មេដឹកនាំយោធាមីយ៉ាន់ម៉ា បានប្រកាសជាឯកតោភាគីពន្យារពេលបទឈប់បាញ់គ្នាជាមួយនឹងក្រុមប្រឆាំងរហូតដល់ចុងឆ្នាំ២០២២ និងសម្របសម្រួលឲ្យមានការផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋដែលកំពុងត្រូវការយ៉ាងខ្លាំង។
ការប្រកាសនេះ បានធ្វើឡើងក្រោយពីជំនួបកាលពីថ្ងៃសុក្ររវាងមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោង ឡាំង (Min Aung Hlaing) និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលកំពុងតែធ្វើទស្សនកិច្ចការងារក្នុងទីក្រុងណៃពិដោ។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរួមរវាងកម្ពុជា និងមីយ៉ាន់ម៉ា ដែលចេញផ្សាយនៅថ្ងៃសុក្រក្នុងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន។
ក្នុងពេលកន្លងមករដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់គ្នាជាមួយនឹងអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់រយៈពេល៥ខែរហូតដល់ចុងខែកុម្ភៈឆ្នាំ២០២២ ដែរ មុននឹងសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀតរហូតដល់ចុងឆ្នាំនេះ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យទទួលអនុវត្តន៍បទឈប់បាញ់គ្នាដើម្បីផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត»។
ក្រុមយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលស្របច្បាប់របស់អ្នកស្រី អោង សានស៊ូជី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ គឺនៅថ្ងៃដែលរដ្ឋាភិបាលថ្មី ត្រូវស្បថចូលកាន់តំណែង។ ក្រុមសន្តិសុខបានបង្ក្រាបយ៉ាងឃោរឃៅលើពលរដ្ឋដែលបានចេញមកតវ៉ានៅតាមផ្លូវ។ មានពលរដ្ឋភូមាចំនួន១.៤៤៥នាក់ ត្រូវបានសម្លាប់ក្នុងនោះ មានកុមារយ៉ាងហោចណាស់១០០នាក់ និងត្រូវចាប់ដាក់ពន្ធនាគារ និងចោទប្រកាន់ជាង១១.៣០០នាក់។ នេះ បើតាមការចងក្រងត្រឹមថ្ងៃសុក្រនេះដោយសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (Assistance Association for Political Prisoners) របស់ក្រុមពលរដ្ឋមីយ៉ាន់ម៉ានៅក្រៅស្រុក។ អ្នកប្រឆាំងមួយចំនួន បានរត់ចោលផ្ទះសម្បែង និងមួយចំនួន សម្រេចចាប់កាន់អាវុធដើម្បីតស៊ូប្រដាប់អាវុធដោយមានការគាំទ្រពីក្រុមជនជាតិភាគតិចជាច្រើនក្រុមផងដែរ។
មេដឹកនាំអាស៊ានដោយរួមទាំងលោក Min Aung Hlaing ផងដែរ បានយល់ព្រមលើកិច្ចព្រមព្រៀង៥ចំណុចរបស់អាស៊ានកាលពីខែមេសាឆ្នាំមុន ក្នុងនោះរួមមានការបញ្ឈប់ហិង្សា ការចរចាជាមួយនឹងក្រុមអ្នកប្រជាធិបតេយ្យនិងអនុញ្ញាតឲ្យប្រេសិតរបស់ប្រធានអាស៊ានចូលសម្របសម្រួល។ ប៉ុន្តែការអនុវត្តមិនដំណើរការទៅមុខទេ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា លោក Min Aung Hlaing បានប្រកាសស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ាដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច។ បន្ថែមពីនោះក៏បញ្ជាក់ពីការសម្រួលដល់សកម្មភាពផ្តល់ជំនួយមនុស្សធម៌ផងដែរ។
លោក ហ៊ុន សែន ដែលពេលនេះ ជាប្រធានប្តូរវេនរបស់អាស៊ានបានចែករំលែកបទពិសោធនៃការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះដែលបានបញ្ចប់ចលនាតស៊ូរបស់ក្រុមកុម្មុយនិស្តខ្មែរក្រហមនៅចុងទសវត្សរ៍១៩៩០។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖
«សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា តាមបទពិសោធនិងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួមនិងការព្រមព្រៀងគ្នាពីគ្រប់ភាគី»។
ប៉ុន្តែក្រុមយោធាមីយ៉ានម៉ាបានថ្លែងថា ពួកគេមិនអនុញ្ញាតឲ្យលោក ហ៊ុន សែន ជួបជាមួយនឹងអ្នកស្រី អោង សានស៊ូជី ទេ។ អ្នកស្រី ត្រូវបានតុលាការកាត់ទោសកាលពីខែធ្នូឲ្យជាប់គុក៤ឆ្នាំពីបទអុចអាលនិងរំលោភបម្រាមក្នុងគ្រាមានជំងឺកូវីដ១៩ ប៉ុន្តែទោសនោះ ត្រូវបានលោក Min Aung Hlaing កាត់បន្ថយឲ្យមកនៅពាក់កណ្តាល។
ការណ៍នេះ បាននាំឲ្យសកម្មជនសិទ្ធិមនុស្សមីយ៉ាន់ម៉ា សម្តែងទុទ្ទិដ្ឋិនិយមចំពោះលទ្ធផលនេះ។
លោក Aung Moe Win ស្ថាបនិកនៃក្រុមគាំទ្រចលនាប្រជាធិបតេយ្យនៅភូមា (Support the Democracy Movement in Burma) ដែលបានប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន បានបញ្ជាក់ប្រាប់វីអូអេខេមភាសានៅថ្ងៃសុក្រនេះថា៖
«ពួកគេមានបទឈប់បាញ់បែបនេះដែលបានប្រកាសសូម្បីមុនរដ្ឋប្រហារ ហើយបទឈប់បាញ់ទាំងអស់នេះ គ្រាន់តែជាការសន្យាទទេៗពីពួកយោធាប៉ុណ្ណោះ។ ដូចដែលយើងទាំងអស់គ្នាដឹងហើយថា នៅក្នុងប្រទេសភូមា យោធាជាអ្នកអនុវត្តបទឈប់បាញ់ ដូច្នេះគ្រាន់តែធ្វើឱ្យពួកគេមើលទៅល្អនៅលើក្រដាស មិនមានសកម្មភាពជាក់ស្តែងនៅលើដីនោះទេ»។
អ្នកស្រី Wai Wai Nu សកម្មជនសិទ្ធិមនុស្សមីយ៉ាន់ម៉ានៅសហរដ្ឋអាមេរិក បានថ្លែងថា៖
«សម្រាប់យើងអ្វីក៏ដោយ បទឈប់បាញ់មិនមានន័យអ្វីនៅលើដីទេ ព្រោះប្រជាជន ត្រូវបានគេកំណត់គោលដៅធ្វើបាបជារៀងរាល់ថ្ងៃ។ ប្រជាជន ត្រូវបានគេសម្លាប់ជារៀងរាល់ថ្ងៃ ហើយពួកយោធានេះ បានប្រព្រឹត្តឧក្រិដ្ឋកម្មអន្តរជាតិជារៀងរាល់ថ្ងៃ។ ដូច្នេះ សេចក្តីថ្លែងការណ៍បំភ្លៃនេះ គ្រាន់តែធ្វើឱ្យខូចស្ថានការណ៍នៅលើមូលដ្ឋាន ហើយវាធ្វើឱ្យខូចដល់ស្ថានការណ៍ទាំងមូលក្នុងការពិភាក្សា ហើយខ្ញុំគិតថា វាជារឿងមិនទទួលខុសត្រូវរបស់លោក ហ៊ុន សែន ក្នុងការធ្វើឲ្យស្របច្បាប់ដល់មេដឹកនាំរដ្ឋប្រហារ»៕