ការស្ទង់មតិថ្មីរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters និងក្រុមហ៊ុន Ipsos បានបង្ហាញថា ពលរដ្ឋអាមេរិកាំងភាគច្រើនជឿថាលោក Donald Trump ដែលទើបឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនឹងរុញច្រានរដ្ឋាភិបាលអាមេរិកឱ្យធ្លាក់ចូលកាន់តែជ្រៅបន្ថែមទៀតទៅក្នុងបំណុលនៅក្នុងអាណត្តិថ្មីរបស់លោក ទោះបីជាអ្នកគាំទ្របក្សសាធារណរដ្ឋភាគច្រើនមិនបង្ហាញក្ដីបារម្ភដូចក្ដីបារម្ភរបស់អ្នកគាំទ្របក្សប្រជាធិបតេយ្យទាក់ទិននឹងការគ្រប់គ្រងហិរញ្ញវត្ថុរបស់លោកក៏ដោយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ។
ការស្ទង់មតិរយៈពេលពីរថ្ងៃនេះដែលបានបញ្ចប់ទៅកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា អ្នកចូលរួមក្នុងការស្ទង់មតិនេះចំនួន ៦២% ដែលក្នុងនោះមានអ្នកគាំទ្របក្សប្រជាធិបតេយ្យចំនួន ៩៤% និងអ្នកគាំទ្របក្សសាធារណរដ្ឋចំនួន ៣៤% បាននិយាយថា គោលនយោបាយរបស់លោក Trump ទំនងជា «នឹងរុញច្រានបំណុលថ្នាក់ជាតិរបស់សហរដ្ឋអាមេរិកឱ្យឡើងកាន់តែខ្ពស់»។
លោក Trump បានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីបានសន្យាកាត់បន្ថយពន្ធសម្រាប់អាជីវកម្ម អ្នកធ្វើការ និងអ្នកទទួលបានប្រយោជន៍សន្តិសុខសង្គម ក៏ដូចជាបានសន្យាថានឹងយកពន្ធគយខ្ពស់លើទំនិញនាំចូលនិងបញ្ជូនជនអន្តោប្រវេសន៍ចេញទ្រង់ទ្រាយធំ។
សំណើកាត់បន្ថយពន្ធរបស់លោក Trump អាចធ្វើឱ្យបំណុលជាតិរបស់សហរដ្ឋអាមេរិកកើនចំនួន ៧,៥ លានលានដុល្លារបន្ថែមទៀតនៅក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ នេះបើយោងតាមគណៈកម្មាធិការសម្រាប់ថវិកាសហព័ន្ធដែលមានការទទួលខុសត្រូវ (Committee for a Responsible Federal Budget) ដែលជាអង្គការមិនប្រកាន់ខាងគណបក្សណាមួយ។
ការស្ទង់មតិដែលធ្វើតាមអនឡាញនេះបានស្ទង់មតិលើមនុស្សពេញវ័យចំនួន ១.៤៧១ នាក់នៅទូទាំងប្រទេសនិងមានអត្រាលម្អៀងចំនួន ៣ ពិន្ទុភាគរយ៕