អ្នកកាន់សាសនាឥស្លាមដ៏ល្បីល្បាញបំផុតម្នាក់នៅក្នុងសហរដ្ឋអាមេរិកហាក់ដូចជាបានចូលរួមជាមួយសាធារណៈមតិរិះគន់កាន់តែខ្លាំងឡើងទៅលើបេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋគឺលោក Donald Trump ដោយសារបេក្ខជនរូបនេះបានស្នើឲ្យមានហាមមិនឲ្យអ្នកកាន់សាសនាឥស្លាមចូលក្នុងទឹកដីអាមេរិកនោះ។
អតីតជើងឯកកីឡាប្រដាល់ទម្ងន់ធ្ងន់គឺលោក Muhammad Ali កំពុងជំរុញឲ្យអ្នកកាន់សាសនាឥស្លាមដូចលោកដែរវាយបកប្រឆាំងនឹង «ជនទាំងឡាយណា ដែលប្រើប្រាស់សាសនាឥស្លាមដើម្បីកេងយកប្រយោជន៍ផ្ទាល់ខ្លួន» នោះ។
លោក Donald Trump បាន និងកំពុងរងការរិះគន់យ៉ាងខ្លាំង ចាប់តាំងពីលោកបានលាតត្រដាងផែនការរបស់លោកកាលពីដើមសប្តាហ៍នេះ ខណៈដែលលោកកំពុងធ្វើយុទ្ធនាការរកសំឡេងឆ្នោតនៅក្នុងរដ្ឋSouth Carolina ។
លោក Trump បានឆ្លើយតបទៅនឹងការវាយប្រហារដែលប្រព្រឹត្តដោយប្តីប្រពន្ទមួយគូដែលជាអ្នកកាន់សាសនាឥស្លាម ហើយបានសម្លាប់មនុស្សអស់១៤នាក់នៅទីក្រុង San Bernardino រដ្ឋកាលីហ្វរញ៉ាកាលពីសប្តាហ៍មុននោះ។
ផែនការរបស់លោក Trump ដែលហាមមិនឲ្យអ្នកកាន់សាសនាឥស្លាមចូលក្នុងទឹកដីអាមេរិកនេះត្រូវបានថ្កោលទោសដោយមេដឹកនាំនានាទាំងនៅសហរដ្ឋអាមេរិក ទាំងនៅបរទេស៕