កាលពីថ្ងៃសៅរ៍ ពួកឆ្មាំឆ្នេរសមុទ្រតួកគី បានស្ទាក់ពួកជនចំណាកស្រុកនិងជនភៀសខ្លួនជាង៦០នាក់នៅក្នុងសមុទ្រ Aegean នៅពេលពួកគេខិតខំប្រឹងប្រែងធ្វើដំណើរឱ្យបានទៅដល់កោះ Lesbos នៃប្រទេសក្រិក។
ក្រុមជនទាំងនេះដែលមានរួមបញ្ចូលទាំងជនជាតិស៊ីរីផងដែរបានត្រូវដឹកទៅកាន់ក្រុង Dikili នៃប្រទេសតួកគី ដោយធ្វើតាមកិច្ចព្រមព្រៀងមួយរវាងសហភាពអឺរ៉ុប និងប្រទេសតួកគី ដែលចូលជាធរមាននៅថ្ងៃទី៤ខែមេសា។ ក្រុង Dikili ជាមជ្ឈមណ្ឌលមួយក្នុងបណ្តាមជ្ឈមណ្ឌលមួយចំនួនដែលបានត្រូវចាត់ចែងសម្រាប់ពួកជនចំណាកស្រុកដែលត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រទេសតួកគីវិញ។
ពួកអ្នកតវ៉ាប្រមាណ៣០០នាក់ប្រឆាំងនឹងពួកជនចំណាកស្រុកនៅក្នុងក្រុង Dikili បានធ្វើបាតុកម្មកាលពីថ្ងៃសៅរ៍ ប្រឆាំងនឹងកន្លែងចុះឈ្មោះនិងជំរុំជនភៀសខ្លួនសម្រាប់ពួកអ្នកស្វះស្វែងសុំសិទ្ធិជ្រកកោនដែលបានត្រូវច្រានចោលនៅក្នុងក្រុងរបស់ពួកគេ។
កាលពីខែមុន ប្រទេសតួកគី បានយល់ព្រមជាមួយសហភាពអឺរ៉ុបក្នុងការកាត់បន្ថយលំហូរពួកជនចំណាកស្រុកចូលក្នុងទ្វីបអឺរ៉ុបដែលមិនធ្លាប់មានច្រើនបែបនេះចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ តាមរយៈលក្ខខណ្ឌនៃផែនការនេះ ពួកជនចំណាកស្រុកដែលបានទៅដល់ប្រទេសក្រិកដោយខុសច្បាប់ពីប្រទេស តួកគី នឹងត្រូវបញ្ជូនត្រឡប់ទៅវិញប្រសិនបើការដាក់ពាក្យសុំសិទ្ធិជ្រកកោនរបស់ពួកគេ បានត្រូវច្រានចោល។ ជាថ្នូរនិងការងារនេះ សហភាពអឺរ៉ុបនឹងឱ្យជនភៀសខ្លួនស៊ីរីត្រឹមត្រូវតាមច្បាប់រាប់ពាន់នាក់ពីប្រទេសតួកគី ទៅតាំងលំនៅដ្ឋានជាថ្មីគឺម្នាក់សម្រាប់ជនជាតិស៊ីរីម្នាក់ដែលវិលត្រឡប់ពីកោះក្នុងប្រទេសក្រិក។
បើតាមរបាយការណ៍ថ្មីមួយរបស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចាប់តាំងពីខែមករាមក ប្រទេសតួកគីបានបង្ខិតបង្ខំបញ្ជូនជនភៀសខ្លួនប្រមាណ១០០នាក់ឱ្យវិលត្រឡប់ទៅប្រទេសស៊ីរីវិញ ស្ទើរតែរៀងរាល់ថ្ងៃ។
អង្គការសិទ្ធិមនុស្សនេះបាននិយាយកាលពីថ្ងៃសុក្រថា នេះជា«ការសម្ងាត់បើកចំហ»មួយនៅក្នុងផ្នែកខាងត្បូងនៃប្រទេសតួកគី ហើយគូសបញ្ជាក់អ្វីដែលអង្គការនេះហៅថា«ការខុសឆ្គងដ៏ធ្ងន់ធ្ងរ»នៅក្នុងកិច្ចព្រមព្រៀងរវាងប្រទេសតួកគី និងសហភាពអឺរ៉ុប៕