អតីតតំណាងហើយនឹងតំណាងបច្ចុប្បន្ននៅទីភ្នាក់ងារស្បៀងអាហារនិងកសិកម្មនៃអសប នៅថ្ងៃសៅរ៍បានបញ្ចប់ទស្សនកិច្ចបីថ្ងៃរបស់អស់លោកទៅកាន់ប្រទេសកេនយ៉ា ដើម្បីវាយតម្លៃការឆ្លើយតបរបស់អន្ដរជាតិទៅនឹងការរាំងស្ងួតហើយនឹងទុរ្ភិក្សដែលកំពុងតែកើតមានឡើងនៅក្នុងតំបន់ឥសាននៃទ្វីបអាហ្វ្រិក។ អស់លោកនិយាយថា ទីភ្នាក់ងារជំនួយមានលទ្ធភាពនឹងទៅកាន់តំបន់នានានៅប្រទេសសូម៉ាលីភាគខាងត្បូង ហើយថាជំនួយកំពុងតែទៅដល់មនុស្សដែលត្រូវការ ក៏ប៉ុន្ដែថាគេត្រូវតែធ្វើកិច្ចការច្រើនទៀត។
លោក ស្ដាន់លេក សាំខាំងហ្កេ (Stanlake Samkange) នាយកប្រចាំតំបន់នៃកម្មវិធីស្បៀងអាហារពិភពលោក ប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងណៃរ៉ូប៊ី (Nairobi) ថាទីភ្នាក់ងាររបស់លោក កំពុងតែពង្រីកការចែកចាយស្បៀងអាហារនៅក្នុងទីក្រុង Mogadishu ហើយ។
ឥឡូវនេះទីភ្នាក់ងារនេះប្រតិបត្ដិការណ៍ដោយផ្ទាល់ នៅក្នុងតំបន់ ហ្កេដូ (Gedo) ដែរ ដូចគ្នានឹងតំបន់ដទៃៗទៀត ដែលស្ថិតនៅ ភាគខាងជើងនិងខាងត្បូងនៃរដ្ឋធានីនៃប្រទេសសូម៉ាលី ដែលដើមឡើយត្រូវបានបិទជិតដោយពួកសកម្មប្រយុទ្ធ អាល់សាបាប (al-Shabab) ពាក់ព័ន្ធនឹងពួកអាល់កៃដា។
«ខ្ញុំគិតថា ស្ថានភាពនាំជំនួយទៅកាន់ប្រទេសសូម៉ាលីភាគខាងត្បូង កំពុងតែផ្លាស់ប្ដូរហើយ ពី្រព្រោះតែសម្ពាធ ហើយនឹងស្ថានភាពយ៉ាងធ្ងន់ធ្ងរនៅទីនោះ ហើយយើងកំពុងតែឆ្លើយតបនឹងស្ថានភាពនោះយ៉ាងសកម្មនិងយ៉ាងខ្លាំងក្លា»។ ក៏ប៉ុន្ដែលោកនិយាយថា ទីក្រុង ម៉ូហ្កាឌីស៊ូ (Mogadishu) នៅតែមានគ្រោះថ្នាក់ដោយសារតែអ្វីដែលលោកហៅថា «ភាពគ្មានសន្ដិសុខ» ដែលកើតមានឡើង ក្រោយពីពួក អាល់សាបាបដកចេញពីទីនោះកាលពីពេលថ្មីៗនេះ។
«ជាអកុសល មួយអាទិត្យកន្លងទៅបន្ដិចនេះ នៅទីកន្លែងចែកស្បៀងអាហារ ក្រោយពីការចែកស្បៀងអាហារបាន៧០ភាគរយប្រព្រិត្ដធ្វើទៅដោយសន្ដិភាព មានចលាចលពីក្នុងបណ្ដាក្រុមអ្នកផ្ដល់សន្ដិសុខនៅទីនោះ ហើយមនុស្សមួយចំនួនបាត់បង់ជីវិត ហើយមានការលួចប្លន់ស្បៀងអាហារមួយចំនួន»។
លោក សាំខាំងហ្កេ ជាសមាជិកនៃគណ:ប្រតិភូដឹកនាំដោយស.រ.អ. ដែលកំពុងតែធ្វើទស្សនកិច្ចនៅរដ្ឋធានីនៃប្រទេសកេនយ៉ា ហើយនឹងជំរំជនភៀសខ្លួនដាដាបស្ថិតនៅជិតព្រុំដែនប្រទេសកេនយ៉ានិងសូម៉ាលី នៅដើមអាទិត្យនេះ។ គោលដៅនៃទស្សនកិច្ចបីថ្ងៃនោះ គឺដើម្បីវាយតម្លៃមើលប្រសិទ្ធិភាពនៃការខំប្រឹងប្រែងរបស់អន្ដរជាតិដើម្បីទប់ទល់នឹងការរាំងស្ងួតនិងទុរ្ភិក្សនៅតំបន់ឦសានប្រទេសអាហ្វ្រិក។
ទុរ្ភឹក្សដែលបំផ្លេចបំផ្លាញតំបន់ឦសាននៃប្រទេសអាហ្វ្រិកត្រូវបានចាត់ទុកថា មានសភាពអាក្រក់ជាងគេបំផុតតាំងពីពេលជាច្រើនទសវត្សរ៍ហើយ ដោយមនុស្សជាង១២លាននាក់ប្រឈមនឹងការអត់ឃ្លាននិងការដាច់ពោះស្លាប់។ ការណ៍ដែលធ្វើឲ្យស្ថានភាពនោះកាន់តែធ្ងន់ធ្ងរឡើងគឺការប៉ះទង្គិចរវាងក្រុមឥស្លាមសកម្មប្រយុទ្ធ អាល់សាបាប ហើយនឹងរដ្ឋាភិបាលអន្ដរកាល ដែលនោះបានបណ្ដាលឲ្យបិទតំបន់ជាច្រើនដែលស្ថិតនៅភាគខាងត្បូង មិនឲ្យក្រុមអ្នកសង្គ្រោះចូលទៅបានទាល់តែមកដល់ពេលថ្មីៗនេះ។ ថ្មីៗនេះ អ.ស.ប. ប្រកាសតំបន់ជាច្រើននៅទីនោះថាជាតំបន់មានទុរ្ភឹក្ស៕
ប្រែសម្រួលដោយ កង ស៊ីវន