លោក​ Mugabe​ ការពារ​​ការ​រឹបអូស​របស់​រដ្ឋ​លើ​ឧស្សាហកម្ម​ជីក​រ៉ែ​ពេជ្រ

  • Sebastian Mhofu

លោក Robert Mugabe ប្រធានាធិបតី​ស៊ីមបាវ៉េ​ថ្លែង​ទៅ​កាន់​មន្រ្តី​របស់​លោក​ក្នុង​ពិធី​ខួប​កំណើត​នៅ​វិមាន State House ក្នុង​ក្រុង​ហារ៉ារ៉េ កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក​ Robert Mugabe​ ប្រធានាធិបតី​ស៊ីមបាវ៉េ​បាន​ថ្លែង​កាលពី​ដើម​ខែ​មីនា​ថា ​លោក​នឹង​មិន​រាថយ​ទេ​ចំពោះ​​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​ក្តោប​ក្តាប់​ការ​គ្រប់គ្រង​លើ​ឧស្សាហកម្ម​រ៉ែ​ពេជ្រ។

លោក​ Robert Mugabe​ ប្រធានាធិបតី​ស៊ីមបាវ៉េ​បាន​ថ្លែង​កាលពី​ដើម​ខែ​មីនា​ថា ​លោក​នឹង​មិន​រាថយ​ទេ​ចំពោះការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​ក្តោប​ក្តាប់​ការ​គ្រប់គ្រង​លើ​ឧស្សាហកម្ម​រ៉ែ​ពេជ្រ។ កាល​ពី​ខែ​កុម្ភៈ ​លោក ​Mugabe​ បាន​ទុក​ពេល​ ​៩០ថ្ងៃ​ឲ្យ​ក្រុមហ៊ុន​ជីករ៉ែ​បរទេស​ដើម្បី​បញ្ឈប់​ការងារ​របស់​ខ្លួន ហើយ​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​ស៊ីមបាវ៉េ។ ការ​បំភ័យ​អ្នក​វិនិយោគ​បរទេស​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​ អាចជា​រឿង​ចុង​ក្រោយ​ដែល​ប្រទេស​ស៊ីមបាវ៉េ​ត្រូវ​តែ​ធ្វើ​ក្នុង​ពេល​ឥឡូវ​នេះ។

នៅ​ក្នុង​បទ​សម្ភាសន៍មួយ​ជាមួយ​ទូរទស្សន៍​រដ្ឋ​ លើ​ប្រធាន​បទ​ផ្សេងៗ លោក​ប្រធានាធិបតី ​Robert Mugabe ​បាន​និយាយ​ថា ប្រទេស​ស៊ីមបាវ៉េ​ទទួល​បាន​ប្រាក់​តិច​ជាង ២​ពាន់​លានដុល្លារ​សម្រាប់​អ្វី​ដែល​លោក​និយាយ​ថា ​ប្រទេស​លោក​គួរ​តែ​ទទួល​បាន​ ១៥ ពាន់​លានដុល្លារ​ដែល​ជា​តម្លៃពេជ្រ​ដែល​បាន​ជីក​យក​ចាប់​តាំង​ពី​ឆ្នាំ២០០៩ ​មក។

«អញ្ចឹង​ តើ​ត្បូង​រាប់​ការ៉ាត់​របស់​យើងទៅ​ណា? យើង​ខ្លួន​ឯង​ត្រូវ​បាន​គេ​បំភាន់​ភ្នែក។ ការ​ឆបោកនិង​ការ​រត់​ពន្ធ​ចេញ​ខុស​ច្បាប់​ជា​ច្រើន​បាន​កើត​ឡើង​ ហើយក្រុមហ៊ុន​ជាច្រើន​ដែលកំពុង​រុករក​រ៉ែ​ ស្ទើរ​តែ​ប្លន់​យក​ទ្រព្យ​របស់​យើងទៅ​ហើយ។ នេះ​ជា​មូលហេតុ​ដែល​យើង​សម្រេច​ចិត្ត​ថា កន្លែង​នេះ​គួរ​តែ​ជា​កន្លែង​ផ្តាច់​មុខ​ ហើយ​មាន​តែ​រដ្ឋ​ប៉ុណ្ណោះ​ដែល​គួរ​តែ​អាច​រុករក​រ៉ែ​នៅ​ក្នុង​តំបន់​នោះបាន។ អ្នក​មិនអាចទុក​ចិត្ត​ក្រុមហ៊ុន​ឯកជន​ណា​មួយ​នៅ​ក្នុង​តំបន់​នោះ​ទេ គ្មាន​ទាល់​តែ​សោះ។ ហើយ​យើង​គួរ​តែ​រៀន​ពី​បទ​ពិសោធន៍របស់​ប្រទេស​បុតស្វាណា (Botswana)​ ប្រទេស​អង់ហ្គោឡា (Angola) និង​ប្រទេស​ណាមីប៊ី​ (Namibia) ជាដើម។

លោក Mugabe ក៏​បាន​លើក​ឡើង​ពី​ក្រុមហ៊ុន​រុករក​រ៉ែ​ចិន​ឈ្មោះ​ Anjin ផង​ដែរ​ នៅ​ក្នុង​ការ​ចោទ​ប្រកាន់​របស់​លោក ដែល​ការ​លើក​ឡើង​នេះធ្វើ​ឲ្យ​អ្នក​អង្កេត​ស្ថានការណ៍​មួយ​ចំនួន​មាន​ការ​ភ្ញាក់ផ្អើល។

ប្រទេស​ចិន​ជា​ដៃគូ​វិនិយោគ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​ស៊ីមបាវ៉េ។ ក្រុម​មន្រ្តី​បាន​ហៅ​ប្រទេស​ចិន​ថា​ជា​ប្រទេស «មិត្តភក្តិគ្រប់​រដូវ» ​ចាប់​តាំង​ពី​ពេល​ដែល​សហរដ្ឋ​អាមេរិក និង​ប្រទេស​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​នេះ​ក្នុង​ឆ្នាំ​២០០២ ដោយសារ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ និង​ការ​បន្លំ​សន្លឹក​ឆ្នោត។

ប៉ុន្តែ​ លោក Mugabe និយាយ​ថា លោក​បានបង្ហាញ​ក្តី​បារម្ភ​របស់​លោក​អំពី​ក្រុមហ៊ុន​ចិន​ ​Anjin ​នេះ​ទៅ​មេដឹកនាំ​ចិន​ លោក​ Xi Jinping នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​សំខាន់​មួយ​ទៅ​កាន់​ប្រទេស​ស៊ីមបាវ៉េ​កាលពី​ឆ្នាំ​មុន។

«ខ្ញុំ​មិន​គិត​ថា វា​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​យើង​នោះ​ទេ។ ខ្ញុំ​មិន​គិត​ដូច្នោះ​ទេ។ ខ្ញុំ​បាន​ប្រាប់​លោក​ប្រធានាធិបតី​ Xi Jinping ​ថា​ យើង​មិន​បាន​ចំណេញ​អ្វី​ច្រើន​ពី​ក្រុមហ៊ុន​នោះ​ទេ ហើយ​យើង​មិន​ចង់​ឲ្យ​ក្រុមហ៊ុន​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​យើង​ទៀត​ទេ។ យើង​ចង់​ឲ្យ​ក្រុមហ៊ុន​នេះ​ត្រឡប់​ទៅ​វិញ។ ខ្ញុំ​បាន​ប្រាប់​គាត់​អញ្ចឹង»។

ក្រុមហ៊ុន​ Anjin ​ជា​ក្រុមហ៊ុន​បរទេស​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​បរទេស​រុករក​រ៉ែ​ចំនួន​៩ ដែល​បាន​ប្តឹង​ត​ទល់​នឹង​ចំណាត់ការ​របស់​លោក ​Mugabe ទៅ​កាន់​តុលាការ។ រឿង​ក្តី​នេះ​បាន​ចាប់​ផ្តើម​កាល​ពីសប្តាហ៍​ទី១ ​ខែ​មីនា​នេះ​ នៅ​ក្នុង​ក្រុង​ហារ៉ារ៉េ។

រដ្ឋាភិបាល​បាននិយាយកាល​ពី​ខែ​កុម្ភៈ​ ថា នៅ​ក្រោម​ប្រព័ន្ធ​ថ្មី ​ក្រុមហ៊ុន​ពេជ្រ​រួបរួម​ស៊ីមបាវ៉េ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ Zimbabwe Consolidated Diamond Company ដែល​រដ្ឋាភិបាល​នឹងមាន​ភាគហ៊ុន​យ៉ាង​តិច​ ៥១​ភាគរយ​ក្នុង​ក្រុមហ៊ុន​នេះ​ នឹង​ធ្វើ​ការ​រុករក​រ៉ែ​នៅ​ក្នុង​ប្រទេស​នេះ។

ប៉ុន្តែ​ លោក ​John Robertson ​អ្នក​សេដ្ឋសាស្ត្រស៊ីមបាវ៉េ​និយាយ​ថា​ រដ្ឋាភិបាល​មិន​ទាន់​បាន​ត្រៀម​ខ្លួន​រួចរាល់​នៅឡើយ​ទេ​ក្នុង​ការ​រុករក​រ៉ែ​នេះ។​

«នោះ​ជា​សេចក្តី​ថ្លែងការណ៍​មិន​សម​ហេតុ​សម​ផល។ អ្នក​ពិត​ជា​ត្រូវ​ការប្រាក់​ដើម្បី​ធ្វើ​ការ​រុករក​រ៉ែ។ ឥឡូវ​នេះ ពួកគេ​ត្រូវ​ការ​ដើម​ទុន ត្រូវ​ការនាំចូល​បច្ចេកវិទ្យា​ដើម្បី​ទាញ​យករ៉ែ​ដែលមាន​តម្លៃ​ពិត​ប្រាកដ​ពី​អ្វី​ដែល​មាន​នៅ​ទី​នោះ។ ហើយ​ប្រាក់​សម្រាប់​ធ្វើ​កិច្ច​ការ​ទាំង​នោះ​មិន​មាន​ទេ​ពេល​នេះ។ អ្នក​ដែល​ត្រូវ​យក​ប្រាក់​មក​វិនិយោគ​បាន​បាក់​ទឹក​ចិត្ត​ទាំង​ស្រុង ដោយសារ​ពួកគេ​ត្រូវ​តែ​វិនិយោគ​ ១០០​ភាគរយ នៃ​ដើម​ទុន​សរុប​ តែ​ពួក​គេ​អាច​ទទួល​បាន​ប្រាក់​ចំណូលតែ​ ៤៩ភាគ​រយ​ពី​ដើមទុន​នោះប៉ុណ្ណោះ»។

រដ្ឋាភិបាល​និយាយ​ថា ​ប្រព័ន្ធ​ថ្មី​នេះ​ស្រប​នឹង​គោលនយោបាយ​ជនជាតិ​ដើមភាគ​តិច​ដែល​ទូលំ​ទូលាយ​ជាង​មុន ដែលចាប់​តាំង​ពី​ឆ្នាំ​២០០៨​ មក ​បាន​បង្ខំ​ក្រុមហ៊ុន​បរទេស​ និងអ្នក​កាន់កាប់​ដី​ឲ្យប្រគល់​សិទ្ធិ​គ្រង់​គ្រង់ទៅ​ឲ្យជនជាតិ​ស៊ីមបាវ៉េ​ស្បែក​ខ្មៅ​វិញ។

លោក ​Mugabe ​និយាយ​ថា ​ច្បាប់​នេះ​មាន​គោលបំណង​ប្រគល់​សេដ្ឋកិច្ច​ត្រឡប់​ទៅ​ឲ្យ​ជនជាតិ​ស្បែក​ខ្មៅ​ដែល​មិន​ត្រូវ​បាន​គេ​ផ្តល់​តម្លៃ​ក្នុង​របប​អាណានិគម​អង់គ្លេស។

ប៉ុន្តែ​ អ្នក​វិភាគ​និយាយ​ថា ​គោល​នយោបាយ​នេះ​និង​គោល​នយោបាយ​ផ្សេង​ទៀត​បាន​ធ្វើ​ឲ្យសេដ្ឋកិច្ច​ស៊ីមបាវ៉េ​ធា្លក់​ដល់​កម្រិត​ទាប​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ អត្រា​នៃ​ភាព​គ្មា​ន​ការងារ​ធ្វើ​គឺ មាន​ខ្ពស់​ជាង​៨០​ភាគរយ​ ហើយ​រដ្ឋាភិបាល​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​ដើម្បី​ជួយ​ដល់​វិស័យ​សង្គម​ដូចជា​វិស័យ​អប់​រំ​និង​វិស័យ​សុខាភិបាល។​

នៅ​ក្នុង​ឆ្នាំ២០០៨ ​ស្ថាប័ន​ផ្តល់​វិញ្ញាបនបត្រ​ ​Kimberly Process ​បាន​ផ្អាក​មិន​ឲ្យ​ប្រទេស​ស៊ីមបាវ៉េ​ធ្វើ​ពាណិជ្ជកម្ម​ពេជ្រ​ បន្ទាប់​ពី​មាន​របាយការណ៍​ថា​ ក្រុម​មន្រ្តី​យោធា​ និង​មន្រ្តី​រដ្ឋាភិបាល​ជាន់​ខ្ពស់​បាន​គ្រប់​គ្រង​លើ​វិស័យ​រ៉ែ និង​បាន​ជួញ​ដូរ​ត្បូង​ដ៏​មាន​តម្លៃ​ដោយ​ខុស។ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​រាយការណ៍​ថា ត្បូង​ពេជ្រ​ទាំង​នោះ​ទទួល​បាន​មក​តាម​រយៈ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​។

ការ​ផ្អាក​នោះ​ត្រូវ​បាន​ដក​ចេញ​វិញ​នៅ​ក្នុង​ឆ្នាំ២០០៩ ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ហារ៉ារ៉េ​បាន​បង្ហាញ​ដល់​ស្ថាប័ន​ Kimberly Process ​ដែល​ជា​ស្ថាប័ន​ពិភពលោកមាន​គោល​បំណង​បញ្ឈប់​ជម្លោះ​ត្បូង​ពេជ្រ​ ថា​ ប្រទេស​នេះ​បាន​ត្រឡប់​មក​ស្ថានភាព​ដូច​ដើម​វិញ​ហើយ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ