្វកិច្ច​យោធា​គំរាមកំហែងបង្ខំក្រុម​បុគ្គលឱ្យ​ចុះឈ្មោះ​«ប្រឆាំង​នឹង​ឆន្ទៈ​ពួកគេ»។​

លោក​បានប្រាប់​វីអូអេ​ថា៖ ​«ពួកគេ​បង្ខំយុវជន​និង​និស្សិត​វ័យ​ក្មេងឱ្យ​ចាកចេញពី​ប្រទេសឬ​កាន់​កាំភ្លើងប្រយុទ្ធ ​ដោយគ្មានជម្រើស។ មានការ​គំរាមកំហែង​ខ្លះ​ដល់ក្រុម​យើង ជាពិសេស​ដល់ជនរស់នៅ​ក្នុង​តំបន់ក្រុង។ ខ្ញុំ​ព្រួយ​បារម្ភអំពី​មនុស្ស​វ័យ​ក្មេង​ដែល​ត្រូវបានជ្រើសរើស​ប្រឆាំង​នឹង​ឆន្ទៈ​ពួក​គេ»។

ប្រទេស​មីយ៉ាន់ម៉ាមានចលាចល​តាំងពីមេដឹកនាំ​យោធាឧត្តមសេនីយ៍​ Min Aung Hlaing​ និងកងកម្លាំង​យោធា​លោកបាន​ទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត​តាមលទ្ធិប្រជាធិបតេយ្យ​កាលពី​ខែកុម្ភៈ ​ឆ្នាំ ​២០២១។ រដ្ឋប្រហារនេះបានបណ្តាលឱ្យមាន​ការបះបោរ​ប្រដាប់​អាវុធក្នុង​ពេល​ពីរបីឆ្នាំ​មក​នេះ។

ក្រុម​តស៊ូមីយ៉ាន់ម៉ាមានរួមរដ្ឋាភិបាលឯកភាពជាតិ​ដឹកនាំ​ដោយ​ជន​ស៊ីវិល​និង​សាខាប្រដាប់​អាវុធ​ គឺ​កងកម្លាំងការពាររបស់ប្រជារាស្ត្រនិងក្រុម​ជន​អំបូរ​ភាគតិច​ប្រដាប់​អាវុធ។

ការវាយលុកដោយ​កងកម្លាំង​តស៊ូដែល​ចាប់ផ្តើមកាលពី​ខែតុលា ​ក្នុង​រដ្ឋ Shan ​នៃប្រទេស​មីយ៉ាន់ម៉ា បានវាយ​យកទីប្រជុំជននិង​ប៉ុស្តិ៍យោធារាប់សិប។ ទោះជាមាន​ការឈប់បាញ់គ្នាក៏​ដោយ ក៏​សង្គ្រាមនៅតែមាន​ក្នុង​ផ្នែក​ឯទៀតៗ​នៃ​ប្រទេសមីយ៉ាន់ម៉ា​តទៅទៀត​ នៅ​ពេល​ក្រុមប្រឹក្សាយោធាប្រឹងប្រែងគ្រប់គ្រងតំបន់បាត់បង់​វិញ។

នៅ​ពេលកងទ័ព​មីយ៉ាន់ម៉ាស្វះស្វែងឱ្យ​មាន​ទាហាន​ថ្មីៗថែម​ទៀត ​មាន​មនុស្សរាប់​លាន​នាក់​អាច​ចូល​រួមបាន។ ​ក្នុង​ចំណោម​ប្រជារាស្ត្រ ៥៦ ​លាន​នាក់​ រួម​មាន​បុរស​ ៦,៣​លាន​នាក់ ​និង​ស្ត្រី​ ៧,៧​លាន​នាក់​ មានគុណវុឌ្ឍិ​គ្រប់គ្រាន់​សម្រាប់​សេវា​យោធា។ នេះបើ​តាម​ក្រុមប្រឹក្សា​យោធា។

នាង Jewel ដែល​សុំ​កុំឱ្យ​ប្រើឈ្មោះពិត​របស់​នាង​ដោយសារហេតុផល​សន្តិសុខ ​ជាសមាជិកានៃគណៈកម្មាធិការ​កូដកម្មយុវជន Pazundaung ​ដែល​ជាក្រុមប្រឆាំងនឹង​ក្រុមប្រឹក្សា​យោធា​នៅ​ក្រុងរ៉ង់ហ្គូន ។ នាងថា ​ច្បាប់​កាតព្វកិច្ច​យោធា​ថ្មីនេះអាចធ្វើ​ឲ្យ​ក្រុមស្ត្រីមាន​គ្រោះថ្នាក់។​

នាង​បាន​និយាយពី​មីយ៉ាន់ម៉ាតាម​ទូរស័ព្ទ​ថា៖ ​«​ច្បាប់​សេវា​យោធា​សម្រាប់​ស្ត្រី​នាំ​ឱ្យ​មាន​កង្វល់​ខ្លាំងណាស់​ក្នុង​របប​គ្រប់គ្រងដោយ​រដ្ឋប្រហារ ​ពីព្រោះ​ពួក​ទាហាន​បង្ខំ​សេព​សន្ធវៈស្ត្រី។ បើមិនដូច្នេះ​ទេ ក្រុម​ស្ត្រី​អាចជា​ខែលមនុស្ស ដើម្បី​ដឹកជញ្ជូនយុទ្ធោបករណ៍ឬ​ឱ្យរក​គ្រាប់មីន»។

មានរបាយការណ៍​អំពីការរំលោភ​សេពសន្ធវៈជាញឹកញយ នៅពេល​ក្រុមយោធា​បង្ក្រាបយ៉ាង​សាហាវលើ​កងកម្លាំងតស៊ូកាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ កាលពី​ពេលមុនៗ​ ក្រុម​ប្រឹក្សាយោធា​បានប្រកែកមិនព្រមអធិប្បាយទេនៅ​ពេល​វីអូអេ​ទាក់ទង​សុំអត្ថាធិប្បាយ។​

នាង​ Jewel ថា ច្បាប់​កាតព្វកិច្ច​យោធាក៏​បាន​បង្ខំក្រុម​សមាជិក​របស់​នាង​ឱ្យ​ស្វះស្វែងកិច្ចការពារ​នៅ​ក្រោម​កងកម្លាំងប្រឆាំង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ។

នាង​បាន​បន្ថែម​ថា៖ ​«សមាជិក​នៃ​ក្រុម​ខ្ញុំ​មាន​ទាំង​ប្រុសទាំងស្រី។ ដោយសារមាន​រួម​ក្រុមនារី ​សមាជិកដែលមាន​អាយុ​កំណត់​ដោយ​ច្បាប់​កាតព្វកិច្ច​យោធា​នេះបាន​រត់​គេចខ្លួន​ទៅ​កាន់កងទ័ព​បដិវត្តន៍​របស់​ប្រជាជន (PDF) ពីព្រោះ​ពួកគេមិនចង់​បម្រើការ​ក្នុង​កងយោធា»។

លោក Zarni Soe ​ជាយុវជន​រ៉ូហ៊ីងយ៉ា​ជា​សកម្មជនសិទ្ធិមនុស្ស​និង​ជា​ស្ថាបនិកបណ្តាញ​ក្រុម​យុវជន​សន្តិភាព​ Arakan។ លោកថ្លែង​ថា ​ក្រុមលោក​ក៏​ប្រឈមនឹង​ឧបសគ្គក្រាស់ក្រែល​ដែរ​កាល​ពីប៉ុន្មានសប្តាហ៍​ថ្មីៗ​នេះ។ ​របាយការណ៍ថា ​កងកម្លាំងក្រុមប្រឹក្សាយោធា​បាន​ឃាត់ខ្លួន​យុវជនរ៉ូហ៊ីងយ៉ារាប់រយ​នាក់នៅក្នុង​រដ្ឋ​នោះ នាំឱ្យ​មានកំណើន​កង្វល់​អំពីថា ​តើ​ក្រុមយោធា​នឹង​កេណ្ឌ​ពួកគេ​ឬ​យ៉ាងណា។

លោក​បាន​ពោល​ប្រាប់វីអូអេថា៖​ «ជា​លទ្ធផល ​ខ្ញុំ​ត្រូវតែបញ្ឈប់​សកម្មភាព​ក្នុង​តំបន់តាំងពី​ពេលនោះ​មក។ ដើម្បីថែរក្សាការប្រឹងប្រែង​របស់​ខ្ញុំ ​ខ្ញុំ​ផ្តល់​អាទិភាព​ដល់ការសម្ងាត់ ​ដោយប្រើ​បណ្តាញ​គមនាគមន៍​មាន​សន្តិសុខ ​ធ្វើ​ចលនា​ដោយ​ប្រុងប្រយ័ត្ន​និងកសាង​បណ្តាញ​រឹងមាំមួយពី​តំបន់​មួយ​ចំនួន»។

លទ្ធភាពនៃ​សេវា​យោធា​នាំឱ្យ​ជនជាតិ​មីយ៉ាន់ម៉ារាប់ពាន់​នាក់​ប្រឹងប្រែង​ចាកចេញ​ពី​ប្រទេស។ មាន​មនុស្សឈរ​បន្តគ្នា​យ៉ាង​វែង​ដើម្បី​សុំ​ទិដ្ឋាការ​នៅស្ថានទូត​ថៃ​ក្នុង​ក្រុងរ៉ង់ហ្គូន ចំណែកជនជាតិ​មីយ៉ាន់ម៉ា​រាប់សិបនាក់ត្រូវបានចាប់ខ្លួន​ក្រោយ​ចូលក្នុង​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់។

លោក Ye Myo Hein ជា​អ្នកស្រាវជ្រាវ​នៅមជ្ឈមណ្ឌល Wilson ​និងវិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក។ លោកថា ក្រុមយោធា​ប្រើច្បាប់​កាតព្វកិច្ច​យោធា​ដោយសារប្រជារាស្ត្រខ្វះ​ការយក​ចិត្ត​ទុកដាក់​ចូលរួម​ក្នុងកងទ័ព។

លោក​បាននិយាយកាលពី​ខែ​កុម្ភៈថា៖ ​«ដោយ​មាន​កំណើន​អរិភាព​ដល់​ក្រុម​យោធា​នៅ​ក្រោយ​រដ្ឋប្រហារ ​ការចុះឈ្មោះ​ធ្វើទាហាន​ដោយ​ស្ម័គ្រចិត្តសឹងតែ​មិនអាច​ធ្វើ​បាន​ទេ»។

លោក Ye Myo Hein ​បាន​ពោល​ថា៖​ «បើ​ក្រុមប្រឹក្សា​យោធានៅ​តែបន្ត​ដោយ​វិធី​បង្ខិត​បង្ខំ​ សាធារណជន​នឹង​មាន​ជម្រើសតែ​ពីរបី​ រួមមាន​រត់គេច​ខ្លួនចេញ​ពី​ប្រទេស ​បង្កើនការគាំទ្រ​ដល់​ចលនា​តស៊ូប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមប្រឹក្សា​យោធា​និង​ចូលរួម​ជាមួយ​ក្រុម​តស៊ូតែម្តង»៕

ប្រែសម្រួល​ដោយ​លោក​ឈឹម​ សុមេធ