ជនជាតិ​ដើម​ភាគ​តិច​កាវ៉ែត​នៅ​ស្ទឹងត្រែងបាត់បង់​ភាព​ធន់​នឹង​ធម្មជាតិ ក្រោយ​បំលាស់​ទី​ចេញ​ពី​តំបន់​ភ្នំ

អ្នកស្រី​ វិញ ចេញ​ ៦១ឆ្នាំ​ ជា​ជនជាតិដើមភាគ​តិចកាវ៉ែត​ រស់នៅ​ក្នុង​ភូមិ​អូរចាយ។ អ្នកស្រី​ជក់ថ្នាំ​ជក់​រុំស្លឹក​ជារៀងរាល់​ព្រឹក​មុន​ចាប់ផ្តើម​ធ្វើចំការ នៅ​ឃុំ​សន្តិភាព​ ស្រុកសៀមប៉ាង​ ខេត្ត​ស្ទឹងត្រែង​ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ ឆ្នាំ២០២១។ (ខាន់​ សុគុំមនោ/VOA

ស្រុក​សៀមប៉ាង​ ខេត្ត​ស្ទឹងត្រែង — នៅ​មាត់​ទន្លេ​សេកុង​ក្នុង​ភូមិ​អូរចាយ​នៃ​ស្រុក​សៀមប៉ាង​ខេត្ត​ស្ទឹង​ត្រែង​គេ​ឭ​សំឡេង​ក្មេងៗ​ជនជាតិ​ដើម​ភាគ​តិច​កាវ៉ែត​លេង​ល្បែង​ប្រជាប្រិយ​និងច្រៀងលេង​ពេល​សម្រាក​ពី​ការ​សិក្សានៅ​ពេល​រសៀល។ ស្តាប់​មួយភ្លែត​អាច​គិតថា​ចម្រៀងនេះជា​ភាសា​កាវ៉ែត​ក៏​ប៉ុន្តែ​ក្មេង​ៗ​ទាំងនោះ​ប្រាប់​ថា​ពួកគេ​ច្រៀង​ជា​ភាសា​ឡាវ​ដែល​ជា​ភាសា​ទំនាក់​ទំនង​ទី២ របស់​ពួកគេ​មុន​នឹង​គេ​ចាប់ផ្តើម​រៀន​ភាសាខ្មែរ​នៅ​សាលា​បឋម​សិក្សា​ក្នុង​ភូមិ​។​

ជនជាតិ​ដើម​ភាគតិច​កាវ៉ែត​ធ្លាប់​រស់​នៅ​តំបន់​ព្រៃ​ឬស្សីភាគ​ឦសាន​ប្រទេស​កម្ពុជា​។ នៅ​មុន​ទសវត្ស​ឆ្នាំ​១៩៦០ ពួកគេ​រស់​នៅ​ក្នុងព្រៃ​ដ៏ជ្រៅ​ជាច្រើន​សហសវត្ស​ហើយ​កម្រនឹង​មាន​ទំនាក់​ទំនង​ជាមួយ​អ្នកនៅ​«តំបន់​ដីរាប​»ណាស់។ តែ​ក្រោយ​មក​ជនជាតិ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​តម្រូវ​ឲ្យបំលាស់​ទី​ចុះ​ពី​តំបន់ព្រៃ​ភ្នំ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​រហូត​មក​ដល់​សព្វ​ថ្ងៃ​។

ជាង​ពាក់​កណ្តាល​សតវត្ស​មក​នេះ ក្រុម​ជនជាតិ​ដើមភាគតិច​រួមទាំង​កាវ៉ែត​រស់នៅ​ដោយ​ព្យាយាម​ទប់ទល់​និង​សម្រប​ខ្លួន​តាម​ការ​ផ្លាស់ប្តូរជាច្រើន​ទាំង​បរិស្ថាន​រស់​នៅវប្បធម៌ថ្មី​ និង​ការប្រែប្រួល​អាកាសធាតុ​។ ការណ៍​នេះ​ធ្វើ​ឲ្យ​ពួកគេ​ជួបផល​លំបាក​ជាច្រើន​ពាក់ព័ន្ធនឹង​ការ​បាត់បង់របៀប​របប​ដំាដំណាំ​បែប​ចំការវិល​ជុំ​របស់​ជនជាតិ​ដើម​ភាគតិច​ និង​ប៉ះពាល់​ដល់សន្តិសុខ​ស្បៀង​។​ពួកគេ​និយាយថា ពួកគេលែង​មានភាព​ធន់​នឹង​ធម្មជាតិ​ដូច​បុព្វបុរស​ខ្លួន​។​

អង្គុយ​នៅ​លើ​កំណាត់​ឈើ​ដែល​ឈូស​រាប​ស្មើ​ប្រើ​ដូចជា​បង់​អង្គុយ​លេង​នៅ​កៀនផ្ទះ អ្នកស្រី​ វិញ​ ចេញ​ វ័យ​៦១ឆ្នាំ​ បាន​និយាយ​ថា​ទិដ្ឋភាព​រស់​នៅបែប​ជនជាតិ​ដើម​ភាគ​តិចរបស់​ខ្លួន​មានតែ​ក្នុង​ការ​ចងចាំប៉ុណ្ណោះ​ហើយ​ពិបាក​ពិពណ៌នា។ ពេលនោះអ្នកស្រី​មាន​អាយុ​ក្រោម​១៥ឆ្នាំ​រៀន​ដាំ​ដំណាំតាម​ឪពុក​ម្តាយ​បែប​ចំការ​វិលជុំ​។

អ្នកស្រីនិយាយ​ថា​៖ «ខ្ញុំ​ចាស់​នៅដី​រាប​។ បើ​ឪពុកម្តាយ​ខ្ញុំ​ចាស់​នៅ​ដី​ភ្នំធ្វើស្រែ​ក៏​សល់​ហើយ​គ្រួសារ​យើង​មាន​តែបី​នាក់​ទេ​។ ពី​មុន​ដាំ​ តាម​ដី​ដែល​ឆេះ​ហើយ​មិន​តាម​របៀប​រៀបរយ​អី​ទេ​គឺ​ដាំ​តាម​បែប​ជនជាតិ​។ [...] កន្លែង​ណា​មាន​ដីស្អាត​ៗ​គឺ​យើង​ដាំ​។ ដាំ​ទីនេះ​បន្តិច​ ទីនោះ​បន្តិច​ជិតៗ​គ្នា​ ឲ្យ​វា​ល្អ​ដូចគ្នា។ អត់​មាន​ដាំ​ដោយយកទឹកយក​អី​មក​ភ្ជួរ​អញ្ចឹង​ទេ​»។

អ្នកស្រី​បន្តថា៖ «នៅ​ភ្នំស្រួល​រស់​នៅជាង នៅ​ទីនោះ​ត្រជាក់​ម្ហូប​អាហារ​ក៏មិនពិបាក​ដែរ​។ នៅ​ខាង​ក្រោម​អាកាសធាតុ​ក្តៅ​ហើយដង​ទឹកមក(​ពី​ទន្លេ​) បើអត់ដាំ គឺអត់អនាម័យ​ បើ​នៅ​ភ្នំមិនបាច់​ដាំទេ​យើង​យក​ទឹក​ពីថ្ម ពីប្រហោង​ថ្មដោយយកឬស្សី​មកបន្ត (បង្ហូរ)​ដល់​ផ្ទះ»។

អ្នកស្រី​ វិញ ចេញ​ វ័យ​ ៦១ឆ្នាំ​ ជា​ជនជាតិដើមភាគ​តិចកាវ៉ែត​ រស់នៅ​ក្នុង​ភូមិ​អូរចាយ។​ អ្នកស្រី​អង្គុយនៅ​លើ​ផ្ទះ​របស់លោកស្រី​សន្ទនា​ជាមួយ​វីអូអេ នៅ​ឃុំ​សន្តិភាព​ ស្រុកសៀមប៉ាង​ ខេត្ត​ស្ទឹងត្រែង​ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ ឆ្នាំ២០២១។ (ខាន់​ សុគុំមនោ/VOA)

អ្នកស្រី​ វិញ ចេញ វ័យ​ ៦១ឆ្នាំ​ ជា​ជនជាតិដើមភាគ​តិចកាវ៉ែត​ រស់នៅ​ក្នុង​ភូមិ​អូរចាយ។ អ្នកស្រី​ជក់ថ្នាំ​ជក់​រុំស្លឹក​ជារៀងរាល់​ព្រឹក​មុន​ចាប់ផ្តើម​ធ្វើចំការ នៅ​ឃុំ​សន្តិភាព​ ស្រុកសៀមប៉ាង​ ខេត្ត​ស្ទឹងត្រែង​ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ ឆ្នាំ២០២១។ (ខាន់​ សុគុំមនោ

ឪពុក​ម្តាយ​អ្នកស្រី​ស្លាប់​កាល​ពី​ពេល​អ្នកស្រី​មាន​អាយុ​១៥​ឆ្នាំ​។ បន្ទាប់​មក​អ្នកស្រី​ទៅ​រស់​នៅ​ព្រំដែន​ប្រទេស​ឡាវរួច​រៀបការ​ជាមួយ​ស្វាមី​។

ក្រុម​ជនជាតិដើម​ភាគ​តិច​កាវ៉ែត​ទាំង​នេះមាន​ខ្លះ​ជា​ជនជាតិ​ឡាវ​ខ្លះ​ជា​ជនជាតិ​ខ្មែរ​។ ជា​ប្រវត្តិសាស្ត្រការ​ធ្វើ​ស្រែ​ចំការ​វិលជុំជា​ប្រភេទ​កសិកម្ម​ចម្បង​របស់​ជនជាតិ​ដើម​ភាគ​តិច​កាវ៉ែត​ប៉ុន្តែ​ដោយសារ​ពេលនេះការប្តូរ​មក​រស់​នៅ​តំបន់​ដីទាបពួកគេ​ក៏​ប្តូរ​មក​ធ្វើ​ស្រែ​ចំការ​តាម​បែប ជនជាតិខ្មែរ​វិញ។​ជន​ជាតិ​ដើម​ភាគតិច​កាវ៉ែត​មាន​ជំនឿ​អរូបិយនិង​ធ្វើ​ពិធី​បន់​ស្រន់​សែន​ព្រេន​ អារុក្ខ​អារក្ស​ទេពតា​ផ្សេងៗ។ នេះបើតាមសាស្ត្រាចារ្យ​ផ្នែកភូមិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​Wisconsin​ក្នុង​សហរដ្ឋអាមេរិក​លោក Ian G Baird ដែល​បាន​ចំណាយ​ពេលជាង​១០​ឆ្នាំ​សិក្សា​ស្រាវជ្រាវ​អំពី​ការ​ប្រែប្រួល​ជីវភាពរស់​នៅ​របស់​ជនជាតិ​ដើម​ភាគតិច​កាវ៉ែត​នៅ​កម្ពុជា។​

លោក​ Baird និយាយ​ថា៖ «ជា​រួម​ពួកគេ​ត្រូវ​បាន​ជន្លៀស​ចេញ​ពី​ក្នុង​ព្រៃ​ហើយ​ព្យាយាម​ត្រលប់​ទៅវិញជាច្រើន​លើក​ច្រើន​សារ​។ ហើយ​ខ្ញុំ​គិត​ថា​ការណ៍​នេះ​បង្ក​ការ​លំបាក​ដល់ការ​ធ្វើ​ស្រែ​ចំការ​វិលជុំរបស់​ពួកគេ​»។

ក្រោយ​ឧទ្យាន​ជាតិ​វិរៈជ័យ​ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ​១៩៩៣ជន​ជាតិ​ដើម​ភាគតិច​កាវ៉ែត ដែល​ធ្លាប់​តែ ពឹង​ផ្អែក​លើ​អនុផល​ព្រៃឈើ​ដើម្បី​ចិញ្ចឹម​ជីវិត​និង​បរបាញ់​សត្វជា​អាហារត្រូវ​បាន​រិតត្បិត​ការប្រើប្រាស់​ទិន្នផល​ក្នុង​បរិវេណ​ឧទ្យាន​ជាតិ​នោះ​។

លោក​ Baird ពន្យល់​បន្ថែម​អំពី​ការ​ធ្វើ​ចំការ​វិលជុំ​យ៉ាង​ដូច្នេះថា៖ «ពួកគេ​ធ្វើ​ស្រែ​ចំការ​វិលជុំ​នៅ​ក្នុងព្រៃឬស្សី​ជ្រៅ​។ ពួកគេ​ឆ្ការ​ព្រៃ​ដើម្បី​ដាំ​ដំណាំ​។​ព្រៃឬស្សីនោះ​ដុះ​មកវិញ​លឿន​ណាស់​ដូច្នេះ​ក្នុង​រយៈ​ពេល​បី​ឬ​បួន​ឆ្នាំ​បន្ទាប់​ពី​នោះ​ឬ​ស្សី​នឹង​ដុះ​ត្រឡប់មក​វិញ​ដូច​ដើម​។​ហេតុ​នេះ​ កសិកម្ម​បែបវិលជុំ​នេះ​មាន​ចីរភាពខ្លាំង​ណាស់​»។​

លោក​បន្ត​ថាបញ្ហា​សំខាន់​គឺ​ស្ថិត​នៅ​ត្រង់​ថា​ជន​ជាតិ​ដើម​ភាគ​តិច​កាវ៉ែត​ត្រូវ​ការ​ពឹងផ្អែក​លើ​ទិន្នផល​កសិកម្មនិង​អនុផល​ព្រៃឈើទាំង​នៅតំបន់​ដី​ទាប​និង​តំបន់​ភ្នំ​ដើម្បី​ធានា​តុល្យភាព​សន្តិសុខស្បៀង​សម្រាប់​ពួកគេ។ នេះ​ក៏​ដោយសារ​តំបន់​ទំនាប​ហុច​ផលល្អ​ចំពោះ​ដំណាំស្រូវ​ហើយ​តំបន់​ភ្នំ​ហុច​ផលល្អ​ជាង​ចំពោះ​ដំណាំ​ហូប​ផ្លែ​ផ្សេងៗ​ដូចជា​ម្ទេស​និង​ត្រប់​ជាដើម។

«ឆ្នាំខ្លះ កសិកម្ម​វិលជុំ​មិន​អំណោយ​ផល​ល្អ​ទេ​។ ហេតុនេះពួក​គេត្រូវពឹង​ផ្អែក​ច្រើន​លើ​ទិន្នផលស្រូវ​លើ​ដី​រាប​។ ហើយ​ក្នុង​ឆ្នាំ​ខ្លះ​ដី​ទំនាប​ហុច​ផលឲ្យល្អ​ជាង។ ឆ្នាំ​ខ្លះ​ទៀត​នៅ​ពេល​មាន​បញ្ហា​ដូចជា​ទឹក​ជំនន់​ជាដើម​ពួកគេ​ត្រូវ​ពឹង​ផ្អែក​លើ​ផល​ដំណាំ​លើ​តំបន់​ភ្នំ​។ ហេតុ​នេះ​បើ​ជនជាតិ​ដើម​ភាគ​តិច​កាវ៉ែតអាច​ទាញ​យក​ទិន្នផល​ពី​តំបន់​ទាំង​ពីរ​ពិតជា​អាច​ជួយ​ទប់ស្កាត់​វិបត្តិ​ស្បៀង​អាហារ​ដែល​បង្ក​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​នានា»។

លោក​សាស្ត្រាចារ្យ​Ian G Baird ថា​មាន​ភាព​ខុស​ប្លែក​គ្នា​ខ្លាំង​រវាង​ក្មេង​ជំនាន់​ក្រោយ​និង​ជំនាន់​មុន។ ក្មេង​ជំនាន់​ក្រោយ​កើត​និងធំធាត់​ឡើង​នៅ​តំបន់ដីរាបហើយ​ពួកគេ​មិនមាន​ការ​ចងចាំ​អ្វី​ទាក់ទង​នឹងតំបន់​ភ្នំដែលអ្នក​ជំនាន់​មុនធ្លាប់​រស់នៅ​នោះ​ទេ។ ហេតុ​នេះ​ អ្នក​ជំនាន់​ក្រោយ​អាច​មាន​ភាព​ស៊ាំ​និង​ងាយ​សម្រប​ខ្លួន​ទៅ​នឹង​តំបន់​ដី​រាបជាងអ្នក​ជំនាន់​មុន។ ក៏​ប៉ុន្តែជន​ជាតិ​ដើម​ភាគ​តិច​កាវ៉ែត​ដែល​កំពុង​រស់នៅ​លើ​ដីរាបក៏​មិន​អាច​បន្ត​អនុវត្ត​កសិកម្ម​វិលជុំ​ដូច​អ្នកជំនាន់មុន​ដែរ​ព្រោះ​របៀប​ធ្វើ​កសិកម្ម​មាន​បែប​ផែន​ខុសគ្នា។

ទិដ្ឋភាព​ឃុំ​សន្តិភាព សម្លឹងពី​ទីតាំងកំពង់​ចម្លងកោះចាន់ ត្រើយ​ខាង​លិចនៃទន្លេសេកុង​ នៅ​ស្រុកសៀមប៉ាង ខេត្ត​ស្ទឹង​ត្រែង នៅ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា​ ឆ្នាំ២០២១។ (ខាន់​ សុគុំមនោ/VOA)​

ជនជាតិ​ដើមភាគ​តិច​កាវ៉ែត​ក្នុង​ភូមិ​អូរចាយ​ដែល​វីអូអេ​បាន​ជួប​សម្ភាសឲ្យ​ដឹងថា ពួកគេ​ចង់​ទៅ​រស់នៅ​និង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ​នៅតំបន់ភ្នំក្នុង​បរិវេណ​ឧទ្យាន​ជាតិ​វិរៈ​ជ័យ​ដោយសារ​នៅទីនោះ​មាន​អាកាសធាតុ​ត្រជាក់ល្អហើយ​ដី​មាន​ជីរជាតិ​សាកសម​នឹង​របៀប​រស់នៅ​របស់​កាវ៉ែត​។ ក៏​ប៉ុន្តែ​ពួកគេ ​លើកឡើង​ថា​ការ​រស់នៅ​តំបន់ភ្នំ​មិន​ទទួល​បាន​សេវា​សុខភាព​។ ម្យ៉ាងទៀត​ ពួកគេ​ខ្លះទៀត លើក​ឡើង​ថា​ «ពួកគេ​មិនមាន​ជម្រើស​»​ប៉ុន្តែ​ត្រូវ​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាធរ។​

អ្នកស្រី​វិញ ចេញ ​បច្ចុប្បន្ន​ជាម្តាយ​មាន​កូនប្រាំនាក់​ប្រុស​បីនាក់ និងស្រី​ពីរ​នាក់ រួម​រស់​ជាមួយ​ស្វាមី​ដែល​ជា​មេភូមិ​អូរចាយគឺ​លោក​ វិ បាវ​ វ័យ​ ៦៧​ឆ្នាំ​។ រាល់​ថ្ងៃ​គ្រួសារ​អ្នកស្រី​ចិញ្ចឹម​មាន់​លក់​ដាំ​ដំណាំ​ស្រូវ និង​បិទស្រា។

អ្នកស្រី​បន្តថា៖ «ខ្ញុំ​បង្រៀន​កូនពី​របៀប​ធ្វើ​ចំការ​[វិលជុំ] ប៉ុន្តែ​ឥឡូវ​កូន​ខ្ញុំ​ចេះ​សព្វ​គ្រប់​ចេះ​ជាង​ខ្ញុំ​ទៀត​។ [...] ឥឡូវ​ពួកគេដាំ​តាម​បងប្អូន​ខ្មែរ​មើលទៅ​តាមរបស់​គេ​អ្នក​នៅ​ខាងក្រោមហ្នឹង​ក៏គាត់​ធ្វើ​ដូចគេ​»។

កូន​អ្នកស្រី វិញ​ចេញ​ គឺ​អ្នកស្រី បាវ ធឿវ័យ​៣៧ឆ្នាំ​ ដែល​ចាប់កំណើត​នៅព្រំដែន​ខ្មែរ ឡាវ​ក្នុង​អំឡុងពេល​ម្តាយ​អ្នកស្រី​ភៀស​ខ្លួន​ទៅ​នៅ​ទីនោះ​ដើម្បី​គេចពី​ការ​សម្លាប់ក្នុង​របប​ខ្មែរ​ក្រហម។ អ្នកស្រីធំដឹង​ក្តី​នៅ​លើ​ដី​រាបក្នុងភូមិ​អូរចាយ​។

អ្នកស្រីបាវ ធឿមាន​កូន​ប្រុស​បួននាក់​និង​កូន​ស្រី​ពៅម្នាក់​អាយុ​១ឆ្នាំ ហើយ​គ្រួសារ​អ្នកស្រី​មាន​ដី ២ហិកតា​ក្នុង​ភូមិ ដីស្រែ​មួយ​ហិកតា​និង​ដី​ចំការ​ដាំស្វាយ​ចន្ទី​១​ហិកតា។

អ្នកស្រី​ថ្លែង​ថា​ការ​ធ្វើ​កសិកម្ម​ និង​ចិញ្ចឹម​សត្វ​មាន​ភាព​ខុសប្លែក​គ្នា​ពី​ជំនាន់​ឪពុកម្តាយ​ខ្លួន​ដោយសារ​ការ​រស់នៅ​លើ​តំបន់​ដីរាបនេះ​ភាគ​ច្រើនជន​ជាតិ​ដើម​ភាគតិច​កាវ៉ែត​យក​តម្រាប់​តាម​របៀប​រស់នៅ​បែប​ជនជាតិ​ខ្មែរ​និង​ឡាវ​។​ ​

អ្នកស្រី​ថ្លែង​ថា​៖ «សហគមន៍​កាវ៉ែត​ប្រើ​ជី​អាចមន៍​គោ​ អាចមន៍ក្របី​ជីធម្មជាតិ។​ ចិញ្ចឹម​ជ្រូក​ដោយ​ប្រើ​បបរ កន្ទក់ និង​ដើម​ចេក​គល់ចេក​ អត់​ប្រើ​ចំណី​ដូចខ្មែរ​ដូច​ឡាវ​ទេ។​ ពី​មុន​ ដាំ​ត្រប់ ដាំ​ម្ទេស ដាំថ្នាំជនជាតិ ប្រើ​ប្រាស់​ទឹក​ភ្លៀង (នៅ​ដី​លើ) ឥឡូវ​ដាំស្វាយ​ ដាំចេក​ ដាំ​ចន្ទី ដាំ​តាម​ខ្មែរ​ ឡាវ»។

អ្នកស្រី​បន្ថែម​ថា៖ «ដូច​ប្តី​ខ្ញុំ​រាល់​ឆ្នាំ​បូម​ទឹក​នៅ​អូរ​មក​ធ្វើ​សំណាប។ ដោយសារ​អត់​ភ្លៀង​ឃើញ​ខ្មែរ​នៅ​ក្រោម​ធ្វើ​រៀន​តាម​គេ​ ត​ដូច​សព្វថ្ងៃ»។​

អ្នក​ស្រី បាវ ធឿ វ័យ​ ៣៧ឆ្នាំ​ ជាជន​ជាតិ​ដើម​ភាគតិច​កាវ៉ែត​ រស់នៅ​ក្នុង​ភូមិ​អូរចាយ ឃុំ​សន្តិភាព​ ស្រុកសៀមប៉ាង​ ខេត្ត​ស្ទឹងត្រែង​ នៅ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា​ ឆ្នាំ២០២១។ (ខាន់​ សុគុំមនោ/VOA)

ក្មេងៗ​រៀន​ភាសា​កាវ៉ែត​ នៅ​ក្នុងសាលាបឋមសិក្សាសន្តិភាព​។​ ភាសា​កាវ៉ែត​ត្រូវបាន​បង្រៀន​ដោយ​គ្រូជនជាតិ​ដើម​ភាគតិចកាវ៉ែត​ ហើយ​នៅ​ទីនោះ​ ពួកគេ​ក៏​ចាប់ផ្តើម​រៀន​ភាសាខ្មែរ​ដែរ​មុននឹងឈាន​ទៅ​ថ្នាក់​អនុវិទ្យា​ល័យ។ នៅ​ភូមិអូរចាយ​ ឃុំសន្តិភាព​ ស្រុក​សៀមប៉ាង ខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ២០២១។ (ខាន់​ សុគុំមនោ/VOA) ​

អ្នកស្រី បាវ ធឿ​ ឲ្យដឹង​ទៀត​ថា​ការ​រស់​នៅ​លើ​តំបន់​ដី​រាបនេះ​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​កាវ៉ែត ក៏​មាន​ប្រឈម​បញ្ហាកង្វះ​ស្បៀង​អាហារ​ផងដែរ។ កង្វះ​ស្បៀង​អាហារ​កើត​មាន​ឡើងនៅ​ពេល​តំបន់​នេះ​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​ពី​ការ​បាក់​ទំនប់​វារីអគ្គីសនី​ក្នុង​ប្រទេស​ឡាវ​កាល​ពី​ឆ្នាំ​២០១៨​ការ​ប្រែប្រួល​អាកាសធាតុ​ដូចជា​កង្វះ​ទឹកភ្លៀង​ជាដើម​ឬ​ការ​រិតត្បិត​មិន​អនុញ្ញាតិឲ្យ​ជនជាតិ​នេះ​អាច​ទៅអាស្រ័យ​ផល​ពី​ព្រៃ​ឬស្សី​ក្នុង​ឧទ្យាជាតិ​វីរៈជ័យ​ដូច​កាល​ពី​មុនជាដើម​។​

អ្នកស្រី​ថ្លែងថា៖ «ឆ្នាំ​ទឹក​លិច​លំបាក​ អត់​មាន​ស្រូវ​ហូប​។ ទឹក​លិច​ ទំនប់​បាក់​ហ្នឹង អស់​រលីង​ អត់​ឃើញ​ស្រូវ​មួយ​ដើម​សោះ។ អ៊ីចឹងទៅលក់​ជ្រូក​ លក់ក្របី រក​នៅ​ព្រៃ រកត្រកួត​ រក​អណ្តើក​កន្ធាយ​ ពេល​ច្រត់ស្រូវ​អត់​បាន។ កម្រ​សត្វ​ហើយ​ លែង​មាន​ហើយ​ឥឡូវ​នេះ​វា​អស់​ហើយ តាម​សំណាង​យើង​បើ​សំណាង​យើង​មាន​បាន​បើ​អត់សំណាង​អត់​បាន សត្វ​វា​នៅ​ឆ្ងាយ វា​អត់​នៅ​ជិត​ៗ​ទេ»។

នៅ​ភូមិ​អូរចាយ ឃុំ​សន្តិភាព ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹង​ត្រែង​មានពលរដ្ឋ​ប្រមាណ ៧៥០នាក់​ដែល​សុទ្ធសឹង​ជាជនជាតិដើមភាគតិច​កាវ៉ែត។ នេះ​បើតាម​លោក វិ បាវ មេភូមិ​អូរចាយ។

លោក​បាន​ឲ្យដឹងថា ក្មេង​ៗក្នុងភូមិ អាយុ​ចាប់ពី​២០ឆ្នាំ ​ទៅ ៤០ឆ្នាំ​ភាគ​ច្រើន​ធ្វើ​ចំណាក​ស្រុក​ទៅធ្វើការ​នៅ​ខេត្ត​រតនគិរី​ឬ​ភ្នំពេញ ដើម្បី​រក​ប្រាក់​ចំណូល​នៅ​ពេល​គ្រួសារ​មិន​ទទួល​ផល​ល្អ​ពី​កសិកម្ម​នៅលើតំបន់​ដី​រាប។

នៅពេល​សួរ​អ្នកស្រី ប៉ាវ ធឿថា​អ្នកស្រី​នឹងធ្វើយ៉ាងណានៅពេល​ជួប​បញ្ហា​ខ្វះ​ភ្លៀង​ឆ្នាំក្រោយៗ​ទៀត​អ្នកស្រី​ឆ្លើយថា៖ «អត់ភ្លៀង​ធ្វើស្រែ​អត់​កើត។ អត់​ទាំង​អស់​គ្នា។ បើ​ឆ្នាំ​ក្រោយ​អត់​ទៀត​ចាំ​យក​ក្រមា​ចង​ពោះ បើ​ឃ្លាន»៕