សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទទូច​តុលាការ​​ទម្លាក់​បទ​ចោទ ក្នុង​សំណុំ​រឿង​«រួម​គំនិត​ក្បត់» និង«ប្រមាថ​ព្រះមហាក្សត្រ»

សកម្មជនរបស់អង្គការមាតាធម្មជាតិដើរហែក្បួនធ្វើបាតុកម្មជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលមិនអនុញ្ញាតឱ្យសកម្មជនធ្វើដំណើរចេញក្រៅប្រទេសដើម្បីទទួលពានរង្វាន់ The Right Livelihood នៅរាជធានីភ្នំពេញ ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៣។

សកម្មជន​ចលនាមា​តា​ធម្មតា​ ជំរុញ​ឱ្យ​តុលា​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​មក​លើ​ពួក​គេ ក្នុង​សំណុំ​រឿង​ប្រមាថ​ព្រះ​មហា​ក្សត្រ និង​រួម​គំនិត​ក្បត់ ខណៈ​សាលា​ដំបូង​រាជធានី​ភ្នំពេញគ្រោង​បើក​សវ​នា​ជំនុំ​ជម្រះ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​ ខាង​មុខ​នេះ។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២១ សកម្មជន​មាតា​ធម្មជាតិចំនួន​៦​នាក់​ រួម​មាន​ លោក ថុន រដ្ឋា កញ្ញា ភួន កែវ​រស្មី​ លោក យីម លាង​ហ៊ី​ កញ្ញា ឡុង គន្ធា​ លោក លី ចាន់ដារ៉ាវុត និង​កញ្ញា ស៊ុន រដ្ឋា ត្រូវ​បាន​តុ​លា​ការ​ចោទ​ពី​បទ«រួម​គំនិត​ក្បត់» និង​«ប្រមាថ​ព្រះ​មហាក្សត្រ» ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់​ពួក​គេ​នៅ​ក្នុង​វីដេអូ​មួយ​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​កន្លង​ទៅ។ នេះ​ជា​បទ​ចោទ​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត​លើ​សកម្មជន​មាតា​ធម្មជាតិ​មួយ​ចំនួន ដែល​ធ្លាប់​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ញុះ​ញង់ ហើយ​ពួកគេ​ត្រូវ​បាន​តុលាការ​កាត់​ទោស​រួច​មក​ហើយ។

ក្រៅ​ពីសកម្មជន​ទាំង​៦នាក់ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez-Davidson) ដែល​ជា​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជាកាល​ពី​ឆ្នាំ​២០១៥ ក៏​រង​បទ​ចោទ​ប្រកាន់«រួម​គំនិត​ក្បត់» និង​«ប្រមាថ​ព្រះ​មហាក្សត្រ»ផង​ដែរ។

ក្នុង​បទ​សម្ភាស​ន៍ជាមួយ​វីអូអេ លោក​ ថុន រដ្ឋា សកម្មជន​បរិស្ថាន​វ័យ​ក្មេង​ម្នាក់ ជំរុញឱ្យតុលា​ការ​ទម្លាក់​បទ​ចោទ ដោយ​ចាត់​ទុក​ការ​ចោទ​ប្រកាន់​ទាំង​នោះ​អយុត្តិ​ធម៌​សម្រាប់​រូប​លោក។

សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ នៅ​ក្បែរ​រូបសំណាក​យាយពេញ ក្បែរវត្ត​ភ្នំ ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក​ថ្លែង​ថា៖ «ពួក​យើង​ស្នើ​ឱ្យ​មាន​ការ​លុប​លាង​ការ​ចោទ​ប្រកាន់​ផង ទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​មក​លើ​ពួក​យើង​ដើម្បី​សង​ភាព​ស្អាត​ស្អំ​ក៏​ដូច​ជា​បង្ហាញ​ឱ្យ​សាធារណជន​ថា​តុលាការ​ពិត​ជា​មិន​ស្ថិត​ក្រោម​ចំណុះ​នរណា​ ឬក៏​ដើរ​តួនាទី​ក្នុង​ការ​គាប​សង្កត់​ទេ។ តុលាការ​គឺ​ជា​អ្នក​ដែល​ផ្តល់​យុត្តិ​ធម៌​សម្រាប់​ប្រជាជន​ទូទៅ​»។

​ទោះ​ជា​យ៉ាង​ណា​ សកម្មជន​រូប​នេះ​ប្រាប់​វីអូអេថា​លោក​និង​មេធាវី​របស់​លោក​នឹង​ដាក់​ពាក្យទៅ​តុលា​ការ ដើម្បី​ស្នើ​សុំ​ពន្យា​ពេលសវនាការ ដោយសារ​សកម្ម​ជន​ផ្សេង​ទៀតកំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ ហើយ​មេធាវី​ក៏​ជាប់​ភារកិច្ច​ផង​ដែរ។

សកម្មជន​ម្នាក់​ទៀត កញ្ញា ភួន កែវរស្មី​ លើក​ឡើង​ថា​សកម្មជន​ផ្សេង​ទៀត​ដែល​រង​បទ​ចោទ​ទាំង​នេះ​កំពុង​តែ​នៅ​ក្រៅ​ប្រទេស ដើម្បី​ទទួល​ពាន​រង្វាន់​ Right ​Live​li​hood ​២០​២៣។ កញ្ញា​បញ្ជាក់​ថា​សកម្ម​ជន​បរិស្ថាន​មិន​ដែល​ទទួល​បាន​យុត្តិធម៌​អ្វី​ឡើយ ហើយ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​ជា​បន្ត​បន្ទាប់។

កញ្ញា​ថ្លែង​ថា​៖ «បើ​សួរ​ថា​យុត្តិ​ធម៌​អត់​គឺ​ពួក​យើង​មិន​ដែល​ទទួល​បាន​យុត្តិធម៌​ទេ​តាំ​ងពី​ថ្ងៃ​ដែល​ពួក​យើង​ធ្វើ​ការ​ជា​សកម្ម​ជន​បរិស្ថាន រហូត​ដល់​យើង​ជាប់​ពន្ធនា​គារ​ រហូត​ដល់​យើង​ចេ​ញម​ក​វិញ​ ហើយ​ជាប់​ជាមួយ​បទ​ចោទធំ​ៗ​ដូច​ជា​រួម​គំនិត​ក្បត់​ ប្រមាថ​ព្រះមហាក្សត្រ​ ដែល​អាច​ជាប់​គុក​ រហូតដ​ល់​១០​ឆ្នាំ​ផង​នោះ​។វា​ជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​សកម្ម​ជន​ចលនា​មាតា​ធម្មជាតិ»។

លោក យីម លាងហ៊ី សមាជិក​មួយ​រូប​ទៀត​នៃ​ក្រុម​យុវជន​បរិស្ថាន​មាតា​ធម្ម​ជាតិ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ការ​ចោទ​ប្រកាន់​សកម្មជន​បរិស្ថាន​មិន​មាន​អ្វី​ចំណេញ​ដល់​រដ្ឋាភិបាល​ឡើយ។

លោក​ថ្លែងថា​៖ «បើ​សិន​ជា​តុលាការ​នៅ​តែ​ចោទ​ប្រកាន់​ នៅ​តែ​ចង់​សើ​រើ​នៅ​ក្នុង​សំណុំ​រឿង​ឡើង​សវនាការ​ចោទ​ប្រកាន់​មាតា​ធម្មជាតិ​នេះ​ ខ្ញុំ​យល់​ថា​វា​មិន​មាន​ជា​ផល​ប្រយោជន៍​ចំណេញ​ដល់​រដ្ឋាភិបាល​ទេ។ ផ្ទុយ​ទៅ​វិញ​មាន​តែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ មាន​តែ​ធ្វើ​ឱ្យ​ប្រព័ន្ធ​តុលាការ ប្រព័ន្ធ​យុត្តិធម៌​ប្រទេស​កម្ពុជា​របស់​យើង​ហ្នឹង​កាន់​តែ​អាប់​ឱន​កិត្តិយស​ទៅ​ទៀត»។

លោក ជិន ម៉ាលីនផ្តល់​សម្ភាសន៍​ដល់ VOA ក្រោយពី​ចូល​រួមកម្មវិធីផ្សាយ​ផ្ទាល់​ «តុមូល​វីអូឌី» អំពី​ប្រធានបទ​«​វិធានការ​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ក្នុងប្រព័ន្ធ​យុត្តិធម៌» នៅ​បន្ទប់​ផ្សាយ​វីអូឌីរាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃពុធ​ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA)

អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌ និង​ជា​រដ្ឋ​លេខាធិការ លោក ជិន ម៉ាលីន​ លើក​ឡើង​ថា​ការ​អះអាង​និង​ទាមទារ​របស់​សកម្មជន​ទាំង​នោះ​ មិន​មាន«​មូល​ដ្ឋាន» ហើយ​លោក​ថា​«​ជាលេ​ស ដើម្បី​បិទ​បាំង​កំហុស»។

លោក​បញ្ជាក់​ថា​៖ «អ៊ីចឹង​ទេ​ដើម្បី​ការ​ពារ​ខ្លួន​គឺ​ថា​ត្រូ​វ​បង្ហាញ​ភស្តុ​តាង​មូលដ្ឋាន​ សក្ខីកម្ម​ឱ្យ​បាន​រឹងមាំ​មក​ ដើម្បី​ដោះ​ទុក្ខ​នៅ​ក្នុង​ដំណើរ​នីតិ​វិធី​របស់​តុលាការ​តតាំង​ទៅ​នឹង​បទ​ចោទ»។

កាល​ពី​កន្លង​ទៅ តុលាការ​បាន​បដិ​សេធ​សំណើ​សុំចេញ​ទៅ​ទទួល​ពាន​រង្វាន់ Right Livelihood ២០២៣ ​នៅ​ចុង​ខែ​វិច្ឆិកា​នេះ របស់​លោក ថុន រដ្ឋា ​កញ្ញា ឡុង គន្ធា ​និង​កញ្ញា ភួន កែវ​រស្មី ដែល​ជា​សកម្ម​ជន​របស់​ក្រុម​ចលនា​មាតា​ធម្មជាតិ ដោយសារ​ពួកគេ​នៅ​ជាប់​ក្តីក្តាំ​នៅ​តុលាការ។

សកម្មជន​មួយ​ចំនួន​ រួម​មាន​លោក​ ថុន រដ្ឋា​ កញ្ញា​ ឡុង គន្ធា និង​កញ្ញា ​ភួន កែវរស្មី ធ្លាប់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២០ ចំពោះ​សកម្ម​ភាព​លើ​បណ្តាញ​សង្គម​ដែល​ផ្សព្វផ្សាយ​អំពី​គម្រោង​ដើរ​ថ្មើរ​ជើង​ទៅ​កាន់​គេហ​ដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ក្បែរ​វិមាន​ឯករាជ្យ ដើម្បី​បង្ហាញ​ក្តីកង្វល់​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ថ្មីៗ​នៅ​តំបន់​បឹង​តាមោក។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«ញុះញង់ឱ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»៕