ជីវប្រវត្តិ៖ លោក Mike Pence ជា​​អ្នក​​នយោយបាយ​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​​​​លោក Trump

រូបឯកសារ៖ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump ចង្អុល​ទៅ​បេក្ខជន​អនុ​ប្រធានាធិបតី​លោក Mike Pence បន្ទាប់ពី​លោក Pence បាន​ថ្លែង​សុន្ទរកថា ​ក្នុង​ពេល​សន្និបាត​ជាតិ​គណបក្ស​សាធារណរដ្ឋ​នៅ​ទីក្រុង Cleveland កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។

វ៉ាស៊ីនតោន — ចាប់​តាំង​ពី​បាន​ក្លាយខ្លួន​ជា​អ្នក​នយោបាយ​មក លោក Mike Pence​ អនុប្រធានាធិបតី​អាមេរិក បាន​ព៌ណនា​ខ្លួន​លោក​ជា​ «អ្នក​កាន់​សាសនា​គ្រឹស្ត​ ​អ្នក​អភិរក្ស​និយម ​និង​ជា​អ្នក​សាធារណរដ្ឋ​ម្នាក់»។​

ក៏ប៉ុន្តែ ក្នុងរយៈពេល​បីឆ្នាំ​កន្លះដោយបានបំពេញតួនាទីជាមេដឹកនាំទី​ពីរ​នៅ​ក្នុង​សេតវិមាន លោក Pence ​ត្រូវបានចាត់ទុកជាបុគ្គលដែលមានស្វាមីភ័ក្តិខ្លាំង​ក្លា ​ចំពោះលោកប្រធានាធិបតី​ Donald Trump ខណៈលោក​ទាំង​ពីរកំពុងស្វះស្វែងរកសំឡេងគាំទ្រ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី ​ដែលនឹងធ្វើឡើងនៅថ្ងៃទី៣ ​ខែ​វិច្ឆិកា​ខាងមុខ​នេះ។

កាល​ពី​ឆ្នាំ ២០១៦ លោក Trump ​បាន​ជ្រើសរើសលោក Pence ដែល​មិនសូវមាន​នរណា​ស្គាល់​ក្រៅ​រដ្ឋ​របស់លោក ​ឱ្យ​ធ្វើ​ជា​បេក្ខ​ជន​អនុប្រធានាធិបតី។​

លោក Trump ដែល​ជាអ្នក​អភិវឌ្ឍអចលនទ្រព្យ នៅ​បូរី New York និង​ជា​អ្នកសប្បាយហ៊ឺហា នៅ​ពេលលោក​មាន​ប្រពន្ធ​ទីបី​ បានជ្រើស​រើស​លោក Pence​ ដើម្បី​បង្កើន​កេរ្តិ៍​ឈ្មោះ​លោក ក្នុងចំណោមអ្នក​បោះឆ្នោត​អភិរក្ស​និយម ដែល​លោក​ត្រូវការ ដើម្បី​ប្រកួត​ប្រជែងតទល់នឹង​លោកស្រី Hillary Clinton ខាងគណបក្ស​ប្រជាធិបតេយ្យ។​

ជាមួយកេរ្តិ៍​ឈ្មោះលោក​ជា​អ្នក​អភិរក្ស​និយម​ដ៏​យូរអង្វែងម្នាក់​ ក្នុងនាមលោកជាសមាជិក​សភា​តំណាង​រាស្ត្រ​អាមេរិកាំង ​និង​ជា​អភិបាល​រដ្ឋមួយ​អាណត្តិ តំណាងរដ្ឋ Indiana នាប៉ែកកណ្តាល​ខាងលិច​សហរដ្ឋអាមេរិក លោក Pence​ បាន​បង្ហាញ​ថា ​លោក​សក្តិសម​ជា​បេក្ខជន​អនុប្រធានាធិបតី​យ៉ាងពិតប្រាកដ។​

លោក Trump បានឈ្នះ​ឆ្នោត​ដោយមិន​បានគិត​ទុក​ជា​មុន​ ហើយ​លោក Pence បាន​ធ្វើតាមគោល​ជំនឿ​របស់​លោក។

លោក Pence ​បាន​ផ្តល់ឱ្យ​លោក Trump នូវ​ការភ្ជាប់ទាក់​ទងសំខាន់មួយ ​ជា​មួយក្រុមអ្នក​គោព​គ្រឹស្តសាសនា​និកាយ​ Evangelic ដែល​ជា​ក្រុមអ្នក​បោះឆ្នោតអភិរក្ស​និយម​ នៃគណបក្ស​សាធារណរដ្ឋ​ ដែលមានទាំងអស់ ​១ភាគ៤ ​នៃក្រុមអ្នក​បោះឆ្នោត​ក្នុង​សហរដ្ឋអាមេរិក។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ លោក​តែងតែ​កោត​សរសើរ​ចៅហ្វាយ​នាយ​លោក ​គឺលោក​ប្រធានាធិបតី Trump។​

យ៉ាង​ណា​ក៏ដោយ ​ក៏ការ​រិះគន់មួយដែល​កម្រ​កើតឡើងក្នុង​ការ​ឃោសនា​ការ​បោះឆ្នោត​ កាលពី​ឆ្នាំ២០១៦ បន្ទាប់ពី​មានការ​ចេញ​ផ្សាយវីដេអូមួយ ដែល​បង្ហាញលោក​ Trump ប្រើ​ពាក្យ​សម្តី​អាសអាភាស​លើស្ត្រី លោក Pence បានឆ្លើយតបនឹងការរិះគន់នោះ ដោយនិយាយ​ថា៖

​«ខ្ញុំ​មិន​យល់​ស្របជា​មួយការ​កត់​សម្គាល់​ទាំង​នេះ​លើលោក Trump ទេ​ ហើយក៏មិន​អាច​ការពារ​លោក​បានដែរ»។ ក៏​ប៉ុន្តែ ក្នុង​ឋានៈលោក​ជាអនុប្រធានាធិបតី​ក្រោមរដ្ឋបាលរបស់លោក Trump លោក​ Pence តែងតែ​ចាប់ផ្តើម​ សុន្ទរកថាផ្នែក​គោលនយោបាយ​សាធារណៈ​ ដោយ​សរសើរលោក Trump ដែល​ជាអ្នកធ្វើឲ្យលោក [Pence] ស្ថិត​លើ​ឆាក​នយោបាយ​ជា​មួយ​ ​ដូច​ជាថា «នៅក្រោម​ការដឹកនាំ​របស់លោក​ប្រធានាធិបតី Trump...ជាដើម»។​

នៅ​ក្នុងការ​ប្រជុំគណៈរដ្ឋមន្ត្រី​មួយ​ កាល​ពី​ឆ្នាំ ២០១៧ លោក Pence បានកោត​សរសើរ​លោក​Trump ដែល​អង្គុយ​ទល់មុខលោក ចំនួន​ ១៤ ដង ​ដាច់ដោយឡែក​ពី​គ្នា នៅ​ក្នុង​ពេលតិច​ជាងបីនាទី គឺ​លោក​បាន​សរសើរ​លោក​ប្រធានាធិបតី Trump សឹង​តែ​រៀង​រាល់ ១២ ​វិនាទី។​

លោក Pence បានលើក​សរសើរ​លោក Trump ថា៖ «លោក​បាន​ធ្វើឱ្យ​មាន​ការផ្លាស់ប្តូរវិជ្ជមាន នៅក្នុងប្រទេស​នេះ។ ខ្ញុំមានកិត្តិយស ដែលបានក្លាយជា​អនុប្រធានាធិបតីរបស់លោក ​ហើយ​អាចនៅវត្តមានទី​នេះ​»។

រូបឯកសារ៖ លោក Mike Pence អនុប្រធានាធិបតីអាមេរិក ថ្លែងនៅក្នុងកម្មវិធីជួបជុំជាមួយអ្នកគាំទ្រគណបក្សសាធារណរដ្ឋ នៅទីក្រុង Miami រដ្ឋ Florida កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៩។

លោក Pence ដែល​មាន​អាយុ ៦១ ឆ្នាំ ធំ​ដឹងក្តីក្នុងរដ្ឋ Indiana បាន​ទទួល​បរិញ្ញាប័ត្រខាង​ច្បាប់ និងបានធ្វើការ​ជា​មេធាវី។ មិនយូរ​ប៉ុន្មាន​ លោក​បាន​ចូល​ធ្វើ​នយោបាយ។ ​លោក​បានចាញ់​ឆ្នោតនៅ​ក្នុង​ការ​ឈរ​ឈ្មោះ​ពីរ​លើក ​សម្រាប់​អាសនៈជា​សភា​តំណាង​រាស្ត្រអាមេរិកាំង​ កាលពីឆ្នាំ ១៩៨៨ និង​ឆ្នាំ ១៩៩០។ ​ក៏​ប៉ុន្តែ​ លោក​នៅ​តែ​រក្សាសំឡេង ​និងមុខមាត់​លោក នៅចំពោះ​មុខ​ពលរដ្ឋនៅក្នុង​រដ្ឋ Indiana​ ដោយ​ធ្វើ​ជា​វាគ្មិន​អភិរក្ស​និយម នៅ​ក្នុង​កម្មវិធី​សំណេះ​សំណាល​ តាម​វិទ្យុ​ពីឆ្នាំ ១៩៩៤ ​ដល់​ឆ្នាំ ១៩៩៩។​

កាល​ពី​ឆ្នាំ​ ២០០០​ លោក​បានឈ្នះ​ឆ្នោតក្លាយជាសភា​តំណាងរាស្ត្រអាមេរិកាំងជាលើកដំបូង​។ លោក Pence បានកាន់តំណែងជាសភាតំណាងរាស្ត្រ ៦អាណត្តិ។ នៅរដ្ឋសភា លោក​បាន​ធ្វើការ​បោះឆ្នោត​ជា​ច្រើន​ដោយគាំទ្រ​គោលការណ៍​អភិរក្ស​និយម ហើយលោក​បានបំពេញតួនាទីសំខាន់ៗជាច្រើននៅក្នុងជួរមេដឹកនាំ​គណបក្ស​សាធារណរដ្ឋ។​

នៅ​ក្នុងអាណត្តិ​មួយ​ លោក​ត្រូវបានតែងតាំងជា​ប្រធាន​គណៈកម្មាធិការ​ខាង​ការសិក្សាស្រាវជ្រាវសម្រាប់​គណបក្ស​សាធារណរដ្ឋ​ ដែល​ជាក្រុម​មួយ​នៃ​សមាជិក​សភាអភិរក្ស​និយម។ ក៏ប៉ុន្តែ ​លោក​បានចាញ់ឆ្នោតដើម្បីប្រកួត​ប្រជែង​ក្លាយ​ជា​មេដឹកនាំក្រុម​ភាគតិចខាង​គណបក្សសាធារណរដ្ឋ​ នៅ​ពេល​ដែល​សមាជិកគណបក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​សភា​តំណាងរាស្ត្រ​អាមេរិកាំង។ ​ក្នុងរយៈពេល ១២ ឆ្នាំ ​ដែលលោកបានកាន់តំណែង​ជា​សភា​តំណាង​រាស្ត្រ​អាមេរិកាំង ​លោក​បានស្នើសេចក្តី​ព្រាង​ច្បាប់ និង​សេចក្តី​សម្រេច​ចំនួន​ ៩០ តែ​គ្មានសេចក្តី​ព្រាង​ច្បាប់និង​សេចក្តីសម្រេចណាមួយ បាន​ទទួល​ការ​អនុម័ត​ជា​ច្បាប់​ទេ។

លោក Pence​ បានឈ្នះ​ការបោះឆ្នោត​តំណែង​ជា​អភិបាល​រដ្ឋ Indiana កាល​ពីឆ្នាំ ​២០១២​ ហើយលោកបានគាំទ្រ​គោលការណ៍​អភិរក្ស​និយម​ថែម​ទៀត។ លោក​បាន​ចុះហត្ថលេខា​លើ​វិធានការមួយ​ចំនួន ដើម្បី​រឹត​ត្បិតការពន្លូតកូន ​និង​ការ​កាត់​ពន្ឋដារ​ជា​មួយ​នឹង​ច្បាប់រារាំងរដ្ឋាភិបាល​មូលដ្ឋាន​ នៅក្នុង​រដ្ឋមិន​ឱ្យ​តម្រូវ​វិស័យ​ធុរកិច្ច​ បង់​ប្រាក់​បៀវត្សរ៍ និង​អត្ថប្រយោជន៍ដល់​ពលរដ្ឋដែលជាអ្នកធ្វើការច្រើន​ ជាង​ការ​តម្រូវ​ដោយច្បាប់​សហព័ន្ធ។

ក្នុងបញ្ហាមួយ​ដែលនាំ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ប្រទេសជាតិ លោក​ Pence បាន​ចុះហត្ថលេខា​លើវិធានាការ​មួយដែលមានឈ្មោះ​ថា ច្បាប់​ធ្វើឱ្យ​មានសេរីភាព​សាសនា​ឡើងវិញ ដែលអនុញ្ញាតឱ្យបុគ្គល និង​ក្រុមហ៊ុន អះអាងជា​អ្នក​ការពារ​តាមទម្រង់ការច្បាប់​លើគោលការណ៍សាសនាមួយដែលថា ការ​គោរព​សាសនា​របស់ពួក​គេ ជា​ ឬ​ទំនង​ជាបន្ទុក​ បើបុគ្គល​ និង​ក្រុមហ៊ុន​នោះត្រូវបាន​តម្រូវ​ឱ្យមាន​ការ​ទាក់​ទង​ដូចគ្នា នៅ​ក្នុងការធ្វើជំនួញ​រក​ស៊ី។ ​ក្រុមអភិរក្ស​និយម​នៅ​ក្នុង​រដ្ឋ​នោះ និងនៅ​កន្លែង​ឯ​ទៀតៗ យល់​ឃើញ​ថា ច្បាប់​នេះ​ជា​វិធី​មួយដើម្បីជំទាស់នឹងការរៀបការ​រវាង​មនុស្ស​មាន​ភេទ​ដូចគ្នា​ដែលជា​ការត្រឹមត្រូវតាម​ច្បាប់។​

ក៏​ប៉ុន្តែ បន្ទាប់ពី​មានការតវ៉ា​ពី​ក្រុម​សាធារណរដ្ឋ​មិននិយម​ជ្រុល និងវិស័យ​ធុរកិច្ច ដែល​អះអាងថា​ពួក​គេមិនរើធុរកិច្ច​ទៅ​កាន់រដ្ឋ Indiana ឬ​ពង្រីក​កិច្ច​ប្រតិបត្តិការ​មានរួចហើយនៅ​ទី​នោះ​ លោក Pence​បានដក​ថយវិញ ហើយ​បានកែ​ច្បាប់​នេះ​ ដោយហាមប្រាម​មិន​ឱ្យ​មានការ​រើសអើងផ្អែក​លើ​ភេទ និងអត្តសញ្ញាណខាងយេនឌ័រ។

លោក Pence កំពុង​ប្រឈម​នឹងការប្រកួត​ប្រជែង​ត៉ឹងតែងសម្រាប់​អាណត្តិ​ទី​ពីរ ​ដើម្បី​តំណែង​អភិបាល​រដ្ឋ Indiana នៅពេល​លោក Trump បានជ្រើសរើស​លោក​ជាបេក្ខជន​អនុ​ប្រធានាធិបតី​លោក​ខាង​គណបក្ស​សាធារណរដ្ឋ កាលពីឆ្នាំ ២០១៦។

នៅ​ពេលវីរុសកូរ៉ូណារាលដាល​នៅសហរដ្ឋអាមេរិក កាល​ពីដើម​ឆ្នាំ​២០២០ លោក Trump បាន​ផ្តល់​ឱ្យ​លោក Pence នូវមុខនាទីធំបំផុត​របស់​លោក​ក្នុង​សេតវិមាន ​ជាអ្នកមើល​ការខុស​ត្រូវ​លើ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល ក្នុង​ការទប់ទល់​នឹង​ការរាលដាល​វីរុសនេះ​ និង​សម្របសម្រួលការធ្វើ​តេស្ត​និងការព្យាបាល​ នៅ​ពេលចាប់​ផ្តើម​ការ​ស្រាវជ្រាវ​អភិវឌ្ឍ​វ៉ាក់សាំងផង​ដែរ។​

លោក Pence បានធ្វើ​ជា​ប្រធាន​នៃការ​ប្រជុំក្នុង​សេតវិមាន នៃ​គណៈកម្មការទប់ទល់នឹង​វីរុស​កូរ៉ូណា ហើយជា​ញឹក​ញយ​ លោកបាន​ថ្លែង​ទៅកាន់ប្រទេស​ជាតិ អំពីព័ត៌មាន​ថ្មីៗ​បំផុត ស្តី​ពីការប្រយុទ្ធប្រឆាំង​នឹងវីរុស​នេះ នៅក្នុង​ការនិយាយ​ត្រួសៗ​តាម​ទូរទស្សន៍​ជាតិ​ រៀង​រាល់​ថ្ងៃ។​

ក៏​ប៉ុន្តែ​ដោយ​ប្រឈម​នឹង​ការប្រកួត​ប្រជែង​ឱ្យ​ជាប់​ឆ្នោតជា​ថ្មី​សម្រាប់​អាណត្តី​ទី​ពីរ តទល់នឹង​លោកអតីត​អនុប្រធានាធិបតី ​Joe Biden នោះ លោក Trump ​បាន​ធ្វើ​ជាប្រធាន​នៃការ​ធ្វើ​សន្និសីទសារព័ត៌មានប្រចាំ​ថ្ងៃ ហើយ​ជួនកាល ​លោកបាន​និយាយ​ថា ​វីរុស​កូរ៉ូណា​បានត្រូវគ្រប់​គ្រង​ហើយ ឬ​ថានឹង​អាច​គ្រប់គ្រង​បាន ក្នុង​ពេល​ឆាប់ៗ​នេះ ឬ​មួយ​ក៏​ថា នឹង​មាន​វ៉ាក់សាំង នៅ​មុន​ដំណាច់​ឆ្នាំ ២០២០។

ជា​ញឹក​ញយ​ លោក Pence បានរៀបរាប់អំពី​ទិដ្ឋភាព​ល្អ​ ជាង​ការ​ពិត​អំពីស្ថានភាព​នៃ​ការ​រាលដាល​វីរុស​កូរ៉ូណា នៅ​ក្នុង​សហរដ្ឋ​អាមេរិក ទោះណាជា​មានពលរដ្ឋអាមេរិកាំងរាប់​ម៉ឺន​នាក់​ បានបាត់បង់​ជីវិត ហើយអ្នកធ្វើការ​រាប់​លាននាក់​បាន​បាត់បង់​ការងារ​ក៏​ដោយ។​

លោក Pence បាន​និយាយ​ច្រើន​ដងតាមលោក Trump ថា ចំនួនករណី​អ្នក​មានផ្ទុក​វីរុស​នេះបាន​កើននៅ​ក្នុង​សហរដ្ឋអាមេរិក ដោយសារមានការធ្វើ​តេស្ត ច្រើន​ជាងមុន ដែលជា​ការ​មិន​អើពើ​ដល់​ការពិតជាក់​ស្តែង​ថា កាលពីខែ​មិថុនា វីរុស​នេះ​បាន​រាលដាលខ្លាំងទៀត​នៅក្នុង​រដ្ឋ​ និងក្រុងដែល​ភាគ​ច្រើន​បានគេច​ផុតពីការ​រាតត្បាត​ដំបូង​ កាល​ពី​ខែ​មីនានិង​មេសា។​ នៅក្នុង​ជំនួបជា​ឯកជន​ជាមួយសមាជិក​ព្រឹទ្ធសភាសហរដ្ឋ​អាមេរិក​ខាងគណបក្ស​សាធារណរដ្ឋ លោក Pence​ បាន​សុំ​ឱ្យ​ពួក​គេ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​ «សញ្ញានាំ​ឱ្យ​មានការ​លើក​ទឹកចិត្ត» នៅ​ក្នុងការ​ប្រយុទ្ធ​របស់ប្រទេស​ប្រឆាំង​នឹងវីរុស​នេះ។​

កាល​ពី​ពាក់កណ្តាល​ខែមិថុនា​ នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិមួយនៅ​ក្នុង​កាសែត​ Wall Street Journal ​លោក Pence បាននិយាយថា ​ការ​ភ្ញាក់​ផ្អើល​អំពី​វីរុស​កូរ៉ូណា​បាន ​«ត្រូវ​បំប៉ោង‍»។

លោក​បានអះអាងថា៖ «ដោយសារភាព​ជា​អ្នកដឹកនាំ​របស់​លោក​ប្រធានាធិបតី Trump និងសេចក្តី ក្លាហាន ​ព្រម​ទាំង​សេចក្តីមេត្តារបស់​ប្រជារាស្ត្រ​អាមេរិកាំង ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​របស់​យើងខ្លាំង​ជាង កាល​ពី​បួន​ខែមុន ​ហើយ​យើង​កំពុង​តែ​ឈ្នះ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ ​ដែល​មើល​មិន​ឃើញ​នេះ។

លោក​បាន​សន្មត​ថា​៖ «យើង​បានពន្យឺតការ​រាលដាល​នៃ​ជំងឺ​នេះ ​យើងបាន​ថែទាំក្រុមមនុស្ស​អាចរង​គ្រោះ​ដោយ​ងាយ យើង​បានជួយ​សង្គ្រោះ​ជីវិត​ និងយើង​បានបង្កើតគ្រឹះមាំទាំ​មួយ ​សម្រាប់​ទប់ទល់​នឹងឧបសគ្គទាំងឡាយ​ណា ​ដែល​យើង​នឹងប្រឈមក្នុង​ពេល​អនាគត។ ​នេះជា​បុព្វហេតុ​មួយដែលសមនឹងទទួលបានការអបអរសាទរ ​មិន​មែនការ​និយាយ​នាំ​ឱ្យមាន​ការភ័យ​ខ្លាច ​ដោយ​បណ្តាញផ្សាយ​ព័ត៌មានទេ»។​

ទោះ​ណាជាលោក Pence បង្ហាញការយល់ឃើញរបស់លោកបែបនេះ​ក៏​ដោយ ​ក៏​ការ​រាតត្បាត​ជំងឺកូវីដ ១៩ នៅក្នុង​សហរដ្ឋ​អាមេរិក នៅ​តែ​កើន​ឡើង​ជា​លំដាប់។ ​កាល​ពី​សប្តាហ៍​ទី​ពីរ​នៃខែសីហា​ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​នេះ បានឡើង​ដល់​ ១សែន ​៥ម៉ឺន​ ៦ពាន់នាក់ ហើយ​មានករណី​អ្នកមានផ្ទុក​វីរុស​នេះដល់ ​៤លាន ​៧សែន​នាក់ ​ដែល​ជា​តួលេខ​ខ្ពស់​ ជាង​ប្រទេស​ឯទៀតៗ​ក្នុង​ពិភពលោក៕

ប្រែសម្រួលដោយ ឈឹម សុមេធ