របាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មាន ម៉ុងហ្កាបេ (Mongabay) រកឃើញថា ក្រុមហ៊ុនអង្គរ ផ្លាយវូត ខូ អិលធីឌី (Angkor Plywood Co., Ltd ) ដែលជាក្រុមហ៊ុនកាប់ឈើដ៏លេចធ្លោមួយនៅកម្ពុជា បាននាំចេញឈើកម្រទៅប្រទេសវៀតណាម និងប្រទេសចិនដោយខុសច្បាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
បើតាមការចុះផ្សាយរបស់កាសែត Mongabay កាលពីថ្ងៃទី១៤ ខែសីហា ក្រុមហ៊ុន អង្គរ ផ្លាយវូត ត្រូវបានរកឃើញថាបានកាប់ឈើពីតំបន់ការពារផ្សេងៗដោយបំពានច្បាប់ តែមិនទទួលរងការអនុវត្តច្បាប់ណាមួយទេ ដោយសារអ្នកគ្រប់គ្រងក្រុមហ៊ុននេះមានទំនាក់ទំនងជាមួយអ្នកមានអំណាចនៅកម្ពុជា។
កាសែត Mongabay ដែលបានចំណាយពេលប្រមាណជាងមួយឆ្នាំស៊ើបអង្កេតរឿងនេះ អះអាងថា ក្រុមហ៊ុនអង្គរ ផ្លាយវូតត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដោយលោក ជា ពៅ និង លូ ជូឆាង(Lu Chu Chang) ដែលមានប្រវត្តិនៅក្នុងឧស្សាហកម្មឈើ។ លោក ឆាង ធ្លាប់ដឹកនាំសមាគមឧស្សាហកម្មឈើកម្ពុជា ហើយត្រូវបានគេស្គាល់ថាជាសកម្មភាពកាប់ឈើខុសច្បាប់ពាក់ព័ន្ធនៅក្នុងតំបន់ព្រៃឈើការពារ។
កំណត់ត្រាដឹកជញ្ជូនពីឆ្នាំ ២០២១ ដល់ឆ្នាំ២០២៣ បង្ហាញថា Angkor Plywood បាននាំយកឈើប្រណីតថ្នាក់ទី១ (ថ្នាក់មានតម្លៃបំផុត)យ៉ាងច្រើន ដូចជា ស្រឡៅ ផ្ចឹក សុក្រំ ឈ្លីក និងកកោះជាដើមទៅឱ្យក្រុមហ៊ុនដែលចុះបញ្ជីនៅហុងកុងតាមរយៈប្រទេសវៀតណាម ហើយពាណិជ្ជកម្មនេះបម្រើទីផ្សារគ្រឿងសង្ហារិមប្រណីតជាចម្បង ដោយការនាំចេញជាច្រើនមានតម្លៃរាប់ម៉ឺនដុល្លារ។ នេះបើតាមកាសែត Mongabay។
របាយការណ៍របស់កាសែត Mongabay បានរកឃើញទៀតថា ប្រតិបត្តិការរបស់ក្រុមហ៊ុន Angkor Plywood ជារឿយៗពាក់ព័ន្ធនឹងសហគមន៍មូលដ្ឋាន ទាំងការជួលកម្មករក្នុងស្រុក ឬនាំយកកម្លាំងពលកម្មមកពីខេត្តផ្សេងៗ ខណៈដីសម្បទានសេដ្ឋកិច្ចត្រូវបានកេងប្រវ័ញ្ចដើម្បីបិទបាំងសកម្មភាពកាប់ឈើខុសច្បាប់ក្នុងព្រៃការពារ។
វីអូអេបានព្យាយាមសុំការអត្ថាធិប្បាយពីរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ជួប ប៉ារីស៍ តែលោកប្រាប់ឱ្យសួរលោក ខ្វៃ អាទិត្យា។ លោក អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានមិនឆ្លើយតបនឹងសំណួររបស់វីអូអេ។
ចំណែកលោក កែវ អូម៉ាលីស្ស អ្នកនាំពាក្យរដ្ឋបាលព្រៃឈើដាក់ទូរស័ព្ទចុះពេលអ្នកសារព័ត៌មានប្រាប់ថា មកពីវីអូអេ។
វីអូអេក៏បានព្យាយាមទាក់ទងទៅលេខទូរស័ព្ទដែលមានលើគេហទំព័ររបស់ក្រុមហ៊ុន Angkor Plywood ប៉ុន្តែលេខទូរស័ព្ទទាំងនោះមិនមានក្នុងប្រព័ន្ធ។ ចំណែកអ៊ីមែលរបស់ក្រុមហ៊ុនដែលវីអូអេផ្ញើទៅ មិនមានការឆ្លើយតប។
កន្លងមកក្រុមសង្គមស៊ីវិល រួមទាំងសមាគមបណ្តាញយុវជនកម្ពុជា បានជំរុញឱ្យរដ្ឋាភិបាលបដិសេធសំណើរបស់ក្រុមហ៊ុន Angkor Plywood សុំពន្យារអាជ្ញាបណ្ណនាំឈើចេញក្រៅប្រទេស ដោយសារតែប្រតិបត្តិការខុសច្បាប់ និងពាក់ព័ន្ធប្រភេទសត្វជិតផុតពូជ។
លោក ហេង គឹមហុង ប្រធានសមាគមបណ្តាញយុវជនកម្ពុជាដែលឃ្លាំមើលការកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃឡង់បានសម្តែងការព្រួយបារម្ភ នៅពេលដែលក្រុមហ៊ុនកាប់ឈើ ដែលមានអាជ្ញាបណ្ណពីរដ្ឋាភិបាល ប្រើប្រាស់អាជ្ញាបណ្ណទៅប្រព្រឹត្តខុសច្បាប់។
លោកថ្លែងថា៖ «ខ្ញុំយល់ថា អ្វីដែលក្រសួងពាក់ព័ន្ធក៏ដូចជារដ្ឋាភិបាលកម្ពុជា ត្រូវតែធ្វើគឺ ទី១ពិនិត្យមើលទៅលើសកម្មភាពក្រុមហ៊ុននេះតទៅទៀត ថាតើក្រុមហ៊ុននេះនៅតែមានការលួចនាំចេញ ឬក៏នាំចេញខុសនីតិវិធីរបស់ខ្លួនដែរ ឬទេ។ យើងពិតជាមានការព្រួយបារម្ភ ដែលកន្លងទៅយើងរកឃើញថា ការនាំចេញឈើ ឬក៏ការកាប់បំផ្លាញព្រៃឈើដែលកើតមានឡើងនៅក្នុងតំបន់ការពារធម្មជាតិហ្នឹងនៅតែបន្តកើតមានជាបន្តបន្ទាប់»។
បើតាមលោក ហេង គឹមហុង ប្រសិនបើសកម្មភាពទាំងនោះនៅតែបន្តកើតមាន នោះនិរន្តរភាពនៃតំបន់ការពារព្រៃឈើនៅកម្ពុជាមិនមានទៀតឡើយ។
កាលពីខែតុលា ឆ្នាំ២០២៣ សមាគមបណ្តាញយុវជនកម្ពុជារបស់លោក ហេង គឹមហុង ស្ថិតក្នុងចំណោមក្រុមសង្គមស៊ីវិលដែលបានអំពាវនាវឱ្យរដ្ឋាភិបាលបដិសេធសំណើរបស់ក្រុមហ៊ុន Angkor Plywood សុំបន្តអាជ្ញាបណ្ណនាំចេញឈើក្រៅប្រទេស។ ពួកគេលើកឡើងថា ប្រភេទសត្វព្រៃជាច្រើនដែលស្ថិតក្នុងតំបន់ព្រៃឈើដែលក្រុមហ៊ុនកាប់ អាចត្រូវបានរកឃើញតែនៅក្នុងតំបន់នោះប៉ុណ្ណោះ។ ប៉ុន្តែលោក គឹមហុង ថ្លែងថា លោកមិនទាន់ទទួលបានការឆ្លើយតបពីរដ្ឋាភិបាលនៅឡើយទេ។
ក្នុងចន្លោះឆ្នាំ ២០០១ ដល់ឆ្នាំ ២០២០ កម្ពុជាបាត់បង់គម្របព្រៃឈើជិត ២ លាន ៥ សែនហិកតា ឬស្មើនឹងប្រមាណ ២៨% នៃគម្របព្រៃឈើសរុប។ នេះបើតាមរបាយការណ៍ត្រួតពិនិត្យព្រៃឈើលើកទី១ ចេញនៅដើមឆ្នាំ២០២២ ដោយបណ្តាញសហគមន៍ព្រៃឡង់ ក្រោមគម្រោង «ប្រជាពលរដ្ឋចូលរួមក្នុងយុត្តិធម៌បរិស្ថានសម្រាប់ទាំងអស់គ្នា (CEEJA)»។ ការបាត់បង់នេះធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ ប៉ះពាល់ដល់ការអភិរក្សធនធានជីវៈចម្រុះ និងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពលរដ្ឋដែលពឹងផ្អែកលើព្រៃឈើ៕