ស្នងការ​សិទ្ធិ​មនុស្ស​ អ.ស.ប សម្តែង​ការ​បារម្ភ​អំពី​ស្ថានភាព​កាន់​តែ​អាក្រក់​នៅ​កម្ពុជា

រូបឯកសារ៖ លោក Volker Turk ស្នងការ​នៃ​ស្នងការ​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) ថ្លែង​សុន្ទរកថា​នៅ​រដ្ឋធានី Port-au-Prince ប្រទេស​ហៃទី ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣។ ​REUTERS/Ralph Tedy Erol

ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​សិទ្ធិ​សេរីភាព​នយោបាយ សារព័ត៌មាន និង​សង្គម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា​ខណៈ​ការបោះឆ្នោត​ជាតិ​កាន់​តែ​ជិត​មក​ដល់។

លោក Volker Turk ស្នងការ​នៃ​ស្នងការ​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បាន​ថ្លែង​ប្រាប់​ដល់​សម័យ​ប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ នៅ​ថ្ងៃ​អង្គារ​ ទី ៧ ខែមីនា ថា​៖ «នៅ​កម្ពុជា រដ្ឋាភិបាល​នៅ​តែ​បន្ត​គាប​សង្កត់​អ្នក​នយោបាយ​ប្រឆាំង​ អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ វិធានការ​នេះ​ត្រូវ​បាន​បន្ទរ​ដោយការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​គឺ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) និង​ការ​កាត់​ទោស​ធ្ងន់ធ្ងរ​មិន​ធម្មតា​កាល​ពី​សប្តាហ៍​មុន​លើ​លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​ពី​បទ​ចោទ​ប្រកាន់​ដែល​គួរ​ឱ្យ​ចោទ​សួរ»។

លោក កឹម សុខា អតីត​មេដឹកនាំ​គណ​បក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​តុលាការ​កាត់ទោស​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ ឆ្នាំ ពី​បទ «ក្បត់​ជាតិ»។ តុលាការ​ក៏បាន​ហាម​ឃាត់​លោក​មិន​ឱ្យ​ធ្វើ​នយោបាយ​ និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​ជនបរទេស​ឡើយ លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ។

ក្រសួង​ព័ត៌មាន​កម្ពុជា​បាន​លុប​ចោល​អាជ្ញា​បណ្ណ​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ ក្រោយ​ពី​បាន​ផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ជំនួយ​របស់​កម្ពុជា​ដល់​ជន​រង​គ្រោះ​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​តួកគី ដែល​ថា​លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ជំនួយ​ជំនួស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ឪពុក។​ ប៉ុន្តែ​អ្នក​ទាំង​ពីរ​បាន​បដិសេធ​និង​ទាមទារ​ឱ្យ​ VOD សុំទោស។ រដ្ឋាភិបាល​បាន​បិទ​សារព័ត៌មាន​នេះ​បើ​ទោះ​ជា​មាន​ការ​សុំ​ទោស​ពី​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​វិទ្យុ​ឯករាជ្យ​នេះ​ក៏​ដោយ។

លោក Volker Turk បាន​បន្ថែម​ថា៖ «សកម្មភាព​ទាំង​នេះ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​លម្ហ​ស៊ីវិល និង​នយោបាយ រួម​ទាំង​បរិយាកាស​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​ផង​ដែរ»។

លោក Volker Turk បាន​បញ្ជូន​សារ​ដល់​មេដឹកនាំ​កម្ពុជា ក៏​ដូច​ជា​មេដឹកនាំ​ប្រទេស​មួយ​ចំនួន​ដែល​នៅ​មិន​ទាន់​គោរព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​បក្ស​ប្រឆាំង​ឱ្យ​ស្តាប់​ប្រជាជន និង​ជា​ពិសេស​ជន​រងគ្រោះ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

លោក​បាន​បន្ថែម​ថា៖ «អ្នក​ទាំង​នេះ​គឺ​ជា​មនុស្ស​ដែល​មាន​បទពិសោធន៍​យ៉ាង​ស៊ីជម្រៅ​អំពី​បញ្ហា​ទាំង​នេះ ហើយ​ពួកគេ​មាន​អ្វី​ដែល​ត្រូវ​និយាយ​ថា​អ្នក​ត្រូវ​ស្តាប់»៕