សៀវភៅ​ចង​ក្រង​អំពី​ជីវិត​របស់​អ្នក​អនុវត្ត​មន្ត​អាគម​

អ្នក​​ទស្សនា​ពិនិត្យ​មើល​រូបថត​គ្រូ​ទាយ Seim Chantha។ (ផន បុប្ផា/VOA)

វប្បធម៌​ខ្មែរ​គឺ​មិន​មែន​មាន​ត្រឹម​តែ​ព្រះពុទ្ធ​សាសនា​ប៉ុណ្ណោះ​នោះ​ទេ​ តែវា​មាន​ការ​ជឿ​ទៅ​លើ​ព្រលឹង​ អ្នកតា ​វេទមន្ត ​និង​មន្តអាគម​ជាដើម។​

ជំនឿ​នេះ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​កម្ពុជា​ជឿ​តៗ​គ្នា ​និង​គោរព​បូជា​ជា​យូរណាស់​មក​ហើយ។​

នៅ​ក្នុង​ទី​ក្រុង​ និង​តាម​ទី​ជនបទ​ក្នុង​ប្រទេស​កម្ពុជា ​គេ​អាច​ជួប​មនុស្ស​ដែល​ហៅ​ខ្លួន​ឯង​ថា ​ជា​គ្រូ​វេទមន្ត​ ឬ​គ្រូ​មន្ត​អាគម​ ហើយ​ពួក​គេ​អាច​បញ្ជូន​វិញ្ញាណ ​ឬហៅ​វិញ្ញាណ​អ្នក​ដែល​ស្លាប់​ឲ្យមក​សណ្ឋិត​ក្នុង​ខ្លួន​របស់​ពួក​គេ។​

អ្នក​ទាំង​នេះ​ក៏​បាន​អះអាង​ថា​ គេអាច​ប្រើ​វិធី​ផ្សេងៗដើម្បី​រំដោះ​គ្រោះ ​ឬនាំ​សំណាង​ដល់​អ្នក​ដែល​មក​រក​សេវា​ពី​ពួក​គេ​ផង​ដែរ។ ​ក្រៅ​ពី​នោះ​ ពួក​គេ​ក៏​អាច​ទស្សន៍ទាយ​វាសនា​អនាគត​របស់​អតិថិជន​របស់​ពួក​គេ​នៅ​ពេល​អនាគត។​

ជំនឿ​ទាំង​នេះ​កំពុង​បាត់​បង់​បន្តិច​ម្តងៗ​ ​នៅ​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​មាន​ការ​រីក​ចម្រើន។​

លោក​ Ryun Patterson ​ជា​អ្នក​និពន្ធ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឈីកាហ្គោ​ ស.រ.អា.​ ហើយ​ដែលធ្លាប់​ធ្វើការ​ជា​អ្នក​សារ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​បាន​សរសេរ​សៀវភៅ «វេទមន្ត​បំបាំង​កាយ៖​ ក្រឡេក​មើល​អំពី​ភព​មន្តអាគម​នៃ​កម្ពុជា»។ (ផន បុប្ឆា/VOA)

លោក​ Ryun Patterson ​ជា​អ្នក​និពន្ធ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឈីកាហ្គោ​ ស.រ.អា.​ ហើយ​ដែលធ្លាប់​ធ្វើការ​ជា​អ្នក​សារ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ពី​មុន​ បាន​ចាប់​ផ្តើម​យុទ្ធនាការ​របស់​គាត់​ដំបូង​ហៅ​ថា​ Kickstarter​ ដើម្បី​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា។ ​ការ​ធ្វើ​ដំណើរ​នេះ​មាន​គោល​បំណង​ជួប​ និង​សម្ភាស​អ្នក​ប្រើ​មន្តអាគម​ ឲ្យបាន​ច្រើន​នាក់​តាម​ដែល​គាត់​អាច​ធ្វើ​ទៅ​បាន។​

លទ្ធផល​គឺ​សៀវភៅ​មន្ត​អាគម​នៅកម្ពុជា។​

លទ្ធផល​បាន​ពី​ការ​ធ្វើ​ដំណើរ​នឹង​ជួប​សម្ភាស​នេះ​ត្រូវបាន​ចងក្រងបោះ​ពុម្ពជា​សៀវភៅ​ក្រដាស់​ និង​សៀវ​ភៅ​អេឡិចត្រូនិក​ ​និយាយ​អំពី​ការ​ប្រើ​ ឬ​ធ្វើ​វេទមន្ត ​និង​អំពី​ជីវិត​របស់​អ្នក​ដែល​ត្រូវ​បាន​សម្ភាស​ចំនួន​១១​នាក់។​ ​

សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា៖​ «វេទមន្ត​បំបាំង​កាយ៖​ ក្រឡេក​មើល​អំពី​ភព​មន្តអាគម​នៃ​កម្ពុជា» ​ត្រូវ​បាន​ដាក់​បង្ហាញ​កាល​ពី​ចុង​សប្តាហ៍​មុន ​នៅ​ឯ​ Meta House ​ក្នុង​រាជធានី​ភ្នំពេញ។​ ខណៈ​ពេល​ដែល​សៀវភៅ​នេះ​ត្រូវ​បាន​គេ​ដាក់​សម្ពោធ​នោះ​ ​រូបភាព​ដែល​មាន​នៅ​ក្នុង​សៀវភៅ​នេះ​ក៏​ត្រូវបាន​ដាក់​បង្ហាញ​ដែរ។​ រូបថត​ទាំង​នោះ​ត្រូវ​បាន​ក្រុម​ការងារ​ថត​ នៅ​ពេល​គេ​ធ្វើ​ដំណើរ​ និង​ពេល​សម្ភាស​អ្នក​ដែល​ប្រើ​មន្ត​អាគម​ទាំង​នោះ។​

លោក​ Patterson ​ដែល​ជា​អ្នក​សរសេរ​សៀវភៅ​នេះ​ បាន​ប្រាប់​វីអូអេ​ថា​ ​សៀវភៅ​នេះ​មាន​រួម​បញ្ចូល​ទាំង​ការ​ធ្វើ​ដំណើរ​ជាមួយអ្នក​បក​ប្រែ ​និង​អ្នក​ថតរូប​គឺ​លោក​ Rick Valenzuela ​ដើម្បី​ឲ្យអ្នក​អាន​មាន​អារម្មណ៍​ហាក់​ដូចជា​គេ​បាន​«ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ផ្ទាល់ ហើយ​អ្នក​អាន​មាន​អារម្មណ៍ដូចអ្នក​ធ្វើបទ​សម្ភាសន៍នៅ​ទី​នោះ​ដែរ»។​

លោក​ Patterson ​បាន​និយាយ​ថា​ សៀវភៅ​នេះ​ត្រូវ​បាន​សរសេរ​តាម​របៀប​ជា​អត្ថបទ​សារ​ព័ត៌មាន​ដែល​ពណ៌នា​អំពី​«ភាព​ស្មុគស្មាញ​នៃ​ទំនាក់ទំនង​រវាង​ជំនឿ​សាសនា​ ព្រះ​ និង​ព្រលឹង​វិញ្ញាណ»​ដើម្បី​ធ្វើ​ឱ្យ​អ្នក​ដែល​មិន​ដែល​បាន​មក​ប្រទេស​កម្ពុជា​អាច​យល់​ច្បាស់​អំពីប្រទេស​កម្ពុជា។​

លោក​បាន​និយាយ​ថា៖​ «អ្វីៗត្រូវ​បាន​ធ្វើឲ្យមាន​ភាព​សាមញ្ញ​បន្តិច​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ អ្នក​អាន​យល់​ថា ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​រឿងអ្វី​ខ្លះ»។​

តាម​រយៈ​អត្ថបទ​ វីដេអូ​ សំឡេង​ ​និង​រូប​ថត ​សៀវភៅ​នេះនាំ​អ្នក​អាន​ឲ្យចូល​រួម​ក្នុង​ដំណើរការ​នៃ​ការ​ស្រាវជ្រាវ​រក​ឃើញ​នេះ។

អ្នក​ចូល​រួម​ពិធី​សម្ពោធ​អាច​សៀវភៅ​«វេទមន្ត​បំបាំង​កាយ៖​ ក្រឡេក​មើល​អំពី​ភព​មន្តអាគម​នៃ​កម្ពុជា»​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

និយាយ​រួម​លោក ​Patterson ​និង​ក្រុម​ការងារ​របស់​គាត់​បាន​សម្ភាស​មនុស្ស​១១​នាក់​ ក្នុង​នោះ​មាន​ទាំងគ្រូទាយ​ដែលប្រើ​លេខបកស្រាយ​ការទស្សទាយ ​ហើយ​ដែល​មាន​ប្រពន្ធ​៩​នាក់ ព្រះសង្ឃ​ គ្រូមន្តអាគម​ប្រើ​ផ្សេងបារី​ ​និង​ស្ត្រីម្នាក់ដែល​ជាគ្រូ​ម្រេញ​គង្វាល ឬព្រឹលឹង​កូន​ក្មេង​សណ្ឋិត។ ​អ្នកទាំង​នេះ​ប្រើ​មន្ត​អាគម​ប្រភេទ​ផ្សេង​គ្នា។​

សៀវភៅ​នេះ​ពណ៌នា​អំពី​ពិភពអាថ៌​កំបាំង​មួយ​ ដែល​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​បាន​ដឹង​ហើយ​សៀវភៅ​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​នូវ​ជីវិត​របស់​អ្នកដែល​ប្រើ​ទំនៀម​ទម្លាប់​ចាស់​ និង​វប្បធម៌​មន្ត​អាគម​ជា​មធ្យោបាយ​ដើម្បី​ជួយ​មនុស្ស​ផ្សេង​ទៀត​ដែលមាន​ជំងឺ​ មាន​ការ​ព្រួយ​បារម្ភ ​ឬ​អាច​គ្រាន់​តែ​ត្រូវ​ការ​ដំបូន្មាន​សម្រាប់​ថ្ងៃ​ពន្លា​សម្រាប់​ពួក​គេ​រៀប​អាពាហ៍​ពិពាហ៍។​

លោក​ Patterson​ បាន​ថ្លែង​ថា៖ ​«ខ្ញុំ​ចង់​ឱ្យ​មាន​មនុស្សទទួល​បាន​បទ​ពិសោធន៍​ថា​ តើ​យើង​ជួប​ប្រទះ​អ្វី​ខ្លះ​ នៅ​ពេល​ដែល​យើង​ទៅ​ជួប ​និង​សម្ភាសមនុស្ស​ទាំង​នេះ​ នៅ​កន្លែង​របស់​ពួកគេ​ ដែលមានលក្ខណៈ​ខុសពី​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​ពិភព​លោក»។​

លោក​និយាយថា​ សំខាន់​បំផុត​នោះ​គឺ​លោក​ចង់​ពណ៌នា​អំពី​ផ្នែក​មួយ​នៃ​ពិភព​លោក​ដែល​មិន​ត្រូវ​បាន​គេ​យល់​ដឹង​ ​ឬ​យល់ដឹង​តិចតួច ​ហើយទំនៀមទម្លាប់ទាំង​នេះ​អាច​នឹង​រលាយ​បាត់​បង់​ពី​ពិភព​លោក​នៅថ្ងៃ​ណា​មួយ។​

លោក​បាន​និយាយ​ថា៖ ​«មនុស្ស​យើង​មិន​អាច​រស់​ជា​រៀង​រហូត​នោះ​ទេ។​ ​ខ្ញុំ​ចង់​ឱ្យ​រឿង​រ៉ាវ​ជីវិត​របស់​អ្នក​ទាំង​នេះត្រូវ​បាន​គេ​ចង​ចាំ»៕