គណៈកម្មការទន្លេមេគង្គ (MRC) អះអាងថា ទឹកទន្លេមេគង្គនៅតែរក្សាគុណភាពល្អ បន្ទាប់ពីរថយន្តដឹកអាស៊ីតស៊ុលផួរិចចំនួន៣០តោន បានក្រឡាប់បង្កឱ្យកំពប់សារធាតុគីមីចូលប្រឡាយក្បែរស្ទឹងណាមខាន់ ដែលជាស្ទឹងហូរចូលទន្លេមេគង្គ ស្ថិតក្នុងទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ។
អ្នកជំនាញផ្នែកទន្លេមេគង្គជំរុញឱ្យរដ្ឋាភិបាលនៃបណ្តាប្រទេសទន្លេមេគង្គទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់ និងមានចំណាត់ការបន្ទាន់ដោយស្មើភាពគ្នាជុំវិញការហូរចូលនៃសាធាតុគីមីនេះ។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ ចេញនៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៤ បង្ហាញថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ រថយន្តដឹកអាស៊ីតស៊ុលផួរិចចំនួន៣០តោន បានក្រឡាប់បង្កឱ្យហូរសារធាតុគីមីប្រមាណជា៥០%ចូលប្រឡាយ ដែលស្ថិតនៅប្រមាណជា៣០០ម៉ែត្រពីស្ទឹងណាមខាន់ ។
បើតាមគណៈកម្មការទន្លេមេគង្គ អាជ្ញាធរមូលដ្ឋានឡាវបានដំឡើងរបាំងការពារកុំឱ្យមានទឹកអាស៊ីតនេះហូរចូលទៅក្នុងទន្លេមេគង្គ ព្រោះកន្លែងកើតហេតុមានចម្ងាយឆ្ងាយពីចំណុចប្រសព្វនៃទន្លេនេះ ដែលវាអាចមានផលប៉ះពាល់តិចតួចប៉ុណ្ណោះ។
សេចក្តីប្រកាសព័ត៌មាននោះបញ្ជាក់ក្នុងន័យដើមថា៖ «ការវាស់វែងនៅកន្លែងកើតហេតុបង្ហាញថា ខណៈពេលដែលមានផលប៉ះពាល់ដំបូងដែលត្រូវបានសង្កេតនៅកន្លែងកើតហេតុរួមមានការថយចុះកម្រិតអុកស៊ីសែន និងកំហាប់ស៊ុលហ្វាតកើនឡើង គុណភាពទឹកនៅ នៅក្នុងទន្លេណាមខាន់ និងទន្លេមេគង្គនៅតែមិនមានផលប៉ះពាល់»។
ក្រសួងបរិស្ថានកម្ពុជាកាលពីថ្ងៃទី៩ ខែមេសា ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា ស្ទឹងណាមខាន់ ជាស្ទឹងដែលហូរចូលទន្លេមេគង្គត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយប្រមាណជា១,៣៧០គីឡូម៉ែត្រពីព្រំប្រទល់កម្ពុជា-ឡាវ។
ក្រសួងបរិស្ថានបន្ថែមក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ក្រសួងបរិស្ថានបានធ្វើការយកចិត្តទុកដាក់ក្នុងអាទិភាពខ្ពស់ ដោយបានចាត់ក្រុមការងារជំនាញចុះ ទៅធ្វើការត្រួតពិនិត្យស្ថានភាពគុណភាពទឹកទន្លេមេគង្គនៅតាមតំបន់ព្រំដែនជាប់ប្រទេសឡាវ និងយកសំណាកទឹកមកធ្វើកាវិភាគតាមដានជាប្រចាំ និងបានចាត់មន្ត្រីនៅប្រចាំការតាមដានស្ថានភាពគុណភាពទឹកនៅក្នុងទន្លេមេគង្គ ពិសេសនៅតំបន់រ៉ាមសារក្នុងខេត្តស្ទឹងត្រែង»។
វីអូអេបានទាក់ទងសុំការអត្ថាធិប្បាយពីលោក មាស សុភក្ត លេខាធិការនៃគណៈកម្មាធិកាទន្លេមេគង្គ ដែលធ្វើការនៅប្រទេសឡាវ ប៉ុន្តែលោកប្រាប់ឱ្យសួរទៅមន្រ្តីទំនាក់ទំនងសារព័ត៌មានម្នាក់ទៀត។
មន្រ្តីទំនាក់ទំនងសារព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ ប្រាប់វីអូអេតាមសារអេឡិចត្រូនិចតេឡេក្រាមដោយសុំមិនបញ្ចេញឈ្មោះថា អាស៊ីតស៊ុលផួរិចអាចធ្វើឱ្យត្រី និងជីវៈចម្រុះពុល ឬស្លាប់ និងអាចធ្វើឱ្យមានការប៉ះពាល់ទៅដល់អ្នកដែលប្រើប្រាស់ទឹក។ ប៉ុន្តែរបាយការណ៍នៃក្រុមការងារជាតិថា អាស៊ីតទាំងនោះត្រូវបានទប់ស្កាត់ទាន់ពេលវេលា និងមិនមានការហូរចូលទៅក្នុងទន្លេមេគង្គនោះទេ។
មន្រ្តីទំនាក់ទំនងរូបនេះបន្ថែមថា៖ «បច្ចុប្បន្នក្រុមការងារ MRC និង អង្គភាពពាក់ព័ន្ធនៅតែបន្តធ្វើការពិនិត្យគុណភាពទឹក ដើម្បីធ្វើឱ្យប្រាកដថាវាមិនមានផលប៉ះពាល់ដល់ជីវចម្រុះក៏ដូចជាសុខភាពប្រជាពលរដ្ឋ»។
បើតាមគណៈកម្មការទន្លេមេគង្គ កន្លែងកើតហេតុមានចម្ងាយ៣០០គីឡូម៉ែត្រពីស្ទឹងណាមខាន់ និង ៦គីឡូម៉ែត្រពីទន្លេមេគង្គ ហើយចំណុចប្រសព្វនៃទន្លេមេគង្គមានចម្ងាយប្រហែល៤៤០គីឡូម៉ែត្រពីប្រទេសថៃ និង៩៣៥គីឡូម៉ែត្រពីប្រទេសកម្ពុជា។
លោក ប្រាយអេន អាយឡឺ អ្នកជំនាញលើបញ្ហាដែនទឹកក្នុងតំបន់ទន្លេមេគង្គ និងជានាយកកម្មវិធី ថាមពល ទឹក និងនិរន្តរភាពប្រចាំអាស៊ីអាគ្នេយ៍ របស់មជ្ឈមណ្ឌល STIMSON ប្រាប់វីអូអេតាមសារអេឡិចត្រូនិច ឬអ៊ីមែលថា ការហូរចូលនៃសារធាតុគីមីនេះជាមូលហេតុនៃការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពទន្លេមេគង្គ និងប្រជាជនដែលរស់នៅទីនោះ។
លោកសរសេរជាភាសារអង់គ្លេស និងត្រូវបានប្រែសម្រួលជាខេមរភាសាថា៖ «គណៈកម្មការទន្លេមេគង្គបានរាយការណ៍កាលពីថ្ងៃចន្ទថា ការលេចចេញនូវសារធាតុគីមីនេះត្រូវបានទប់ស្កាត់ និងសម្អាតដោយប្រសិទ្ធភាពដោយមិនមានផលប៉ះពាល់ដល់ទន្លេមេគង្គឡើយ។ នេះផ្ទុយស្រឡះបន្តិចពីការរាយការណ៍មុននេះដែលថា មានត្រីត្រូវបានងាប់នៅទន្លេណាមខាន់ ក្បែរទីតាំងកើតហេតុ។ ដូច្នេះត្រូវមានការយកចិត្តទុកដាក់បន្ថែមទៀត»។
លោក ប្រាយអេន ថា រដ្ឋាភិបាលនៃទន្លេមេគង្គបានបង្ហាញក្តីបារម្ភចំពោះការហូរសារធាតុគីមីនេះចូលក្នុងទឹក ហើយលោកសង្ឃឹមថារដ្ឋាភិបាលនៃទន្លេមេគង្គទាំងអស់ចូលរួមចំណាត់ការបន្ទាន់លើរឿងនេះប្រកបដោយស្មារតីស្មើភាពគ្នា។
ការិយាល័យធនធានទឹករបស់ថៃ (ONWR) បានជំរុញឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទឹកនៅក្នុងទន្លេមេគង្គ ក្រោយមានការក្រឡាប់ឡានដឹកអាស៊ីតស៊ុលផួរិចចូលក្នុងទន្លេណាម ខាន់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤៕