គ្រោះទុរភិក្សកំពុងបង្ខំប្រជាពលរដ្ឋសូម៉ាលី (Somalia)រាប់រយពាន់នាក់ឲ្យចាកចេញពីទីលំនៅរបស់ខ្លួន ដើម្បីស្វែងរកអាហារទ្រទ្រង់ជីវិត។ អ្នកខ្លះធ្វើដំណើរឆ្លងព្រំដែនទៅកាន់ជំរុំជនភៀសខ្លួនក្នុងប្រទេសកេនយ៉ា (Kenya) និង ប្រទេសអេត្យូពី (Ethiopia) ដែលនៅទីនោះ ទីភ្នាក់ងារជំនួយអន្តរជាតិកំពុងផ្តល់ជំនួយស្បៀងអាហារ។ ប៉ុន្តែ អ្នកដែលភៀសខ្លួនទៅដល់រដ្ឋធានីសូម៉ាលី អាចស្វែងរកជំនួយបានតែបន្តិចបន្តួចប៉ុណ្ណោះ។
ស្ត្រីពរកូនដែលមានរូបរាងស្គមស្គាំង ដោយមានកាន់ឆ្នាំង ឬថង់ជ័រប្លាស្ទីកឈរតម្រង់ជួរអស់រយៈពេលជាច្រើនម៉ោង នៅខាងក្រៅផ្ទះបាយដ៏កខ្វក់នៅឯជំរុំ បាដបាឌូ (Badbaado) នៃរដ្ឋធានីម៉ូហ្គាឌីស្យូ។ នៅខាងក្នុង អ្នកស្ម័គ្រចិត្ត ឈរជិតខ្ទះដែកធំពីរ ហើយដួសបាយមួយវែក ដាក់ចូលទៅក្នុងឆ្នាំងឬថង់និមួយៗ។
សម្រាប់អ្នករស់នៅក្នុងជំរុំភាគច្រើនក្នុងចំណោមមនុស្សប្រមាណ ២ ម៉ឺននាក់ គឺមានតែបាយមួយវែកនេះរួមទាំងស៊ុបបន្តិចបន្តួចប៉ុណ្ណោះដែលពួកគេមានហូបដើម្បីរស់នៅបន្តទៀត។
អ្នកស្រី ខាឌីចា អ៊ីប្រាហ៊ីម (Khadija Ibrahim) អាយុ ៤០ ឆ្នាំ រួមនឹងកូនទាំង ៦ របស់អ្នកស្រី បានធ្វើដំណើរអស់រយៈពេលយ៉ាងយូរពីភូមិមួយដែលមានចម្ងាយ ២០០ គីឡូម៉ែត្រ ឋិតនៅភាគខាងត្បូងនៃរដ្ឋធានី ដែលជាតំបន់គ្រប់គ្រងដោយក្រុមពាក់ព័ន្ធនឹងពួកអាល់កៃដា (al-Qaida) ឈ្មោះ អាល់-ស្ហាបាប់ (al-Shabab)។ អ្នកស្រីនិយាយថា ខ្មាន់កាំភ្លើង al-Shabab បានសម្លាប់ប្តីរបស់អ្នកស្រីនៅពេលដែលគាត់បដិសេធនូវបញ្ជាឲ្យទៅវិហារអ៊ីស្លាម។
អ្នកស្រី Khadija និយាយថា បាយនេះមានជីវជាតិបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែវាគ្រាន់ជាងការមិនទទួលបានអ្វីសោះ ដែលជាករណីពួកគាត់ជួបប្រទះនៅក្នុងតំបន់ខាងត្បូងដែលរងគ្រោះដោយគ្រោះទុរភិក្ស។
អ្នកស្រីនិយាយថា «យើងហូបបាយសុទ្ធដោយមិនមានសាច់ ឬ បន្លែអ្វីទេ។ វាមិនមានជីវជាតិអ្វីទេ ប៉ុន្តែវាអាចធ្វើឲ្យយើងរស់បាន។ អ្វីក៏យើងហូបដែរ ឲ្យតែយើងអាចរកបាន»។
អាជ្ញាធរនិយាយថា ជំរុំរាប់រយដូចជាជំរុំ Badbaado បានរៀបចំឡើងនៅក្នុង និង ជុំវិញរដ្ឋធានីម៉ូហ្គាឌីស្យូ ក្នុងអំឡុង ៣ ខែចុងក្រោយនេះ។ ប្រហែលជាមានជំរុំដូចនឹងជំរុំ Badbaado ចំនួន ២០០ ឬ ៣០០។ គ្មាននរណាម្នាក់ដឹងច្បាស់នោះទេ។
ទោះបីជាជំនួយបានបញ្ជូនទៅដល់ជំរុំជនភៀសខ្លួននៅក្រៅប្រទេសសូម៉ាលីក៏ដោយ ក៏អង្គការសហប្រជាជាតិ និង ទីភា្នក់ងារមនុស្សធម៌អន្តរជាតិធំៗនៅតែមិនទាន់បានចាប់ផ្តើមធ្វើការចែកចាយអាហារនៅក្នុងរដ្ឋធានីម៉ូហ្គាឌីស្យូទេ។ គឺទើបតែមួយសប្តាហ៍មុនប៉ុណ្ណោះ ដែល al-Shabab ត្រូវបានកំចាត់ចេញពីទីក្រុង ដោយអនុញ្ញាតិឲ្យបុគ្គលិកជំនួយមនុស្សធម៌ធ្វើការវាស់វែងអំពីទំហំនៃគ្រោះមហន្តរាយដែលកំពុងតែមាន។
គេត្រូវការពេលប្រហែលជារាប់សប្តាហ៍ ឬរាប់ខែ មុននិងប្រព័ន្ធចែកចាយអាហារមួយត្រូវបានបង្កើតឡើង។
លោក អ៊ូម៉ារ៍ អេឌិន (Umar Aden) អាយុ ២៦ ឆ្នាំ បានមកដល់ទីនេះជាមួយគ្រួសាររបស់គាត់ អស់រយៈពេលជិតមួយខែមកហើយ។
គាត់និយាយថា អាហារបន្តិចបន្តួចដែលគាត់កំពុងបានទទួល គឺត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនអាជីវកម្មក្នុងស្រុក ដោយរំពឹងថានឹងអាចជួយការពារនូវភាពអត់ឃ្លានទ្រង់ទ្រាយធំបាន។
គាត់និយាយថា «ជំរុំនេះមានមេដឹកនាំម្នាក់ដែលប្រមូលថវិកាពីសហគមន៍ក្នុងស្រុក ហើយគាត់ក៏ដាំស្លសំរាប់ពួកយើងជារៀងរាល់ថ្ងៃ»។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់មនុស្សភាគច្រើន ពួកគេនៅតែមិនទាន់យល់ថាហេតុអ្វីបានជាវាស៊ីពេលយូរយ៉ាងដូច្នេះដើម្បីទទួលបានអាហារ ដែលចំនួនខ្លះបានបញ្ជូនទៅដល់កំពង់ផែម៉ូហ្គាឌីស្យូជាស្រេចទៅហើយនោះ។
អ្នកជំនាញខាងជំនួយមនុស្សធម៌និយាយថា សូម្បីតែនៅក្នុងករណីដ៏ល្អបំផុតក៏ដោយ ក៏ទិដ្ឋភាពទូទៅរយៈពេលខ្លី សម្រាប់អ្នកដែលធ្វើដំណើរមកដល់រដ្ឋធានីម៉ូហ្គាឌីស្យូ និងសម្រាប់អ្នកដែលនៅរងគ្រោះក្នុងតំបន់គ្រោះទុរភិក្សនៅភាគខាងត្បូង និងភាគកណ្តាលនៃប្រទេសសូម៉ាលី គឺនៅតែជាការរំខានដដែល៕
ប្រែសម្រួលដោយ ភី សុភាដា