ការចុះថយចំនួនជនចំណាកស្រុកខុសច្បាប់ទៅកាន់ប្រទេសក្រិកបាននាំឱ្យមានការធូរស្រាលខ្លះសម្រាប់ប្រទេសនេះដែលបានខិតខំរារាំងពួកអ្នកសុំសិទ្ធិជ្រកកោនមិនឱ្យចូលក្នុងប្រទេសនៅពេលប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ប្រកាសកាលពីចុងខែកុម្ភៈថា លោកឈប់រារាំងពួកគេមិនឱ្យចូលក្នុងទ្វីបអឺរ៉ុបទៀតហើយ។
ដោយប្រឈមនឹងវិបត្តិសុខភាពដែលលេចឡើងបន្តិចៗ មេដឹកនាំ តួកគីរូបនេះបានលុបចោលបញ្ជារបស់លោកកាលពីសប្តាហ៍ទីបីខែមីនា។ នៅពេលនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីលោក Suleyman Soylu បានពន្យល់កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនាថាពួកជនចំណាកស្រុក និងអ្នកភៀសខ្លួនប្រមាណ១សែន៥ម៉ឺន៦រយនាក់បានចូលទៅក្នុងប្រទេសក្រិក ដែលជាការហូរចូលច្រើនបំផុតនៃពួកជនទាំងនេះទៅបស្ចឹមប្រទេសចាប់តាំងពីមនុស្សជាងមួយលាននាក់ដែលភាគច្រើនជាជនភៀសខ្លួនស៊ីរីបានគេចខ្លួនទៅកាន់ទ្វីបអឺរ៉ុបដោយរត់គេចខ្លួនពីសង្គ្រាមស៊ីវិលនៅក្នុងប្រទេសពួកគេកាលពីឆ្នាំ២០១៦។
រដ្ឋាភិបាលក្រុងអាថែនបានច្រានចោលតួលេខនេះហើយទិន្នន័យអ.ស.ប. បង្ហាញថាតួលេខសរុបនៃពួកជនចំណាកស្រុកចូលទៅក្នុងប្រទេសក្រិកមានទាំងអស់៩ពាន់៤រយ៨៦នាក់ចាប់តាំងពីដើមឆ្នាំនេះ។ ទីភ្នាក់ងារខាងជនភៀសខ្លួនរបស់អ.ស.ប.ឲ្យដឹងថា មានតែជនចំណាកស្រុក១០៥នាក់ទេដែលបានត្រូវចុះឈ្មោះក្នុងអាទិត្យទីបី ខែមីនាគឺ១០ដងតិចជាងតួលេខអ្នកដែលបានចុះឯកសារកាលពីដើមខែមីនាចំនួន១ពាន់២រយ៨៨នាក់។
ពួកមន្ត្រីឆ្មាំឆ្នេរសមុទ្រ និងពួកមន្ត្រីទេសន្តរប្រវេសន៍បានហៅការចុះថយនេះថា «ជារឿងគួរឱ្យរំភើបខ្លាំង» ដោយនិយាយថាការចុះថយនេះស្ថិតនៅក្នុងចំណោមការថមថយច្រើនបំផុតចាប់តាំងពីសហភាពអឺរ៉ុប និងប្រទេសតួកគីបានសម្រេចកិច្ចព្រមព្រៀងបន្ថយវិបត្តិជនភៀសខ្លួនកាលពីឆ្នាំ២០១៦។
មន្ត្រីឆ្មាំឆ្នេរសមុទ្រជាន់ខ្ពស់ម្នាក់នៅលើកោះ Lesbos ដែលជាកោះមួយនៅជួរមុខនៃវិបត្តិទេសន្តរប្រវេសន៍នៃទ្វីបអឺរ៉ុបបាននិយាយថា «ច្រើនថ្ងៃមកហើយយើងមិនបានឃើញកាណូតកៅស៊ូទេ។ ទោះជាយ៉ាងនេះក៏ដោយ ក៏យើងនៅតែប្រុងប្រយ័ត្នជានិច្ច»។
មន្ត្រីរូបនេះបាននិយាយដូច្នេះដោយសុំមិនឱ្យគេបញ្ចេញឈ្មោះលោកទេ។
ប្រទេសក្រិក និងប្រទេស តួកគីដែលជាសម្ព័ន្ធមិត្តក្នុងអង្គការអូតង់ បានឈ្លោះគ្នាច្រើនឆ្នាំមកហើយអំពីសិទ្ធិក្នុងដែនសមុទ្រនិងដែនអាកាសនៅក្នុងសមុទ្រ Argean ដែលសម្បូរប្រេង និងរ៉ែ។ រដ្ឋាភិបាលក្រុងអាថែនបានចោទប្រកាន់លោក Erdogan ថា ប្រើពួកជនភៀសខ្លួនជាង៣លាននាក់នៅក្នុងប្រទេសលោកដើម្បីបង្ខំសហភាពអឺរុប និងរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោនឱ្យគាំទ្រការវាយលុកយោធារបស់ខ្លួននៅក្នុងសង្គ្រាម៩ឆ្នាំក្នុងប្រទេសស៊ីរី។
នៅពេលនេះដែលសម្ពាធខាងជនចំណាកស្រុកបានធូរស្រាលខ្លះ ពួកមន្ត្រីនៅក្នុងរដ្ឋធានីប្រទេសក្រិកបានប្រឹងប្រែងរកកន្លែងជ្រកកោនឱ្យអ្នកសុំសិទ្ធិជ្រកកោនជាង១សែននាក់ដែលជាប់គាំងនៅក្នុងប្រទេសក្រិកចាប់តាំងពីប្រទេសមួយនេះក្នុងបណ្តាពួករដ្ឋក្នុងតំបន់បាល់កង់បានបិទព្រំដែនរបស់ខ្លួនហើយបានធ្វើរបងដែកថែបសម្រាប់បញ្ឈប់ពួកជនចំណាកស្រុកទាំងនេះមិនឱ្យទៅកណ្តាលទ្វីបអឺរ៉ុប នៅពេលមានវិបត្តិជនភៀសខ្លួនកាលពីឆ្នាំ២០១៦។ ជនភៀសខ្លួនជាង៤ម៉ឺននាក់រស់នៅកកកុញនៅក្នុងជំរំគ្មានអនាម័យនៅលើកោះមួយនៃបណ្តាកោះក្នុងសមុទ្រ Aegean។
លោក Notus Mitaraki រដ្ឋមន្ត្រីក្រសួងជនចំណាកស្រុកនៃប្រទេសក្រិកបាននិយាយថា «យើងពង្រឹងការត្រួតត្រាតឹងរ៉ឹងបំផុតតាមដែលអាចធ្វើបាន ហើយតឹងតែងជាងការដាក់កំហិតលើប្រជារាស្ត្រនៅក្នុងប្រទេសក្រិកទៅទៀត ដើម្បីសម្របសម្រួលតាមស្ថានភាព»។
ក៏ប៉ុន្តែរដ្ឋាភិបាលក្រុងអាថែនបានប្រកែកមិនព្រមធ្វើតាមសម្ពាធរបស់សហភាពអឺរ៉ុបដែលឱ្យខ្លួនដឹកជញ្ជូនពួកជនចំណាកស្រុកពីជំរំនៅលើកោះចំនួន៥ទៅកាន់ប្រទេសក្រិកដីគោក ដែលជាចំណាត់ការដែលរដ្ឋាភិបាលនេះព្រួយបារម្ភថា អាចបង្កើនការរាលដាលមេរោគកូរ៉ូណា។
រហូតមកដល់ពេលនេះគ្មានសេចក្តីរាយការណ៍អំពីករណីមនុស្សផ្ទុកមេរោគ COVID-19 នៅក្នុងសហគមន៍ជនភៀសខ្លួន និងពួកជនចំណាកស្រុកនៅក្នុងប្រទេសក្រិកទេ។
កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែមីនា លោកស្រី Ylva Johansson ស្នងការកិច្ចការមហាផ្ទៃនៃប្រទេសក្រិកបាននិយាយថា លោកស្រីកំពុងធ្វើការជាមួយរដ្ឋាភិបាលលោកស្រី «ដើម្បីឱ្យមានការកិច្ចព្រមព្រៀងផែនការគ្រាមានអាសន្នសម្រាប់កាត់បន្ថយការប្រថុយគ្រោះថ្នាក់ឱ្យបានច្រើនបំផុតនៅក្នុងជំរំនៅលើកោះទាំងនោះ»។
លោកស្រីបានថ្លែងថាផែនការនេះអាចរួមបញ្ចូលការបញ្ជូនឱ្យជនដែលអាចរងគ្រោះដោយសារមេរោគកូរ៉ូណាទៅរស់នៅនៅកន្លែងថ្មី ដោយភាគច្រើនជាពួកកាយវិកល ជាមនុស្សចាស់និងអ្នកមានជំងឺធ្ងន់ធ្ងរ។
កាលពីដើមខែមីនា រដ្ឋាភិបាលក្រិកបានរឹតត្បិតចលនាអ្នកស្វះស្វែងរកសិទ្ធិជ្រកកោននៅក្នុងជំរំទាំងនេះ។ រដ្ឋាភិបាលនេះក៏មានបំណងធ្វើជំរំយ៉ាងតិចពីរនៃជំរំទាំង៥នៅលើកោះក្នុងសមុទ្រ Aegean ឱ្យទៅជាកន្លែងបិទជិតមិនឱ្យមនុស្សចេញចូល។
ពួកអ្នកធ្វើការខាងផ្តល់ជំនួយ និងពួកអ្នកការពារសិទ្ធិមនុស្សបានរិះគន់វិធានការទាំងនេះដោយព្រមានថា ប្រសិនបើមេរោគនេះរាលដាលក្នុងជំរំទាំងនោះ ការណ៍នេះអាចបណ្តាលឱ្យមនុស្សច្រើននាក់នៅក្នុងសហគមន៍ពួកជនចំណាកស្រុកស្លាប់។
អ្នកស្រី Eva Cosse ជាអ្នកស្រាវជ្រាវម្នាក់របស់អង្គការ Human Rights Watch។ អ្នកស្រីបាននិយាយថា «យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលគឺឃុំឃាំងមនុស្សគ្រប់គ្នាក្នុងកន្លែងមួយហើយចាក់សោរជិត»។
អង្គការ Human Rights Watch បានថ្លែងថា «មនុស្សរាប់ពាន់នាក់ដែលរួមបញ្ចូលទាំងមនុស្សចាស់ ពួកអ្នកមានជំងឺធ្ងន់ធ្ងរ ក្រុមកុមារ... ពួកស្ត្រីមានផ្ទៃពោះ ពួកម្តាយទើបឆ្លងទន្លេ និងក្រុមមនុស្សមានកាយវិកលបានជាប់គាំងនៅក្នុងស្ថានភាពដែលមានមនុស្សណែនក្តន់នៅលើកោះទាំងនោះនៅពេលមានការរាតត្បាតជាសាកលនៃជំងឺ COVID-19»។
អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនេះដែលមានមូលដ្ឋាននៅក្នុងបុរីញូវយ៉កបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការបង្ខិតបង្ខំពួកអ្នកស្វះស្វែងរកសិទ្ធិជ្រកកោនឱ្យស្ថិតនៅក្នុងស្ថានភាពដែលរំលោភលើសិទ្ធិពួកគេហើយមានផលអាក្រក់ដល់សុខមាលភាព សុខភាពនិងសេចក្តីថ្លៃថ្នូររបស់ពួកគេ មិនអាចជាការត្រឹមត្រូវបានទេក្នុងវិស័យសុខភាពសាធារណៈ»៕
ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ