ទូរទស្សន៍ Myawaddy ដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា បានប្រកាសនៅថ្ងៃច័ន្ទនេះថា យោធាបានត្រួតត្រាប្រទេសមីយ៉ាន់ម៉ានៅក្រោមស្ថានភាពអាសន្ន ដោយសារតែគណៈកម្មការរៀបចំការបោះឆ្នោតមិនបានចាត់វិធានការទាក់ទិននឹងការអះអាងរបស់យោធាដែលថា ការបោះឆ្នោតថ្នាក់ជាតិកាលពីខែវិច្ឆិកាឆ្នាំមុន មានការលួចបន្លំ។
ការប្រកាសនេះបានធ្វើឡើងក្នុងពេលប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi និងមន្ត្រីគណបក្សកាន់អំណាចផ្សេងទៀត ត្រូវបានឃុំខ្លួន។ ការឃុំខ្លួនទាំងនេះកើតឡើងនៅចំថ្ងៃដែលរដ្ឋសភាថ្មីត្រៀមបើកសម័យប្រជុំលើកដំបូងរបស់ខ្លួន។
លោក Myo Nyunt អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលជាគណបក្សកាន់អំណាច បាននិយាយថា អ្នកស្រី Aung San Suu Kyi និងលោកប្រធានាធិបតី Win Myint ត្រូវបានគេចាប់ខ្លួនកាលពីព្រឹកថ្ងៃច័ន្ទនេះ។
លោក Myo Nyunt បានបញ្ជាក់នៅថ្ងៃច័ន្ទនេះក្នុងពេលមិនយូរប៉ុន្មានមុនពេលលោកត្រូវបានគេចាប់ឃុំខ្លួនផងដែរថា៖ «ខ្ញុំចង់ប្រាប់ពលរដ្ឋរបស់យើងកុំឲ្យឆ្លើយតបដោយពុំបានគិតហ្មត់ចត់ជាមុន ហើយខ្ញុំចង់ឲ្យពួកគេធ្វើទៅតាមច្បាប់»។
លោកបានបន្ថែមថា៖ «តាមយើងដឹង មនុស្សសំខាន់ៗទាំងអស់ត្រូវបានយោធាចាប់ខ្លួន។ ដូច្នេះ ឥឡូវនេះ យើងអាចនិយាយបានថា វាជារដ្ឋប្រហារ។ នៅក្នុងរដ្ឋធានីណៃពិដោ ខ្ញុំបានឮថា អ្នកស្រី Aung San Suu Kyi និងលោកប្រធានាធិបតី Win Myint ត្រូវបានចាប់ខ្លួន។ ប៉ុន្តែ យើងមិនទាន់ដឹងឲ្យប្រាកដអំពីសមាជិករដ្ឋសភានៅក្នុងរដ្ឋធានីនៅឡើយទេ ក៏ប៉ុន្តែ យើងអាចសន្មតថា ពួកគេក៏ត្រូវបានចាប់ខ្លួនផងដែរ»។
ការចាប់ខ្លួនទាំងនេះត្រូវបានថ្កោលទោសដោយសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងប្រទេសមួយចំនួនទៀតដូចជាអូស្ត្រាលី ឥណ្ឌា និងសិង្ហបុរីជាដើម។
សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា៖ «សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីសេចក្ដីរាយការណ៍ ដែលថាយោធាមីយ៉ាន់ម៉ាបានចាត់វិធានការបំផ្លាញដំណើរការអន្តរកាលប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា»។
សេតវិមានបានបន្តថា សហរដ្ឋអាមេរិកជំរុញ «យោធាមីយ៉ាន់ម៉ានិងភាគីផ្សេងទៀតទាំងអស់ឲ្យគោរពតាមបទដ្ឋានប្រជាធិបតេយ្យនិងនីតិរដ្ឋ និងឲ្យដោះលែងអ្នកដែលជាប់ឃុំនៅថ្ងៃនេះ»។
សេតវិមានបានបន្ថែមថា៖ «សហរដ្ឋអាមេរិកប្រឆាំងនឹងការប៉ុនប៉ងណាមួយនៅក្នុងការកែប្រែលទ្ធផលនៃការបោះឆ្នោតកាលពីពេលថ្មីៗនេះ ឬក៏ការបង្អាក់ដល់ដំណើរការអន្តរកាលប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា។ សហរដ្ឋអាមេរិកនឹងចាត់វិធានការប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវចំពោះរឿងនេះ ប្រសិនបើជំហានទាំងអស់នេះមិនត្រូវបានធ្វើឲ្យដូចដើមវិញ»៕