ដោយ JINTY JACKSON
រដ្ឋាភិបាល ម៉ូហ្សាមប៊ិក (Mozambique) ចង់ធ្វើការផ្លាស់ប្តូរទីលំនៅជាអចិន្ត្រៃយ៍ សម្រាប់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមអាងទន្លេ លីមប៉ូប៉ូ (Limpopo) ដែលងាយរងគ្រោះដោយសារទឹកជំនន់ បន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយមួយ បានវាយប្រហារតំបន់នេះកាលពីខែមុន។ លោកនាយករដ្ឋមន្រ្តី អាល់បឺតូ វ៉ាគីណា (Alberto Vaquina) បានជំរុញអាជ្ញាធរក្នុងតំបន់ ឱ្យមានការតឹងរឹងជាមួយប្រជាពលរដ្ឋ ដែលមានបំណងវិលត្រឡប់មកផ្ទះវិញ ដោយបានថ្លែងថា ហនិភ័យនៃទឹកជំនន់នាពេលអនាគត គឺមានទំហំធំធេងណាស់។ រដ្ឋាភិបាលបានផ្តល់ឱ្យប្រជាពលរដ្ឋនូវចំណែកដីនៅតំបន់ខ្ពស់ៗជាងមុន ប្រសិនបើពួកគេយល់ព្រមផ្លាស់ទីលំនៅ។ ប្រជាពលរដ្ឋជិត១០០នាក់បានស្លាប់ដោយសារទឹកជំនន់ ហើយប្រជាពលរដ្ឋជាងពីរសែននាក់ បានទទួល រងផលប៉ះពាល់។
ផ្ទះរបស់ ថែលម៉ា ហ្សីតា (Thelma Zita) ស្ថិតនៅចម្ងាយតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ពីច្រាំងទន្លេ លីមប៉ូប៉ូ ដែលជាទន្លេធំបំផុតមួយនៅក្នុងទ្វីបអាហ្រ្វិក។
នៅចុងខែមករា ទឹកទន្លេបានធ្វើឲ្យបាក់ច្រាំងទន្លេ ដោយបានហូរនាំយកអ្វីៗគ្រប់យ៉ាងទាំងអស់ ដែលនាងមាន។ មិនមានពេលដើម្បីគេចខ្លួនទេ។
នាងនិយាយថា យើងគ្រាន់តែអាចឡើងលើដំបូលផ្ទះ។ យើងមិនបានចាកចេញពីស្រុកហ្គីចា (Guija) ទេ ពីព្រោះទឹកហូរចូលមកនៅពេលយប់។
មួយសប្តាហ៍ក្រោយមក នាងប្រសូតបានកូនស្រីមួយ។ ឥឡូវនេះ ទារកនេះត្រូវបានចងភ្ជាប់ពីក្រោយខ្នងរបស់នាង ខណៈពេលដែលនាងកំពុងដាំដុះដំណាំនៅលើផ្ទៃដីដ៏តូច ដែលផ្តល់ឱ្យដោយទឹកជំនន់ ដែលបានស្រកថយទៅវិញយ៉ាងយឺតៗ។
នាងនិយាយថា យើងទើបតែចាប់ផ្តើមធ្វើការដាំដុះម្តងទៀត។ នៅលើដីចំការមួយចំនួន អ្នកមិនអាចដាំដុះបានទេ ពីព្រោះនៅមានទឹកនៅឡើយ ហើយយើងត្រូវតែរង់ចាំសិន។ នាងកត់សម្គាល់ប្រកបដោយភាពអត់ធ្មត់ថា នេះគឺជារបៀបដែលវាកើតឡើង ហើយជីវិតនៅតែបន្ត។
វាលទំនាបប្រកបដោយដីមានជីវជាតិ គឺជាប្រភពសម្រាប់ការដាំដុះស្រូវនិងបន្លែបង្កាជាច្រើន នៅក្នុងប្រទេស ម៉ូហ្សាមប៊ិក។
សញ្ញាអាសន្នទឹកជំនន់ នៅតែបន្តនៅឡើយ ហើយនៅចុងរដូវភ្លៀង នៅមានរយៈពេលពីរខែទៀត។
វាមានគ្រោះថ្នាក់ណាស់ ប៉ុន្តែ ហ្សីតា និងអ្នកជិតខាងរបស់នាងនិយាយថា ប្រសិនបើពួកគេមិនដាំដុះ ពួកគេនឹងជួបប្រទះការអត់ឃ្លានជាមិនខាន។
នាងនិយាយថា មិនមានអ្វីត្រូវបានបញ្ជូនមកទីនេះទេ។ ឡានបានដឹកទំនិញពេញៗសម្រាប់ ជំនួយម្ហូបអាហារ ប៉ុន្តែ នាងនិយាយថា វាមិនមែនសម្រាប់ពួកនាងទេ ហើយនាងមិនដឹងថា វាត្រូវទៅទីណានោះទេ។
លោក អាដាម រីឌែល (Adam Ridell) ដែលធ្វើការឱ្យទីភ្នាក់ងារផ្តល់ជំនួយគ្រិស្តសាសនា ដែលមានឈ្មោះថា សាម៉ារីតាន ផឺស (Samaritan’s Purse) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កំពុងជួយចែកចាយជំនួយម្ហូបអាហារទៅកាន់តំបន់នេះ។ លោកពន្យល់អំពីមូលហេតុដែល ហ្សីតា និងអ្នកជិតខាងរបស់នាង ប្រហែលជាមិនទទួលបានជំនួយម្ហូបអាហារ។
«មូលហេតុមួយ ដែលប្រជាពលរដ្ឋទាំងនេះ ប្រហែលជាមិនទទួលបានម្ហូបអាហារគឺថា ពួកគេមិនស្ថិតនៅក្នុងមជ្ឈមណ្ឌលផ្តល់ជម្រកស្នាក់នៅទាំងនេះ។ យើងប្រហែលជាមិនបានដឹងទេថា ពួកគេនៅជុំវិញនេះ។ វាមានភាពងាយស្រួលជាង ប្រសិនបើពួកគេនៅទីនោះ។ យើងបាននាំយកម្ហូបអាហារទៅទីនោះ។»
ឃុស្តូដៀ ឃ្វីវ គឺជាមនុស្សម្នាក់នៅក្នុងចំណោមប្រជាពលរដ្ឋជិត៧ម៉ឺននាក់ ដែលបានគេចខ្លួនចេញពីទឹកជំនន់។ ឥឡូវនេះ នាងកំពុងរស់នៅក្នុងជំរំតង់យ៉ាងធំមួយ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិ។
នាងនិយាយថា អ្វីៗទាំងអស់បានទៅបាត់។ ខ្ញុំគ្មានផ្ទះស្នាក់នៅទេ។ ខ្ញុំមិនមានអ្វីទាំងអស់។ សូម្បីតែសម្លៀកបំពាក់របស់ខ្ញុំ ក៏ត្រូវទឹកហូរយកទៅបាត់ដែរ។
ឥឡូវនេះ វាដល់ពេលវេលា ដែលត្រូវសញ្ជឹងគិតមើលពីអនាគតហើយ។ រដ្ឋាភិបាលបានផ្តល់ដីនៅលើទីខ្ពស់ៗនៅជិតជំរំ។ វាមានចម្ងាយប្រហែលជា២៩គីឡូម៉ែត្រពីទីក្រុង ចូកវី (Chokwe) ដែលជាទីកន្លែងដែលនាងបានរស់នៅនិងធ្វើការងារមុនពេលទឹកជំនន់។
«យើងត្រូវការដីនេះ ប៉ុន្តែ យើងគ្រាន់តែឮការនិយាយគ្នាតែប៉ុណ្ណោះ»។ នាងនិយាយថា រដ្ឋាភិបាលមិនទាន់បានផ្តល់ដីនោះនៅឡើយទេ ប៉ុន្តែ នាងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅធ្វើការនៅទីនោះ ទោះបីជាវាមានចម្ងាយឆ្ងាយ ហើយនាងនឹងត្រូវចាកចេញពីក្រុមគ្រួសាររបស់នាងនៅទីនេះក៏ដោយ។
បុរសមួយចំនួនត្រូវបានប្រទះឃើញនៅក្នុងជំរំនៅពេលថ្ងៃ។ បុរសជាច្រើនបានវិលត្រឡប់ទៅចំការវិញហើយ ឬកំពុងការពារផ្ទះនិងទ្រព្យសម្បត្តិរបស់ពួកគេ នៅក្នុងតំបន់ទឹកជំនន់ពីការលួចប្លន់។
អាដាម រីឌែល និយាយថា ដំណើរការនៃការផ្លាស់ប្តូរទីលំនៅ នឹងមានការលំបាក ប៉ុន្តែ វាហាក់ដូចជាមានជម្រើសតិចតួច។
«តើអ្នកត្រូវផ្លាស់ប្តូរទីលំនៅមនុស្សចំនួនពីរសែននាក់ដោយរបៀបណា នៅពេលដែលមានទឹកជំនន់ នៅរៀងរាល់៥ឆ្នាំម្តង? ពួកគេបានធ្វើការយ៉ាងល្អជាមួយនឹងប្រព័ន្ធផ្តល់សញ្ញាអាសន្នបឋម ហើយប្រជាពលរដ្ឋបានដឹងថាទឹកនឹងមកដល់។ ទំនប់បានបាក់ធ្លាយ ហើយទឹកបានហូរមកដល់លឿនជាងអ្វីដែលពួកគេបានគិតឆ្ងាយណាស់។ មនុស្សជាច្រើនថែមទាំងបានត្រៀមខ្លួនសម្រាប់ទឹកជំនន់ទៀតផង ប៉ុន្តែ ពួកគេត្រៀមខ្លួនមិនបានគ្រប់គ្រាន់នោះទេ ពីព្រោះពួកគេមិនបានគិតថា វាមានសភាពអាក្រក់បែបនេះទេ។ ហើយផ្ទះរបស់ពួកគេធ្វើអំពីដី ពីព្រោះនេះគឺជាអ្វីដែលពួកគេមាន។ ដូច្នេះ វាជាការពិតណាស់ដែលថា ផ្ទះនោះនឹងត្រូវបានហូរនាំយកទៅដោយទឹកជំនន់។»
ក្រុមអ្នកជំនាញនិយាយថា ប្រទេស ម៉ូហ្សាមប៊ិក ដែលប្រភពរបស់ប្រព័ន្ធទឹកទន្លេធំៗចំនួន៩ ហើយដែលងាយនឹងទទួលរងគ្រោះពីខ្យល់ព្យុះស៊ីក្លូនតាមរដូវ គឺពិតជាងាយនឹងទទួលរងគ្រោះថ្នាក់ពីការផ្លាស់ប្តូរអាកាសធាតុ ដែលបង្កើនគ្រោះថ្នាក់ពីគ្រោះមហន្តរាយធម្មជាតិនាពេលអនាគត។
រដ្ឋាភិបាលកំពុងពិចារណា សាងសង់យ៉ាងហោចណាស់ទំនប់មួយទៀត នៅលើទន្លេ លីមប៉ូប៉ូ។ ប៉ុន្តែ នេះគឺជាកិច្ចការដែលមានការចំណាយច្រើនណាស់ សម្រាប់ប្រទេសមួយ ដែលនៅតែជាប្រទេសក្រីក្របំផុតមួយនៅក្នុងពិភពលោក។
នៅក្នុងពេលនេះ ពួកគេសង្ឃឹមថានឹងអាចបញ្ជូនប្រជាពលរដ្ឋគ្រប់គ្រាន់ទៅកាន់ទីដីខ្ពស់ ដើម្បីកាត់បន្ថយឱ្យបានអប្បរមាចំពោះគ្រោះមហន្តរាយលើកក្រោយ៕
ប្រែសម្រួលដោយ ឌី ខាំបូលី