រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​និង​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​នាំគ្នា​ប្រកាស​រៀងៗ​ខ្លួន​ថា​បាន​កាន់កាប់​ទីបញ្ជាការ​យោធា​តំបន់

រូបឯកសារ៖ ទិដ្ឋភាពទីក្រុង Lashio ក្នុងរដ្ឋ Shan ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ។

រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា ​និង ​ក្រុមប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​មួយ ​នាំគ្នា​ប្រកាសកាលពី​ថ្ងៃព្រហស្បតិ៍​រៀងៗ​ខ្លួន​ថា ​បាន​កាន់កាប់​ទីក្រុង​មួយ ​និង​ទីបញ្ជាការ​យោធា​តំបន់​នៅ​រដ្ឋShan ​ដែល​ស្ថិត​នៅ​ភាគ​ខាងជើង ​ក្រោយពី​មាន​ការប៉ះទង្គិចគ្នា​អស់​ពេល​ប៉ុន្មាន​ថ្ងៃ​រួចមក។

ការប្រយុទ្ធគ្នា​បានធ្វើឱ្យ​រង្គោះរង្គើរ​ទីក្រុង Lashio ​ដែល​ជា​បញ្ជាការដ្ឋាន​យោធា​ភាគឦសាន​ តាំងពី​ថ្ងៃទី៣ ​ខែកក្កដា​មក ​នៅពេលដែល​កងប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​ជាច្រើន​ក្រុម ​បានធ្វើការ​វាយប្រហារ​ឡើង​វិញ ​លើ​កងទ័ព​រដ្ឋាភិបាល​យោធា។

កាសែត​ក្នុងស្រុក​របស់​កងយោធា ​បក្សសម័្ពន្ធ​ប្រជាធិបតេយ្យ​ជាតិ​មីយ៉ាន់ម៉ា (MNDAA) ​បាន​រាយការណ៍​ថា ​ក្រុម​នេះ ​«បាន​ដណ្តើម​កាន់កាប់​ទីស្នាក់ការ​របស់​បញ្ជាការដ្ឋាន​យោធា​ភាគឦសាន ​ក្នុង​ទីក្រុង Lashio»​ កាលពី​ព្រឹក​ថ្ងៃព្រហស្បតិ៍ ហើយ​ថែម​ទាំង​ដណ្តើម​យក​បាន​ក្រុង Lashio​ ដែល​មាន​មនុស្ស​ជាង​១៥០.០០០​នាក់​រស់នៅ​ផងដែរ។

អ្នកនាំពាក្យ​បក្សសម័្ពន្ធ​ប្រជាធិបតេយ្យ​ជាតិ​ លោក​Li Jiawen ​បាន​និយាយ​ថា​ ក្រុមអ្នកប្រយុទ្ធ​របស់​ខ្លួន ​ដណ្តើម​បាន​ក្រុង Lashio ​ដោយ​មិនបាន​ប្រាប់​ព័ត៌មាន​ពិស្តារ​ថែម​ទៀត​ទេ។ ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​យោធា ​លោក ​Zaw Min Tun​ បាន​ប្រាប់​អ្នកកាសែត​ថា ​ការអះអាង​នេះ​មិន​ពិត​ទេ៕