ក្រុមហ៊ុន Moderna របស់សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួនបានចាប់ផ្តើមសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារ ដែលមានអាយុចាប់ពី ៦ ខែ រហូតដល់ ១២ ឆ្នាំ ដោយមានគម្រោងសាកល្បងលើកុមារប្រហែល ៦.៧៥០ នាក់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Stephane Bancel នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Moderna បាននិយាយថា៖ «យើងមានសេចក្តីរីករាយដែលបានចាប់ផ្តើមដំណាក់កាលទី ២ នៃការសាកល្បង ៣ ដំណាក់កាលរបស់វ៉ាក់សាំងកូវីដ១៩ លើកុមារដែលមានសុខភាពល្អនៅក្នុងសហរដ្ឋអាមេរិកនិងប្រទេសកាណាដា»។
លោកបានបន្ថែមថា៖ «ការសាកល្បងវ៉ាក់សាំងនេះលើកុមារនឹងជួយឲ្យយើងអាចវាយតម្លៃលើសុវត្ថិភាពនិងភាពស៊ាំនៃវ៉ាក់សាំងកូវីដ១៩ របស់យើងលើកុមារបាន»។
អាជ្ញាធរសុខាភិបាលរបស់សហរដ្ឋអាមេរិកបានលើកឡើងថា កន្លងមក មានកុមារតិចតួចប៉ុណ្ណោះដែលធ្លាក់ខ្លួនឈឺដោយសារជំងឺកូវីដ១៩ បើប្រៀបធៀបទៅនឹងមនុស្សពេញវ័យ ប៉ុន្តែក្រុមកុមារអាចឆ្លងនិងចម្លងជំងឺនេះទៅអ្នកដទៃបាន។
កន្លងមក កុមារភាគច្រើនដែលឆ្លងជំងឺកូវីដ១៩ មានរោគសញ្ញាតិចតួច ឬមិនមានរោគសញ្ញាអ្វីទាំងអស់។
មន្ត្រីអប់រំនិងគ្រូបង្រៀននៅទូទាំងសហរដ្ឋអាមេរិកកំពុងរងសម្ពាធឲ្យបើកសាលារៀនពេញលេញឡើងវិញឲ្យបានកាន់តែឆាប់ ប៉ុន្តែពួកគេជាច្រើននិយាយថា ពួកគេត្រូវការថ្នាក់រៀនដែលអាចគ្រប់គ្រងបាន ឬការសិក្សាផ្ទាល់ក្នុងថ្នាក់ដែលមានរយៈពេលខ្លី ដើម្បីអនុវត្តឲ្យបានពេញលេញតាមគោលការណ៍រក្សាគម្លាតពីគ្នាក្នុងគោលបំណងបង្ការការឆ្លងជំងឺកូវីដ១៩៕