រដ្ឋាភិបាលបានចេញវិធានការហិរញ្ញវត្ថុដែលនឹងតម្រូវឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិចាយវាយថវិកាឱ្យមានប្រសិទ្ធភាពចំពោះកិច្ចការណាដែលចាំបាច់ ហើយត្រូវទុកមួយអន្លើចំពោះកិច្ចការណាដែលមិនទាន់ចំាបាច់។ នេះបើតាមសារាចរថ្មីមួយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
វិធានការនេះ ជាផ្នែកមួយនៃវិចារណកម្មចំណាយ និងការគ្រប់គ្រងថវិកាប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ ដោយផ្អែកលើស្ថានភាពនៃការអនុវត្តចំណូល គិតត្រឹមដំណាច់ខែមីនា ឆ្នាំ ២០២៤ និងស្ថានភាពនៃតម្រូវការផ្នែកចំណាយរហូតដល់ដំណាច់ឆ្នាំ ២០២៤។ វិចារណកម្មចំណាយសម្តៅដល់ការវិភាគ និងពិចារណាដោយសមហេតុ ផល ក្នុងការសម្រេចចិត្តលើមុខចំណាយណាមួយ។
យោងតាមសារាចររបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន ចុះនៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៤ រដ្ឋបាលរាជធានី ខេត្តចំនួន ៥ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ នឹងប្រឈមការកាត់ព្យួរឥណទាននៃសៀវភៅថវិកាឆ្នាំ ២០២៤។ ដោយឡែក រដ្ឋបាលខេត្តដទៃទៀត ក្រៅពីរដ្ឋបាលរាជធានី ខេត្តទាំង ៥ ខាងលើ ត្រូវតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តចំណូលរបស់ខ្លួន។
សារាចរលើកឡើងទៀតថា៖ «ក្នុងករណីចាំបាច់ រដ្ឋបាលខេត្តត្រូវតម្រឹមឬកាត់បន្ថយចំណាយ ជាពិសេសចំណាយប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ ឬចំណាយអភិវឌ្ឍន៍មូលដ្ឋានដែលមិនទាន់ចាំបាច់ទៅតាមស្ថានភាពចំណូលជាក់ស្តែងរបស់រដ្ឋបាលខេត្ត ដើម្បីរក្សាតុល្យភាពថវិកាឡើងវិញ»។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក មាស សុខសេនសាន ប្រាប់វីអូអេថា បណ្តាប្រទេសនានាលើសាកលលោក អាចប្រើប្រាស់វិធានការវិចារណកម្មចំណាយនេះ ដើម្បីបង្កើនប្រសិទ្ធភាពលើការចាយវាយ ក៏ដូចជាទប់ទល់កត្តាហានិភ័យផ្សេងៗ។
លោកថ្លែងថា៖ «ប្រទេសនៅលើសាកលលោកជាទូទៅគេ ច្បាប់គេអនុញ្ញាត គេធ្វើហើយ បើសិនជាយើងធ្វើការប្រុងប្រយ័ត្ន ចំណាយរបស់យើងមានការប្រុងប្រយ័ត្ន។ ហើយមិនគេហៅថា ដើម្បីការពារនូវកត្តាផ្សេងៗ ដែលវាអាចនឹងកើតមានឡើងយើងជាធម្មតាតើ នៅក្រសួងណា នៅប្រទេសណា ក៏ដូចប្រទេសណាដែរ។ អាហ្នឹង ដូចអត់មានអីដែលត្រូវជ្រួលច្របល់ផងបាទ!»។
លោកបន្ថែមថា វិធានការនេះ ក៏ជាចំណែកមួយនៃការខិតខំរបស់រដ្ឋាភិបាលក្នុងការសន្សំសំច័យថវិកាជាតិ សម្រាប់ការចាយវាយលើខ្ទង់ចំណាយណាដែលចាំបាច់ និងបញ្ចៀសមិនឱ្យមានការកើតឡើងនូវឱនភាពថវិកាជាតិ។
លោកលើកឡើងថា៖ «នៅក្នុងច្បាប់ថវិការបស់យើង ច្បាប់ថ្មីរបស់យើង ជាពិសេសច្បាប់ប្រព័ន្ធថវិកាថ្មីរបស់យើងក៏យើងបាននេះដែរថា រាជរដ្ឋាភិបាលមានកាតព្វកិច្ចត្រូវធ្វើការសន្សំនូវថវិកាមួយចំនួនដែរ។ អីចឹង នេះជាកិច្ចការមួយក្នុងចំណោមកិច្ចការទាំងឡាយដែលយើងគោរពតាមបទដ្ឋានគតិយុត្តិជាធរមាន»។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចរូបនេះមិនអាចផ្តល់សេចក្តីលម្អិតអំពីកិច្ចការមិនចាំបាច់ទាំងឡាយណាដែលរដ្ឋបាលថ្នាក់ក្រោមជាតិ គួរទុកមួយឡែកសិន ហើយនិងកិច្ចការណាដែលត្រូវការចំណាយឱ្យមានប្រសិទ្ធផលនិងចំគោលដៅ តួយ៉ាងដូចការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម ដោយសារមានតម្រូវការឱ្យកំណត់ឧបសម្ព័ន្ធឡើងវិញ ហើយឈានទៅធ្វើវិចារណកម្មចំណាយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីមន្ត្រីមួយចំនួន ដូចជាអភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ និងអភិបាលរងខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់ បានទេនៅថ្ងៃអង្គារនេះ។
សារាចរស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ ២០២៤ បានឱ្យដឹងទៀតថា រដ្ឋបាលក្រុង ស្រុក និង រដ្ឋបាលខណ្ឌ ក៏ត្រូវតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តចំណូលរបស់ខ្លួន ហើយក្នុងករណីចាំបាច់ ត្រូវមានវិធានការចំណាយស្រដៀងគ្នានឹងរដ្ឋបាលថ្នាក់ខេត្ត ទាក់ទិនចំណាយប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ ឬចំណាយអភិវឌ្ឍន៍មូលដ្ឋានដែលមិនទាន់ចាំបាច់។
ចំណែករដ្ឋបាលឃុំ សង្កាត់ ត្រូវតម្រឹម ឬកាត់បន្ថយចំណាយ ជាពិសេសចំណាយប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ និងត្រូវកែសម្រួលគម្រោងថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដោយបញ្ចូល និងប្រើប្រាស់អតិរេកថវិកាឆ្នាំ ២០២៣ ឱ្យអស់លទ្ធភាព។ ការធ្វើដូច្នេះ គឺដើម្បីអនុវត្តគម្រោង ឬផែនការសកម្មភាពដែលរងផលប៉ះពាល់ពីការកាត់ព្យួរ ឥណទានដែលទទួលបានពីការបែងចែកចំណូលសារពើពន្ធរបស់រដ្ឋបាលរាជធានីខេត្ត។
សារាចរបន្ថែមថា៖ «ក្នុងករណីដែលចំណូលមានកំណើនឡើងវិញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យលទ្ធភាពបន្ថែមឥណទានចំណាយថវិកា ស្របតាមលទ្ធភាពចំណូលដែលប្រមូលបានជាក់ស្តែង ដោយផ្តោតការយកចិត្តទុកដាក់លើចំណាយអភិវឌ្ឍន៍មូលដ្ឋាន»។
រដ្ឋាភិបាលបានគ្រោងចាយវាយសម្រាប់ឆ្នាំ ២០២៤ ក្នុងទឹកប្រាក់ជាង ៣៧ ពាន់ពាន់លានរៀល ឬស្មើនឹងជាង ៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍ថវិកាសង្ខេបឆ្នាំ ២០២៤ ចេញផ្សាយដោយអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
របាយការណ៍សង្ខេបដដែលនេះបានលើកឡើងអំពីការធ្វើពិចារណកម្មលំដាប់អាទិភាពសំខាន់ៗមួយចំនួន ដូចជាការបន្តប្រកាន់ខ្ជាប់នូវការលើកកម្ពស់ប្រសិទ្ធភាពនៃការវិភាជថវិកា ដោយផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាព ជាពិសេសតម្រង់លើកម្មវិធី ឬសកម្មភាពចាំបាច់ជាអាទិភាពរបស់ក្រសួងស្ថាប័ន។
កាលពីខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ធនាគារពិភពលោកបានលើកឡើងនូវអនុសាសន៍ខ្លះៗក្នុងរបាយការណ៍មួយថា កម្ពុជាអាចឈានពីការចំណាយកាន់តែច្រើន ទៅការចំណាយឱ្យកាន់តែមានប្រសិទ្ធផលល្អជាងមុន ដោយប្រទេសនេះ គួរខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការប្រែក្លាយការចំណាយសាធារណៈកាន់តែច្រើនទៅលើវិស័យសង្គមកិច្ច ដើម្បីធ្វើឱ្យការចំណាយនេះ ទទួលបានគុណផលផ្នែកសុខាភិបាល និងផ្នែកអប់រំកាន់តែប្រសើរឡើង។
របាយការណ៍របស់ធនាគារពិភពលោកស្តីពីការត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈក្រោមចំណងជើងថា៖ «ប្រទេសកម្ពុជា៖ ពីការចាយច្រើនទៅការចាយឱ្យមានប្រសិទ្ធផលជាងមុន» បានរៀបរាប់ថាកន្លងមក កម្ពុជាមានលទ្ធភាពក្នុងការបញ្ចៀសផលប៉ះទង្គិចអាក្រក់ ពីការរាតត្បាតជំងឺកូវីដ១៩ និងក្នុងការចាយវាយបានកាន់តែច្រើនទៅលើផ្នែកសង្គមកិច្ច ដោយសារការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានហ្មត់ចត់ និងការកើនឡើងនៃការប្រមូលចំណូល ដែលបានមកពីកំណើនថេរនៃសេដ្ឋកិច្ចក្នុងចន្លោះឆ្នាំ ១៩៩៥ និង ២០១៩។ យ៉ាងណាក៏ដោយ ការកើនឡើងខ្លាំងនៃចំណាយនេះ គឺមួយផ្នែកធំកើតឡើងដោយសារការចំណាយលើការដំឡើងប្រាក់បៀវត្សរ៍ទូទៅរបស់បុគ្គលិកក្នុងវិស័យសាធារណៈ ដោយមិនផ្សាភ្ជាប់ទៅនឹងសមិទ្ធកម្មការងារ។
របាយការណ៍ដដែលបានរកឃើញថាការដំឡើងប្រាក់បៀវត្សរ៍មិនទាន់បានប្រែក្លាយគុណផលការងារ ឱ្យមានភាពកាន់តែប្រសើរនៅឡើយទេ ជាពិសេសនៅក្នុងផ្នែកសង្គមកិច្ច។ គុណផលក្នុងវិស័យអប់រំមានភាពប្រសើរបន្តិចបន្តួចមែន ប៉ុន្តែនៅតែទាបបើប្រៀបធៀបជាមួយប្រទេសឯទៀតក្នុងតំបន់។
របាយការណ៍សង្កត់ធ្ងន់ថា៖ «ការប្រើប្រាស់គ្រឹះស្ថានសេវាថែទាំសុខភាពសាធារណៈនៅមានកម្រិតទាប ហើយពលរដ្ឋកម្ពុជាចាយលុយហោប៉ៅខ្លួនឯងទៅលើការព្យាបាលដោយពេទ្យ ក្នុងកម្រិតមួយខ្ពស់ជាងកម្រិតមធ្យមនៅក្នុងតំបន់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធសេវាសាធារណៈគួរត្រូវបានកែលម្អឱ្យមានភាពប្រសើរជាងមុន»៕