ការ​តវ៉ា​ប្រឆាំង​​មាន​កាន់​តែ​ច្រើន​នៅ​​មីយ៉ាន់ម៉ា​ ខណៈ​​កូរ៉េខាងត្បូង​​ផ្អាក​​ការ​ផ្លាស់ប្តូរ​ខាង​យោធា

  • ​Reuters

ព្រះសង្ឃនិងក្រុមអ្នកតវ៉ាប្រឆាំងយោធា បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅទីក្រុងម៉ាន់ដាឡេ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។

ក្រុម​សកម្មជន​មីយ៉ាន់ម៉ា​បាន​ធ្វើ​បាតុកម្ម​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ ប្រឆាំង​នឹងមេដឹកនាំ​យោធា​នៅ​ថ្ងៃ​សុក្រ​នេះ​។

ស្របពេលជាមួយគ្នានោះ ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​បញ្ជាក់​ថា ខ្លួន​នឹង​ផ្អាក​ការ​ផ្លាស់ប្តូរ​វិស័យ​ការពារ​ប្រទេស​ជាមួយ​មីយ៉ាន់ម៉ា​ និង​ពិចារណាឡើង​វិញ​ពី​ជំនួយ​អភិវឌ្ឍន៍​ដល់​ប្រទេសនេះ ដោយសារ​តែ​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​របស់​ក្រុម​យោធា​លើ​បាតុករ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន Reuters។

ការ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​សុក្រ​នេះ បាន​កើត​មាន​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​មួយ​បាន​បញ្ជាក់​ថា កង​កម្លាំង​សន្តិសុខ​បាន​សម្លាប់​បាតុករ​ ១២​ នាក់ ​ហើយមេធាវី​របស់​អ្នកស្រី Aung San Suu Kyi មេដឹកនាំ​ដែល​ត្រូវបានយោធា​ទម្លាក់​ពី​តំណែង​ បាន​សើច​ចំអក​ចំពោះ​ការ​ចោទប្រកាន់របស់យោធាអំពី​អំពើ​ពុករលួយ​ថ្មី​មកលើ​អ្នកស្រី។

សមាគម​ជួយ​អ្នក​ទោស​នយោបាយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា បាតុករ​ជាង ៧០​ នាក់​ ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​រដ្ឋប្រហារ​មក។

ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «ថ្វី​បើ​មាន​ការ​ទាមទារ​ម្តងហើយ​ម្តង​ទៀត​ពី​សហគមន៍​អន្តរជាតិ​ក៏ដោយ រួម​ទាំងពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផង មាន​ជន​រងគ្រោះកើន​ឡើង​បណ្តាល​មក​ពី​សកម្មភាព​ហិង្សា​របស់​ក្រុម​អាជ្ញាធរ​យោធា​និង​ប៉ូលិស»។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​ក្រុង​សេអ៊ូល​នឹង​ផ្អាក​ការ​ផ្លាស់ប្តូរ​ខាង​វិស័យ​ការពារ​ជាតិ ហាម​ឃាត់​ការ​នាំ​អាវុធ​ចេញ កម្រិត​ការ​នាំ​ចេញ​របស់​របរ​សំខាន់ៗ​ផ្សេង​ទៀត ពិចារណា​ជំនួយ​អភិវឌ្ឍន៍​និងធ្វើ​ការ​លើកលែង​ខាង​មនុស្សធម៌​ ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​មីយ៉ាន់ម៉ា​អាច​ស្នាក់នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ​រហូត​ទាល់​តែ​ស្ថានភាព​ប្រសើរ​ឡើង​វិញ៕