ក្រសួង​រ៉ែ​ប្រកាស​ឲ្យ​ក្រុម​ហ៊ុន​ដាក់​ពាក្យ​​​ស្នើ​​ធ្វើ​អាជីវកម្ម​រ៉ែ​លោហៈ​លើ​ដី​ទំហំ​ជាង​៥ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ

លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ថ្លែងក្នុងសន្និសីទស្តីពីការបំភ្លឺជូនគណៈកម្មការទី១០នៃរដ្ឋសភា នៅក្រសួងរ៉ែ និងថាមពល នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា / VOA Khmer)

បន្ទាប់ពី​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ផ្អាក​ការ​ផ្តល់​អាជ្ញាប័ណ្ណ​រុករករ៉ែ​មួយ​រយៈ​ក្រោយ​ការ​ផ្លាស់​ប្តូរ និង​បំបែក​ក្រសួង ថ្មីៗ​នេះ ក្រសួង​រ៉ែ​បាន​​សម្រេច​បើក​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ជាថ្មី​លើ​ផ្ទៃ​ដី​ធំហំ​ជាង​៥ម៉ឺន​គីឡូ​ម៉ែត​ការ៉េ​ ដោយ​ការ​ប្រកាស​ជា​សាធារណៈ​ជា​លើក​ដំបូង​ដល់​ក្រុមហ៊ុន​ដែល​ចង់​ធ្វើ​អាជី​វ​កម្ម​​រុក​រក​រ៉ែ​​។

ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រកាស​ជា​សាធារណៈលើក​ដំបូង​ដល់​បណ្ដា​ក្រុមហ៊ុន​រ៉ែ​ក្នុង និង​ក្រៅប្រទេស​ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​នៅ​កម្ពុជា​ ឲ្យ​ដាក់​ពាក្យ​សុំ​អាជ្ញា​បណ្ណ​រុករក​រ៉ែ​លោហៈ​ក្នុង​តំបន់​សម្ប​ទាន​រ៉ែចំនួន​៤ ទំហំជាង​៥ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​រ៉ែ និង​ថាមពលស្តីពី «​ការ​បើក​តំបន់​សម្បទាន​រ៉ែ​សម្រាប់​ការ​ដាក់​ពាក្យ​សុំ​អាជ្ញា​បណ្ណ​ស្វែងរុករក​រ៉ែ» ចេញ​កាលពី​ថ្ងៃទី​១៨ ខែ​មេសា​នេះ ឲ្យ​ដឹង​ថា ក្រសួង​រ៉ែ និង​ថាមពល​ប្រកាស​ដល់ក្រុម​ហ៊ុន​រ៉ែ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​នៅ​កម្ពុជា ឲ្យ​ដាក់​ពាក្យ​សុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែលោហៈ​តាម​ការ​ប្រកួត​ប្រជែង ចាប់​ពី​ថ្ងៃជូន​ដំណឹង​រហូត​ដល់​ថ្ងៃ​៣០ ខែ​ឧសភា ឆ្នាំ​២០១៧។​

ក្នុង​លិខិត​ជូន​ដំណឹង​នោះ​បន្តថា តំបន់​សម្បទាន​រ៉ែ​ចំនួន​៤​ដែល​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​រ៉ែ​ ស្ថិតក្នុ​ង​ខេត្ត​ក្រចេះ ខេត្ត​មណ្ឌល​គិរី ខេត្ត​កំពង់​ចាម ខេត្ត​កំពង់ធំ និងខេត្តកំពត សរុបទំហំ ៥២,៥៧៦គីឡូម៉ែត្រ​ការ៉េ។

លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួង​រ៉ែ និង​ថាមពល ប្រាប់ VOA កាល​ពី​រសៀល​ថ្ងៃ​អាទិត្យថា នេះ​ជា​លើក​ដំបូង​ដែល​ក្រសួង​បាន​ប្រកាស​ជា​សាធារណៈ​ឲ្យ​ក្រុម​ហ៊ុន​ដាក់​ពាក្យ​ធ្វើ​អាជីវកម្ម​រ៉ែ​លោហៈ ក្នុង​តំបន់​ទាំង​៤​នេះ។ លោក​បន្ថែម​ថា ក្រុម​ហ៊ុន​ដែល​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម ​ត្រូវ​តែ​ជា​ក្រុមហ៊ុន​ដែលមាន​សមត្ថភាព ​និង​អាចធានា​ពី​ការ​ទទួល​ខុស​ត្រូវ​លើ​ការខូចខាត​ផ្សេងៗ​ក្នុង​ករណី​ដែល​ក្រុម​ហ៊ុន​នោះបំពាន​ផ្លូវ​ច្បាប់។​

លោក​បញ្ជាក់​ថា៖ «រ៉ែ​លោហៈ​មាន រ៉ែ​មាស លោហៈ ទង់ដែង សំណរ ប្រាក់។ ក្រុមហ៊ុន​គាត់​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ធំៗ​ហ្នឹង​២​ ទី១​គឺ​មាន​សមត្ថភាព​បច្ចេកទេស និង​ហិរញ្ញ​វត្ថុ​ គាត់​មាន​បទ​ពិសោធន៍​ត្រឹម​ត្រូវ មាន​កា​រ​សិក្សា​ស្វែង​រក​រ៉ែ​ហ្នឹង មាន​ជំនាញ​មាន​ធនធាន​ដើម្បី​ធ្វើ។ ហើយ​ទី២​គាត់​ត្រូវ​មាន​កម្មវិធី​ការងារជាក់​លាក់​ច្បាស់​លាស់ ដែល​អាច​យក​មកប​ង្ហាញ​ទៅ​យើង​មាន​ជំនឿ​ថា​ក្រោយ​ពេល​ដែល​យើង​ផ្តល់​អាជ្ញាប័ណ្ណ​ទៅ គាត់យក​តំបន់​ហ្នឹងទៅ​សិក្សា​ស្រាវជ្រាវរុករក​ពិត​ប្រាកដ»។

លោក ម៉េង សក្តិធារ៉ា បន្ថែម​ថា ចំណូល​ដែល​ក្រសួង​អាចទទួល​បាន​ពីការ​ផ្តល់​ឲ្យ​ក្រុម​ហ៊ុន​ធ្វើ​អា​ជីវ​កម្ម នឹង​ត្រូវ​កំណត់​តាម​រយៈប្រាក់​ចំណេញ​ដែល​ក្រុមហ៊ុនទាំង​នោះ​ទទួល​បាន ក្នុង​រយៈពេល​នៃ​ការ​រុករក និង​ទទួល​ផល​ពី១០​ឆ្នាំ ទៅ​២១​ឆ្នាំ។ ទោះ​ជា​យ៉ាង​ណា​លោក​មិនទាន់​អាច​កំណត់​បាន​នៅ​ឡើយថា ​ក្រសួង​អាច​ទទួល​បានចំនួន​ប៉ុន្មាន​ឲ្យ​ប្រាកដ​នៅ​ឡើយ។

VOA មិនអាច​ទាក់ទង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បរិស្ថាន​រ៉ែ​បាន​ទេ រហូត​មក​ដល់​ល្ងាច​ថ្ងៃអាទិត្យ​នេះ។

ទោះជា​យ៉ាង​ណា កន្លង​មកក្រុម​អង្គការសង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បរិស្ថាន និង​តម្លាភាព តែង​លើ​កឡើង​ពី​ផល​ប៉ះពាល់​នៃ​ការ​រុករក និង​បូម​យក​រ៉ែ ព្រមទាំង​ទាមទារ​ឲ្យ​មាន​តម្លាភាព​ថវិកា ពាក់ព័ន្ធ​នឹង​អាជីវ​កម្ម​រ៉ែ​ផ្សេងៗ ជា​ពិសេស​ភាព​ចម្រូង​ចម្រាស​នៃ​ការ​នាំ​ខ្សាច់​ចេញ រហូត​ដល់ក្រុម​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ក្នុង​រដ្ឋ​សភា​កោះ​អញ្ជើញ​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កាល​ពី​ចុង​ឆ្នាំ​២០១៦​។

បើតាម​របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​ប្រមូល​ចំណូល​ពី​វិស័យ​រ៉ែ​បាន​ចំនួន​១០​លានដុល្លារ ​នៅ​ឆ្នាំ​២០១៥ និង​១៣​លាន​ដុល្លារ ​នៅ​ឆ្នាំ​២០១៦។ ថ្មីៗ​នេះ​ក្រសួង​ក៏បាន​ប្រកាស​ថា​នឹង​ប្រមូលចំណូល​ពី​វិស័យ​រ៉ែ​ឲ្យ​បាន​២០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧៕