ពេលនេះជា«រដូវធ្វើដំណើរតាមសមុទ្រ»នៅក្នុងប្រទេសភូមាដែលជាពេលវេលាមួយក្រុមជនអំបូរ Rohingya កាន់សាសនាឥស្លាមធ្វើដំណើរតាមសមុទ្រដើម្បីស្វះស្វែងរកជីវភាពល្អជាងមុននៅឯប្រទេសក្រៅ។ ក៏ប៉ុន្តែនៅឆ្នាំនេះ មានភាពខុសប្លែកពីមុន។ ការបង្ក្រាបដោយរដ្ឋាភិបាលលើពួកអ្នកជួញដូរមនុស្សនិងការបោះឆ្នោតជាប្រវត្តិសាស្ត្របានធ្វើឱ្យមនុស្សជាច្រើនមានសុទិដ្ឋិនិយមប្រកបដោយការប្រុងប្រយ័ត្នថាស្ថានភាពពួក Rohinya នឹងល្អប្រសើរជាងមុន។
កាលពីមុន ឆ្នេរខ្សាច់ទាំងនេះជាកន្លែងដែលពួក Rohingya កាន់សាសនាឥស្លាម បានគេចខ្លួនធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ទៅប្រទេសក្រៅដែលជនខ្លះបានរងគ្រោះដោយសារពួកជួញដូរមនុស្ស។
ទោះជាមានគ្រោះថ្នាក់ក៏ដោយក៏ជនច្រើននាក់បានរត់គេចខ្លួនជាជាងទ្រាំនឹងជីវភាពនៅក្នុងជំរំមានការរឹតត្បិតដោយមានការសិក្សាបន្តិចបន្តួច ការថែរក្សាសុខភាពមិនល្អនិងគ្មានការងារធ្វើដែលនាំឱ្យជនច្រើននាក់បាក់ទឹកចិត្ត។
«ខ្ញុំគ្រោងចាកចេញតាមទូកព្រោះយើងវេទនាខ្លាំងណាស់។ Hitler សម្លាប់ពួក Juif។ នេះជាការសម្លាប់មនុស្សមួយជំហានម្តងៗគឺជាការប្រល័យពូជសាសន៍តាមលំដាប់»។
ឆ្នាំទៅមិញមាន Rohingya ប្រមាណ២៥.០០០នាក់់បានរត់គេចខ្លួន។ ឆ្នាំនេះមានប្រមាណតែ១.០០០នាក់ប៉ុណ្ណោះដោយសារមានការបង្ក្រាបលើពួកជួញដូរមនុស្សហើយនៅសល់តែមនុស្សដែលចង់គេចខ្លួនដោយខ្លួនឯងប៉ុណ្ណោះ។
«ពេលនេះគ្មានអ្នកជួញដូរមនុស្សទេ ខ្ញុំនឹងទិញទូកមួយ។ ការលិចទូកក្នុងសមុទ្រប្រសើរជាងរស់នៅទីនេះដោយគ្មានសេរីភាព»។
Noor Muhammed ក៏គ្រោងទៅម៉ាឡេស៊ីដែរ។ សម្លៀកបំពាក់និងរបស់របរទាំងអស់ត្រូវញាត់ក្នុងបាវអង្ករតែមួយ។
«ស្ថានភាពអាក្រក់ណាស់ក្នុងជំរំនេះ។ យើងរស់នៅក្នុងបន្ទប់តូចមួយជាមួយសមាជិក៨នាក់នៃគ្រួសារយើង។ ជីវិតយើងដូចជាជីវិតសត្វ។ ខ្ញុំព្រួយអំពីអនាគតកូនខ្ញុំ។ យ៉ាងហោចណាស់នៅក្នុងប្រទេសមួយទៀតយើងនឹងមានសិទ្ធិជាមូលដ្ឋាន។ ខ្ញុំនឹងអាចធ្វើការបានហើយទ្រទ្រង់ជីវភាពគ្រួសារខ្ញុំ»។
ពេលនេះ Noor ពន្យារពេលការធ្វើដំណើរក្រោយជ័យជម្នះរបស់គណបក្សលោកស្រី អង់សាន ស៊ូជី។
ជន Rohingya ច្រើននាក់សង្ឃឹមថាគណបក្សលោកស្រីនឹងធ្វើការដើម្បីកែលម្អជីវភាពក្នុងជំរំទោះណាជាលោកស្រីនៅស្ងាត់ស្ងៀមអំពីស្ថានភាពពួក Rohingya ក៏ដោយ។ ពេលនេះមនុស្សរាប់ពាន់នាក់ដូចជា Noor ដែរស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជានៅពេលពួកគេសង្ឃឹមថានឹងមានសញ្ញានៃការផ្លាស់ប្តូរ៕
ប្រែសម្រួលដោយ ឈឹម សុមេធ