តំណាងក្រសួងមហាផ្ទៃ នឹងជួបជាមួយតំណាងរបស់គណបក្សសង្គ្រោះជាតិនៅចុងខែមីនានេះ ដើម្បីស្ដាប់ការពន្យល់របស់គណបក្សសង្គ្រោះជាតិអំពីការរៀបចំសមាជរបស់គណបក្សនេះកាលពីដើមខែមីនា ទៅតាមការស្នើសុំរបស់អ្នកនាំពាក្យគណបក្សប្រឆាំង បន្ទាប់ពីក្រសួងមហាផ្ទៃបញ្ជាក់ថា សមាជដែលជ្រើសតាំងលោក កឹម សុខា ជាប្រធានថ្មីរបស់គណបក្សប្រឆាំង ជាសមាជខុសនឹងលក្ខន្តិកៈគណបក្ស។
កាលពីថ្ងៃទី២២ ខែមីនា នេះ ក្រសួងមហាផ្ទៃបានចេញលិខិតជូនដំណឹងមួយថា ការជ្រើសតាំងប្រធាន និងអនុប្រធានថ្មីរបស់គណបក្សប្រឆាំងក្នុងសមាជដែលបានធ្វើឡើងកាលពីថ្ងៃទី០២ ខែមីនា គឺខុសនឹងលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិខ្លួនឯង។
ក្រសួងមហាផ្ទៃក៏បានស្នើឲ្យគណបក្សសង្គ្រោះជាតិប្ដូរសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ដែលរដ្ឋាភិបាលអះអាងថា ជាពាក្យស្លោកមានចរិតញុះញង់ និងធ្វើឲ្យមានអសន្តិសុខសង្គម។
នៅក្នុងលិខិតជូនដំណឹងដែលចុះហត្ថលេខាដោយលោក ស ខេង ដដែលបញ្ជាក់ថា៖«បើផ្អែកតាមលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ សមាជវិសាមញ្ញបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន និងលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ជាអនុប្រធាននៃគណបក្សសង្គ្រោះជាតិ គឺបានអនុវត្តផ្ទុយនឹងប្រការ៤៧ ត្រេទី២ នៃលក្ខន្តិកៈគណបក្សដោយអាណត្តិនៅសល់មានរយៈពេល តិចជាង១៨ខែ គិតត្រឹមកាលបរិច្ឆេទដែលលោក សម រង្ស៊ី បានលាលែងចេញពីតំណែងជាប្រធានគណបក្សនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧»។
ក្រោយការចេញសេចក្ដីជូនដំណឹងភ្លាមៗ គណបក្សសង្គ្រោះជាតិ បានរៀបចំលិខិតផ្លូវការមួយ កាលពីថ្ងៃទី២៣ ខែមីនា សុំជួបលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីពន្យល់ពីការរៀបចំសមាជរបស់ខ្លួន កាលពីដើមខែមីនា។
បើតាមលិខិតដែលក្រសួងមហាផ្ទៃបានផ្ញើជូនគណបក្សប្រឆាំងនៅព្រឹកថ្ងៃសុក្រនេះ ក្រសួងមហាផ្ទៃ បានចាត់ លោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃ ដើម្បីជួបពិភាក្សាមន្ត្រីដែលមានតំណែងក្រោមរដ្ឋមន្ត្រី ជាមួយតំណាងរបស់គណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី២៩ ខែមីនា ខាងមុខនេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ VOA ថា ជំនួបរវាងតំណាងក្រសួងមហាផ្ទៃ និងគណបក្សប្រឆាំងដើម្បីពន្យល់ពីការធ្វើសមាជ និងការប្រើពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិក្នុងពេលខាងមុខនេះ គឺជាជំនួបបែបបច្ចេកទេស មិនមែនជាជំនួបបែបនយោបាយនោះទេ។
លោកបន្ថែមថា ប្រសិនបើការពន្យល់របស់តំណាងគណបក្សប្រឆាំងមិនសមស្រប ឬមិនអាចបញ្ជាក់ថាសមាជរបស់ពួកគេស្របច្បាប់ នោះគណបក្សសង្គ្រោះជាតិនៅមានជម្រើសចុងក្រោយមួយទៀត គឺប្ដឹងទៅតុលាការកំពូល។
លោកមានប្រសាសន៍ថា៖ «ឥឡូវក្រសួងមហាផ្ទៃឲ្យដូរ បើគាត់មិនដូរទេប្ដឹងទៅតុលាការកំពូលទៅ។ បើមិនសុខចិត្តទេមានតែប្ដឹង វាអត់មាននីតិវិធីណាក្រៅ។ ក្រសួងមហាផ្ទៃចេញឲ្យហើយ ហើយក្រសួងមហាផ្ទៃនៅតែរក្សាជំហរហ្នឹងដដែល អត់ប្រែប្រួល។ បើមិនដូរ ដកពាក្យហ្នឹងទេ គណបក្សប្រជាជនក៏គាត់ប្ដឹង ក្រសួងមហាផ្ទៃក៏គាត់ប្ដឹង»។
VOA មិនអាចទាក់ទងអ្នកនាំពាក្យ និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដើម្បីសុំការអធិប្បាយពាក់ព័ន្ធនឹងគម្រោងនៃជំនួបជាមួយក្រសួងមហាផ្ទៃបានទេ រហូតមកដល់ល្ងាចថ្ងៃសុក្រនេះ។
បើតាមលោក អេង ឆៃអ៊ាង អនុប្រធានមួយរូបរបស់គណបក្សសង្គ្រោះជាតិ បានប្រាប់ VOA កាលពីពេលថ្មីៗកន្លងទៅថា ការធ្វើសមាជវិសាមញ្ញគណបក្សកាលពីដើមខែមីនានេះ ធ្វើឡើងស្របតាមច្បាប់ ស្ដីពីគណបក្សនយោបាយថ្មី ដែលទើបតែត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ។
លោក អេង ឆៃអ៊ាង បានបន្ថែមថា សម្រាប់ពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ដែលគណបក្សសង្គ្រោះជាតិកំពុងប្រើ គឺជាពាក្យស្លោកធម្មតា និងគ្មានចរិតញុះញង់ ឬធ្វើឲ្យប៉ះពាល់ដល់អសន្តិសុខសង្គមដូចការលើកឡើងរបស់ក្រសួងមហាផ្ទៃនោះឡើយ។
លោកថា គណបក្សសង្គ្រោះជាតិ នឹងមិនផ្លាស់ប្ដូរពាក្យស្លោកនេះទេ ហើយក៏មិនបារម្ភពីការព្រមានប្ដឹងផ្ដល់ពីគណបក្សកាន់អំណាចនោះដែរ។
សមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ដែលជ្រើសតាំងមេដឹកនាំថ្មីរបស់គណបក្ស ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានលាចេញពីតំណែងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧៕