អ្នក​វិភាគ​លើក​ឡើង​ថា​ ការ​ដណ្តើម​អំណាច​របស់​ក្រុម​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ នឹង​ប៉ះ​ពាល់​ដល់​​លទ្ធិប្រជាធិបតេយ្យ​ និង​សេដ្ឋកិច្ច

យោធា​មីយ៉ាន់ម៉ា​ម្នាក់​ឈរ​យាម​ល្បាត​នៅ​ខាង​មុខ​វិហារ​ហិណ្ឌូ​មួយ​នៅ​រដ្ឋធានី​រ៉ងហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

ការ​ដណ្តើម​អំណាច​ដោយកង​កម្លាំង​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​ បានជំរុញ​ឲ្យដំណើរ​ការកំណែ​ទម្រង់​លទ្ធិប្រជាធិបតេយ្យ​ក្មេង​ខ្ចីរបស់​ប្រទេស​នេះ​ ដើរ​ថយ​ក្រោយ ក្នុង​រយៈ​ពេល​យ៉ាង​ហោច​ណាស់ក៏​១០​ឆ្នាំ​ដែរ​ ហើយ​ហាក់​ដូច​ជា​ជួយ​ជំរុញ​ទៅ​មុខ​ នូវអ្វី​ដែល​ជា​ចំណង​ទាក់​ទង​ដែលកំពុង​មាន​ការ​រីក​លូត​លាស់​ស្រាប់​ ជាមួយ​ប្រទេស​ចិន​និង​ប្រទេស​រុស្សី​នោះ។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​មួយ​ចំនួន​។​

ក្រុម​យោធា​មីយ៉ាន់ម៉ា​ បានប្រកាសដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ​ គឺ​ប៉ុន្មានម៉ោងក្រោយ​ពី​ការ​ចាប់​ឃុំ​ខ្លួនសមាជិក​ជាន់​ខ្ពស់នៃ​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ជា​ច្រើន​នាក់ ដែល​ក្នុង​នោះ​មាន​មេដឹកនាំអ្នក​ស្រី Aung San Suu Kyi ផង​ដែរ។​ ​

គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ បាន​ឈ្នះ​គណបក្ស​សាមគ្គីភាព​និង​អភិវឌ្ឍន៍សហភាព​ដែល​តំណាង​ឲ្យ​ក្រុម​យោធា​ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​អាណត្តិ​ទី​២​របស់​ខ្លួន​ ដោយ​ទទួល​បាន​សំឡេង​ភាគ​ច្រើន​លើសលប់​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០។​ ទោះ​ជា​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​ជាតិ​និង​អន្តរជាតិ​ បាន​លើក​ឡើង​ពី​ការ​បាត់​បង់​សិទ្ធិ​អ្នក​បោះ​ឆ្នោត​ និង​ការ​លំអៀង​របស់

​គណៈកម្មការរៀបចំ​ការ​បោះ​ឆ្នោត​ក៏ដោយ ក៏ពួកគេ​បាន​ឯកភាព​ជា​ទូ​ទៅ​ថា​ ការ​រាប់​សន្លឹក​ឆ្នោត​ជា​ផ្លូវការ​ បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​អ្នក​បោះ​ឆ្នោត​ដែរ។​

ទី​ភ្នាក់ងារ​ព័ត៌មានReuters បាន​រាយ​ការណ៍​ថា​ ក្រុម​កម្លាំង​យោធា​បាន​ចូល​កាន់​កាប់​ទី​តាំង​ជា​ច្រើន​កន្លែង​ក្នុងទី​ក្រុង​ណៃពិដោ និង​ទីក្រុង​រ៉ង់ហ្គូន ដែល​ជារដ្ឋធានីនិង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​របស់​ប្រទេស​មីយ៉ាន់ម៉ា ហើយការ​ទំនាក់​ទំនង​តាម​បណ្តាញ​ទូរស័ព្ទ​និង​ប្រព័ន្ធអ៊ីនធឺណែត​ មាន​ការ​ពិបាក​យ៉ាង​ខ្លាំង។

វីអូអេ​ មិន​អាចស្វែង​រក​ប្រភពព័ត៌មានក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បានទេ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ។​

​«ជា​ការ​ពិត​ណាស់​ នេះជា​ការ​ដើរ​ថយ​ក្រោយ​មួយ​យ៉ាងខ្លាំង​ សម្រាប់​កំណែ​ទម្រង់លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Peter Mumford ដែល​ជា​អ្នក​វិភាគតំបន់​អាស៊ីអាគ្នេយ៍ សម្រាប់​ក្រុមអាស៊ី​អឺរ៉ុប។

ក្រុម​យោធា​ដ៏​មាន​អំណាច​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​ចាក់​ឫសយ៉ាង​ជ្រៅ​ក្នុង​នយោបាយ​របស់​ប្រទេស​នេះ​។ ​បន្ទាប់​ពី​គ្រប់​គ្រង​ប្រទេស​ទាំង​ស្រុង​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក ក្រុម​ឧត្តមសេនីយ៍​យោធា​ បាន​យល់​ព្រមប្រគល់អំណាចខ្លះ​ៗ​ ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ក្នុង​ឆ្នាំ​២០១១​ ប៉ុន្តែ​បាន​ធ្វើ​សេចក្តី​ព្រាងរដ្ឋធម្មនុញ្ញ​មួយជាមុន ដើម្បីធានា​ថា​ខ្លួន​នឹង​នៅ​គ្រប់​គ្រងក្រុម​យោធា​ ប៉ូលិស​ ព្រំ​ដែន​ និង​គ្រប់​គ្រង​អាសនៈ​សភា​ចំនួន​២៥% នៃ​ចំនួន​អាសនៈ​សភា​សរុប​ទាំងអស់ ដែល​ជា​ចំនួន​គ្រប់​គ្រាន់​ល្មម សម្រាប់​ឲ្យ​ក្រុម​យោធា ​អាច​ធ្វើ​ការជំទាស់​រាំង​ខ្ទប់​បាន​ ក្នុង​ករណី​ដែលចង់​ឲ្យមាន​ការផ្លាស់​ប្តូរ​ការ​រៀបចំ​នេះ​ឡើង​វិញ​នោះ។ ​

រូបឯកសារ៖ អគ្គមេ​បញ្ជាការ​យោធា​មីយ៉ាន់ម៉ា​លោក​ Min Aung Hlaing គោរព​វិញ្ញាណក្ខន្ធ​ដល់​វីរបុរស​ដណ្ដើម​ឯករាជ្យ​ឲ្យ​មីយ៉ាន់ម៉ា លោក​ឧត្តមសេនីយ៍ Aung San និង​វីរបុរស​មួយ​ចំនួន​ទៀត។

អគ្គមេ​បញ្ជាការ​យោធា​លោក​ Min Aung Hlaing ដែល​មាន​គម្រោង​ថា​នឹង​ត្រូវ​ចុះ​ចេញ​ពី​តំណែង​ក្នុង​ឆ្នាំ​នេះ​ បន្ទាប់ពីលោក​ឈាន​ចូល​ដល់​អាយុ​៦៥ឆ្នាំ​ ​ដែល​ជា​អាយុ​ចូល​និវត្តន៍​ជា​ផ្លូវ​ការ​នោះ​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ លោក​បាន​សម្លឹងទៅ​រក​កៅ​អី​ប្រធានាធិបតី​។ ដោយសារ​រដ្ឋធម្មនុញ្ញ​រារាំង​មិនឲ្យ​លោកស្រី​កាន់តំណែង​ជា​ប្រធានាធិបតី លោកស្រី Aung San Suu Kyi ក្នុងនាមជា​ទីប្រឹក្សា​រដ្ឋ បាន​តែងតាំង​គ្នាលោកស្រី​ម្នាក់​ឲ្យ​កាន់​តំណែង​ជា​ប្រធានាធិបតី​ទៅវិញ។

លោក​ Mumford ថ្លែងថា​ ការ​ប៉ុន​ប៉ងចង់​ក្លាយ​ជា​ប្រធានាធិបតី​របស់​មេបញ្ជាការ​រូប​នេះ​ អាច​ទំនង​ជា​មាន​ពាក់​ព័ន្ធ​នៅ​ក្នុងអំពើ​រដ្ឋប្រហារ​នេះផង​ដែរ។

លោក Mumford បន្ថែម​ទៀត​ថា៖​ «គណបក្ស​សម្ព័ន្ធភាពជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ផ្តល់​តួនាទី​ជា​ប្រធានាធិបតីដល់​លោក​ Min Aung Hlaing ពី​ព្រោះ​ការ​ធ្វើ​ដូច​នេះ​ នឹង​មាន​ន័យ​ថា​ ខ្លួន​បាន​បាត់​បង់​អំណាច​ច្រើនពេក​ ហើយ​ក្រុម​យោធាទទួល​បាន​អំណាច​ច្រើនពេក ​ដូច្នេះ​ហើយ​ទើប​ក្រុម​យោធា​ សម្រេច​ចិត្តធ្វើ​រដ្ឋ​ប្រហារ​ពេញ​ទំហឹង​តែ​ម្តង​ ហើយ​រឿង​នេះ​នាំ​ឲ្យ​យើង​ដើរ​ថយ​ក្រោយ​ប្រហែល​១០​ឆ្នាំ​»។

ក្រុម​យោធាក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​ បាន​ដណ្តើម​អំណាច​គ្រប់​គ្រង​ប្រទេស​ជា​លើក​ដំបូងក្នុង​ឆ្នាំ​១៩៦២​ គឺ​តែ​៤​ឆ្នាំ​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ទទួលឯករាជ្យ​ពី​ប្រទេស​អង់គ្លេស។ ចាប់​តាំង​ពី​ពេល​នោះ​មក ប្រទេស​មីយ៉ាន់ម៉ា​បាន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រងនៃ​របប​យោធា​ដ៏​ឃោរឃៅ​ និង​វិបត្តិ​សេដ្ឋ​កិច្ច។​

«ការ​ដណ្តើម​អំណាច​របស់​ក្រុម​យោធា​មីយ៉ាន់ម៉ា​ នឹង​ធ្វើ​ឲ្យមហន្តរាយ​ជា​ថ្មី​ម្តង​ទៀត​ ដល់​វិស័យ​សេដ្ឋ​កិច្ច​និង​នយោបាយ​» នេះ​បើតាម​ការ​លើក​ឡើង​របស់​អ្នក​ស្រី Christina Fink សាស្ត្រាចារ្យនៅ​សាកល​វិទ្យាល័យ George Washington ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​សិក្សា​ពី​ប្រទេស​មីយ៉ាន់ម៉ា​នោះ។​

«នៅ​ពេល​ដែល​រដ្ឋាភិបាល​ស៊ីវិល​ពាក់​កណ្តាល​នេះ​ចាប់​ផ្តើម​ចាក់ឫស​ ប្រជា​ពលរដ្ឋ​មីយ៉ាន់ម៉ា​ ចាប់​ផ្តើមមាន​អារម្មណ៍​ថា​ គេ​អាច​មាន​លទ្ធភាព​ក្នុង​ការ​និយាយ​ស្តី​ អាច​ជ្រើស​រើសអ្នក​តំណាង​របស់​គេ​ អាចមាន​រដ្ឋាភិបាល​មួយ​ដែល​ព្យាយាម​ដោះ​ស្រាយ​ការ​ព្រួយ​បារម្ភ​របស់​គេ​។ តែ​ពេល​នេះរឿង​ទាំង​នេះ​ ត្រូវ​បាន​គេ​ដក​យក​ចេញ​ពី​ពួកគេ​ជា​ថ្មី​ម្តង​ទៀត​ហើយ។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ស្រី Fink។ ​

ពលរដ្ឋ​នាំ​គ្នា​ដើរ​ផ្សារ​មួយ បន្ទាប់​ពី​យោធា​ដណ្ដើម​អំណាច​តាមរយៈពេល​ការ​ធ្វើ​រដ្ឋប្រហារ នៅ​រដ្ឋធានី​រ៉ងហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

ដោយ​ឡែក​សម្រាប់​សេដ្ឋកិច្ច​វិញ​ អ្នក​ស្រី​ Fink​ បាន​គូស​បញ្ជាក់​ថា​ អ្នក​ទេស​ចរ​ជា​ច្រើន​និង​អ្នក​វិនិយោគ​ជា​ច្រើន​ ដែល​អាចមកឬ​ត្រឡប់​មកប្រទេសមីយ៉ាន់ម៉ា​វិញ​ បន្ទាប់​ពីវិបត្តិ​ជំងឺ​កូវីដ​១៩​ សាប​រលាប​នោះ​ អាច​បង្ខំ​ចិត្តស្ថិត​នៅ​ឆ្ងាយ​ពី​ប្រទេស​នេះ​ ដោយ​សារ​តែ​រឿងការ​ដណ្តើម​អំណាច​របស់​ក្រុម​យោធា​នេះ​ឯង។​

ចំពោះ​បញ្ហា​សេដ្ឋកិច្ច​ គឺ​អាស្រ័យ​ទៅ​លើ​ថា​តើសកម្ម​ភាព​របស់​ក្រុម​យោធាមីយ៉ាន់ម៉ា​ នឹង​នាំ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌ​កម្មជា​ថ្មី​ឬ​ទេ ហើយ​បើ​មាន​តើ​ជា​ទណ្ឌកម្ម​អ្វីខ្លះ។

«ផល​ប៉ះ​ពាល់​អាស្រ័យ​ទៅ​លើថា​តើ​មានប្រទេស​ប៉ុន្មាន​ ហើយ​ប្រទេស​ណា​ខ្លះ ដែល​សម្រេច​ដាក់​ទណ្ឌ​កម្ម​នោះ​ ហើយ​ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង​ផង​ដែរ​នៅ​ក្នុង​ប្រទេស​នេះ​ និង​តើប្រទេស​មហា​អំណាច​ណា​មួយ​ ដែល​គាំទ្រ​ក្រុម​យោធា​មីយ៉ាន់ម៉ា​នោះ»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់អ្នក​ស្រី Fink។ ​

លោក Mumford ថ្លែងថា​ ប្រទេស​ចិន អាចទំនង​ក្លាយ​ជាសម្ព័ន្ធ​មិត្ត​របស់​របប​យោធា​ ដោយធ្លាប់​បានជួយ​គាំ​ទ្រ​របប​នេះ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លង​មក​ ហើយ​ពេល​ថ្មី​នេះ​ ក៏​បាន​ជួយគាំទ្រ​ប្រទេស​មីយ៉ាន់ម៉ា​ ពី​ការ​អាប់​អោនកិត្តិយស​លើ​ឆាក​អន្តរជាតិ ជុំវិញ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញដល់​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ផង​ដែរ​។​

«ប្រទេស​ចិន​ នឹង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា តទៅទៀត និង​ចង់ធានា​ឲ្យ​មាន​យ៉ាង​ដូច្នេះ។​ ដូច្នេះ​ប្រទេស​ចិន​ នឹងរង់​ចាំ​ធ្វើ​ការ​ជាមួយ​រដ្ឋបាល​យោធា​បណ្តាះ​អាសន្ន​នេះ។ ដរាបណា​ ​រដ្ឋបាលបណ្តោះ​អាសន្នយោធា​នេះ​ ​ការពារ​ដល់​ផល​ប្រយោជន៍​ចិន ឬ​ក៏​ធ្វើអ្វី​ដែល​ចិន​មើល​ឃើញថា​ជា​ផល​ប្រយោជន៍​របស់​ខ្លួន​នោះ​ ​ប្រទេស​ចិន​ទំនង​ជា​គាំទ្រ​ពួក​គេ​»។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ Mumford។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​ចំណាយលុយ​រាប់ពាន់​លាន​ដុល្លារ ទៅ​លើ​ការ​កសាង​ផ្លូវ​របៀង​សេដ្ឋកិច្ច​ ដែល​ត​ភ្ជាប់​ប្រទេស​ចិន​ភាគ​ខាង​លិច​ ទៅ​ដល់​មហាសមុទ្រ​ឥណ្ឌា​ ​តាម​រយៈ​ប្រទេស​មីយ៉ាន់ម៉ា​ ដើម្បី​ស្ថាបនានូវ​ផ្លូវ​ថ្មី​មួយ​ សម្រាប់​ការ​នាំ​ចេញ​ប្រេង​និង​ឧស្ម័ន​របស់​ខ្លួន​ ដោយ​ជៀស​វាង​ការដឹក​ជញ្ជូន​តាម​រយៈច្រក​សមុទ្រMalacca ដែល​ជា​កន្លែង​ងាយ​រាំងស្ទះ​បើសិនជា​មាន​ជម្លោះ​ជា​មួយ​នឹង​សហរដ្ឋ​អាមេរិក​នោះ។​

លោក Mumford​ និយាយ​ថា​ ​ផលប៉ះ​ពាល់ ដោយ​សារ​តែ​ការ​ដាក់​ទណ្ឌ​កម្ម​ពី​ប្រទេស​លោក​ខាង​លិចណា​មួយ​នោះ​ ក៏​នឹងមិនធ្វើ​ឲ្យ​ប៉ះ​ពាល់ខ្លាំង​ណាស់​ណា​ ដោយសារ​ទំនាក់​ទំនង​វិនិយោគ​និង​ពាណិជ្ជ​កម្ម​ដែល​កំពុង​តែ​កើន​ឡើងរបស់​ប្រទេស​មីយ៉ាន់ម៉ា​ ជាមួយ​បណ្តា​ប្រទេស​អាស៊ី​ខាង​កើត​និង​អាស៊ី​អាគ្នេយ៍​នោះ។

«ប្រទេស​អាស៊ី​ខាង​កើត​និង​អាស៊ីអាគ្នេយ៍​ទាំង​នេះ​ ទំនង​ជា​មិន​ខ្វាយខ្វល់​អំពី​បញ្ហា​យោធា​នោះ​ទេ​ ព្រោះ​ពួក​គេ​ តែង​មាន​គោល​នយោបាយ​ជា​យូរ​លង់​មក​ហើយ​ក្នុង​ការ​មិន​ជ្រៀត​ជ្រែក​រឿង​ផ្ទៃ​ក្នុង​របស់គ្នា​ទៅ​វិញ​ទៅ​មក​។ ដូច្នេះ​ខ្ញុំ​គិត​ថា​ ការ​ដាក់​ទណ្ឌ​កម្ម​ពី​បស្ចិម​ប្រទេស នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ​ ហើយ​ទំនង​ជា​មិន​អាច​ធ្វើ​ឲ្យមេ​ដឹក​នាំ​នៃ​របប​យោធា​នេះ​ ផ្លាស់ប្តូរ​ចិត្ត​គំនិត​ភ្លាម​ៗ​នោះ​ទេ»។ នេះ​បើ​តាម​ការ​អះ​អាងរបស់​លោក​ Mumford ។

លោក​ Mumford​ បន្ថែមទៀត​ថា​ ក្រុម​ឧត្តមសេនីយ៍​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​ ប្រហែល​ជា​បាន​ពិចារណា​អំពី​ការ​ដាក់​ទណ្ឌ​កម្ម​ពី​បស្ចិម​ប្រទេស​រួច​ជា​ស្រេច​ទៅ​ហើយ មុននឹង​សម្រេច​ដណ្តើម​អំណាច ទោះបី​ជាខ្លួន​កំពុង​ប្រឈម​មុខ​រួច​ទៅ​ហើយ​ ជា​មួយ​ការ​ដាក់​ទណ្ឌ​កម្ម​ជុំវិញ​វិបត្តិជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា ក៏ដោយ។

អ្នក​ស្រី Fink ក៏​រំពឹង​ផង​ដែរ​ថា​ វិធាន​ការ​ណា​មួយ ដែល​ធ្វើ​ឡើង​ដោយ​បស្ចិម​ប្រទេស​ក្នុង​ការ​ធ្វើ​ឲ្យ​ឯកោដល់របប​យោធា​ដែល​កំពុង​ដឹក​នាំ​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ នឹង​ជំរុញ​ឲ្យ​ប្រទេស​នេះ​ ងាកកាន់​តែ​ជិត​ទៅ​រក​ប្រទេស​រុស្សី​ ដែល​ផ្តល់ឲ្យ​ខ្លួន​នូវ​សម្ព័ន្ធ​មិត្ត​ទី​២​ នៅក្នុង​ក្រុ​មប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នោះ។​

«ក្រុម​យោធា​ប្រទេស​មីយ៉ាន់​ម៉ា​ បាន​ងាក​កាន់​តែ​ជិត​ទៅៗ​ទៅ​រក​ប្រទេស​រុស្សី​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​បាន​ទិញ​នូវ​អាវុធ​យុទ្ធភណ្ឌ​ជា​ច្រើន​ពី​ប្រទេស​រុស្សី​។ ដូច្នេះ​វាហាក់​ដូច​ជា​ពួក​គេ​ហាក់​ដូចជា នឹង​អាច​ពឹង​ពាក់​ទៅ​លើ​ការ​ជួយ​គាំ​ទ្រ​ពី​ប្រទេស​រុស្សី​ផង​ដែរ​»៕​

ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ