ឃ្លីបវីដេអូរយៈពេលជាងពីរនាទីបង្ហាញពីសកម្មជនម្នាក់នៃអង្គការមាតាធម្មជាតិបានចោទជាសំណួរទៅរដ្ឋាភិបាលកម្ពុជាពីភាពមិនប្រក្រតីថ្មីក្នុងការនាំខ្សាច់ទៅប្រទេសឥណ្ឌា។
«ខ្ញុំសូមមានសំណួរថ្មីមួយទៀតទៅកាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដូចតទៅ៖ ហេតុអ្វីបានជាតួលេខដែលមាតាធម្មជាតិទទួលបានមកពីគយ និងពន្ធដានៃប្រទេសឥណ្ឌាដែលបង្ហាញថាការនាំចេញខ្សាច់ពីប្រទេសកម្ពុជាមានចំនួន១០៨.៦៥៨តោន ដែលមានតម្លៃជាង ២លាន៨សែនដុល្លារសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០១៣ដល់២០១៥ តែឯកសារនៃនាយកដ្ឋានគយ និងពន្ធដានៃប្រទេសកម្ពុជាមិនបានបង្ហាញពីតួលេខ ដែលនាំខ្សាច់ទៅប្រទេសឥណ្ឌាទាល់តែសោះ»។
នេះគឺជាសំណួរដែលសួរដោយលោកថុន រដ្ឋា សកម្មជនបរិស្ថានវ័យក្មេងម្នាក់ ដែលបានលើកសំណួរនេះឡើងដោយកប់ខ្លួនក្នុងខ្សាច់រហូតត្រឹមកនៅក្បែរព្រែកជាប់មាត់សមុទ្រក្នុងខេត្តកោះកុង។
ការបង្ហាញថ្មីនេះកើតមានឡើង បន្ទាប់ពីក្រសួងរ៉ែ និងឋាមពលមិនបានផ្តល់ចម្លើយច្បាស់លាស់ទៅរដ្ឋសភាជាតិ ពាក់ព័ន្ធនឹងភាពខុសគ្នារវាងតួលេខនាំខ្សាច់ពីប្រទេសកម្ពុជាទៅសឹង្ហបុរីដែលអង្គការមាតាធម្មជាតិបានរកឃើញថា មានចំនួនជាង៧០លានតោន ក្នុងខណៈពេលដែលទិន្នន័យរបស់កម្ពុជាបង្ហាញថា មានតែជិត៣លានតោនតែប៉ុណ្ណោះ។
លោក ឌិត ទីណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ថ្លែងក្នុងសន្និសីទស្តីពីការបំភ្លឺជូនគណៈកម្មការទី១០នៃរដ្ឋសភាជាតិកាលពីពាក់កណ្តាលខែធ្នូថា ក្រសួងរ៉ែ និងថាមពល មិនមែនជាស្ថាប័នផ្តាច់មុខតែមួយគត់ ដែលទទួលបន្ទុកការនាំចេញខ្សាច់នោះទេ។
លោកបន្ថែមថា ការនាំចេញខ្សាច់ត្រូវអនុវត្តតាមនីតិវិធីដោយឡែក និងផ្សេងពីគ្នាស្របតាមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធ និងដោយស្ថាប័នមានសមត្ថកិច្ចផ្សេងគ្នា។ ចំណែកការកត់ត្រាពីការនាំចេញនាំចូល និងការកំណត់ប្រភេទទំនិញរបស់ប្រទេសនីមួយៗក៏មានវិធីសាស្រ្តខុសគ្នា ដែលលោកថាជាមូលហេតុធ្វើឲ្យចំនួននៃតួលេខដែលបានបង្ហាញពីប្រទេសនីមួយៗមានចំនួនខុសគ្នា។
«ពេលដែលប្រទេសនីមួយៗ គាត់មានវិធានប្រភពដើមខុសគ្នា ការកត់ត្រារបស់គាត់ក៏អាចខុសគ្នា មិនមែនខ្ញុំអ្នកនិយាយទេគឺ UN COMTRADE នៅក្នុង DATA Base (ទិន្នន័យ) គឺគាត់សរសេរខ្លួនឯង ហើយយើងក៏មិនដឹងថា ប្រព័ន្ធកត់ត្រារបស់សាំងហ្កាពួរយ៉ាងម៉េចដែរ ដូច្នេះហើយបើឲ្យក្រសួងមកវិភាគថា តើអ្នកណាខុសអ្នកណាត្រូវមានសាំងហ្កាពួរខុស កម្ពុជាខុស ឬមួយក៏ UN ខុស។ យើងមិនយកមកវិភាគបែបនេះទេ។ សូមឲ្យដឹងថា ម្នាក់ៗហើយប្រព័ន្ធនីមួយៗគេធ្វើឡើងសុទ្ធតែមានគោលដៅរបស់គេ ហើយសុទ្ធតែមានគោលការណ៍ក្នុងការប្រើប្រាស់របស់គេខុសៗគ្នា»។
រីឯករណីនាំខ្សាច់ទៅឥណ្ឌានេះត្រូវលោក ទីណា ប្រាប់សារព័ត៌មាន The Phnom Penh Post ថា វាអាចថាមានការនាំខ្សាច់កម្ពុជាបន្តពីសឹង្ហបុរីទៅប្រទេសដទៃ ហើយបើដូចនេះមែន វាមិនមែនជាកំហុសរបស់កម្ពុជាទេ។
ប៉ុន្តែស្ថាបនិកអង្គការមាតាធម្មជាតិគឺលោក អាឡិចសាន់ដ្រូ ហ្កុនហ្សាឡេសដាវីតសុន បានបញ្ជាក់ប្រាប់ វីអូអេ ថាឯកសារថ្មីដែលលោកទើបទទួលបានបង្ហាញថា ខ្សាច់ដែលឥណ្ឌានាំចូលគឺមានប្រភពនាំចេញផ្ទាល់ពីប្រទេសកម្ពុជា ដែលផ្ទុយពីការអះអាងរបស់មន្ត្រីរដ្ឋាភិបាល។
«ឯកសារដែលយើងមាននៅក្នុងដៃ គឺបញ្ជាក់ថាខ្សាច់នេះគឺប្រភពមកពីប្រទេសកម្ពុជា។ អីចឹងអ្វីដែលយើងកំពុងតែធ្វើហ្នឹងគឺក្រៅពីទិញឯកសារថ្មីមួយទៀតមកពីសឹង្ហបុរីដែលនិយាយអំពីករណីដែលអាចនឹងមាន គឺសឹង្ហបុរីនាំខ្សាច់ចូលពីកម្ពុជាយើងលក់តហ្នឹង យើងបានទិញ ហើយយើងឃើញថាសម្រាប់ឆ្នាំ២០១៤និង២០១៥ គឺមិនមានទេ»។
លោកអាឡិច កំពុងប្រមូលឯកសារបន្ថែមទៀតដើម្បីឱ្យគេបង្ហាញឈ្មោះក្រុមហ៊ុនដែលនាំខ្សាច់ទាំងនោះមកប្រទេសឥណ្ឌា។
លោកអាឡិច ដែលត្រូវបានរដ្ឋាភិបាលហាមឃាត់មិនឱ្យចូលប្រទេសកម្ពុជាបញ្ជាក់ថា លោកកំពុងសិក្សាពីនីតិវិធីប្តឹងនៅតុលាការសឹង្ហបុរីប្រឆាំងនឹងក្រុមហ៊ុន ឬរដ្ឋាភិបាលសឹង្ហបុរីចំពោះការនាំខ្សាច់ចូលដោយខុសច្បាប់ក្នុងពេលកន្លងមក។
«ផ្លូវអាចមានពីរ។ ផ្លូវទីមួយគឺដាក់ពាក្យប្តឹងលើក្រុមហ៊ុនឯកជន ឬក៏ស្ថាប័នរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងការនាំចូលខ្សាច់ពីកម្ពុជា ដែលកម្ពុជានាំចេញដោយខុសច្បាប់ឬក៏គេហៅថារត់ពន្ធ ឬក៏ផ្លូវទីពីរដាក់ពាក្យប្តឹង ដោយសារខ្សាច់នេះបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរលើបរិស្ថាននៅប្រទេសកម្ពុជា ជាពិសេសខេត្តកោះកុង ហើយក៏មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជីវភាពរស់នៅប្រជាជនមូលដ្ឋានក្នុងខេត្តកោះកុង»។
ក្រុមហ៊ុនច្បាប់របស់សឹង្ហបុរីដែលមានឈ្មោះថា Eugene Thuraisingam បានប្រកាសតាមទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្រុមហ៊ុនពិតជាទទួលបានការពឹងពាក់ពីអង្គការមាតាធម្មជាតិឱ្យផ្តល់ប្រឹក្សាពាក់ព័ន្ធនឹងការចោទថា មានសកម្មភាពបូមខ្សាច់ខុសច្បាប់នៅខេត្តកោះកុងនៃប្រទេសកម្ពុជា។
មានក្រុមហ៊ុនចំនួន១៤ ក្នុងនោះមានក្រុមហ៊ុនឈ្មោះ International Rainbow Co. Ltd. និងក្រុមហ៊ុន Diamond Sun Co. Ltd. មានជាប់ពាក់ព័ន្ធនឹងការនាំចេញខ្សាច់សមុទ្រចន្លោះពីឆ្នាំ២០០៧ដល់២០១៥។ នេះបើតាមការកត់ត្រារបស់ក្រសួងរ៉ែនិងឋាមពល៕