សកម្មជនចលនាមាតាធម្មជាតិបានបង្ហាញមុខនៅតុលាការ និងបានការពារខ្លួនថា មិនបាន «ប្រមាថព្រះមហាក្សត្រ» និង «រួមគំនិតក្បត់» ដូចការចោទប្រកាន់ឡើយ។
នៅព្រឹកថ្ងៃពុធនេះ តុលាការបើកសវនាការជំនុំជម្រះលើកដំបូង គេឃើញមានវត្តមានមេធាវីការពារក្តី និងសកម្មជនចលនាមាតាធម្មជាតិ រួមមានលោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី ដែលស្លៀកពាក់ស ហើយដៃកាន់ផ្កាឈូក។
ប៉ុន្តែចៅក្រមបានសម្រេចឱ្យពួកគេចំនួន ៤នាក់ចេញក្រៅបន្ទប់សវនាការ ដោយទុកតែលោក យឹម លាងហ៊ី តែម្នាក់ប៉ុណ្ណោះ ដើម្បីសួរនាំ។ ពួកគេត្រូវបានចោទប្រកាន់ពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់» តាំងពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១។
នៅក្នុងសវនាការនោះ អ្នកស្រី អ៊ុក រ៉េតគន្ធា ប្រធានចៅក្រមជំនុំជម្រះ បានឱ្យដឹងថាលោក យឹម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា និងលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez-Davidson) ស្ថាបនិកចលនាមាតាធម្មជាតិ ត្រូវបានចោទប្រកាន់ពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់» ដែលប្រព្រឹត្តសកម្មភាពក្នុងប្រទេសកម្ពុជាអំឡុងឆ្នាំ ២០១២ ដល់ឆ្នាំ ២០២១។
ចំណែកសកម្មជនចំនួន ៧ នាក់ផ្សេងទៀត ដែលរួមមានលោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក ម៉ិញ ពិសិដ្ឋ កញ្ញា រ៉ី រក្សា និងលោក ពក ខឿយ រងការចោទប្រកាន់ពីបទ«រួមគំនិតក្បត់»។
ភស្តុតាងដែលដាក់បន្ទុកលើពួកគេ គឺឃ្លីបវីដេអូដែលជាការសន្ទនាគ្នារវាងសកម្មជនចលនាមាតាធម្មជាតិ ជាមួយលោកអាឡិចហ្សង់ដ្រូ តាមប្រព័ន្ធ Zoom កាលអំឡុងឆ្នាំ ២០២១ ការផ្តល់បទសម្ភាសន៍របស់លោក អាឡិចហ្សង់ដ្រូ ជាមួយសារព័ត៌មានអាស៊ីសេរី និងសារព័ត៌មាន ឌឹខេមបូឌាដេលី និងការទទួលបានលុយ ឬប្រាក់ខែក្នុងការធ្វើសកម្មភាពជាដើម។ នេះបើតាមប្រធានចៅក្រមជំនុំជម្រះ អ្នកស្រី អ៊ុក រ៉េតគន្ធា ដែលបានអានសំណុំរឿងនោះក្នុងសវនាការ។
ទាំងអ្នកស្រី អ៊ុក រ៉េតគន្ធា និងលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទសួរលោក យឹម លាងហ៊ី ពាក់ព័ន្ធនឹងសម្រង់សម្តីដែលសមត្ថកិច្ចបានដកស្រង់ចេញពីការប្រជុំ Zoom និងចោទសួរអំពីការចូលរួមសកម្មភាពជាមួយចលនាមាតាធម្មជាតិ ក៏ដូចជាការទទួលបានលុយ ឬប្រាក់ខែដែលលោកទទួលបានប្រមាណ ៥០០ ដុល្លារអាមេរិក។
លោក យឹម លាងហ៊ី បានការពារខ្លួន និងប្រាប់ចៅក្រមថា លោកមិនបានប្រមាថព្រះមហាក្សត្រឡើយ និងថា លោកតែងតែការពារព្រះមហាក្សត្រ។ លោកបន្តថា លោកទើបចូលរួមជាមួយចលនាមាតាធម្មជាតិបានប្រមាណ ១ខែ ទៅ ២ខែប៉ុណ្ណោះ ដោយសារលោកចង់ការពារធនធានធម្មជាតិ និងបរិស្ថាន ដែលបញ្ហាទាំងនេះនៅតែកើតមានក្នុងប្រទេស ឱ្យស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញ។
លោក យឹម លាងហ៊ី ប្រាប់ចៅក្រមទៀតថា លោកធ្លាប់ជាប់ពន្ធនាគារជាង ៤ ខែ ដោយអាជ្ញាធរបានឃាត់ខ្លួនអំឡុងខែមិថុនា ឆ្នាំ ២០២១ និងត្រូវបានដោះលែងឱ្យស្ថិតនៅក្រៅឃុំ អំឡុងខែវិច្ឆិកា ឆ្នាំ ២០២១។
សវនាការបានបិទបញ្ចប់នៅម៉ោងជិត ១១ ព្រឹក។ បន្ទាប់ពីសវនាការបានបិទបញ្ចប់ លោក យឹម លាងហ៊ី ប្រាប់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការ ដែលឃ្លាំមើលដោយកងកម្លាំងចម្រុះមួយចំនួនថា៖ «ខ្ញុំបញ្ជាក់ឡើងវិញ ពូជពង្សរបស់ខ្ញុំ គឺពូជពង្សគោរពព្រះមហាក្សត្រ ជីតារបស់ខ្ញុំទទួលបានមេដាយមាសពីព្រះមហាក្សត្រ។ ខួរក្បាលរបស់ខ្ញុំ ការងាររបស់ខ្ញុំធ្វើកន្លងមក គឺខ្ញុំគោរពអង្គព្រះមហាក្សត្រជាងគេបំផុត។ បើទោះបីជាមានការជជែកទាក់ទងអង្គព្រះមហាក្សត្រ ក៏ខ្ញុំលើកឡើងស្កាត់មិនឱ្យប្រមាថអង្គព្រះមហាក្សត្រដាច់ខាត»។
លោកបន្ថែមថា៖ «ក្នុងការចោទប្រកាន់ខ្ញុំថា ខ្ញុំប្រមាថព្រះមហាក្សត្រ ខ្ញុំយល់ថា អ្នកដែលចោទប្រកាន់ខ្ញុំទៅវិញទេ ដែលគាត់មានការគិតបែបនោះ»។
ចំណែកកញ្ញា ភួន កែវរស្មី ដែលធ្លាប់ជាប់ពន្ធនាគារជាង ១ឆ្នាំ ពីបទ «ញុះញង់» នៅតែចាត់ទុកថា សកម្មភាពរបស់សកម្មជនចលនាមាតាធម្មជាតិស្អាតស្អំ និងមិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ។ កញ្ញាបន្តថា តុលាការនឹងបន្តសវនាការជំនុំជម្រះ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤។
កញ្ញាប្រាប់អ្នកសារព័ត៌មានថា៖ «ក្នុងនាមជាជនជាប់ចោទ ពួកយើងអត់ចង់ឱ្យមានសវនាការមួយថ្ងៃពេញទេ ព្រោះពួកយើងមានការនឿយហត់នៅក្នុងការចោទសួរ នៅក្នុងបញ្ហាមួយចំនួន ដែលយើងអត់បានប្រព្រឹត្តខុសច្បាប់ ឬគ្រាន់តែជាសកម្មភាពស្អាតស្អំដែរ។ ប៉ុន្តែចៅក្រមបានសម្រេចហើយថានឹងធ្វើសវនាការមួយថ្ងៃពេញនៅថ្ងៃទី ៥ ខែមិថុនា ខែក្រោយនេះ»។
បើសិនជាតុលាការរកឃើញកំហុស ពួកគេអាចនឹងជាប់ពន្ធនាគារ ចន្លោះពី ៥ឆ្នាំទៅ ១០ឆ្នាំ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ ប្រាប់វីអូអេថា សវនាការទើបតែចាប់ផ្តើម ដូច្នេះលោកនឹងរង់ចាំមើលសវនាការបន្តទៀត ក៏ដូចជាភស្តុតាង និងសាក្សីដាក់បន្ទុកនានាលើសកម្មជន។ ដោយឡែកលោកថា អង្គការជាតិនិងអង្គការអន្តរជាតិដែលធ្វើការលើកកម្ពស់ផ្នែកបរិស្ថានយល់ថា ការចោទប្រកាន់លើពួកគេ គឺជារូបភាពគំរាមកំហែង និងបំភិតបំភ័យ។
គួរបញ្ជាក់ថា សកម្មជន ៣ នាក់ ក្នុងចំណោមសកម្មជនចលនាមាតាធម្មជាតិ ដែលរួមមានកញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋា ធ្លាប់ជាប់ពន្ធនាគារជាង ១ឆ្នាំពីបទ «ញុះញង់» ពាក់ព័ន្ធទៅនឹងគម្រោងយុទ្ធនាការដើរតែម្នាក់ឯងរបស់កញ្ញា ឡុង គន្ធា ទៅកាន់គេហដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដើម្បីស្នើសុំឱ្យបញ្ឈប់ការលុបបឹងតាមោកដែលនៅជាយរាជធានីភ្នំពេញ៕