រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា ដែលដឹកនាំដោយក្រុមប្រឆាំងទៅនឹងការដឹកនាំនៃរបបយោធា បានរិះគន់ជំនួបកាលពីពេលថ្មីៗនេះរវាងមន្ត្រីការទូតកំពូលថៃ ជាមួយលោកស្រី Aung San Suu Kyi ដោយថ្លែងថា ជំនួបបែបនេះអាចធ្វើឱ្យស្មុគស្មាញដល់កិច្ចប្រឹងប្រែងរបស់អាស៊ានក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai បានបង្ហើបឱ្យដឹងថា កាលពីថ្ងៃទី ៩ ខែកក្កដា លោកបានជួបជាមួយមេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវទម្លាក់ពីអំណាច គឺលោកស្រី Aung San Suu Kyi។ លោកថា លោកស្រីបានបង្ហាញឆន្ទៈក្នុងការពិភាក្សាជាមួយលោកបន្តទៀតលើបញ្ហានៅក្នុងប្រទេសរបស់លោកស្រីដែលហែកហួរដោយសង្គ្រាម។
លោកស្រី Zin Mar Aung រដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា ឬ NUG បានបង្ហាញការមិនយល់ស្របដោយអ្នកស្រីថ្លែងថា ទង្វើបែបនេះរបស់រដ្ឋមន្ត្រីការបរទេសថៃ មានគោលបំណងធ្វើទៅតាមតួនាទីរបស់អាស៊ានក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ អ្នកស្រីនិយាយថា អ្វីដែលមន្ត្រីថៃបានធ្វើ បង្កើតបាននូវចម្ងល់ទៅលើរូបមន្តដែលមានស្រាប់ ដែលមហាអំណាចលោកខាងលិច និង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជំរុញឱ្យអាស៊ានដើរតួនាទីចម្បង ក្នុងការដោះស្រាយវិបត្តិដែលបានរីករាលដាលកាន់តែខ្លាំង ចាប់តាំងពីរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ ២០២១។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ដែលបច្ចុប្បន្ន ប្រទេសនេះជាប្រធានអាស៊ាន បានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីសប្ដាហ៍មុន នៅរដ្ឋធានីហ្សាការតា ថា អាស៊ាននឹងបន្តផ្ដល់អាទិភាពទៅលើកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ ចំណុច។ កិច្ចព្រមព្រៀងឯកច្ឆន្ទនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ២០២១ ដែលអំពាវនាវឱ្យបញ្ឈប់អំពើហិង្សា និង មានកិច្ចសន្ទនាមួយដែលមានការសម្របសម្រួល រវាងភាគីពាក់ព័ន្ធនានា។ របបយោធាមីយ៉ាន់ម៉ា បានរងការរិះគន់យ៉ាងខ្លាំងចំពោះការបរាជ័យមិនអនុវត្តតាមខ្លឹមសារនៃកិច្ចព្រមព្រៀងឯកច្ឆន្ទនេះ។
រដ្ឋមន្ត្រីការបរទេសថៃ គឺជាមន្ត្រីអន្តរជាតិតែម្នាក់គត់ដែលទទួលបានការអនុញ្ញាតឱ្យចូលជួបលោកស្រី Suu Kyi ចាប់តាំងពីរដ្ឋប្រហារមក។ លោកបានអះអាងប្រាប់ទៅមន្ត្រីអាស៊ាននៅក្នុងកិច្ចប្រជុំនៅរដ្ឋធានីហ្សាការតា ថា លោកស្រី Suu Kyi មានសុខភាពល្អធម្មតាទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយផ្សព្វផ្សាយកាលពីថ្ងៃទី១៤ ខែកក្កដា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Blinken បានអំពាវនាវឱ្យរបបយោធាមីយ៉ាន់ម៉ា «អនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទ៥ ចំណុច»របស់អាស៊ាន និងគាំទ្រដល់ការវិលត្រឡប់ទៅកាន់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យឡើងវិញ។
ដើម្បីយល់កាន់តែច្បាស់អំពីទិដ្ឋភាពទូទៅ វីអូអេ បានធ្វើកិច្ចសម្ភាសមួយជាមួយលោកស្រី Zin Mar Aung នៃរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា NUG តាមប្រព័ន្ធ Zoom កាលពីថ្ងៃទី ១៣ ខែកក្កដា។
កិច្ចសម្ភាសនេះត្រូវបានកែសម្រួលដើម្បីបន្ថយរយៈពេល និងបង្កើនភាពច្បាស់លាស់នៃអត្ថន័យ។ សូមប្រិយមិត្តស្តាប់បទសម្ភាសន៍នេះទាំងស្រុង វីអូអេ និង លោកស្រី Zin Mar Aung ដូចតទៅ៖
វីអូអេ៖ តើរដ្ឋមន្ត្រីការបរទេសថៃ បានពិភាក្សាអំពីដំណើរទស្សនកិច្ចសម្ងាត់នេះ ជាមួយរដ្ឋាភិបាលរួបរួមជាតិឬទេ? យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើន លោកបានថ្លែងប្រាប់ទៅរដ្ឋមន្ត្រីការបរទេសអាស៊ានផ្សេងទៀតនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅរដ្ឋធានីហ្សាការតា អំពីជំនួបរបស់លោកជាមួយលោកស្រី Aung San Suu Kyi កាលពីថ្ងៃទី៩ ខែកក្កដា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ តើរដ្ឋាភិបាលរួបរួមជាតិ បានធ្វើទំនាក់ទំនងជាមួយលោក អំពីបញ្ហានេះទេ?
Zin Mar Aung៖ អត់ទេ យើងមិនទទួលបានការធ្វើទំនាក់ទំនងផ្ទាល់ណាមួយពីសំណាក់រដ្ឋមន្ត្រីការបរទេសថៃទេ ពាក់ព័ន្ធនឹងការជួបជាមួយលោកស្រី Aung San Suu Kyi នោះ។ រដ្ឋាភិបាលរួបរួមជាតិ បានទាក់ទងទៅកាន់រដ្ឋមន្ត្រីការបរទេសថៃ និង បេសកកម្មពិសេសថៃសម្រាប់មីយ៉ាន់ម៉ា ប៉ុន្តែ យើងមិនទទួលបានការឆ្លើយតបទាល់តែសោះ។ យើងតែងតែព្យាយាមធ្វើទំនាក់ទំនងការទូតជាមួយរដ្ឋមន្ត្រីការបរទេសថៃលើបញ្ហាជាច្រើន ដូចជា វិបត្តិជនភៀសខ្លួនមីយ៉ាន់ម៉ា ការចាប់ខ្លួន និង ឃុំខ្លួន ពលរដ្ឋចំណាកស្រុកជាដើម។ ក្រសួងការបរទេសថៃ នៅមិនទាន់បានឆ្លើយតបជាផ្លូវការមកកាន់រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា NUG អំពីបញ្ហាទាំងនោះទេ ប៉ុន្តែថៃបន្តធ្វើទំនាក់ទំនងជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាជាញឹកញាប់។
វីអូអេ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo លោកស្រី Aung San Suu Kyi បានប្រាប់រដ្ឋមន្ត្រីការបរទេសថៃថា លោកស្រី គាំទ្រ«កិច្ចសន្ទនាដោយគ្មានការដាក់លក្ខខណ្ឌជាមុន» ដើម្បីរកដំណោះស្រាយបញ្ហាដែលកំពុងបន្តកើតមាននៅក្នុងប្រទេសរបស់លោកស្រី។ តើរដ្ឋាភិបាលរួបរួមជាតិយល់ឃើញយ៉ាងណាត្រង់ចំណុចនេះ?
Zin Mar Aung: រឿងដំបូងដែលខ្ញុំចង់បញ្ជាក់គឺថា មតិយោបល់របស់រដ្ឋមន្ត្រីការបរទេសថៃ ដែលពាំនាំយកទស្សនៈរបស់លោកស្រី Aung San Suu Kyi មកបង្ហាញនោះ គឺលើកអាចយកទស្សនៈតែម្ខាងប៉ុណ្ណោះ។ លោកស្រី គឺជាអ្នកទោសនយោបាយ ដែលគ្មានសេរីភាពធ្វើទំនាក់ទំនងជាមួយពិភពលោខាងក្រៅនោះទេ។
មានមនុស្សតែពីរនាក់គត់នៅក្នុងកិច្ចប្រជុំនោះ។ ដូច្នេះហើយ យើងអាចដឹងតែពាក្យពេចន៍ណាដែលរដ្ឋមន្ត្រីការបរទេសថៃបញ្ចេញប៉ុណ្ណោះ។ ដូច្នេះហើយ យើងមានមន្ទិលសង្ស័យ ថាតើរដ្ឋមន្ត្រីការបរទេសថៃ ឬ របបយោធា ពិតជាបានពាំនាំសារដ៏ត្រឹមត្រូវពីលោកស្រី ដែលមិនបម្រើឱ្យរបៀបវារៈរបស់គេ ឬយ៉ាងណា។
វីអូអេ៖ តើជំនួបនេះ ធ្វើឱ្យប៉ះពាល់អ្វីខ្លះដល់រដ្ឋាភិបាលរួបរួមជាតិ?
Zin Mar Aung: តាមរយៈដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសថៃ បញ្ហាចម្បងនោះគឺថា អាស៊ាន និងសហគមន៍អន្តរជាតិ មានភាពច្របូកច្របល់កាន់តែខ្លាំង ក្នុងការព្យាយាមដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។
ថៃបានថ្លែងថា ដោយសារតែមីយ៉ាន់ម៉ា គឺជាអ្នកជិតខាងរបស់ខ្លួនក្នុងតំបន់អាស៊ាន ដូច្នេះហើយទើប ថៃ មានទំនួលខុសត្រូវកាន់តែខ្លាំងទៅលើបញ្ហានៅមីយ៉ាន់ម៉ា។ ប៉ុន្តែ តាមពិតពួកគេព្យាយាមអង្អែលទៅលើកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ ចំណុច ប៉ុន្តែមិនអនុវត្តវាទេ។ វិធីសាស្ត្ររបស់ថៃដែលធ្វើអមនឹងកិច្ចព្រមព្រៀងឯកច្ឆន្ទ ហើយធ្វើឡើងក្រៅផ្លូវការទៀតនោះ រំលោភទៅលើកិច្ចព្រមព្រៀងរបស់អាស៊ាន។
ប្រទេសលោកខាងលិច និង អ្នកជិតខាងមីយ៉ាន់ម៉ា ដូចជាឥណ្ឌា និង ចិនជាដើម បានជំរុញឱ្យប្រើប្រាស់មជ្ឈភាពអាស៊ានដើម្បីរកដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា។ រដ្ឋាភិបាលរួបរួមជាតិ ក៏បានបង្ហាញការរិះគន់ទៅលើអាស៊ានផងដែរ ហើយយើងមានអារម្មណ៍ថា អាស៊ានតែឯង មិនគ្រប់គ្រាន់ទៀតទេសម្រាប់រកដំណោះស្រាយ។ តែយ៉ាងណាក៏ដោយ ទង្វើរបស់រដ្ឋមន្ត្រីការបរទេសថៃ ធ្វើឱ្យការស្វែងរកដំណោះស្រាយ កាន់តែខ្សោយជាងមុន។
វីអូអេ៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Anthony Blinken បានថ្លែងថា លោកផ្ដោតទៅលើការប្រឹងប្រែងបញ្ចប់វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា តែយ៉ាងណាក៏ដោយ លោកក៏បានលើកឡើងពីជម្លោះនៅសមុទ្រចិនខាងត្បូង រវាងចិន និងប្រទេសអាស៊ានផ្សេងទៀត។ តើលោកស្រីគិតថា សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធដែលមានប្រសិទ្ធភាពទៅលើអាស៊ានដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ាឬទេ?
Zin Mar Aung: ខ្ញុំអាចនិយាយបានថា អ្វីដែលសហរដ្ឋអាមេរិកធ្វើ មិនមានប្រសិទ្ធភាពទេ។ ករណីមីយ៉ាន់ម៉ា គឺមានគោលនយោបាយមជ្ឈភាពអាស៊ានមួយ ដែលចែងថា មានតែអាស៊ានទេ ដែលគួរតែដឹកនាំការរកដំណោះស្រាយបញ្ហានេះ។ គោលនយោបាយត្រូវបានកំណត់បែបនេះ ដោយហេតុថា ប្រទេសមហាអំណាចនានាមិនចង់មានជម្លោះជាមួយគ្នា ដោយសារតែបញ្ហាមីយ៉ាន់ម៉ានោះទេ។
ពួកគេធ្វើដំណើរទៅចូលរួមកិច្ចប្រជុំអាស៊ាន គឺដើម្បីតែបញ្ចៀសជម្លោះតែប៉ុណ្ណោះ។ បញ្ហាមីយ៉ាន់ម៉ា តាមពិតទៅ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនទៀតរបស់ពិភពលោក និងសម្រាប់សមាជិកអាស៊ាន។ ក្រៅពីនេះ នៅមានបញ្ហាតំបន់ ដូចជា បញ្ហាសមុទ្រចិនខាងត្បូងជាដើម។ លើសពីនេះទៀត ក៏មានការព្រួយបារម្ភនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលពួកគេត្រូវពិចារណាផងដែរ។
សម្រាប់សហរដ្ឋអាមេរិកវិញ មីយ៉ាន់ម៉ាគឺគ្រាន់ជាផ្នែកដ៏តូចមួយនៃយុទ្ធសាស្ត្រទាំងមូលរបស់ខ្លួន ហើយស្រដៀងគ្នានេះ អាមេរិកក៏ដាក់សម្ពាធតិចតួចទៅលើអាស៊ានឱ្យស្របទៅនឹងយុទ្ធសាស្ត្រមួយភាគតូចរបស់គេ ដូច្នេះដែរ។ ជាលទ្ធផល សហរដ្ឋអាមេរិកមិនអាចដាក់សម្ពាធអ្វីធ្ងន់ធ្ងរទៅលើសមាគមអាស៊ានទេ៕
ប្រែសម្រួលដោយ លោក នៀម ឆេង