ទោះបីជារដ្ឋាភិបាលចិនបានសន្យាថា សេដ្ឋកិច្ចចិននៅឆ្នាំ ២០២៤ នេះនឹងមានភាពប្រសើរឡើងក៏ដោយ ក៏កម្មករចំណាកស្រុក ក្រុមហ៊ុនផ្គត់ផ្គង់កម្លាំងកម្មករ និងម្ចាស់ហាងមួយចំនួនបានប្រាប់ VOA ផ្នែកភាសាចិនកុកងឺថា កន្លងមកការងារនៅតាមទីក្រុងជាប់មាត់សមុទ្រនានានៅក្នុងប្រទេសចិនកំពុងថយចុះ ដោយករណីនេះបានបង្ខំឱ្យកម្មករជាច្រើនត្រូវត្រឡប់ទៅផ្ទះវិញនិងហាងជាច្រើនត្រូវបិទអាជីវកម្ម។
សម្រាប់រយៈពេល ៧ ឆ្នាំចុងក្រោយនេះ លោក Ma Hailiang បានធ្វើជាឈ្មួញកណ្ដាលជ្រើសរើសកម្មករឱ្យរោងចក្រនានានៅក្នុងទីក្រុង Shantou ជាប់មាត់សមុទ្រភាគអាគ្នេយ៍នៃប្រទេសចិន។ លោកបាននិយាយថា មុនពេលជំងឺរាតត្បាតកូវីដ១៩បានកើតឡើង មានការងារជាច្រើននៅក្នុងស្រុក Chenghai នៃទីក្រុង Shantou ដែលជាទីក្រុងមានរោងចក្រផលិតសម្ភារក្មេងលេងជាច្រើន។
បច្ចុប្បន្ននេះ ការបញ្ជាទិញនិងតម្រូវការការងារមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីក្រុងនេះដែលស្ថិតនៅភាគខាងជើងនៃទីក្រុង Guangzhou និងទីក្រុង Shenzhen។
លោកនិយាយដូច្នេះថា៖ «អាជីវកម្មនៅក្នុងទីក្រុង Shantou មានស្ថានភាពមិនល្អទេនាពេលបច្ចុប្បន្ននេះដោយសារគ្មានរោងចក្រណាមួយទទួលបានការបញ្ជាទិញ។ ពីមុនខ្ញុំធ្លាប់ផ្ដល់កម្លាំងកម្មករចំនួន ២០០ នាក់ឱ្យរោចក្រ ប៉ុន្តែពួកគេបានឈប់ពីការងារដោយហេតុផលផ្សេងៗ។ ឥឡូវនេះ នៅសល់តែ ៣០ នាក់ប៉ុណ្ណោះ»។
លោកបានបន្ថែមថា កម្មករខ្លះឈប់ពីការងារដោយសារតែពួកគេត្រូវធ្វើការនៅទីនោះជាង ១២ ម៉ោងក្នុងមួយថ្ងៃ។ អ្នកខ្លះទៀតចាកចេញដោយសារតែរោងចក្រគ្មានការបញ្ជាទិញដែលបង្ខំឱ្យរោងចក្រត្រូវកាត់បន្ថយបុគ្គលិក។
នៅក្នុងប្រទេសចិន ខែមករាគឺជាពេលដែលកម្មករចំណាកស្រុកជាច្រើនចាប់ផ្ដើមធ្វើដំណើរទៅស្រុកកំណើតជារៀងរាល់ឆ្នាំដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំចិន។ ប៉ុន្តែ សម្រាប់ឆ្នាំនេះ ការធ្វើដំណើរចេញពីទីក្រុងនានានៅតំបន់ឆ្នេរសមុទ្រឆ្ពោះទៅកាន់ខេត្តផ្សេងៗនៅទូទាំងប្រទេសបានចាប់ផ្ដើមតាំងពីមុនខែនេះម្ល៉េះ។
អ្នកស្រី Shen Mei អាយុ ៣៧ ឆ្នាំ បានត្រឡប់ពីទីក្រុង Guangzhou ទៅកាន់ទីក្រុង Xinxiang នៃខេត្តHenan វិញកាលពីខែធ្នូឆ្នាំមុន។ អ្នកស្រីប្រាប់ VOA ថា អ្នកស្រីធ្លាប់រកប្រាក់បានចន្លោះពី ១.០០០ ទៅ ១.១០០ ដុល្លារក្នុងមួយខែពីការងារនៅឯរោងចក្រមួយ ដែលប្រាក់ខែនេះគឺច្រើនជាងអ្វីដែលអ្នកស្រីអាចរកបាននៅក្នុងស្រុកកំណើតរបស់អ្នកស្រីទៅទៀត។
អ្នកស្រីនិយាយដូច្នេះថា៖ «យើងត្រូវធ្វើការ ១២ ម៉ោងក្នុងមួយថ្ងៃ ហើយជាញឹកញាប់ត្រូវធ្វើការថែមម៉ោងទៀត។ ដូច្នេះវាជារឿងធម្មតាទៅហើយដែលយើងត្រូវធ្វើការ ១៤ ម៉ោងក្នុងមួយថ្ងៃ។ ខ្ញុំធ្វើការវេនយប់ ហើយញ៉ាំអាហារដំបូងនៅម៉ោង ១១ យប់»។
អ្នកស្រីបានបន្ថែមថា មនុស្សវ័យក្មេងភាគច្រើននៅក្នុងទីក្រុងរបស់អ្នកស្រីតែងទៅធ្វើការនៅតាមទីក្រុងផ្សេងៗ ប៉ុន្តែនៅទូទាំងប្រទេសចិន ការរកការងារធ្វើគឺមានការលំបាកណាស់ដោយសារតែរោងចក្រជាច្រើនបានបិទអាជីវកម្មរបស់ខ្លួន។
អ្នកស្រីលើកឡើងដូច្នេះថា៖ «ស្ថានភាពនៅប្រទេសចិននៅពេលនេះគឺមិនល្អទេ។ មនុស្សជាច្រើនមានការខឹងសម្បានឹងរដ្ឋាភិបាល ប៉ុន្តែមិនហ៊ាននិយាយ។ គ្មានអ្នកណាសប្បាយចិត្តទេ មានតែអ្នកដែលធ្វើការក្នុងជួររដ្ឋាភិបាលតែប៉ុណ្ណោះដែលសប្បាយចិត្ត។ ស្ថានភាពជីវិតដ៏លំបាករបស់ពលរដ្ឋចិនគឺពិបាកនឹងបរិយាយណាស់។ វាមិនមែនជាករណីសម្រាប់តែបុគ្គលម្នាក់ៗនោះទេ វាជាស្ថានភាពទូទៅរបស់ពលរដ្ឋភាគច្រើន»។
ចាប់តាំងពីរដ្ឋាភិបាលចិនបានដកវិធានការដ៏តឹងរ៉ឹងនៅក្នុងការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ កាលពីចុងឆ្នាំ ២០២២ មក សេដ្ឋកិច្ចចិនបានប្រឹងប្រែងយ៉ាងត្រដាបត្រដួសដើម្បីត្រឡប់ទៅរកស្ថានភាពធម្មតាឡើងវិញ។ សូម្បីតែប្រធានាធិបតីចិនលោក Xi Jinping ក៏បានទទួលស្គាល់ផងដែរនូវបញ្ហានានាដែលសេដ្ឋកិច្ចចិនបានប្រឈមនៅក្នុងឆ្នាំ ២០២៣ នៅពេលដែលលោកបានថ្លែងសុន្ទរថាស្វាគមន៍ឆ្នាំថ្មីតាមទូរទស្សន៍កាលពីថ្ងៃទី ៣១ ខែធ្នូកន្លងទៅនេះ។
លោកក៏បានប្ដេជ្ញាផងដែរថា បញ្ហាទាំងនេះនឹងមានភាពប្រសើរឡើង។
លោក Xi បាននិយាយថា ចិននឹងជំរុញទៅមុខនូវកំណែទម្រង់នានាក៏ដូចជា «ពង្រឹងនិងលើកកម្ពស់និន្នាការវិជ្ជមាននៃការស្ដារសេដ្ឋកិច្ចឡើងវិញ ព្រមទាំងសម្រេចឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចមួយដែលមានស្ថិរភាពយូរអង្វែង»។
ទោះជាលោកមានសុទិដ្ឋិនិយមបែបនេះក្ដី មនុស្សមួយចំនួនមើលឃើញថា ទស្សនវិស័យសេដ្ឋកិច្ចចិនមានសភាពអាប់អួ។
អ្នកស្រី Ma Lijuan អាយុ ៣៨ ឆ្នាំ គឺជាមេចុងភៅប្រចាំរោងចក្រផលិតសម្ភារក្មេងលេងមួយកន្លែងនៅក្នុងទីក្រុង Guangzhou។ អ្នកស្រីបាននិយាយថា បច្ចុប្បន្ននេះ អ្នកស្រីឃើញមានកម្មករតិចតួចប៉ុណ្ណោះនៅកន្លែងទទួលទានអាហារ។ អ្នកស្រីបានប្រាប់ VOA ថា កម្មករជាច្រើនដែលបានធ្វើការនៅក្នុងរោងចក្រនេះអស់រយៈពេលជាយូរមកហើយត្រូវបានរោងចក្រកាត់ប្រាក់ខែនៅឆ្នាំនេះ។
អ្នកស្រីថ្លែងដូច្នេះថា៖ «ប្រាក់ចំណូលរបស់ខ្ញុំបច្ចុប្បន្ននេះគឺស្មើតែពាក់កណ្ដាលប៉ុណ្ណោះនៃប្រាក់ចំណូលរបស់ខ្ញុំកាលពីមុនមានការរាតត្បាតជំងឺកូវីដ១៩»។
លោក Ma Xin គឺជាម្ចាស់ហាងលក់គុយទាវសាច់គោនៅជិតសួនឧស្សាហកម្មក្រុមហ៊ុន Foxconn នៅក្នុងទីក្រុង Shenzhen។ ក្រុមហ៊ុន Foxconn នេះគឺជាក្រុមហ៊ុនផលិតទូរស័ព្ទ Iphone ធំជាងគេបង្អស់នៅលើពិភពលោក។ កាលពីមុន រោងចក្រដ៏ធំរបស់ក្រុមហ៊ុននេះនៅសួនឧស្សាហកម្មនោះធ្លាប់បានផ្ដល់ការងារដល់កម្មកររាប់សែននាក់។
លោក Ma បានប្រាប់ VOA ថា លោកមិនប្រាកដក្នុងចិត្តទេថាមានកម្មករប៉ុន្មាននាក់បានចាកចេញពីទីក្រុង Shenzhen កាលពីមួយឆ្នាំកន្លងទៅនេះ។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា មនុស្សជាង ១ លាននាក់បានចាកចេញពីទីក្រុងនេះនៅក្នុងឆ្នាំ ២០២៣។ ប៉ុន្តែអ្វីដែលលោក Ma ច្បាស់ក្នុងចិត្តនោះគឺថា កង្វះអតិថិជនបានបង្កផលប៉ះពាល់ធ្ងន់ធ្ងររួចទៅហើយដល់អាជីវកម្មរបស់លោក។
លោកថ្លែងដូច្នេះថា៖ «កាលពីមុន ខ្ញុំមានអតិថិជនច្រើនណាស់ ហើយខ្ញុំអាចរកចំណូលប្រចាំថ្ងៃបានប្រហែល ៩៨៤ ដុល្លារអាមេរិក។ ប៉ុន្តែកាលពីឆ្នាំ ២០២៣ យើងអាចរកបានតែប្រហែល ២៥១ ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ»។ លោកថា ចំណូលនេះគឺបានត្រឹមតែល្មមគ្រប់គ្រាន់សម្រាប់ការចំណាយលើការជួលទីតាំងនិងបើកប្រាក់ខែឱ្យបុគ្គលិកតែប៉ុណ្ណោះ។
លោក Ali ដែលជាម្ចាស់ហាងលក់គុយទាវសាច់គោម្នាក់ទៀតនៅទីក្រុងសៀងហៃ បានប្រាប់ VOA ថា ឆ្នាំ ២០២៣ គឺជាឆ្នាំដ៏លំបាកខ្លាំង។
លោកបាននិយាយថា មនុស្សជាច្រើន «គ្មានប្រាក់នៅក្នុងហោប៉ៅទេ ហើយលទ្ធភាពចំណាយរបស់ពួកគេគឺលែងមានដូចមុនទៀតហើយ»។
លោក Ma បានអះអាងថា បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ចំនួនកម្មករចំណាកស្រុកនៅក្នុងទីក្រុងសៀងហៃនៅក្នុងឆ្នាំ ២០២៣ មានចំនួនតិចយ៉ាងខ្លាំង។
លោកលើកឡើងដូច្នេះថា៖ «វាជារឿងគួរឱ្យសោកស្ដាយណាស់។ រោងចក្រតូចៗជាច្រើននៅទីនេះបានបិទអាជីវកម្ម ហើយអតិថិជនចម្បងសម្រាប់ភោជនីយដ្ឋាននៅជុំវិញរោងចក្រទាំងនោះគឺជាកម្មករចំណាកស្រុក»។
កត្តានេះហើយដែលជំរុញឱ្យភោជនីយដ្ឋានជាច្រើនគ្មានជម្រើសអ្វីផ្សេងក្រៅពីការបិទអាជីវកម្ម៕
ប្រែសម្រួលដោយលោក នៀម ឆេង