សកម្មជនចលនាមាតាធម្មជាតិ ស្នើសុំពន្យារពេលចូលសវនាការ បន្ទាប់ពីតុលាការក្រុងភ្នំពេញ បានកោះហៅមេធាវីការពារក្តីរបស់ពួកគេឱ្យចូលសវនាការនៅថ្ងៃពុធទី២៤ ខែមេសានេះ ក្នុងសំណុំរឿង «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ» ពាក់ព័ន្ធការថ្លែងរបស់ពួកគេតាមរយៈកិច្ចប្រជុំជាវីដេអូអនឡាញ ជាមួយស្ថាបនិកចលនាមាតាធម្មជាតិមានសញ្ជាតិអេស្ប៉ាញគឺលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវីតសិន(Alejandro Gonzalez-Davidson)។
នេះជាសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដែលតុលាការក្រុងភ្នំពេញ បានចោទប្រកាន់ យុវជនចលនាមាតាធម្មជាតិចំនួន៦នាក់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងលោក អាឡិច ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាបណ្តេញចេញពីប្រទេសកម្ពុជាកាលពីឆ្នាំ២០១៥ ចំពោះភាពសកម្មក្នុងវិស័យបរិស្ថាន។ ក្នុងចំណោមនោះ យុវជនមួយចំនួន ក៏ត្រូវបានតុលាការកាត់ទោសម្តងរួចមកហើយ ពីបទ«ញុះញង់» ក្នុងសំណុំរឿង ទាក់ទងនឹងការដាក់សំណើទៅអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ឱ្យបញ្ឈប់ការលុបបឹងតាមោក។
សកម្មជនមួយរូបនៃចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ទាំងកញ្ញា និងសកម្មជនចលនាមាតាធម្មជាតិផ្សេងទៀត ពិតជាមិនបានទទួលដីកាកោះរបស់តុលាការ ដែលនាំឱ្យកញ្ញា និងសកម្មជនទាំងនោះ សម្រេចចិត្តមិនចូលរួមសវនាការនាថ្ងៃពុធ និងថាសកម្មជនក៏នឹងមិនភៀសខ្លួនចេញពីប្រទេសកម្ពុជាផងដែរ។
កញ្ញាបន្ថែមថា តុលាការគួរតែបញ្ជូនដីកាកោះឱ្យចូលខ្លួនយ៉ាងហោចណាស់៣សប្តាហ៍មុនពេលកំណត់ថ្ងៃបើកសវនាការ ដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការតតាំងក្តីនៅតុលាការ។
កញ្ញាថ្លែងថា៖ «ពួកយើងអត់បានគេចវេះទេ ប៉ុន្តែពួកយើងត្រូវការ ការផ្តល់តម្លៃពីចៅក្រម ពីព្រះរាជអាជ្ញា ពីអ្នកធ្វើការក្នុងតុលាការហ្នឹងផ្តល់តម្លៃមកដល់រឿងក្តីរបស់យើងដែរ ព្រោះវាមិនមែនជារឿងក្តីលេងសើច ហើយបើកាត់ទោសទៅពួកយើងអាចជាប់ទោសច្រើនឆ្នាំមែនទែនពី៥ឆ្នាំ ទៅ១០ឆ្នាំ ហើយវាជាបទឧក្រិដ្ឋ វាមិនមែនជាមជ្ឈិម ឬបទមធ្យម ដែលគាត់អាចហៅមុន មួយថ្ងៃ ពីរថ្ងៃ ឬក៏មួយថ្ងៃមុនឡើងតុលាការហើយ យើងនៅមិនទាន់បានដឹងថាខ្លួនឯងត្រូវទៅតុលាការ ដូចកាលនៅក្នុងពន្ធនាគារទេ»។
នេះជាលើកទី៣ ដែលតុលាការបានកោះហៅសកម្មជនចលនាមាតាធម្មជាតិឱ្យចូលសវនាការ ហើយក៏ត្រូវបានសកម្មជនស្នើឱ្យពន្យារពេលចូលសវនាការសាជាថ្មីទៀត។ ការស្នើសុំពន្យារពេលលើកទីមួយ ធ្វើឡើងនៅពេលមេធាវីការពារក្តីជាប់រវល់ភារកិច្ចផ្ទាល់ខ្លួន ដោយទៅពិនិត្យសុខភាពនៅក្រៅប្រទេស ចំណែកលើកទីពីរ សកម្មជនមួយចំនួនចេញទៅទទួលពានរង្វាន់អន្តរជាតិមួយឈ្មោះ Right Livelihood នៅប្រទេសស៊ុយអ៊ែត សម្រាប់ភាពក្លាហានក្នុងសកម្មភាពការពារបរិស្ថាននៅកម្ពុជា។ នេះបើតាមកញ្ញា ភួន កែវរស្មី។
សកម្មជនចលនាមាតាធម្មជាតិដែលត្រូវបានតុលាការបង្គាប់ឱ្យចូលខ្លួននៅថ្ងៃពុធ រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុត។
កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋា ធ្លាប់ជាប់ពន្ធនាគារជាង១ឆ្នាំ ពាក់ព័ន្ធទៅនឹងគម្រោងយុទ្ធនាការដើរតែម្នាក់ឯងរបស់កញ្ញា ឡុង គន្ធា ទៅកាន់គេហដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដើម្បីស្នើសុំឱ្យបញ្ឈប់ការលុបបឹងតាមោក ដែលនៅជាយរាជធានីភ្នំពេញ។
មេធាវីការពារក្តីឱ្យសកម្មជនចលនាមាតាធម្មជាតិ លោក សំ ចំរើន ប្រាប់វីអូអេថា លោកបានដាក់ពាក្យស្នើសុំតុលាការពន្យារពេលសវនាការនៅថ្ងៃអង្គារនេះ ដោយសារកូនក្តីរបស់លោកមិនទទួលដីកាកោះបង្គាប់ឱ្យចូលខ្លួនទៅតាមនីតិវិធីច្បាប់។ លោកបានឱ្យដឹងទៀតថា លោកក៏ទើបទទួលបានលិខិតអញ្ជើញឱ្យចូលការពារក្តី ក្រោយចូលឆ្នាំប្រពៃណីជាតិខ្មែរនេះផងដែរ។
បើតាមមេធាវីរូបនេះ វត្តមានកូនក្តីរបស់លោកក្នុងដំណើរការជំនុំជម្រះក្តី គឺជាភាពចំបាច់បំផុតក្នុងសំណុំរឿងព្រហ្មទណ្ឌ ដើម្បីឱ្យពួកគេប្រើប្រាស់សិទ្ធិ ឆ្លើយដោះបន្ទុក ចំពោះបទចោទដែលតុលាការចោទប្រកាន់លើពួកគេ។
សកម្មជនចលនាមាតាធម្មជាតិម្នាក់ទៀត លោក ថុន រដ្ឋា ប្រាប់វីអូអេថា លោកក៏មិនទៅចូលរួមសវនាការនៅថ្ងៃទី២៤ ខែមេសានោះដែរ។ លោកបានទាមទារឱ្យ តុលាការបញ្ជូនដីកាកោះឱ្យបានលឿនជាងនេះ ដើម្បីឱ្យលោក និងសកម្មជនឯទៀតមានពេលគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួនឡើងសវនាការ។
លោកថា៖«ដោយសារតែរឿងនេះវាជារឿងបទឧក្រិដ្ឋ ហើយយើងត្រូវការពេលវេលាយូរ ក៏ដូចជាត្រូវការជជែកពិភាក្សាគ្នាច្រើនជាមួយនឹងមេធាវី មុននឹងឡើងទៅតតាំងក្តី»។
បើតាមលោក ថុន រដ្ឋា តុលាការរាជធានីភ្នំពេញគួរតែពិចារណាទម្លាក់បទចោទប្រកាន់ទាំងអស់លើសកម្មជនចលនាមាតាធម្មជាតិចំពោះការធ្វើសកម្មភាពតស៊ូមតិការពារបរិស្ថានក្នុងប្រទេស ហើយរដ្ឋាភិបាលត្រូវលើកទឹកចិត្តយុវជនឱ្យចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ ទើបជារឿងល្អប្រសើរសម្រាប់សង្គមជាតិ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក សួស វិទ្យារ៉ាន់ឌី បដិសេធមិនផ្តល់ការអត្ថាធិប្បាយ ដោយលោកថា លោកមិនមានព័ត៌មានគ្រប់គ្រាន់ជុំវិញសំណុំរឿងរបស់សកម្មជនចលនាមាតាធម្មជាតិនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ថ្លែងថាការបញ្ជូនដីកាកោះ គឺត្រូវធ្វើយ៉ាងណាឱ្យដីកានោះទៅដល់សាមីខ្លួនទាន់ពេលវេលា ជាមួយរយៈពេលសមរម្យ ស្របទៅតាមនីតិវិធីច្បាប់ ដើម្បីឱ្យសាមីខ្លួនទាំងនោះ អាចត្រៀមខ្លួននិងរៀបចំឯកសារពាក់ព័ន្ធ ឬភស្តុតាងផ្សេងៗក្នុងការតតាំងក្តីនៅក្នុងសវនាការដែលមានភាពត្រឹមត្រូវ និងយុត្តិធម៌៕