ប្រាំមួយខែបន្ទាប់ពីរដ្ឋប្រហារ ឥឡូវនេះប្រទេសមីយ៉ាន់ម៉ា ប្រឈមនឹងការរាតត្បាតជំងឺកូវីដ១៩។
ការស្លាប់បានកើនឡើងយ៉ាងខ្លាំងជារៀងរាល់ថ្ងៃក្នុងអំឡុងការឆ្លងលើកទីបីដោយវីរុសកូរ៉ូណាប្រភេទដែលតា (delta) ដែលបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែឧសភា ដោយមានរបាយការណ៍អំពីចំនួនអ្នកស្លាប់៣២៦ នាក់ នៅថ្ងៃទី២៣ ខែកក្កដា ដែលនាំឱ្យចំនួនអ្នកស្លាប់ឡើងដល់៦.៤៥៩ នាក់។
ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថា មានការឆ្លងថ្មីចំនួន៥.៥០៦ ក្នុងចំណោមការធ្វើតេស្តចំនួន១៣.៤៨៧ ដែលជាអត្រាឆ្លង៤០%។ តួលេខពិតប្រាកដ អាចខ្ពស់ជាងនេះ ព្រោះមានអ្នកដែលមិនបានទៅមន្ទីរពេទ្យ។
កន្លែងបញ្ចុះសពព្យាយាមបោះបង់សពចោលយ៉ាងឆាប់រហ័សដោយគ្មានវិធានការសុវត្ថិភាព ហើយរថយន្តដឹកសព ដឹកសពបី ឬច្រើនជាងនេះ ហើយក៏មានការដឹកសពតាមរថយន្តតាក់ស៊ី និងរថយន្តផ្ទាល់ខ្លួនផងដែរ។ វីដេអូ និងរូបថតនៅលើបណ្តាញសង្គមបង្ហាញគំនរសពរង់ចាំបូជានៅឯកន្លែងបញ្ចុះសពនៅទីក្រុងរ៉ង់ហ្គូន។
ចាប់តាំងពីរដ្ឋប្រហារមក អ្នកស្ម័គ្រចិត្ត និងបុគ្គលិក មិនពាក់ឧបករណ៍ការពារ ក្រៅពីម៉ាសទេ។
ប្រតិបត្តិករបុណ្យសព និងអ្នកជួយឥតគិតថ្លៃនៅទីក្រុងរ៉ង់ហ្គូននិយាយថា ពួកគេមិនអាចចាំចំនួនអ្នកស្លាប់ទេ តែពួកគេបានអះអាងថា មានប្រហែល១.០០០នាក់ក្នុងមួយថ្ងៃ។
លោក Sein Win Than ដែលអង្គការរបស់លោកផ្តល់សេវាមនុស្សធម៌ដឹកសព បានប្រាប់វីអូអេថា អង្គការរបស់លោក ត្រូវដឹកសពយ៉ាងតិច៤០នាក់ទៅកាន់ទីបញ្ចុះសពជារៀងរាល់ថ្ងៃ ប៉ុន្តែមិនអាចផ្តល់សេវាឲ្យអ្នកស្នើសុំគ្រប់គ្នាបានទេ ព្រោះច្រើនពេក។
លោកថា «យើងមិនអាចដឹកសពបាន៥០ ក្នុងមួយថ្ងៃទេ។ យើងត្រូវរង់ចាំរាប់ម៉ោងនៅឯទីបញ្ចុះសពដើម្បីប្រគល់សាកសព ប៉ុន្តែយើងមិនអាចរង់ចាំទៀតទេ ដោយសារមានសំណើច្រើន។ នៅពេលយើងទៅដល់ទីបញ្ចុះសព យើងត្រូវតែប្រគល់សពយ៉ាង លឿន ហើយមកដឹកសពផ្សេងទៀត»។
ស្ថានភាពនេះ មិនមែនមាននៅតែទីក្រុងរ៉ង់ហ្គូនទេ។
នៅទីក្រុង Mandalay ចំនួនអ្នកស្លាប់បានកើនឡើងជារៀងរាល់ថ្ងៃ ដោយសារខ្វះវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកនៅមន្ទីរពេទ្យ។ បុគ្គលិកជំនួយម្នាក់បានប្រាប់ VOA ថា «អ្នកជំងឺប្រហែល៦០នាក់ បានស្លាប់ក្នុងមួយថ្ងៃ ប៉ុន្តែយើងអាចយកសាកសពតែ៣០ប៉ុណ្ណោះទៅទីបញ្ចុះ» ។
ទីក្រុង Kalay នៅភាគពាយព្យប្រទេសមីយ៉ាន់ម៉ា មានការប្រកាសឱ្យពលរដ្ឋស្នាក់ក្នុងផ្ទះជាលើកដំបូងនៅពេលមានការឆ្លង។ បុគ្គលិកជំនួយ និងប្រជាជនប៉ាន់ស្មានថា ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ បានកើនដល់២០ ទៅ៣០នាក់ ចាប់តាំងពីសប្តាហ៍ចុងក្រោយនៃខែមិថុនា៕