ឆ្លើយតបនឹងរបាយការណ៍យន្តហោះគ្មានមនុស្សបើករបស់ស.រ.អា. ការិយាល័យកិច្ចការបរទេសរបស់ប៉ាគីស្ថាន បានអំពាវនាវសាជាថ្មីឲ្យ «បញ្ឈប់ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាបន្ទាន់»។ របាយការណ៍នេះក៏បាននិយាយថា ការវាយប្រហារបែបនេះបានរំលោភបំពានបូរណភាពដែនដី និងអធិបតេយ្យភាពរបស់ប៉ាគីស្ថាន។ រដ្ឋាភិបាលប៉ាគីស្ថានជាទម្លាប់បានត្រឹមតែរិះគន់ការវាយប្រហារនេះ ដែលសាធារណជនមិនសូវជាគាំទ្រប្រតិកម្មបែបនេះឡើយ ដោយសារតែ គេជឿថាអាជ្ញាធរបានលួចលាក់ចូលរួមក្នុងប្រតិបត្តិការវាយប្រហារក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ជនជាតិភាគតិចក្នុងប្រទេស។
អ្នករិះគន់ជាច្រើន បានដាក់សំណួរផ្សេងៗដល់ស.រ.អា. លើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកក្នុងទឹកដីប៉ាគីស្ថាន។ អ្នករិះគន់មួយចំនួនបានសួរថា៖ «តើនរណាអាចដឹងថាជនដែលជាគោលដៅនៃការវាយប្រហារនោះជាជនសកម្មប្រយុទ្ធ ឬជនស៊ីវិល?»។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់ប្រទេសប៉ាគីស្ថាន លោកស្រី Zohra Yousuf បានហៅការវាយប្រហារនេះជាទម្រង់នៃ «ការសម្លាប់ក្រៅប្រព័ន្ធតុលាការ»។
ទន្ទឹមគ្នានេះដែរ លោកស្រីបាននិយាយថា ជាក់ស្តែងអ្នកស្លាប់នៃការវាយប្រហារនោះ ភាគច្រើនគឺជាក្រុមសកម្មប្រយុទ្ធមែន។
លោកស្រី Yousuf ក៏បាននិយាយថា ប្រសិនបើប្រៀបធៀបនឹងការទម្លាក់គ្រាប់បែកពីអាកាស ចំនួនជនរងគ្រោះដែលជាជនស៊ីវិល គឺច្រើនជាងចំនួនជនរងគ្រោះនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។
ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ធ្លាប់ជាបញ្ហាធំជាងនេះក្នុងប្រទេសប៉ាគីស្ថានក្នុងរយៈពេលពីរបីឆ្នាំកន្លងទៅ ដែលចំនួននៃការវាយប្រហារបែបនេះស្ថិតនៅកម្រិតខ្ពស់ជាងពេលបច្ចុប្បន្ន។ សម្រាប់រយៈពេល៥ឆ្នាំចុងក្រោយនេះ ការវាយប្រហារបានថយចុះយ៉ាងខ្លាំងពីចំនួន ១២៨ដង ក្នុងឆ្នាំ២០១០ មកត្រឹម ១៣ដង នៅឆ្នាំមុន និងមានតែ ៣ដងប៉ុណ្ណោះក្នុងឆ្នាំនេះ។
ប្រែសម្រួលដោយ កោះ សុគន្ធី