ម្តាយរបស់តារាបង្ហាញម៉ូតជាតិអាហ្រ្វិកខាងត្បួង នាង Reeva Steenkamp ដែលត្រូវគេសម្លាប់និយាយថា គាត់មានគម្រោងនឹងចាប់ផ្តើមកម្មវិធីសប្បុរសធម៌មួយដើម្បីជួយជនរងគ្រោះដោយសារការរំលោភបំពានក្នុងគ្រួសារ ទោះបីជាគាត់មិនបាននិយាយថា ការរំលោភបំពានបែបនេះជាផ្នែកមួយនៃទំនាក់ទំនងរវាងនាង Reeva ជាមួយនឹងអ្នកសម្លាប់នាង ដែលជាអត្តពលិកកីឡាអូឡាំពិក ឈ្មោះ Oscar Pistorius ក៏ដោយ។
អ្នកស្រី June Steenkamp បានធ្វើការបង្ហាញខ្លួនដ៏កម្រមួយនៅមុខប្រព័ន្ធផ្សព្វផ្សាយអាហ្វ្រិកខាងត្បូងថ្មីៗនេះ ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីលោក Pistorius បានបាញ់សម្លាប់កូនស្រីរបស់គាត់នៅឯផ្ទះរបស់លោកក្នុងទីក្រុង Pretoria នៅពេលព្រឹកព្រលឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣។
ក្នុងពេលថ្មីៗនេះ អ្នកស្រី Steenkamp បានសរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា «Reeva៖ រឿងរបស់ម្តាយម្នាក់»។ ខណៈពេលដែលអ្នកស្រីនិងលោក Barry ដែលជាឳពុករបស់ Reeva មានវត្តមានជាទៀងទាត់នៅក្នុងការកាត់ក្តីពីបទឃាតកម្មរបស់ Pistorius ប្តីប្រពន្ធមួយគូនេះបានជៀសវាងមិននិយាយនៅក្នុងវង់ក្រចកតុលាការ ហើយបានបញ្ចេញសេចក្តីថ្លែងការណ៍ដ៏តិចតួចប៉ុណ្ណោះ សម្រាប់ក្រុមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលចង់ដឹងឮអំពីរឿងនេះ។
ការកាត់ក្តីរបស់អត្តពលិកដ៏ល្បីនេះបានក្លាយជារឿងគួរឲ្យយកចិត្តទុកដាក់នៅអាហ្វ្រិកខាងត្បូង និងទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនលាននាក់នៅទូទាំងពិភពលោក។ នៅពេលនេះអ្នកស្រី June Steenkamp និយាយថា អ្នកស្រីសង្ឃឹមថានឹងមានការចាប់អារម្មណ៍ខ្លះទៅលើអ្វីដែលអ្នកស្រីនិយាយថាគឺជារឿងពិត៖ គឺរឿងឈឺចាប់របស់ស្រ្តីជាច្រើនរាប់មិនអស់ ដែលមិនបានដឹងឮជាសាធារណៈ ដែលទ្រាំរស់នៅក្រោមការរំលោភបំពាន ពីដៃគូរបស់ខ្លួន។
អំពើហិង្សាក្នុងគ្រួសារគឺជាកង្វល់ទូទៅមួយក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ ក្រុមតស៊ូមតិខ្លះបាននិយាយថា ស្រ្តីអាហ្វ្រិកខាងត្បួងម្នាក់ត្រូវបានសម្លាប់រៀងរាល់៦ម៉ោងម្តង ដោយដៃគូរបស់ខ្លួន។
អ្នកស្រី Steenkamp និយាយថា កូនស្រីរបស់អ្នកស្រីមានការភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីឃើញតួលេខទាំងនេះ ហើយមានចិត្តចង់ជួយ។
នៅក្នុងបន្ទប់មួយដែលពោរពេញទៅដោយអ្នកកាសែត នៅក្នុងបរិវេណសកលវិទ្យាល័យ Johannesburg ទីដែលអ្នកស្រីផ្សព្វផ្សាយសៀវភៅរបស់គាត់ អ្នកស្រី Steenkamp បាននិយាយជាអាទិថា «ខ្ញុំមិនចង់ឲ្យមនុស្សទាំងអស់ភ្លេច Reeva និងអ្វីដែលនាងបានតស៊ូប្រឆាំងនោះឡើយ»។ អ្នកស្រី Steenkamp បន្ថែមថា «នាងបានទទួលអារម្មណ៍យ៉ាងខ្លាំងមួយថា នាងត្រូវតែធ្វើអ្វីម៉្យាងដើម្បីជួយស្រ្តីដែលរងគ្រោះទាំងនោះ។ ហើយខ្ញុំចង់បន្តកិច្ចការនេះសម្រាប់នាង»។
អ្នកស្រីបាននិយាយថា កម្មវិធីសប្បុរសធម៌កំពុងស្ថិតនៅជាដំណាក់កាលជាគម្រោងនៅឡើយ។
នាង Reeva Steenkamp និងលោក Oscar Pistorious បានចាប់ផ្តើមទាក់ទងដើរលេងជាមួយគ្នាបានរយៈពេល៣ខែ នៅពេលដែល Pistorious បានសម្លាប់នាង។ Pistoriousបាននិយាយថា ខ្លួនបានច្រឡំនាងទៅនឹងអ្នកលួចចូលក្នុងផ្ទះពេលយប់ ហើយបានបាញ់កាំភ្លើងចំនួន៤គ្រាប់ទៅលើទ្វារបន្ទប់ទឹក ដែលបិទចាក់សោ ហើយត្រូវចំនាង Reeva ចំនួន៣គ្រាប់។
នៅក្នុងការកាត់ក្តីឃាតកម្មបន្ទាប់មក រដ្ឋអាជ្ញាបានព្យាយាមបង្ហាញថា អត្តពលិករត់ប្រណាំងរូបនេះជាអ្នកប្រើកាំភ្លើងពោរពេញដោយកំហឹង និងគ្មានការទទួលខុសត្រូវ។ មេធាវីការពារក្តីរបស់លោកបានឆ្លើយតបថា ស្ថានភាពរបស់លោកដែលជាជនពិការជើងទាំងពីរដោយសារឃាតកម្មនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានធ្វើឲ្យលោកតែងតែមានអារម្មណ៍ភ័យខ្លាចជានិច្ច។
អ្នកស្រី Steenkamp បានបដិសេធមិននិយាយដោយចំថា តើកូនស្រីរបស់គាត់គឺជាជនរងគ្រោះនៃការរំលោភបំពាន នៅក្នុងចំណងទាក់ទងចុងក្រោយ ដែលធ្វើឲ្យនាងបាត់បង់ជីវិតនោះឬទេ។
អ្នកស្រី Steenkamp បាននិយាយថា «ខ្ញុំមិនដឹងថា Pistorius មានកាំភ្លើង ឬក៏គាត់បានបាញ់ចេញពីឡាន ឬក៏របៀបរស់នៅរបស់គាត់ជាអ្នកប្រថុយគ្រោះថ្នាក់នោះឡើយ។ ខ្ញុំមិនបានដឹងអ្វីទាល់តែសោះអំពីរឿងនេះ។ ខ្ញុំគិតថា Reeva មានការភ័យខ្លាច មិនហ៊ានប្រាប់ខ្ញុំអំពីបញ្ហាខ្លះ។ នាងនិយាយថា ពួកគេទាំងពីរតែងតែឈ្លោះគ្នាគ្រប់ពេល ប៉ុន្តែមនុស្សគ្រប់គ្នាមិនដែលប្រាប់ម្តាយខ្លួនឯងគ្រប់រឿងទាំងអស់ទេ»។
ការចោទប្រកាន់ពីឃាតកម្មមិនបានធ្វើឲ្យចៅក្រម Thokozile Masipa ទទួលយកទេ ហើយលោកបានកាត់ទោស Pistorius កាលពីខែតុលា ឲ្យជាប់គុក៥ឆ្នាំពីបទ culpable homocide ដែលប្រែថា បទមនុស្សឃាតដែលគួរតែមានការទទួលខុសត្រូវ ដែលនៅអាមេរិកទោសនេះ អង់គ្លេសហៅថា manslaughter។ នៅប្រទេសអាហ្រ្វិកខាងត្បូងមិនមានការកាត់ក្តីដោយគណៈវិនិច្ឆ័យទេ។ សាលក្រមទាំងអស់ត្រូវប្រកាសដោយអង្គចៅក្រម។ នៅក្រោមច្បាប់អាហ្រ្វិកខាងត្បូង Pistorius គឺត្រូវជាប់គុកយ៉ាងតិចរយៈពេល ១០ខែ។
អ្នកស្រី Steenkamp និយាយថា គាត់នឹងមិនចែករំលែកអំពីគំនិតរបស់គាត់ថា តើការកាត់ក្តីនេះមានយុត្តិធម៌ឬអត់ទេ ប៉ុន្តែបានគាត់កត់សម្គាល់ថា៖ «ប្រសិនបើ Oscar Pistorius មិនមានកាំភ្លើង Reeva នឹងនៅរស់រហូតមកដល់ពេលនេះ»។
អ្នកស្រីបានបន្តថា «នាងនឹងអាចនៅទីនេះជាមួយខ្ញុំនៅថ្ងៃនេះ។ ហេតុអ្វីបានជាមនុស្សខ្លះមានកាំភ្លើងរហូតទៅដល់១០ដើម? ហេតុអ្វីពួកគេគួរមាន?»។
អ្នកស្រី Steenkamp បាននិយាយពីមុនថា គាត់អត់ឱនទោសឲ្យ Pistorius សម្រាប់ការសម្លាប់កូនស្រីរបស់គាត់ ប៉ុន្តែទឹកមុខរបស់គាត់ពោរពេញទៅដោយការឈឺចាប់ នៅពេលដែលអ្នកស្រីនឹកដល់ពាក្យពេចន៍ដែលអ្នកស្រីនឹងនិយាយ ប្រសិនបើគាត់មានឱកាសនិយាយជាមួយអត្តពលិករូបនោះ។
អ្នកស្រីបានលើកឡើងថា «ខ្ញុំមិនចង់សួរគាត់ពីរឿងអ្វីទាំងអស់។ ខ្ញុំប្រហែលជាសួរគាត់ឲ្យពិចារណាអំពីអ្វីដែលគាត់បានធ្វើមកលើ Barry ជាប្តីខ្ញុំ និងខ្ញុំ។ គាត់បានឆក់យកជីវិតកូនស្រីដ៏ល្អឥតខ្ចោះរបស់ខ្ញុំ ចេញពីជីវិតរបស់ពួកយើង។ គាត់បានសម្លាប់នាង។ នាងនឹងមិនអាចមានកូន ដែលជាចៅរបស់យើងបានឡើយ។ នាងនឹងមិនអាចមានពិធីរៀបអាពាហ៍ពិពាហ៍ ហើយស្លៀករ៉ូបពណ៌សបាន។ គាត់បានបំផ្លាញអាជីពរបស់នាង គាត់បានផ្តាច់ជីវិតរបស់នាង។ នោះគឺជាអ្វីដែលខ្ញុំនឹងនិយាយទៅ Oscar ប្រសិនបើខ្ញុំជួបផ្ទាល់ជាមួយគាត់»៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា