មន្រ្តីសហជីពបង្ហាញការព្រួយបារម្ភថា កម្មកររោងចក្រកាត់ដេរជាច្រើននាក់ទៀត នឹងត្រូវបញ្ឈប់ពីការងារ ខណៈពួកគេរាប់ពាន់នាក់បានបាត់បង់ការងាររួចហើយ ក្រោយរោងចក្រកាត់បន្ថយកម្លាំងពលកម្មជាបន្តបន្ទាប់ ដោយសារមិនមានការបញ្ជាទិញពីក្រៅប្រទេស។
ការបញ្ឈប់កម្មករពីការងារនេះកើតឡើងក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងការរាតត្បាតវីរុសកូរ៉ូណា ដែលនាំឲ្យមិនមានការបញ្ជាទិញ។ រដ្ឋាភិបាលកម្ពុជាដំបូងឡើយបានប្រកាសឲ្យរោងចក្រព្យួរការងារកម្មករហើយកម្មករដែលត្រូវព្យួរពីការងារនឹងទទួលបានប្រាក់ឧបត្ថម្ភ៧០ដុល្លារ ក្នុងនោះ៤០ដុល្លារពីរដ្ឋាភិបាល និង៣០ដុល្លារពីរោងចក្រកាត់ដេរ។
លោក ម៉ៃ ប៊ុនហៃ ប្រធានសហជីពឯករាជ្យកម្លាំងសាមគ្គីកម្មករ បានថ្លែងប្រាប់VOAនៅថ្ងៃពុធនេះថាកម្មករ១០នាក់នៅរោងចក្រ Sixplus ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានបញ្ឈប់ពីការងារ កាលពីថ្ងៃអង្គារ ហើយលោកទទួលដំណឹងថា រោងចក្រដែលផលិតសម្លៀកបំពាក់ម៉ាក Adidas នេះ នឹងបញ្ឈប់កម្មកររហូតដល់៥០ភាគរយនៃកម្មករសរុបជិត៣ពាន់នាក់ដោយសារមិនមានការងារធ្វើ។
លោក ម៉ៃ ប៊ុនហៃ ដែលកំពុងតាមដានការបញ្ឈប់កម្មករ បានស្នើឲ្យព្យួរការងារកម្មករ ជាជាងការបញ្ឈប់ពួកគេពីការងារ។
លោកមានប្រសាសន៍ថា៖ «គំនិតរបស់ខ្ញុំចង់ឲ្យក្រុមហ៊ុនព្យួរកិច្ចសន្យារបស់ពួកគាត់សិន ក្នុងកាលៈទេសៈដែលអត់ការងារធ្វើហ្នឹង។ ខ្ញុំអត់ចង់ឲ្យពួកគាត់ហ្នឹងបញ្ចប់កិច្ចសន្យាទេ។ អ៊ីចឹងអ្វីដែលគាត់រំពឹងរាល់ថ្ងៃហ្នឹង រំពឹងទៅលើប្រាក់ខែ។ ប្រសិនបើបញ្ចប់គាត់ គាត់លែងមានប្រាក់ខែក្នុងការចាយវាយប្រចាំខែ»។
លោកបន្ថែមថា កម្មករកាត់ដេរពិតជាជួបការលំបាកក្នុងជីវភាពរបស់ពួកគេ ដោយសារមិនអាចរកការងារផ្សេងបាន ហើយប្រឈមនឹងការបង់បំណុលគេផងដែរ។
លោកបញ្ជាក់ថា៖ «ពេលដែលគាត់ឈប់ពីការងារទៅ គាត់មិនដឹងទៅរកធ្វើស្អី។ ពាក់ព័ន្ធនឹងសំណង់ អត់ខ្វះទេ កម្មករច្រើនណាស់។ អ៊ីចឹងការងារនៅស្រុកខ្មែរមិនសូវមានការងារឲ្យពួកគាត់ធ្វើ»។
អ្នកនាង ផាន់ ស្រីរិទ្ធ អាយុ២៨ឆ្នាំជាកម្មការិនីនៅរោងចក្រ Sixplus មានប្រសាសន៍ថា អ្នកនាងត្រូវបានបញ្ឈប់ពីការងារកាលពីថ្ងៃអង្គារ ដោយរោងចក្រប្រាប់ថា មិនមានការងារធ្វើ។ អ្នកនាងដែលធ្វើការនៅរោងចក្រនេះ បានប្រមាណ៨ខែ លើកឡើងថា អ្នកនាងពិបាករកការងារធ្វើក្រៅពីរោងចក្រណាស់ ដោយសារធ្លាប់ធ្វើជាកម្មករកាត់ដេរប្រមាណ៧ឆ្នាំមកហើយ។ អ្នកនាងក៏កំពុងបារម្ភពីការបង់ប្រាក់សងធនាគារចំនួន១៥០ដុល្លារក្នុងមួយខែ ដែលត្រូវបង់ប្រមាណ៣ឆ្នាំទៀត។
អ្នកនាងបានថ្លែងប្រាប់VOAថា៖ «មិនដឹងថា ទៅរកការងារធ្វើនៅណា ពិបាករកឥឡូវ កំពុងតែមានរឿងអ៊ីចឹងៗ។ មិនដឹងទៅរកឯណា រោងចក្រក៏គេបិទអស់»។
VOA មិនអាចសុំការឆ្លើយតបពីរោងចក្រ Sixplus តាមទូរស័ព្ទ និងសារអេឡិចត្រូនិកបាននៅឡើយទេ។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ (Central) មានប្រសាសន៍ថា ស្ថានភាពបច្ចុប្បន្នក្នុងវិស័យកាត់ដេរ មានភាពច្របូកច្របល់ ដោយសារកម្មករត្រូវបានព្យួរពីការងារ និងបញ្ឈប់ពីការងារតែម្តង។ លោកក៏ទទួលបានព័ត៌មានថា កម្មករជាច្រើនទៀតត្រូវបានបញ្ឈប់ពីការងារ ហើយកម្មកររាប់ពាន់នាក់ទៀតនឹងប្រឈមបាត់បង់ការងារនៅពេលខាងមុខ។
លោកបញ្ជាក់ថា៖ «ភាពផុយស្រួយប្រឈមរបស់គាត់ហ្នឹងគឺការបាត់បង់ការងារ មានន័យថារោងចក្រអាចនឹងសម្រេចចិត្តនៅក្នុងការបញ្ឈប់កិច្ចសន្យារបស់ពួកគាត់។ អ៊ីចឹងអ្នកដែលប្រឈមខ្លាំងប្រហែលគឺកម្មករប្រមាណជា៦ម៉ឺននាក់ហ្នឹងឯង»។
មិនមានទិន្នន័យច្បាស់លាស់ថា តើកម្មករប៉ុន្មាននាក់ត្រូវបានបញ្ឈប់ពីការងារនោះទេ ខណៈមានវិបត្តិនៃការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណានេះ។ កន្លងទៅក្រសួងការងារបានលើកឡើងថា កម្មករជាង៦ម៉ឺននាក់ត្រូវបានព្យួរពីការងារ ប៉ុន្តែមិនបានបញ្ជាក់ចំនួនកម្មករដែលត្រូវបានបញ្ឈប់ពីការងារនោះទេ។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជាហៅកាត់ថា GMAC ប្រាប់VOAកាលពីសប្តាហ៍មុនថា រោងចក្រជាច្រើនទៀតនឹងអាចស្នើសុំព្យួរកម្មករឬផ្អាកដំណើរការនៅខែក្រោយទៀត ដោយសារស្ថានភាពកូរ៉ូណាមិនទាន់ធូរស្បើយ និងគ្មានអ្នកបញ្ជាទិញ។
ទាក់ទងនឹងប្រាក់ឧបត្ថម្ភសម្រាប់កម្មករដែលត្រូវបានព្យួរការងារ លោក ខេន លូ បញ្ជាក់ថា រោងចក្រនឹងព្យាយាមបើកប្រាក់ឲ្យកម្មករ ប៉ុន្តែលោកមិនដឹងថា អាចបើកបានដល់ពេលណានោះទេ។
លោកមានប្រសាសន៍ថា៖ «បើយើងថាមានលទ្ធភាពឬក៏អត់មានលទ្ធភាពយើងអត់ដឹងទេប៉ុន្តែយើងដឹងថា អាហ្នឹង គឺជាការណែនាំរបស់រាជរដ្ឋាភិបាល យើងត្រូវធ្វើតាម។ ឥឡូវអត់មានរោងចក្រណា ព្យួរបានច្រើនខែ អត់មានការងារធ្វើ អត់មានក្រុមហ៊ុនមួយ(ណា)ដែលអាចធ្វើ(ព្យួរ)បានច្រើនខែទេ»។
កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលមានការលំបាកក្នុងការជួយឧបត្ថម្ភថវិកាដល់កម្មករដែលត្រូវបានព្យួរពីការងាររោងចក្រ។
វិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងគឺជាក្បាលម៉ាស៊ីននៃការនាំចេញធំបំផុតលំដាប់ទីមួយរបស់កម្ពុជា។ វិស័យនេះបានស្រូបយកកម្លាំងពលកម្មប្រមាណជា៨០ម៉ឺននាក់ ដែលភាគច្រើនគឺជាប្រជាពលរដ្ឋមកពីបណ្តាខេត្តនិងជនបទ។ វិស័យនេះបានធ្វើឲ្យកម្មករអាចជួយជីវភាពគ្រួសារនៅតាមជនបទ ក្នុងនោះមានការដោះស្រាយបំណុលផងដែរ។ ទីផ្សារសំខាន់របស់វិស័យវាយនភណ្ឌនេះ គឺសហភាពអឺរ៉ុបដែលជាទីផ្សារធំទី១ និងសហរដ្ឋអាមេរិក ដែលជាទីផ្សារធំលំដាប់ទី២៕