ក្រសួង​ការងារ​ណែនាំ​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចាញ់បោក​ទៅ​ធ្វើការ​ក្រៅ​ប្រទេស

រូបឯកសារ៖ កម្មករសម្រាកហូបចំណីអាហារនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣។ (Photo by TANG CHHIN Sothy / AFP)

ក្រសួង​ការងារ​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ដែល​ចង់​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ ត្រូវ​ស្វែង​យល់​ពី​នីតិ​វិធី​ឱ្យ​បាន​ច្បាស់លាស់​ ចៀសវាង​ការ​ធ្លាក់​ខ្លួន​ជា​ជន​រងគ្រោះ​នៃ​អំពើ​ជួញ​ដូរ​មនុស្ស ​និង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម។​

សេចក្តី​ជូន​ដំណឹង​ស្តីពី​ការ​ប្រុងប្រយ័ត្ន​មុន​ពេល​សម្រេច​ចិត្ត​ទៅ​ធ្វើការ​នៅ​បរទេស ​ចេញ​កាលពី​ថ្ងៃ​ទី ១៣​ ខែ​កញ្ញា ​ឆ្នាំ ​២០២៤ ​បញ្ជាក់​ថា ​ក្រសួង​ការងារ​បាន​សង្កេត​ឃើញ​មាន​ជន​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដូចជា​ហ្វេសប៊ុក ​តិកតុក​ តេឡេក្រាម​ជាដើម ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​ផ្តល់​សេវា ​និង​រត់ការ​ជួយ​ប្រជា​ពលរដ្ឋ​ដើម្បី​ទៅ​ធ្វើការ​ និង​រស់​នៅ​ក្រៅ​ប្រទេស​ ដោយ​ពុំមាន​ការ​បញ្ជាក់​ត្រឹម​ត្រូវ​ពី​អាជ្ញាធរ​មាន​សមត្ថ​កិច្ច។​

សេចក្តី​ជូន​ដំណឹង​ដដែល​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​ «សូម​ក្រើន​រំឭក​ដល់​សាធារណ​ជន​ដែល​មាន​បំណង​ទៅ​ធ្វើការ​នៅ​បរទេស ​ត្រូវ​ស្វែង​យល់​ពី​នីតិ​វិធី​ឱ្យ​បាន​ច្បាស់លាស់ ​និង​ជ្រើស​រើស​ទី​ភ្នាក់​ងារ​ជ្រើសរើស​ឯកជន​ស្រប​ច្បាប់​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​ដើម្បី​ចៀស​វាង​ការ​ធ្វើ​ទេសន្តរ​ប្រវេសន៍​ការងារ​ដោយ​ប្រថុយ​ប្រថាន ​ដែល​អាច​នាំ​ឱ្យ​ធ្លាក់​ខ្លួន​ជា​ជន​រង​គ្រោះ​នៃ​អំពើ​ជួញ​ដូរ​មនុស្ស ​និង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម»។ ​ក្រសួង​ការងារ​ក៏​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ស្វែង​រក​ព័ត៌មាន​បន្ថែម​អំពី​ការងារ​នៅ​បរទេស ​ដោយ​ត្រូវ​ទាក់ទង​ទៅ​មន្ទីរ​ ឬ​ក្រសួង​ការងារ​ដោយ​ផ្ទាល់ ​ឬ​តាម​គេហ​ទំព័រ​ ឬ​ប្រព័ន្ធ ​Hotline ​លេខ​ ១២៨៦ ​ឬ​១២៩៧ ​ឬ​ក្រុម​តេឡេក្រាម​«សម្រាប់​ពលករ​ទេសន្តរ​ប្រវេសន៍»។​

បើ​តាម​សេចក្តី​ជូន​ដំណឹង ​ការ​បញ្ជូន​ ឬ​សម្រប​សម្រួល​ឱ្យ​បុគ្គល​ណា​ម្នាក់​ចេញ​ទៅ​ធ្វើការ​នៅ​បរទេស​ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ការងារ​ គឺ​ជា​អំពើ​ជួញ​ដូរ​មនុស្ស​ ដែល​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ពី ​៧ ​ឆ្នាំ​ ដល់ ​២០ ​ឆ្នាំ​ តាម​មាត្រា​៨​ ដល់​មាត្រា​១៨ ​នៃ​ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស ​និង​អំពើ​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទ។

លោក​ កត្តា អ៊ន​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ប្រាប់​វីអូអេ​តាម​បណ្តាញ​សង្គម​តេឡេក្រាម​នៅ​ថ្ងៃ​ទី​ ១៧​ ខែ​កញ្ញា​នេះ​ថា ក្រសួង​កំពុង​មាន​ចំណាត់​ការ​លើ​អ្នក​ដែល​បង្ហោះ​ការ​ផ្សព្វផ្សាយ​ការ​រត់ការ​ទៅ​រស់​នៅ ​ឬ​ធ្វើការ​នៅ​បរទេស។

លោក​បញ្ជាក់​ថា៖​ «ក្រសួង​បាន​ធ្វើការ​អង្កេត​ និង​ស្រាវជ្រាវ​ និង​ធ្វើ​ការ​ណែនាំ​ដល់​ម្ចាស់​ផេក​ឱ្យ​ធ្វើ​ការ​លុបចោល​ការ​ផ្សព្វ​ផ្សាយ​របស់​ខ្លួន​ និង​ចេញ​ការ​បំភ្លឺ​ដើម្បី​កុំ​ឱ្យ​សាធារណ​ជន​យល់​ច្រឡំ។​ ករណី​ខ្លះ​ក្រសួង​ក៏​បាន​ស្នើ​ទៅ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ដើម្បី​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ទាំង​នោះ​ផង​ដែរ»។​

លោក​ កត្តា អ៊ន​ បន្ថែម​ថា ​ក្រសួង​ការងារ​នៅ​តែ​បន្ត​អប់រំ​ប្រជា​ពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​ហានិភ័យ​នៃ​ការ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់ ​និង​ត្រូវ​ទាក់ទង​ភ្នាក់ងារ​ជ្រើស​រើស​ពលករ​ដែល​បាន​ចុះ​បញ្ជិកា​នៅ​ក្រសួង​ការងារ​ ដើម្បី​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស។​ ក្រសួង​ក៏​បាន​សហការ​ជា​មួយ​អាជ្ញាធរ​ និង​អ្នក​ពាក់ព័ន្ធ​ ដើម្បី​គ្រប់គ្រង​ពលករ​ ធានា​គោរព​សិទ្ធិ​ពលករ​ និង​ជួយ​ពលករ​តាម​តម្រូវ​ការ។​

បើ​តាម​លោក ​កត្តា អ៊ន​ ប្រទេស​ដែល​កម្ពុជា​មាន​សហ​ប្រតិបត្តិ​ការ​បញ្ជូន​ពលករ​ទៅ​ធ្វើការ​រួម​មាន ​សាធារណ​រដ្ឋ​កូរ៉េ ​ជប៉ុន​ ថៃ​ ម៉ាឡេស៊ី ​សិង្ហបុរី ​តំបន់​សេដ្ឋកិច្ច​ពិសេស​ហុងកុង ​និង​អារ៉ាប៊ីសាអូឌីត។​

លោក ​មឿន តុលា ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស ​ហៅ​កាត់​ថា សង់ត្រាល់​ លើក​ឡើង​ថា ​ការ​ចាញ់​បោក​មេ​ខ្យល់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ​នៅ​តែ​កើត​មាន​ច្រើន​ ជាពិសេស​ការ​ចេញ​ទៅ​ប្រទេស​ថៃ ​ចិន​ និង​ម៉ាឡេស៊ី។ ​លោក​ថា ​ភាព​ក្រីក្រ​ បំណុល​ កង្វះ​ការងារ​ក្នុង​ស្រុក ​កង្វះ​ការ​ផ្សព្វ​ផ្សាយ​ និង​ការ​អនុវត្ត​ច្បាប់​ធូររលុង​ គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យប្រជា​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ដោយ​គ្មាន​ឯកសារ។​

លោក ​មឿន តុលា ​បន្ថែម​ថា ​រដ្ឋាភិបាល​គួរ​បង្កើន​ការ​អប់រំ​ និង​ផ្សព្វ​ផ្សាយ​អំពី​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិ​ភាព​ឱ្យ​បាន​ទូលំ​ទូលាយ ​និង​បង្កើត​មុខ​របរ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន​ ដើម្បី​ទប់​ស្កាត់​ការ​ចាញ់​បោក ​និង​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​គ្មាន​ឯកសារ។​

លោក​បញ្ជាក់​ថា៖ ​«ពលរដ្ឋ​ក្រីក្រ​គាត់​រក​ការងារ​អត់​បាន​ ហើយ​ពេល​ខ្លះ​ទៅ​ ​ការងារ​ខ្លះ​មាន​ដែរ ​ក៏​ប៉ុន្តែ​អត់​អាច​អនុញ្ញាត​ឱ្យ​គាត់​រស់​បាន។ ​មានន័យ​ថា​ ប្រាក់​ឈ្នួល ​ប្រាក់​ចំណូល។ ​ថ្វីដ្បិត​តែ​រដ្ឋ​យើង​លោក​លើក​ឡើង​ថា​ ​អត្រា​នៃ​អ្នក​មាន​ការងារ​ធ្វើ​ខ្ពស់​មែន​ ក៏​ប៉ុន្តែ​អា​គុណភាព​នៃ​ការងារ​ហ្នឹង​វា​អត់​អាច​ធានា​ឱ្យ​ពលរដ្ឋ​ហ្នឹង​ឆ្ងាយ​ចេញ​ពី​បន្ទាត់​ភាព​ក្រីក្រ»។​

បើ​តាម​តួ​លេខ​របស់​ក្រសួង​ការងារ​ គិត​ត្រឹម​ឆ្នាំ​ ២០២២ ​ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា​ ១​លាន​ ៣​សែន​នាក់ ​កំពុង​ធ្វើ​ជា​ពលករ​នៅ​ក្រៅ​ប្រទេស​ដោយ​មាន​ឯកសារ ​ក្នុង​នោះ​ប្រទេស​ថៃ​មាន​ជាងមួយ​លាន​នាក់។ ​ចំនួន​នេះ​មិន​រាប់​ពលករ​ដែល​ធ្វើ​ចំណាក​ស្រុក​ដោយ​មិនមាន​ឯកសារ៕