អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders (RSF)) ដែលជាអង្គការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយនៅលើពិភពលោក បានបញ្ជាក់ថា សេរីភាពសារព័ត៌មាននៅក្នុងប្រទេសនានានៅទ្វីបអាស៊ីនៅបន្តធ្លាក់ចុះ ដោយក្នុងនោះប្រទេសចំនួន ២៦ ក្នុងចំណោម ៣១ បានធ្លាក់ចុះនៅក្នុងសន្ទស្សន៍ប្រចាំឆ្នាំរបស់អង្គការនេះ។
យោងតាមសន្ទស្សន៍សេរីភាពសារព័ត៌មានចុងក្រោយបង្អស់របស់អង្គការនេះ ទ្វីបអាស៊ីគឺជាតំបន់ដែលពិបាកបំផុតទីពីរនៅលើពិភពលោកក្នុងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន។ ប្រទេសមីយ៉ាន់ម៉ា ចិន កូរ៉េខាងជើង និងវៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានគ្រោះថ្នាក់ជាងគេបំផុតចំនួន ១០ នៅលើពិភពលោកសម្រាប់អ្នកបំពេញវិជ្ជាជីវៈផ្នែកសារព័ត៌មាននៅក្នុងតារាងសេរីភាពសារព័ត៌មានឆ្នាំ ២០២៤ របស់អង្គការនេះ។
គ្មានប្រទេសណាមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកទទួលបានចំណាត់ថ្នាក់ល្អផ្នែកសេរីភាពសារព័ត៌មានក្នុងចំណាត់ថ្នាក់កំពូលទាំង ១៥ នោះទេ។
ប្រទេសចិន កូរ៉េខាងជើង និងវៀតណាម ដែលជាប្រទេសកុម្មុយនីស្ត នៅបន្តស្ថិតនៅក្បែរបាតតារាងនៃសន្ទស្សន៍សេរីភាពសារព័ត៌មានរបស់អង្គការអ្នកកាសែតគ្មានព្រំដែនជាយូរមកហើយក្នុងចំណោមប្រទេសចំនួន ១៨០។ ឆ្នាំនេះ ចិនស្ថិតនៅលេខរៀងទី ១៧២ វៀតណាមទី ១៧៤ និងកូរ៉េខាងជើងទី ១៧៧។
ជាទូទៅ ប្រទេសនិងដែនដីដែលមានការធ្លាក់ចុះសេរីភាពសារព័ត៌មាននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានរួមចំណែកធ្វើឱ្យទ្វីបអាស៊ីក្លាយជាកន្លែងមួយដែលពិបាកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងការដំណើរការ។
ទីក្រុងហុងកុងដែលធ្លាប់ជាគំរូផ្នែកសេរីភាពសារព័ត៌មាននៅតំបន់អាស៊ីបានធ្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានពីលេខរៀងទី ៨០ ទៅដល់លេខរៀងទី ១៤៨ កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានចលាចលផ្នែកនយោបាយនិងច្បាប់ថ្មីដែលប៉ះពាល់ដល់សេរីភាពប្រព័ន្ធផ្សព្វផ្សាយ។
ចាប់តាំងពីច្បាប់សន្តិសុខជាតិថ្មីដែលដាក់ឱ្យអនុវត្តដោយរដ្ឋាភិបាលចិនបានចូលជាធរមានកាលពីឆ្នាំ ២០២០ មក ប្រព័ន្ធផ្សព្វផ្សាយយ៉ាងតិច ១២ នៅទីក្រុងហុងកុងត្រូវបានបិទ។ រដ្ឋាភិបាលចិនថា ច្បាប់នេះមានភាពចាំបាច់សម្រាប់ធ្វើឱ្យទីក្រុងហុងកុងមានស្ថិរភាព បន្ទាប់ពីទីក្រុងនេះមានភាពចលាចលផ្នែកនយោបាយនៅក្នុងឆ្នាំ ២០១៩ មក។
ប៉ុន្តែ អ្នកស្រី Aleksandra Bielakowska ដែលជាមន្ត្រីផ្នែកតស៊ូមតិនៃអង្គការអ្នកកាសែតគ្មានព្រំដែន បាននិយាយថា សេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅក្នុងទីក្រុងហុងកុងនៅតែគ្មានការរីកចម្រើន។
ទោះបីជាសន្ទស្សន៍សេរីភាពសារព័ត៌មានរបស់អង្គការអ្នកកាសែតគ្មានព្រំដែនបានបង្ហាញថា ទីក្រុងហុងកុងឡើងលំដាប់ថ្នាក់ទៅលេខរៀង ១៣៥ នៅឆ្នាំ ២០២៤ នេះក៏ដោយ ក៏នេះមិនមែនមានន័យថា សេរីភាពសារព័ត៌មាននៅក្នុងទីក្រុងនេះមានភាពប្រសើរឡើងនោះទេ។
អ្នកស្រី Bielakowska ពន្យល់ថា៖ «មូលហេតុដែលហុងកុងឡើងចំណាត់ថ្នាក់នេះគឺដោយសារតែការឡើងចុះនៃចំណាត់ថ្នាក់របស់ប្រទេសផ្សេងទៀតនៅក្នុងសន្ទស្សន៍នេះ»។
អង្គការអ្នកកាសែតគ្មានព្រំដែនបានបញ្ជាក់ថា ការធ្លាក់ចុះនៃបរិយាកាសប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ស៊ីរី និងអេរីត្រេ ដែលសុទ្ធសឹងតែជាប្រទេសស្ថិតនៅបាតតារាងនៃសន្ទស្សន៍នេះ បានរុញច្រានប្រទេសផ្សេងទៀតឱ្យឡើងចំណាត់ថ្នាក់នៅក្នុងសន្ទស្សន៍នេះ។
ការណីនេះក៏ធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាឡើងចំណាត់ថ្នាក់ផងដែរ។ ចំណាត់ថ្នាក់ថ្មីរបស់មីយ៉ាន់ម៉ាបានកើនឡើងចំនួនពីរលេខទៅនៅលំដាប់ថ្នាក់ទី ១៧១ ប៉ុន្តែនេះមិនមែនមានន័យថាសេរីភាពសារព័ត៌មាននៅក្នុងប្រទេសនេះមានភាពប្រសើរឡើងនោះឡើយ។
បច្ចុប្បន្ននេះ មីយ៉ាន់ម៉ាគឺជាប្រទេសទីពីរនៅលើពិភពលោកដែលចាប់អ្នកកាសែតដាក់ពន្ធនាគារច្រើនជាងគេបំផុតបន្ទាប់ពីប្រទេសចិន។ នេះបើយោងតាមអង្គការគណៈកម្មាធិការការពារអ្នកកាសែត (Committee to Protect Journalists)។
បន្ទាប់ពីរដ្ឋប្រហារយោធាដែលដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Min Aung Hlaing នៅក្នុងឆ្នាំ ២០២១ មក របបយោធាមីយ៉ាន់ម៉ាត្រូវបានគេចោទប្រកាន់ថាបានចាប់ខ្លួនមនុស្សតាមទំនើងចិត្ត បំពារបំពាន និងធ្វើទារុណកម្ម ហើយអ្នកកាសែតយ៉ាងតិច ៤ នាក់ត្រូវបានសម្លាប់ដោយយោធា។ នេះបើតាមការបញ្ជាក់របស់ក្រុមអង្គការការពារសិទ្ធិមនុស្ស។
ស្ថាប័នព័ត៌មានជាង ១០ ត្រូវបានរបបយោធាមីយ៉ាន់ម៉ាដកអាជ្ញាបណ្ណនៅក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ខណៈដែលអ្នកកាសែតរាប់រយនាក់ត្រូវបានចាប់ខ្លួន។
ប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបានអនុញ្ញាតឱ្យរាយការណ៍ព័ត៌មានដោយស្របច្បាប់នៅមីយ៉ាន់ម៉ា ត្រូវតែចុះបញ្ជីជាមួយរបបយោធា។ ប៉ុន្តែការចុះបញ្ជីនេះមានន័យថាអ្នកកាសែតត្រូវតែផ្ដល់ព័ត៌មានផ្ទាល់ខ្លួនឱ្យរបបយោធា ដែលករណីនេះធ្វើឱ្យពួកគេស្ទាក់ស្ទើរដោយខ្លាចរបបយោធាចាប់ខ្លួន។ សម្រាប់អ្នកកាសែតដែលនៅបន្តធ្វើកិច្ចការរបស់ខ្លួន ពួកគេត្រូវតែធ្វើដោយ «លួចលាក់» ដើម្បីចៀសវាងការក្លាយជាមុខសញ្ញារបស់យោធា។
លោក Aung Naing Soe ផលិតករភាពយន្តឯកសារ «មិនខ្លាចរអា (Undaunted)» ដែលរៀបរាប់អំពីការងើបឡើងប្រឆាំងនឹងការគ្រប់គ្រងបែបយោធា បាននិយាយថា ការលំបាកនៅក្នុងការរាយការណ៍ព័ត៌មានកើតចេញមិនត្រឹមតែពីរបបយោធាមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពីក្រុមប្រឆាំងផងដែរ។
លោកបញ្ជាក់ថា៖ «យើងគ្រប់គ្នាបានដឹងហើយអំពីហានិភ័យនៃការគំរាមកំហែងរបស់យោធា។ ...ប៉ុន្តែថ្មីៗនេះ យើងបានចាប់ផ្ដើមឃើញមានការប៉ុនប៉ងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយពីសំណាក់ក្រុម [ឧទ្ទាម] មួយចំនួនផងដែរ»។
លោកបន្ថែមថា៖ «ដូចមនុស្សទូទៅនៅក្នុងប្រទេសដែរ អ្នកកាសែតមីយ៉ាន់ម៉ាចាប់ផ្ដើមជិនណាយហើយ។ ពេលខ្លះយើងគ្មានកម្លាំងដើម្បីសរសេររឿងឬធ្វើបទសម្ភាសន៍ខ្លីៗទៀតទេ។ យើងធ្លាក់ទឹកចិត្តស្ទើរតែអស់ហើយ»។
ទោះជាយ៉ាងណាក៏ដោយ ក៏មានព័ត៌មានល្អមួយចំនួនសម្រាប់សេរីភាពសារព័ត៌មាននៅតំបន់អាស៊ីផងដែរ។ ចំណាត់ថ្នាក់ប្រទេសថៃបានហក់ឡើងខ្ពស់នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ ២០២៤ នេះពីទី ១០៦ មកនៅត្រឹមទី ៨៧។ ស្ថានភាពសន្តិសុខរបស់ថៃគឺជាកត្តាចម្បងមួយដែលជួយឱ្យមានការកើនចំណាត់ថ្នាក់នេះ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី Bielakowska។
អ្នកស្រីបានថ្លែងថា៖ «ប្រទេសថៃមានអំពើហិង្សាតិចជាងអ្វីដែលធ្លាប់បានកើតឡើងកាលពីប៉ុន្មានឆ្នាំមុន ហើយយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតថ្នាក់ជាតិកាលពីខែឧសភា ឆ្នាំ ២០២៣ ក៏មិនបានឈានទៅដល់ការកើតមានបាតុកម្មហិង្សាទៅលើអ្នកកាសែតដែរ»។
អ្នកស្រីបានបន្ថែមថា ទោះបីជាមានការប្រែប្រួលផ្នែកនយោបាយក៏ដោយ ក៏គ្មានការរីកចម្រើនគួរឱ្យកត់សម្គាល់ណាមួយនៅក្នុងបរិយាកាសនយោបាយជាទូទៅនៅក្នុងប្រទេសថៃនោះដែរ៕
ប្រែសម្រួលដោយលោក ភី សុភាដា