ខណៈដែលវិបត្តិនយោបាយកម្ពុជានៅបន្តអូសបន្លាយ ក្រោយពេលការចុះបញ្ជីគណបក្សនយោបាយដោយគ្មានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយនោះ ស្ថាប័នរៀបចំការបោះឆ្នោតជាតិបានបន្តទទួលស្គាល់គណបក្សនយោបាយផ្សេងៗជាច្រើនទៀតឲ្យចូលរួមការបោះឆ្នោតខែកក្កដា។ ក្រុមអ្នករិះគន់ អង្គការសហប្រជាជាតិ និងបណ្ដាបស្ចិមប្រទេសទាមទារឱ្យមានការបោះឆ្នោតសេរីនិងយុត្តិធម៌ដែលមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។
បើទោះបីជារងការរិះគន់ពីសំណាក់អ្នកនយោបាយជំទាស់ បណ្ដាប្រទេសបស្ចិមលោក និងប្រេសិតអង្គការសហប្រជាជាតិ ជុំវិញអវត្តមាននៃគណបក្សជំទាស់ដ៏ធំពីដំណើរការបោះឆ្នោតក៏ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានទទួលស្គាល់គណបក្សនយោបាយចំនួន៨ផ្សេងទៀត ធ្វើឲ្យចំនួនគណបក្សនយោបាយដែលត្រូវចូលរួមការបោះឆ្នោតរដ្ឋសភាខែកក្កដាខាងមុខ បានឡើងដល់១៣ បើគិតមកត្រឹមថ្ងៃសៅរ៍កន្លងទៅ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ គ.ជ.ប.។
សេចក្តីប្រកាសរបស់ គ.ជ.ប. ធ្វើឡើងកាលពីថ្ងៃសុក្រ ត្រូវបានសរសេរថាតាមន័យដើមថា៖ «នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ គ.ជ.ប. បានទទួលស្គាល់គណបក្សនយោបាយចំនួន១១គណបក្សរួចហើយ»។
គ.ជ.ប. បានបញ្ជាក់ឲ្យដឹងទៀតថា មានគណបក្សនយោបាយចំនួន៩ផ្សេងទៀតកំពុងស្ថិតក្នុងការពិនិត្យដើម្បីចុះបញ្ជី។ ក្នុងចំណោមគណបក្ស៩នោះគឺ មានគណបក្សចំនួនពីរដែលធ្លាប់បើកការវាយប្រហារមកលើអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី គឺ គណបក្សឆន្ទៈខ្មែរ របស់លោកគង់ មុនីកា កូនប្រុសពៅបង្កើតរបស់លោកគង់ គាំ ជាអតីតសមាជិកព្រឹទ្ធសភាវ័យចំណាស់របស់បក្សប្រឆាំង និងគណបក្សមាតុភូមិយើង ដែលគេមិនធ្លាប់ស្គាល់។
លោក សម រង្ស៊ី ដែលរងការរិះគន់ពីកូនប្រុសលោកគង់ គាំ និងជាមេដឹកនាំចល នាសង្គ្រោះជាតិផងនោះ និងក្រុមមន្ត្រីរបស់លោកបានប្រតិកម្មពីខាងក្រៅប្រ ទេសមកជាបន្តបន្ទាប់ ដោយបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរធ្វើពហិការបោះឆ្នោតដែលពួកគេយល់ថាជាការបោះឆ្នោតក្លែងក្លាយនោះ ។
ក្រុមមន្ត្រីបក្សប្រឆាំងក៏បានថ្កោលទោសរដ្ឋាភិបាលលោកហ៊ុន សែននិង គ.ជ.ប. ថាបានដកចេញនូវជម្រើសរបស់ប្រជារាស្រ្តខ្មែរ ពោលគឺមិនឲ្យបក្សប្រឆាំងដ៏ធំនេះ អាចចូលរួមប្រកួតប្រជែងយកអំណាចដឹកនាំរដ្ឋ ក្រោយពីត្រូវបានរំលាយដោយតុលាការកំពូលកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
បន្ទាប់ពីមានការអំពាវនាវពីក្រុមមេដឹកនាំនិងសមាជិកគណបក្សសង្គ្រោះជាតិ ដោយស្នើឲ្យពលរដ្ឋធ្វើពហិការបោះឆ្នោតនោះ អ្នកនាំពាក្យរបស់ គ.ជ.ប. គឺលោកហង្ស ពុទ្ធាបានប្រាប់ ក្រុមកាសែតកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសនិ្នសីទព័ត៌មានមួយថា គ.ជ.ប និងក្រសួងមហាផ្ទៃ កំពុងសិក្សាខាងច្បាប់ដើម្បីចាត់វិធានការប្រឆាំងនឹងសំឡេងឃោសនាមិនឲ្យពលរដ្ឋទៅបោះឆ្នោត ដែលគ.ជ.ប អះអាងថា ជាកាយវិការផ្ទុយច្បាប់និងបញ្ច្រាសពីតថភាពរបស់សង្គមកម្ពុជាជាក់ស្តែង។
ក៏ប៉ុន្តែលោក សម រង្ស៊ី ដែលជាស្ថាបនិកគណបក្សសង្គ្រោះជាតិ បានឆ្លើយតបនឹងការវិធានការរបស់ គ.ជ.ប. ក៏ដូចជាក្រសួងមហាផ្ទៃ តាមសារនយោបាយរបស់លោកដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសុក្រ ពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក តាមន័យដើមថា៖
«ចំពោះមន្ត្រីរដ្ឋាភិបាលលោក ហ៊ុន សែន និងគូកនទាំងអស់ ដែលកំពុង ឬមានបំណងប្តឹងខ្ញុំ បន្ទាប់ពីការអំពាវនាវរបស់ខ្ញុំ សូមឲ្យប្រជាពលរដ្ឋធ្វើពហិការមិនចូលរួមការបោះឆ្នោត ថ្ងៃ ២៩ កក្កដា ខាងមុខ ខ្ញុំសូមរម្លឹកថា ការចូលរួមបោះឆ្នោត ជាសិទ្ធិរបស់ពលរដ្ឋគ្រប់រូប តែការមិនចូលរួមបោះឆ្នោត ក៏ជាសិទ្ធិរបស់ពលរដ្ឋគ្រប់រូបដែរ។ ករណីនេះ រឹតតែច្បាស់ថែមទៀត នៅពេលដែល យើងដឹងថា គេអំពាវនាវឲ្យយើងចូលរួមក្នុងការបោះឆ្នោតក្លែងក្លាយមួយ ដែលមិនផ្តល់ជម្រើសពិតប្រាកដជូនប្រជាពលរដ្ឋ ហើយដែលធ្វើឡើងគ្រាន់តែដើម្បីបំភ្លៃឆន្ទៈប្រជាពលរដ្ឋ ក្នុងគោលបំណងតែមួយគត់ គឺផ្តល់ភាពស្របច្បាប់ ឲ្យរបបផ្តាច់ការ ដែលប្រជាពលរដ្ឋភាគច្រើនស្អប់ខ្ពើម»។
លោក សម រង្ស៊ី បានសរសេរបន្ថែមថា៖ «ខ្ញុំគោរពសិទ្ធិគូបដិបក្ខរបស់ខ្ញុំ ក្នុងការមានយោបល់ និងសម្តែងមតិរបស់ពួកគេ។ ខ្ញុំសូមឲ្យគេគោរពសិទ្ធិរបស់ខ្ញុំផងដែរ ក្នុងការមានយោបល់ និងសម្តែងមតិ របស់ខ្ញុំ។ ខ្ញុំមិនមានមធ្យោបាយ និងបំណងថោកទាប ទៅរារាំងពលរដ្ឋណា មិនឲ្យគេទៅបោះឆ្នោត បើគេមានចិត្តចង់ទៅបោះឆ្នោត។មានតែរបបផ្តាច់ការទេ ដែលមានមធ្យោបាយ និងបំណងថោកទាប បង្ខំឲ្យពលរដ្ឋជាច្រើនលើសលប់ទៅបោះឆ្នោតទោះបីជាពួកគេមិនមានចិត្តចង់ទៅបោះឆ្នោតក៏ដោយ ពីព្រោះពួកគេយល់ឃើញថាវាជាការបោះឆ្នោតក្លែងក្លាយ ដូចអង្គការសហប្រជាជាតិបានបញ្ជាក់ គឺជាការបោះឆ្នោតដើម្បីគ្រាន់តែប្រថាប់ត្រាឲ្យរបបផ្តាច់ការតែប៉ុណ្ណោះ»។
ដំណើរនៃការរៀបចំបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨ខាងមុខ ត្រូវគេសង្កេតឃើញថា មានភាពប្រទាំងប្រទើសចម្រូងចម្រាសនៅក្រោយការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលរងការចោទប្រកាន់របស់រដ្ឋាភិបាលលោកហ៊ុន សែនថា បានប្រព្រឹត្តអំពើក្បត់ជាតិ ដោយការឃុបឃិតជាមួយបរទេសប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។
បន្ទាប់ពីការចាប់ខ្លួនលោក កឹម សុខា អាជ្ញាធរកម្ពុជាបានប្រើវិធានការណ៍ច្បាប់ចាត់ការបណ្ដាញប្រព័ន្ធផ្សព្វផ្សាយដែលមិនចំណុះឥស្សរជននយោបាយក្នុងអំណាច និងចាប់ក្រុមអ្នកដែលបញ្ចេញមតិរិះគន់ថ្នាកដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នជាបន្តបន្ទាប់ដាក់ក្នុងពន្ធនាគារ។ លើសពីនេះទៀតនោះ ក្រុមអង្គការសង្គមស៊ីវិលក៏បានរអ៊ូរទាំអំពី លំហរសិទ្ធិសេរីភាព ដែលត្រូវគេឃើញថាបានថយចុះ នៅស្ទើរតែពេញមួយឆ្នាំ២០១៧ ហើយបន្តមកឆ្នាំ២០១៨នេះទៀត។ ការណ៍នេះបានបង្កក្តីបារម្ភដល់បណ្ដាប្រទេសបស្ចិមលោកនានា និងស្ថាប័នមួយចំនួននៃអង្គការសហប្រជាជាតិផងដែរ។
អ្នកស្រី Rhona Smith ប្រេសិតពិសេសរបស់ អ.ស.ប. ទទួលបន្ទុករាយការណ៍ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក៏បាននិយាយកាលពីពេលកន្លងមកថា ការបោះឆ្នោតខែកក្កដា នឹងមិនអាចជាការបោះឆ្នោតពិតប្រាកដនោះឡើយ ប្រសិនបើ គណបក្សប្រឆាំងធំមួយមិនត្រូវបានគេអនុញ្ញាតឲ្យចូលរួមឈរឈ្មោះ។ មន្ត្រីឯក រាជ្យរបស់ អ.ស.ប. រូបនោះ ក៏អំពាវនាវដល់រដ្ឋាភិបាលទីក្រុងភ្នំពេញ ទម្លាក់ចោលបម្រាមដែលហាមក្រុមមន្ត្រីរបស់គណបក្សប្រឆាំងចំនួន១១៨រូប មិនឲ្យធ្វើនយោបាយផងដែរ។
នៅសហរដ្ឋអាមេរិកឯណោះវិញ រដ្ឋាភិបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានបង្ហាញការ«សោកស្ដាយយ៉ាងខ្លាំង» ចំពោះការសម្រេចរបស់រដ្ឋាភិបាលកម្ពុជាដែលមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមនៅក្នុងការបោះឆ្នោតនៅខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌ មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់បន្ថែមក្នុងសេចក្ដីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីទី១៧ ខែឧសភានេះថា៖ «ការសម្រេចរបស់រដ្ឋាភិបាលកម្ពុជានេះ បានរារាំងសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតរាប់លាននាក់ មិនឲ្យមានលទ្ធ ភាពបោះឆ្នោតឲ្យបេក្ខជនដែលខ្លួនពេញចិត្ត និងធ្វើឲ្យមានមន្ទិលសង្ស័យចំពោះសុចរិតភាពនៃដំណើរការបោះឆ្នោត»។
ចំណែកក្រុមសមាជិកសភាអាមេរិកាំងក្នុងគណៈកម្មការការបរទេស ក៏បានធ្វើសេចក្តីស្នើច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា ឬ ហៅថា H.R. 5754, Cambodia Democracy Act រួមនឹងវិសោធនកម្មផងដែរកាលពីថ្ងៃព្រហស្បតិ៍ ដោយផ្តោតទៅលើការដាក់ទណ្ឌកម្មនានាប្រឆាំងនឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងក្រុមមន្ត្រី ដែលមានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សេចក្តីស្នើច្បាប់ Cambodia Democracy Act លេខ H.R. 5754 និងវិសោធនកម្ម បន្ថែមមួយទៀតកាលពីថ្ងៃទី១៤ ខែឧសភា ដែលVOAទទួលបាននោះ បានរៀបរាប់លម្អិតពីការដាក់ទណ្ឌកម្មលើបុគ្គលជាយោធា មន្ត្រីសន្តិសុខ មន្ត្រីរដ្ឋាភិបាល ដែលមានការពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ ទណ្ឌកម្មទាំងនោះមានដូចជាការបង្កកទ្រព្យសម្បត្តិ ការមិនផ្តល់ទិដ្ឋាការ ការដាក់ពិន័យតាម ច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចអន្តរជាតិក្នុងគ្រាមានអាសន្ន ឬហៅថា International Emergency Economic Powers Act ។
សេចក្តីស្នើច្បាប់នេះត្រូវបានដឹកនាំតាក់តែងដោយ លោក Ted Yoho សមាជិកសភាខាងគណបក្សសាធារណរដ្ឋ មកពីរដ្ឋ Florida ជាប្រធានអនុគណៈកម្មាធិ ការទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិក នៃគណៈកម្មការការបរទេសនៅសភាជាន់ទាបសហរដ្ឋអាមេរិក។
លោក Ted Yoho បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានមួយថ្មីៗនេះថា សេចក្តីស្នើច្បាប់នេះនឹងជួយដល់ពលរដ្ឋកម្ពុជាទទួលបានលទ្ធិប្រជាធិបតេយ្យ ដោយទប់ស្កាត់ មិនអនុញ្ញាតឲ្យលោក ហ៊ុន សែន ពង្រឹងអំណាចតទៅទៀត។ លោក មានប្រសាសន៍ថា៖
«ពលរដ្ឋកម្ពុជាកំពុងស្រេកឃ្លានខ្លាំងនូវលទ្ធិប្រជាធិបតេយ្យ។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបុរសខ្លាំងកម្ពុជា បានក្តោបក្តាប់អំណាចជាច្រើនទសវត្សរ៍ ហើយគ្មានបំណងបន្ថយការច្បាមអំណាចដោយកណ្តាប់ដៃដែករបស់គាត់ក្នុងប្រទេសកម្ពុជាទេ។ដោយសារសំឡេងគាំទ្រចំពោះគណបក្សប្រឆាំងកាន់តែរឹងមាំឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ហ៊ុន សែន បានសម្រេចថាបើគាត់មិនកាន់អំណាចតទៅ ទៀតតាមរយៈប្រព័ន្ធបោះឆ្នោតក្លែង បន្លំទេ គាត់នឹងបន្តកាន់អំណាចតាមរយៈកម្លាំង»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា សម្ពាធពីក្រៅប្រទេសមិនអាចបង្អាក់ការរៀបចំបោះឆ្នោតនៅកម្ពុជាបានទេ ហើយក៏គ្មានសេណារីយ៉ូ នៃការបោះឆ្នោតឡើងវិញផងដែរ។
រីឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបណ្ដាអ្នកមុខអ្នកការ សហការី អ្នកគាំទ្រការដឹកនាំរបស់លោក តាមរយៈយុទ្ធនាការ លើប្រព័ន្ធអ៊ីនធឺណែត និងការចេញទៅផ្ទាល់ដល់មូលដ្ឋាន ក៏បានអំពាវនាវជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋដែលពេញសិទ្ធិបោះឆ្នោតទាំងអស់ ទៅបោះឆ្នោតជូនរូបលោក និងគណបក្សកាន់អំណាចជាបន្តទៀត ដោយលោកបានប្រកាសជាបន្តបន្ទាប់អំពីការកាន់អំណាចជានាយករដ្ឋមន្ត្រី យ៉ាងហោចដប់ឆ្នាំទៅមុខទៀត៕