រដ្ឋាភិបាលរុស្ស៊ីបានសុំអភ័យទោសចំពោះការយល់ច្រឡំអំពីអ្នកយកព័ត៌មានរបស់ VOA ចំពោះកំណត់សម្គាល់ដែលបានធ្វើឡើងដោយលោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ីនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារដែលក្នុងនោះលោករដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានយល់ច្រឡំសេចក្តីរាយការណ៍របស់ VOA ដែលធ្វើឲ្យប៉ះពាល់ដល់ភាពគួរទុកចិត្តបានរបស់ទីភ្នាក់ងារនោះ។
ប៉ុន្មានម៉ោងបន្ទាប់ពីកំណត់សម្គាល់របស់លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី Lavrov លោកស្រី Maria Zahkarova បានចុះផ្សាយការសុំអភ័យទោសនៅលើទំព័រហ្វេសប៊ុក ស្តីពីប្រវត្តិរបស់អ្នកស្រី Danila Galperovich អ្នកយកព័ត៌មានរបស់ VOA ផ្សាយជាភាសារុស្ស៊ីដែលប្រចាំការនៅក្នុងទីក្រុងមូស្គូ។
ក្នុងសន្និសីទកាសែតរបស់លោកនៅក្នុងទីក្រុងមូស្គូ លោករដ្ឋមន្រ្តីការបរទេស រុស្ស៊ី Lavrov បានរិះគន់របាយការណ៍នៅលើគេហទំព័រកាលពីថ្ងៃទី៧ ខែមករាដោយអ្នកស្រី Galperovich ដែលបានសរសេរថា មន្រ្តីរុស្ស៊ីមិនទាន់បានឆ្លើយតបឲ្យបានលម្អិតទៅនឹងការចោទប្រកាន់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកដែលថាពួកអ្នកលួចចូលក្នុងប្រព័ន្ធកុំព្យូទ័ររុស្ស៊ី បានជ្រៀតជ្រែកយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ ពួកមន្រ្តីសហរដ្ឋអាមេរិក បានបង្ហាញភស្តុតាងនៅក្នុងការគាំទ្រការចោទប្រកាន់ពីការលបចូលរបស់រុស្ស៊ីទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅក្នុងសប្តាហ៍ទីមួយនៃខែមករាហើយនិងនៅក្នុងរបាយការណ៍របាយការណ៍បើកចំហរមួយដែលបានចេញផ្សាយទៅកាន់បណ្តាញផ្សាយព័ត៌មានកាលពីថ្ងៃទី៦ ខែមករា នៅថ្ងៃតែមួយដែលពួកមន្រ្តីសហរដ្ឋអាមេរិកបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតដល់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំនៅអាគារ Trump Tower ក្នុងទីក្រុងញូវយ៉ក៕