អ្នក​ជំនាញ​ថា យោធា​មីយ៉ាន់ម៉ា​គ្មាន​ផែនការ​ដើម្បី​បញ្ចប់​ជម្លោះ​ទេ

រូបឯកសារ៖ បាតុករ​លើក​រូបថត​របស់​អ្នកស្រី Aung San Suu Kyi និង​លើក​ម្រាមដៃ​បី​ឡើង ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​ការ​តវ៉ា​នៅ​ក្នុង​គម្រប់​ខួប​ឆ្នាំ​ទី​២​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​​មីយ៉ាន់ម៉ា​ នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៣។

យោធា​មីយ៉ាន់ម៉ា​ខ្វះ​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​បញ្ចប់​ជម្លោះ​ក្នុង​ប្រទេស​និង​ជំរុញ​ប្រទេស​ឆ្ពោះ​ទៅ​ដល់​កម្រិត​តំបន់​និង​ពិភពលោក​ក្នុង​វិស័យ​ការទូត។

នេះ​ជា​អ្វី​ដែល​ក្រុម​អ្នក​ជំនាញ​បាន​និយាយ បន្ទាប់ពី​ថ្នាក់​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​បាន​ជួប​ជាមួយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ថៃ​នៅ​ក្នុង​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី ១៩ ខែ​មិថុនា​កន្លង​ទៅ​នេះ។

រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា​លោក Than Swe ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Pattaya ចំនួន ២ ថ្ងៃ។

រដ្ឋមន្ត្រី​ការបរទេស​ថៃ​លោក Don Pramudwinai បាន​ថ្លែង​ថា វិបត្តិ​នៅ​មីយ៉ាន់ម៉ា​កំពុង​បង្ក​ឱ្យ​មាន​ជន​ភៀសខ្លួន​ឆ្លងកាត់​ព្រំដែន​ថៃ​មីយ៉ាន់ម៉ា ហើយ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​រង​ការ​ខូចខាត។ ប្រទេស​ព្រុយណេ កម្ពុជា ចិន ឥណ្ឌា ឡាវ និង​វៀតណាម ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ផង​ដែរ។

លោកDavid Scott Mathieson ដែល​ជា​អ្នក​វិភាគ​បញ្ហា​មីយ៉ាន់ម៉ា បាន​និយាយ​ថា យោធា​មីយ៉ាន់ម៉ា​ គ្មាន​ផែនការ​មេ​សម្រាប់​រយៈពេល​វែង​ឆ្ងាយ​ទេ។

លោក​បាន​ប្រាប់ VOA ដូច្នេះ​ថា៖ «មិន​មាន​ផ្លូវ​ចេញ​ជា​អន្តរជាតិ​ទេ។ ពេល​វេលា​សម្រាប់​ផែនការ​ចាកចេញ​ពី​ដំណាក់កាល​ក្រោយ​រដ្ឋប្រហារ​គឺ​តាំងពី​ដើម​ឆ្នាំ ២០២១ ម៉្លេះ បន្ទាប់ពី​ផែនការ​របស់​អាស៊ាន (ASEAN) ប៉ុន្តែ​យោធា​មីយ៉ាន់ម៉ា​បាន​បាត់បង់​ឱកាស​នោះ​ទាំងស្រុង។ ពួកគេ​កំពុង​បង្កើត​យុទ្ធសាស្ត្រ​របស់​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​ករណី​នេះ​មាន​ន័យ​ថា​ពួកគេ​នឹង​គ្មាន​ឱកាស​ក្នុង​ការ​មាន​ផែនការ​ការទូត​ច្បាស់លាស់​មួយ»។

រូបឯកសារ៖ ស្ត្រី​ម្នាក់​ឈរ​ថតរូប​ជាមួយ​នឹង​និមិត្ត​សញ្ញា​អាស៊ាន នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៣។ (AFP)

ការ​មិន​ពេញចិត្ត​របស់​អាស៊ាន

កិច្ច​ប្រជុំ​នេះ​មិន​ត្រូវ​បាន​គេ​រំពឹង​ទុក​ទេ​ដោយសារតែ​ក្រុម​មេដឹកនាំ​មីយ៉ាន់ម៉ា​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ធំៗ​របស់​សមាគម​អាស៊ាន​ដែល​មាន​សមាជិក ១០ ប្រទេស។ សមាជិក​អាស៊ាន​ខ្លះ​ដូចជា​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន ម៉ាឡេស៊ី និង​សិង្ហបុរី​ជាដើម មិន​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង Pattaya នេះ​ទេ។

អ្នក​វិភាគ​បញ្ហា​មីយ៉ាន់ម៉ា​លោក Aung Thu Nyein បាន​ថ្លែង​ថា កិច្ច​ប្រជុំ​នេះ​បាន​ធ្វើ​ឱ្យ​សមាជិក​អាស៊ាន​មួយ​ចំនួន​មួម៉ៅ។

លោក​បាន​ប្រាប់ VOA ថា៖ «សមាជិក​អាស៊ាន​ជា​ច្រើន​បាន​សន្មត់​ថា​ប្រទេស​ថៃ​គឺ​ជា​ប្រទេស​ជួរ​មុខ​ទល់​នឹង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​ប្រទេស​នេះ​អាច​ផ្ដួចផ្ដើម​គោល​នយោបាយ​មួយ​ចំនួន​ដោយសារ​តែ​ប្រទេស​នេះ​សំខាន់។ ប៉ុន្តែ សម្រាប់​កិច្ច​ប្រជុំ​នេះ សមាជិក​អាស៊ាន​ជា​ច្រើន​បាន​ប្រឆាំង និង​ថា​វា​ហាក់​ដូចជា​ធ្វើ​ហួស​ពី​កិច្ច​ព្រមព្រៀង​របស់​អាស៊ាន»។

រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នៃ​ប្រទេស​មីយ៉ាន់ម៉ា (NUG) ដែល​ជា​រដ្ឋាភិបាល​ស្រមោល បាន​បញ្ជាក់​ថា កិច្ច​ពិភាក្សា​នេះ​នឹង​មិន​បញ្ចប់​វិបត្តិ​ទេ​ហើយ​ក្រុម​សកម្មជន​មីយ៉ាន់ម៉ា​ជាង ៨០ បាន​ថ្កោលទោស​កិច្ច​ប្រជុំ​នេះ។

មក​ទល់​នឹង​ពេល​នេះ អង្គការ​អន្តរជាតិ​នានា​មិន​ទាន់​អាច​ស្វែងរក​ដំណោះស្រាយ​ណា​មួយ​សម្រាប់​វិបត្តិ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​នៅ​ឡើយ​ទេ។

បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា​អ្នកស្រី​បណ្ឌិត Noeleen Heyzer បាន​បញ្ចប់​អាណត្តិ​របស់​អ្នកស្រី​កាលពី​ថ្ងៃ​ទី ១២ ខែ​មិថុនា បន្ទាប់ពី​បាន​បំពេញ​មុខ​តំណែង​នេះ​អស់​រយៈពេល ២០ ខែ​មក ដោយ​មិន​អាច​បំបែក​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​នេះ​បាន។

លោក Mathieson បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ឃើញ​មាន​ដំណើរ​វិវឌ្ឍ​ការទូត​ណា​មួយ​ពី​ថ្នាក់​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​នោះ​ទេ។ រហូត​ទាល់តែ​ដល់​ពេល​ដែល​របប​យោធា​មីយ៉ាន់ម៉ា​ចង់​បាន​ពិត​ប្រាកដ​នូវ​ការ​ជួយ​ជ្រោមជ្រែង​ពី​ខាង​ក្រៅ កិច្ច​ប្រឹងប្រែង​ទាំង​នេះ​គឺ​គ្រាន់តែ​ជា​ការ​និយាយ​បរិយាយ គ្មាន​ខ្លឹមសារ និង​នាំ​ឱ្យ​អ្នក​តាមដាន​ស្ថានការណ៍​មួយ​ចំនួន​យល់​ច្រឡំ​ដោយ​គិត​ថា​មាន​ប្រយោជន៍​នៅ​ក្នុង​ការ​ទាក់ទង​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​តែ​ប៉ុណ្ណោះ»។

លោក Thomas Kean អ្នក​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​អង្គការ International Crisis Group និង​ជា​អ្នក​និពន្ធ​នៃ​ទស្សនាវដ្ដី Frontier Myanmar មាន​ទស្សនៈ​ដូច​ទស្សនៈ​របស់​លោក Mathieson អំពី​កង្វះ​ផែនការ​ចាកចេញ​ពី​វិបត្តិ​របស់​របប​យោធា​មីយ៉ាន់ម៉ា។

លោក Kean ថ្លែង​ដូច្នេះ​ថា៖ «ការ​បោះឆ្នោត​គឺ​ជា​យុទ្ធសាស្ត្រ​ចាកចេញ​ពី​វិបត្តិ​របស់​របប​យោធា​មីយ៉ាន់ម៉ា​តាំងពី​ថ្ងៃ​ដំបូង​ម្ល៉េះ ហើយ​វា​ហាក់​ដូចជា​មិន​មាន​ផែនការ​បម្រុង​ទុក​បន្ទាប់​ទេ។ ការ​កំណត់​ស្ថានភាព​អាសន្ន​នៅ​ពេល​បច្ចុប្បន្ន​នឹង​ផុត​កំណត់​នៅ​ចុង​ខែ​កក្កដា។ គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​របប​យោធា​មីយ៉ាន់ម៉ា​នឹង​ធ្វើ​អ្វី ប៉ុន្តែ​ជា​ការពិត​របប​នេះ​មិន​បាន​ធ្វើ​ឱ្យ​មាន​ការ​វិវឌ្ឍ​ច្រើន​ណា​មួយ​ទេ​តាំងពី​ពេល​នោះ​មក​នៅ​ក្នុង​ការ​បង្ក្រាប​ចលាចល ហើយ​មិន​មាន​សញ្ញា​នៃ​ការ​រៀបចំ​សម្រាប់​ការ​បោះឆ្នោត​ឡើយ»។

រូបឯកសារ៖ សម្លៀកបំពាក់​របស់ស្ត្រី​ត្រូវ​បាន​ហាលកាត់​ទទឹង​ផ្លុវ​ដើម្បី​រារាំង​កងកម្លាំង​សន្ដិសុខ​មិន​ឱ្យ​ឆ្លង​កាត់​ទៅ​តំបន់​ដែល​មាន​ការ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១។

ស្ថានភាព​អាសន្ន

ថ្នាក់​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​បាន​សន្យា​ថា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្មី​បន្ទាប់ពី​ខ្លួន​បាន​ធ្វើ​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២១ មក ប៉ុន្តែ​ដោយសារ​ប្រឈម​ជាមួយ​នឹង​ការ​ប្រឆាំង​ជា​ទូទៅ​ចំពោះ​ការ​ដឹកនាំ​របស់​ខ្លួន ពួកគេ​បាន​ពន្យារ​បន្ត​ម្ដង​ហើយ​ម្ដង​ទៀត​នូវ​ស្ថានភាព​អាសន្ន​នេះ ដោយ​ការ​ពន្យារ​បន្ត​ចុងក្រោយ​បង្អស់​នេះ​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី ១ ខែ​សីហា​ខាង​មុខ។

គេ​ក៏​ឃើញ​មាន​សេចក្ដី​រាយការណ៍​នានា​ផង​ដែរ​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ថ្នាក់​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​បាន​ទៅ​ជួប​អ្នកស្រី Aung San Suu Kyi មេដឹកនាំ​ប្រជាធិបតេយ្យ​ដែល​ជាប់​ឃុំ​ឃាំង ដើម្បី​ពិភាក្សា​អំពី​កិច្ច​ព្រមព្រៀង​សន្តិភាព។

ប៉ុន្តែ លោក Zaw Min Thu ដែល​ជា​អ្នក​នាំ​ពាក្យ​របប​យោធា​មីយ៉ាន់ម៉ា បាន​បញ្ជាក់​ប្រាប់ VOA ផ្នែក​ភាសា​ភូមា​ថា រឿង​នេះ​មិន​ពិត​នោះ​ទេ។

អ្នកស្រី Suu Kyi ដែល​បាន​ឈាន​ចូល​វ័យ ៧៨ ឆ្នាំ កាលពី​ថ្ងៃ​ទី ១៩ ខែ​មិថុនា​កន្លង​ទៅ​នេះ កំពុង​ជាប់​ឃុំ​ឃាំង​សរុប​ចំនួន ៣៣ ឆ្នាំ បន្ទាប់ពី​ត្រូវ​បាន​តុលាការ​របស់​របប​យោធា​មីយ៉ាន់ម៉ា​ផ្តន្ទាទោស​ក្រោម​បទ​ចោទ​ប្រកាន់​ជា​ច្រើន។

សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​អ្នកស្រី Thinzar Shunlei Yu បាន​និយាយ​ថា វា​មិន​បាន​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​អ្វី​នោះ​ឡើយ មិន​ថា​ថ្នាក់​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​បាន​ទៅ​ជួប​ឬ​មិន​បាន​ទៅ​ជួប​អ្នកស្រី Suu Kyi។

អ្នកស្រី​បាន​ប្រាប់ VOA ដូច្នេះ​ថា៖ «ប្រសិនបើ​ការ​ចរចា​បាន​ធ្វើ​ឡើង​គឺ​វា​គ្រាន់តែ​ជា​ការ​សន្ទនា​តែ​ប៉ុណ្ណោះ​រវាង​អ្នកស្រី Suu Kyi និង​គណបក្ស​របស់​អ្នកស្រី។ ករណី​នេះ​នឹង​មិន​តំណាង​ឱ្យ​បដិវត្តន៍​ទាំង​មូល​ឬ​ក៏​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​នៃ​ការ​តស៊ូ​ឡើយ»។

យោធា​មីយ៉ាន់ម៉ា​បាន​បង្កើន​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ក្រុម​កង​កម្លាំង​តស៊ូ​កាលពី​ឆ្នាំ​ទៅ ហើយ​អ្នក​អត្ថាធិប្បាយ​មួយ​ចំនួន​យល់​ឃើញ​ថា​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា​យោធា​មាន​ការ​លំបាក​នៅ​សមរភូមិ។

លោក Dave Eubank ស្ថាបនិក​អង្គការ Free Burma Rangers ដែល​ជា​អង្គការ​មនុស្ស​ធម៌​គ្រិស្ត​សាសនា​ពហុ​ជាតិ​សាសន៍ បាន​ប្រាប់ VOA កាលពី​ដើម​ឆ្នាំ​នេះ​ថា៖ «ការ​ប្រែប្រួល​នេះ​បាន​កើតឡើង​កាលពី​ឆ្នាំ​មុន នៅ​ពេល​ដែល​ថ្នាក់​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​ពួកគេ​មិន​អាច​ឈ្នះ​សង្គ្រាម​នេះ។ ការ​ប្រែប្រួល​នេះ​មាន​តាំងពី​ការ​ទម្លាក់​គ្រាប់​បែក​លើ​ទីតាំង​យោធា បន្ទាយ​ក្រុម​អ្នក​តស៊ូ រហូត​ដល់​ការ​ទម្លាក់​គ្រាប់​បែក​លើ​ដង​ផ្លូវ រថយន្ត គ្លីនិក និង​សាលារៀន​នានា»។

នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ដ៏​ប្រល័យ​បំផុត​តាំងពី​រដ្ឋ​ប្រហារ​យោធា​មក ពួក​យោធា​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១៦៨ នាក់​កាលពី​ខែ​មេសា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កុមារ​រាប់​សិប​នាក់​ផង​ដែរ នៅ​ក្នុង​តំបន់ Sagaing នៅ​ភាគ​ពាយ័ព្យ​ប្រទេស​មីយ៉ាន់ម៉ា។

លោក Kean បាន​និយាយ​ថា ការ​វាយ​ប្រហារ​តាម​អាកាស​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធវិធី​ដ៏​ឃោរឃៅ​របស់​របប​យោធា​មីយ៉ាន់ម៉ា។

លោក​ថ្លែង​ដូច្នេះ​ថា៖ «គេ​មិន​ត្រូវ​មើល​ឃើញ​ចំណុច​នេះ​ថា​ជា​សញ្ញា​នៃ​ភាព​កម្សោយ ឬ​ក៏​ជា​វិធី​ចុង​ក្រោយ​បង្អស់​របស់​របប​យោធា​មីយ៉ាន់ម៉ា​ដូច​អ្នក​ខ្លះ​បាន​លើកឡើង​នោះ​ទេ។ យុទ្ធវិធី​ដ៏​ឃោរឃៅ​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​ការ​បះបោរ​នេះ​គឺ​ជា​ផ្នែក​មួយ​ដ៏​យូរ​មក​ហើយ​នៃ​វិធី​ប្រតិបត្តិ​របស់​យោធា​មីយ៉ាន់ម៉ា ហើយ​យោធា​មីយ៉ាន់ម៉ា​ទើបតែ​សម្រេច​បាន​សមត្ថភាព​វាយ​ប្រហារ​តាម​អាកាស​នេះ​កាលពី​ពេល​ថ្មីៗ​នេះ​តែ​ប៉ុណ្ណោះ»។

បន្ទាប់ពី​រដ្ឋប្រហារ​មក យោធា​មីយ៉ាន់ម៉ា​បាន​បង្ក្រាប​លើ​ការ​តស៊ូ​ប្រឆាំង​នៅ​ទូទាំង​ប្រទេស ដោយ​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​និង​ចាប់​មេដឹកនាំ​នយោបាយ​នានា​ដាក់​ឃុំ ដែល​បណ្ដាល​ឱ្យ​មាន​ការ​តស៊ូ​ប្រដាប់​អាវុធ​ដឹកនាំ​ដោយ​កង​កម្លាំង​ការពារ​ប្រជាជន​និង​ក្រុម​ប្រដាប់​អាវុធ​ជាតិ​សាសន៍​ផ្សេងៗ​ទៀត។

បើ​យោង​តាម​សមាគម​ជំនួយ​សម្រាប់​អ្នក​ទោស​នយោបាយ​នៅ​ភូមា (Assistance Association for Political Prisoners in Burma) ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ថៃ មនុស្ស ៣.៦៧២ នាក់​ត្រូវ​បាន​សម្លាប់​ដោយ​យោធា​តាំងពី​រដ្ឋប្រហារ​មក៕


ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ