ដោយរបបយោធាមីយ៉ាន់ម៉ាមានបំណងចង់កាត់ផ្តាច់ទាំងស្រុងនូវសេវាអ៊ីនធឺណិត សកម្មជនមួយចំនួននៅមីយ៉ាន់ម៉ា បានងាកទៅប្រើវិទ្យុដើម្បីផ្សព្វផ្សាយសារនានាទៅកាន់សាធារណជន។
វិទ្យុសហព័ន្ធ FM បានចាប់ផ្ដើមផ្សាយបន្តផ្ទាល់កាលពីថ្ងៃទី១ ខែមេសា។ វិទ្យុនេះផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍និងថ្ងៃអាទិត្យ។
ស្ថានីយ៍វិទ្យុដែលគ្មានអាជ្ញាបណ្ណនេះ មានគោលបំណងផ្តល់ព័ត៌មានដល់អ្នកស្តាប់អំពីព្រឹត្តិការណ៍នានាដែលកើតឡើងនៅទូទាំងប្រទេស ហើយស្របពេលនោះដែរ អប់រំអ្នកស្តាប់អំពីប្រព័ន្ធរដ្ឋាភិបាលសហព័ន្ធ ដើម្បីប្រឆាំងទៅនឹងការគ្រប់គ្រងបែបផ្តាច់ការរបស់របបយោធា។
ស្ថាបនិកម្នាក់នៃវិទ្យុនេះដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ VOA ថា ការផ្សាយនេះគឺជាវិធីថ្មីមួយ ដើម្បីឲ្យប្រជាពលរដ្ឋអាចស្តាប់ព័ត៌មានទាន់ហេតុការណ៍នៅក្នុងប្រទេសបាន ដោយគ្មានការឃោសនារបស់យោធា។
លោកបាននិយាយថា៖ «នៅពេលដែលប្រព័ន្ធអ៊ីនធឺណិតត្រូវបានកាត់ផ្តាច់ វិទ្យុសហព័ន្ធនេះនឹងក្លាយជាមធ្យោបាយទំនាក់ទំនង និងដើម្បីទាក់ទងគ្នាទៅវិញទៅមក»។
លោកបានបញ្ជាក់ថា វិទ្យុនេះនឹងផ្តល់ព័ត៌មានដល់មេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យនានានៅតាមមូលដ្ឋាន ហើយពួកគេនឹងអាចប្រើវិទ្យុនេះដើម្បីនិយាយទៅកាន់សាធារណជន។
លោកបានបន្ថែមថា វិទ្យុនេះ «នឹងក្លាយជាអាវុធដ៏មានឥទ្ធិពល» មួយប្រឆាំងនឹងរដ្ឋាភិបាលយោធា៕