ក្រសួងព័ត៌មានណែនាំឱ្យបញ្ឈប់ការផ្សព្វផ្សាយសកម្មភាព​និងរូបភាពលើកទឹកចិត្តឱ្យប្រើប្រាស់គ្រឿងស្រវឹង

រូបឯកសារ៖ បុរសនាំគ្នាជល់កែវស្រា​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដោយ​ណែនាំ​ឱ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​អស់​បញ្ឈប់​រាល់​សកម្មភាព​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង ​និង​អនុវត្ត​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​កាល​ពី​កន្លង​ទៅ។ ​ចំណែក​ក្រសួង​សុខាភិបាល​វិញ​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​ដោយ​ប្រាប់​ប្រជា​ពលរដ្ឋ​កុំ​ឱ្យ​ពិសា​គ្រឿង​ស្រវឹង ​ដែល​វា​ប៉ះពាល់​ដល់​សុខភាព។​

ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​សំណាក់​ក្រសួង​ទាំង​ពីរ​ធ្វើ​ឡើង​ក្រោយ​មាន​ការ​បង្ហោះ​រូប​ភាព​របស់​យុវជន​ពីរ​នាក់ ​និង​យុវតី​ពីរ​នាក់​ពិសា​ស្រាបៀរ​កម្ពុជា​នៅ​លើ​សង្វៀន​ប្រដាល់ ​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​ទូរទស្សន៍​ BTV។ ​រូបភាព​នៃ​យុវជន​ទាំង​នេះ​ត្រូវ​បាន​ចែក​រំលែក​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជា​បន្ត​បន្ទាប់។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ ក្រសួង​ព័ត៌មាន​ឱ្យ​ដឹង​ថា​ ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សង្គម​ ដូចជា​គ្រោះថ្នាក់​ចរាចរណ៍​ អំពើ​ហិង្សា​ក្នុង​គ្រួសារ ​សង្គម​ និង​ប៉ះពាល់​ដល់​សុខភាព​ជាដើម ​ដែល​វា​កើត​ចេញ​ពី​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ដោយ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ។ ​ក្រសួង​បន្ថែម​ថា ​ក្រសួង​សង្កេត​ឃើញ​មាន​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​លើ​កញ្ចក់​ទូរ​ទស្សន៍ ​និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ​យ៉ាង​គគ្រឹក​គគ្រេង ​ដោយ​ប្រើ​សកម្មភាព​ជំរុញ​លើក​ទឹក​ចិត្ត ​និង​ប្រើ​រូបភាព​អូស​ទាញ​ប្រជា​ពលរដ្ឋ ​និង​យុវជន​ឱ្យ​ឈ្លក់​វង្វេង​សេព​គ្រឿង​ស្រវឹង។​

ដើម្បី​បង្ការ​ទប់​ស្កាត់ ​និង​លុប​បំបាត់​នូវ​រាល់​ភាព​អសកម្ម​ខាង​លើ ​ក្រសួង​ព័ត៌មាន​បាន​ក្រើន​រំឭក​ជា​ថ្មី​ម្តង​ទៀត​ដល់​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ ​ម្ចាស់​ក្រុម​ហ៊ុន​ផលិត ​នាំចូល​ ចែកចាយ​ និង​ក្រុមហ៊ុន​ផ្តល់​សេវា​កម្ម​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ទាំង​អស់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​លិខិត​ជូន​ដំណឹង​ និង​គោល​ការណ៍​ក្រម​ប្រតិបត្តិ​របស់​ក្រសួង​ព័ត៌មាន​ស្តីពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង ​ដូច​ជា​ហាម​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ផ្តល់​រង្វាន់ ​ដោយ​ប្រើ​សកម្ម​ភាព​ជំរុញ​ លើក​ទឹក​ចិត្ត​ ឬ​អូស​ទាញ​ប្រជា​ពលរដ្ឋ​ឱ្យ​ឈ្លក់​វង្វេង​សេព​គ្រឿង​ស្រវឹង​ ដើម្បី​ផ្សង​សំណាង​យក​រង្វាន់ ​និង​ពាក្យ​ស្លោក​ដែល​មាន​ចរិត​លើក​ទឹក​ចិត្ត​ហួស​ហេតុ​ពេក ​និង​ហាម​យក​ស្ត្រី ​និង​អនីតិជន​ក្រោម​អាយុ​ ១៨ ​ឆ្នាំ​ ផ្សាយ​គ្រឿង​ស្រវឹង​ដែល​ប៉ះពាល់​ដល់​សិទ្ធិ ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ។ ​ក្រសួង​ព័ត៌មាន​បន្ថែម​ថា​ រាល់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​តាម​កញ្ចក់​ទូរទស្សន៍​គ្រប់​ប្រភេទ ​និង​សារ​ព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ​ផ្សេងៗ​ត្រូវ​ដាក់​សារ​ព្រមាន​ថា​ ពិសា​គ្រឿង​ស្រវឹង ​សូម​កុំ​បើកបរ​ឬ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ។​

ក្រសួង​ព័ត៌មាន​បញ្ជាក់​ទៀត​ថា​ ករណី​ម្ចាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​ឬ​ក្រុមហ៊ុន​ផលិត​នាំ​ចូល ​ចែកចាយ ​ឬ​ក្រុមហ៊ុន​ផ្តល់​សេវា​កម្ម​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ណា​មួយ​មិន​អនុវត្ត​តាម​លិខិត​ជូន​ដំណឹង​នេះ ​ក្រសួង​នឹង​បញ្ឈប់​ការ​ផ្សាយ​ស្ពត​ពាណិជ្ជ​កម្ម​នោះ ​ហើយ​បើ​ម្ចាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ណា​ដែល​ល្មើស​នោះ ​ក្រសួង​ព័ត៌មាន​នឹង​អនុវត្ត​តាម​កិច្ច​សន្យា​ដែល​តម្កល់​ទុក​នៅ​ក្រសួង​ព័ត៌មាន។​

ចំណែក​ក្រសួង​សុខាភិបាល​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ពុធ​នេះ ​ដោយ​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ​គ្រួសារ​ សាលា​រៀន ​និង​សហ​គមន៍​ ចូលរួម​បង្កើត​បរិយាកាស​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ ដូច​ជា​អប់រំ ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​ និង​លើក​ទឹក​ចិត្ត​គាំទ្រ​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​ឱ្យ​លះ​បង់​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង។ ​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​ គ្រឿង​ស្រវឹង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​រយៈ​ពេល​វែង​ដូច​ជា​ ជំងឺ​ក្រិន​ថ្លើម ​ខូច​ថ្លើម​ មហា​រីក​ ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ងាយ​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​ការ​បង្ក​រោគ ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត ​ជំងឺ​បេះដូង ​និង​សរសៃ​ឈាម​ ជំងឺ​ខ្សោយ​សាច់​ដុំ ​និង​ឆ្អឹង​ជាដើម។​

លោក​ យង់ គិមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្ដិភាព​កត់​សម្គាល់​ឃើញ​ថា​ កន្លង​មក​ក្រសួង​ព័ត៌មាន​តែង​ចេញ​សេចក្ដី​ណែនាំ​អំពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ស្ប៉ត​គ្រឿង​ស្រវឹង​ទៅ​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​និច្ច ​ប៉ុន្តែ​ក្រសួង​ព័ត៌មាន​មិន​ដែល​អនុវត្ត​នូវ​វិធាន​ការ​ចំពោះ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ដែល​ធ្វើ​ខុស​ពី​ការ​ណែនាំ​នោះ​ទេ។​

លោក​ថ្លែង​ថា៖​ «ជាទូទៅ​តាម​ការ​សង្កេត​របស់​ខ្ញុំ ​គឺ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ក្រសួង​ព័ត៌មាន​ចេញ។ ​ក្រសួង​ព័ត៌មាន​តែង​តែ​ចេញ​ជា​រៀង​រាល់​ឆ្នាំ ​ក៏​ប៉ុន្តែ​ជា​ទូទៅ​គឺ​ក្រសួង​ព័ត៌មាន​មិន​ដែល​បាន​អនុវត្ត​សេចក្ដី​សម្រេច​របស់​ខ្លួន​ទៅ​លើ​ក្រុមហ៊ុន​ ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ខុស​ពី​សេចក្ដី​សម្រេច​ដែល​បាន​ចេញ​ដោយ​ក្រសួង​ព័ត៌មាន​ទេ ​កន្លង​មក»។​

លោក​សង្ឃឹម​ថា​ រដ្ឋមន្រ្ដី​នៃ​ក្រសួង​ព័ត៌មាន​ថ្មី​អាច​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​នេះ ​និង​ជំរុញ​ការ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​តាម​សេចក្ដី​ណែនាំ​ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន​ឱ្យ​មាន​ប្រសិទ្ធ​ភាព។​

លោក​បន្ថែម​ទៀត​ថា​ ចំពោះ​ការ​ផ្សព្វ​ផ្សាយ​ផលិត​ផល​គ្រឿង​ស្រវឹង​ នៅ​តាម​បដា​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​កម្ម​តាម​ទី​សាធារណៈ ​លោក​យល់​ឃើញ​ថា ​ជា​រឿង​មិន​សមរម្យ ​និង​ហាក់​ដូច​ជា​បង្ហាញ​ថា ​កម្ពុជា​មាន​វប្បធម៌​ប្រពៃណី​ចង​ភ្ជាប់​នឹង​គ្រឿង​ស្រវឹង។​

បន្ថែម​ពី​នេះ ​លោក​ យង់ គិមអេង ​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​ពន្លឿន​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិត​ផល​គ្រឿង​ស្រវឹង​ដែល​នៅ​តែ​ជា​សេចក្ដី​ព្រាង​ច្បាប់​តាំង​ពី​ឆ្នាំ​២០១៥​ ដើម្បី​អាច​ប្រើបា្រស់​ជា​វិធាន​ការ​ក្នុង​ការ​ទប់​ស្កាត់​កំណើន​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកស្រី ​ឱ វណ្ណឌីន​ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​នៅ​ឡើយ​ទេ។​

ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណ​ធម៌​កម្ពុជា​ លោក​វេជ្ជ​បណ្ឌិត​ អ៊ូច វុទ្ធី ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ក្នុង​នាម​លោក​ជា​គ្រូពេទ្យ​ម្នាក់​ លោក​ណែនាំ​ឱ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​អ្នក​ពិសា​គ្រឿង​ស្រវឹង​ទាំង​អស់​គួរ​តែ​ពិចារណា​សាជា​ថ្មី​ចំពោះ​ការ​ពិសា​គ្រឿង​ស្រវឹង​ ដោយ​លោក​ថា ​ប្រភេទ​គ្រឿង​ស្រវឹង​នៅ​ក្នុង​ស្រុក​បច្ចុប្បន្ន​នេះ​ហាក់​បី​មិន​មាន​ប្រភព​ច្បាស់​លាស់​នៅ​ឡើយ។​

លោក​ថ្លែង​ថា៖​ «បើ​សិន​ជា​បងប្អូន​បាន​ដឹង​ បាន​យល់​ហើយ​គួរណា​តែ​កុំ​ទទួល​របស់​ទាំង​អស់​ហ្នឹង​បាទ​ ពីព្រោះ​ថា​ យើង​អត់​ដឹង​ថា​ របស់​ទាំង​អស់​ហ្នឹង​ដែល​គេ​ផលិត​ឡើង​ហ្នឹង​វា​មក​ពី​ប្រភព​ណា​ ហើយ​ចេញ​ពី​ណា​មក។​ យើង​ដឹង​ថា​ ក្រុមហ៊ុន​មួយ​ចំនួន​បាន​ផលិត​នៅ​ស្រុក​ខ្មែរ​ ក៏​ប៉ុន្តែ​ យើង​មិន​បាន​ដឹង​ថា​ យក​ទៅ​ចូល​ឡាបូ​អី​យ៉ាង​ម៉េច​ដើម្បី​ឱ្យ​ដឹង​ថា​ គ្រឿង​ភេសជ្ជៈ​ទាំង​អស់​ហ្នឹង​វា​មាន​ហានិភ័យ​ឬ​ជាតិ​គីមី​អ្វី​ខ្លះ​នៅ​ក្នុង​ហ្នឹង»។​

គួរ​បញ្ជាក់​ថា​ ការ​ស្ទង់​មតិ​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​សុខាភិបាល ​និង​ស្ថាប័ន​រដ្ឋាភិបាល​ពាក់ព័ន្ធ​ផ្សេង​ទៀត​ បាន​បង្ហាញ​ថា​ បុរស​ ៧​ នាក់​ ក្នុង​ចំណោម ​១០ ​នាក់​ដែល​ស្មើ​ប្រមាណ ​៧០% ​សេព​គ្រឿង​ស្រវឹង។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​ស្តីពី​ការ​អង្កេត​ប្រជា​សាស្ត្រ ​និង​សុខភាព​កម្ពុជា​ ២០២១-២០២២ ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ៤ ​ខែ​មេសា ​ឆ្នាំ​ ២០២៣។​

ការ​ស្ទង់​មតិ​បង្ហាញ​ថា​ ក្នុង​មួយ​ខែ ​បុរស​ ១០% ​ពិសា​គ្រឿង​ស្រវឹង​ជា​រៀង​រាល់​ថ្ងៃ​ ឬ​ស្ទើរ​តែ​រាល់​ថ្ងៃ។ ​ចំណែក​ បុរស ​៦០% ​សេព​គ្រឿង​ស្រវឹង​ពី​ ១ ​ថ្ងៃ​ទៅ​ ៥ ​ថ្ងៃ។ ​ បុរស ១៨% ​ពិសា​គ្រឿង​ស្រវឹង​ ៦ ​ថ្ងៃ​ទៅ ​១០ ​ថ្ងៃ ​និង​ បុរស​ ១២%​ ពិសា​គ្រឿង​ស្រវឹង​ពី​១១ ​ថ្ងៃ​ទៅ ​២៤ ​ថ្ងៃ៕