ជំងឺ​គ្រុន​ចាញ់​សម្លាប់​មនុស្ស​ជា​ច្រើន​ក្នុង​ពិភពលោក

រូបសត្វ​មូស​ឈ្មោះAnopheles នៅ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ជាតិ​​នៅទី​ក្រុង​ឡុងដ្រ៍។

អង្គការ​សុខភាព​ពិភពលោក​ប៉ាន់​ស្មាន​ថា មនុស្ស​ចំនួន​៨០​ម៉ឺន​នាក់​ស្លាប់​ក្នុង​មួយឆ្នាំៗ​ដោយ​ជំងឺ​គ្រុនចាញ់។ ប៉ារ៉ាស៊ីត​ដែល​ជា​មូលហេតុ​នៃ​ជំងឺ​នេះ​ចម្លង​ដោយ​សត្វ​មូស​ឈ្មោះAnopheles។​ បន្ទាប់​ពី​មូស​បឺតឈាម​មនុស្ស​ដែល​មាន​មេរោគ​មក ប៉ារ៉ាស៊ីត​វិវត្តន៍​ពេញ​ទំហឹង​ទៅ​ក្នុង​ដំណាក់​កាល​ឆ្លង​មួយ​នៅ​ក្នុង​ពោះវៀន​នៃ​មូស។​ ចាប់​តាំង​ពី​ដំណាក់កាល​នេះ​ ពួក​ប៉ារ៉ាស៊ីត​Plasmodium​ Falciparum​ ទៅ​នៅ​ពាស​ពេញ​ទឹកមាត់​មូស​ ដូច្នេះ​ប៉ារ៉ាស៊ីត​អាច​ចម្លង​ទៅ​មនុស្ស​ម្នាក់ទៀត​នៅ​ពេល​មូស​ជំពូក​នេះ​ខាំ។​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​បាក់​តេរី​មួយ​នៅ​ក្នុង​ពោះវៀន​មូស​Anopheles​ ដែល​នៅ​ថ្ងៃ​ណាមួយ​គេ​អាច​យក​វា​ទៅ​ប្រើការ​សម្រាប់​កម្ចាត់​ និង​ការពារ​ការ​រាល​ដាល​ពួកប៉ារ៉ាស៊ីត​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ​ ចនស៍ ហផឃីនស៍ (Johns Hopkins) ខាង​ផ្នែក​សុខភាព​សាធារណៈ​នៅក្នុង​ទីក្រុង​បាល់ទីម័រ៍​ រដ្ឋម៉ារីលែនដ៍ បាន​រក​ឃើញ​បាក់តេរី​មួយ​នៅ​ក្នុង​ចំណោម​បាក់តេរី​រាប់រយ​ ដែល​ត្រូវ​បាន​ហៅ​ថា​ពពួក​អតិ​សុខុមប្រាណ​ដែល​រស់​នៅ​ដោយ​គ្មាន​បង្ក​គ្រោះថ្នាក់​នៅ​ក្នុង​ពោះ​មូស​Anopheles​ ដែល​ត្រូវបានប្រមូលពី​ក្នុង​តំបន់​មួយ​នៃ​ប្រទេស​ ហ្សាំប៊ា (Zambia) ភាគ​ខាង​ត្បូង​ កន្លែង​ដែល​ជំងឺ​គ្រុនចាញ់​កំពុង​រាលដាល។ មេរោគ​ដែល​នៅ​ក្នុង​ពោះ​វៀន​មូស​តិចតួច​បាន​ការពារ​ពួក​ សត្វល្អិត​ទាំងនោះ​ពី​ការឆ្លង​ប៉ារ៉ាស៊ីត។

លោក​ ចដ្យ ឌីម៉ូភូឡុស (George Dimopoulos)​ អ្នក​ស្រាវជ្រាវ​សំខាន់​ម្នាក់​និយាយថា​ ការ​ការពារ​ទំនង​ក្លាយ​ជា​ផល​ប៉ះពាល់​ដល់​រាង​កាយ​មេរោគ​ ពោល​គឺ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចង់​រកវិធី​ដើម្បី​ប្រើ​មេរោគ​នេះ​ជា​អាវុធ​មួយ​ ប្រឆាំង​ជំងឺ​គ្រុនចាញ់។​ លោក​ឌីម៉ូភូឡុស​មាន​ប្រសាសន៍​ថា៖

«ការ​សិក្សា​របស់​យើង​បាន​បង្ហាញ​ថា មេរោគ​នេះ ផលិត​អាណូសេរី​ ដែល​ជា​អាណូ​ដែល​មាន​អ៊ុកស៊ីហ៊្សែន និង​ដែល​អាច​បំផ្លាញ​កោសិកា។​ ដូច្នេះហើយ​យើង​មាន​ជំនឿថា​ នេះ​ជា​វិធីដែល​មេរោគ​នេះ​សម្លាប់​ប៉ារ៉ាស៊ីត​នៃ​ជំងឺ​គ្រុនចាញ់​នៅ​ក្នុង​ពោះវៀន​មូស។ ប៉ុន្តែ​យើង​ចាំ​បាច់​ត្រូវ​យល់​អំពី​យន្តការ​នោះ​នៅក្នុង​ខ្លឹមសារ​យ៉ាង​ពិស្តារ​ទូលំ​ទូលាយ»។

ដើម្បី​បង្ហាញ​ពី​លទ្ធផល​ដែល​មាន​ប្រយោជន៍​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រើ​អង់ទីប៊ីរយ៉ូទិក​ដើម្បី​សម្លាប់​បាក់តេរី​នៅ​ក្នុង​មូស​ដែល​មាន​មេរោគ​ ហើយ​បន្ទាប់​មក​អាច​ចម្លង​ប៉ារ៉ាស៊ីត​ Plasmodium​ ទៅ​មូស​ទាំងនោះ​ឲ្យ​កាន់​តែ​ងាយ។

ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​បញ្ចូល​បាក់តេរី​នៅ​ក្នុង​ពោះវៀនមូស​ដែល​គ្មាន​បាក់តេរី។​ នៅ​ពេល​ពួកគេ​ឲ្យមូស​ដែល​មាន​បាក់តេរី​បឺត​ឈាម​ដែល​មាន​ជំងឺ​គ្រុន​ចាញ់​ ប៉ារ៉ាស៊ីត​ Plasmodium​ Falciparum​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​មូស​ស្ទើរ​តែ​ទាំង​អស់។

លោក​ ឌីម៉ូភូឡុស និយាយ​ថា គោលបំណង​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ឥឡូវ​នេះ​គឺរិះ​រក​វិធីមួយ​ដើម្បី​បញ្ចូល​មេរោគ​ទៅ​ក្នុង​មូស​Anopheles​ជាច្រើន​ដែល​នៅ​ទី​នោះ​ គឺ​ប្រហែល​ជា​ធ្វើតាម​រយៈ​នុយ​លាយ​ជាមួយ​នឹង​ចំណី​ដែល​មូស​ចូល​ចិត្ត។លោក​ឌីម៉ូភូឡុស​មាន​ប្រសាសន៍​បន្ថែម​ថា៖

«មូស​ត្រូវការ​ចំណី​ស្ក​រាល់​ថ្ងៃ។​ យើង​អាច​ដាក់​មូស​នៅ​ក្នុង​ទីវាល​ដើម្បី​ឲ្យ​ទទួល​យក​មេរោគ​ទាំងនេះ​តាមរយៈ​ការ​ប្រើ​នុយស្ក»។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​កត់សម្គាល់​ថា មូស​ដែល​មាន​មេរោគ​ក្នុង​ពោះវៀន​របស់​វា​ងាប់​មុន​មូស​ដែល​គ្មាន​មេរោគ​ នៅ​ពេល​ណា​មូស​ទាំងពីរ​ក្រុម​នេះ​ត្រូវបាន​ចម្លង​ប៉ារ៉ាស៊ីត។​ ដោយសារ​តែ​ប៉ារ៉ាស៊ីត​នៃ​ជំងឺ​គ្រុន​ចាញ់​រស់​ក្នុង​ខ្លួន​មូស​ប្រមាណ​ពីរ​សប្តាហ៍​មុន​នឹង​ទៅ​ដល់​ដំណាក់​កាល​ឆ្លង​មួយ​ លោក​ ឌីម៉ូភូឡុស និយាយ​ថា វា​ជា​ដំណឹង​ល្អ​ដែល​មេរោគ​ក្នុង​ពោះមូស​ទំនង​ជា​ធ្វើ​ឲ្យ​មូស​ឆាប់​ងាប់​មុន​នឹងវា​អាច​ចម្លង​ប៉ារ៉ាស៊ីត​ទៅ​មនុស្ស។​ ការ​ស្រាវជ្រាវ​របស់​លោក​ ឌីម៉ូភូឡុស​ ត្រូវ​បាន​បោះពុម្ភ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​ the journal Science។

ប្រែសម្រួល​ដោយ​ នុច សារីតា