ពិព័រណ៍​រូបថត​ដោយ​លោក​ ​Michael Vickery​ ​បង្ហាញ​ពី​ការ​រស់​នៅ​របស់​ពល​រដ្ឋ​ខ្មែរ​ក្នុង​ទសវត្សរ៍​ទី៦០

កម្រងរូបភាព៖ ពិព័រណ៍​រូបថត​ ​«ប្រទេស​កម្ពុជា​នា​ទសវត្សរ៍​ទី​៦០»​ ​របស់​លោក Michael Vickery

លោក​ ​សុភា​ មាន​មន្ទិល​ពី​ការ​ផ្តល់​តម្លៃ​ជា​ពលរដ្ឋ​ទៅ​លើ​សហគមន៍​ជនជាតិ​ភាគ​តិច ​នៅ​តំបន់​ដាច់ស្រយាល​នានា​នៅ​កម្ពុជា​​នា​អំឡុង​ពេល​ទសវត្សរ៍​ឆ្នាំ ៦០ ​ដោយសារ​តែ​ការ​មិនសូវ​​ផ្តិត​យក​រូបភាព​របស់​សហគមន៍​​ជនជាតិ​ភាគតិច​ទាំង​នោះ​។

ពិព័រណ៍​រូបថត​ ​«ប្រទេស​កម្ពុជា​នា​ទសវត្សរ៍​ទី​៦០»​ ​ត្រូវ​បាន​ចាប់​ផ្តើម​ដាក់​បង្ហាញមជ្ឈ​មណ្ឌល​សោត​ទស្សន៍​បុប្ឆាណា​ ​កាល​ពី​សប្តាហ៍កន្លង​ទៅ​ ​ដើម្បី​បង្ហាញ​ពី​ជីវភាព​រស់​នៅ​របស់​ពល​រដ្ឋ​ខ្មែរ​ ​និង​រំឭក​ពី​ស្នាដៃ​របស់​ប្រវត្តិ​វិទូ​ជនជាតិ​អាមេរិកាំង​ ​គឺ​លោក​ ​Michael Vickery។​

លោក​ ​យង់ សុភា​ ​វាគ្មិន​មួយ​រូប​នៅ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ពី​ស្នាដៃ​របស់​លោក​ ​Michael Vickery ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​បារាំងកាលពី​ ​សប្តាហ៍​កន្លង​ទៅ​ ​បាន​លើក​ឡើង​ថា​ លោក​ចាប់​អារម្មណ៍​លើ​ស្នាដៃ​របស់​លោក​ Michael Vickery​ ពីព្រោះ​រូបថត​ទាំង​នោះ​បង្ហាញ​ពី​ភាព​ខុសប្លែក​គ្នា​យ៉ាង​ខ្លាំង​រវាង​ពលរដ្ឋ​រស់​នៅ​តំបន់​ទីក្រុង​និង​ជនបទ​នៅ​ទសវត្សរ៍​ឆ្នាំ​ ​១៩៦០​ នៅ​ពេល​កម្ពុជា​ធ្លាប់​បាន​អះអាង​ខ្លួន​ថា ជា​គំរូនៃ​ការ​អភិវឌ្ឍ​កំពុង​តែ​ងើប​ឡើង​មួយ​នៅ​អាស៊ី។​

លោក​សុភាបាន​និយាយ​ថា៖

«យើង​មើល​ពីរ​ករណី។ ​នៅ​ស្រុក​ខ្មែរ​ហ្នឹង​ ករណី​ទី​មួយ គឺ​រូបថត​ដែល​គេ​ថត​នៅ​ទី​ក្រុង។ បន្ទាប់​មក​ ករណី​មួយ​ទៀត គឺ​គេ​ថត​នៅ​ជនបទ។ អញ្ចឹង​អ្វី​ដែល​ខ្ញុំ​កំពុង​ស្រាវជ្រាវ​រក​ហ្នឹង គឺ​ភាគច្រើនខ្ញុំ​ទទួល​បាន​រូបថត​ពី​មនុស្ស​នៅ​ទីក្រុង។ ប៉ុន្តែ​នៅ​ជនបទ​ គេ​ថត​របៀប​ម៉េច។ គាត់​អត់​មាន​រូបថត​អី​បញ្ជាក់​ទេ។⁠ អញ្ចឹង​បាន​ជួប​ជាមួយ​ Michael⁠ Vickery ដែល⁠គាត់​បាន​ថត​រូប​សម័យ​ហ្នឹង។ អញ្ចឹង​បាន​ជា​ត្រលប់​មក​វិញ⁠ថា​តើ​រូបថត​របស់​លោក ⁠Michael⁠ Vickery មាន​សារៈសំខាន់​ដូចម្តេច​ដើម្បី​កំណត់​អត្តសញ្ញាណ​របស់​ជនជាតិ​ណា​មួយ»។

លោក​ Michael Vickery ​គឺ​ជា​ប្រវត្តិ​វិទូ​ជា​អ្នកស្រាវជ្រាវ​និង​ជា​សាស្រ្តា​ចារ្យ​មួយ​រូប ​ហើយ​លោក​មិនមែន​ជា​អ្នក​ជំនាញ​ថត​រូប​នោះ​ទេ។​ ​ស្នាដៃ​រូប​ថត​របស់​លោក​ ​Vickery​ ​គឺផ្តោត​សំខាន់​ទៅ​លើ​ជនជាតិ​ភាគតិច​ ​និង​ទំនៀម​ទម្លាប់​នៃ​ការ​រស់​នៅ​របស់​ពួកគេ​ ​ហើយ​រូបថត​ទាំងនេះ​ គឺ​ជា​សក្ខីភាព​របស់​ប្រ​ទេស​កម្ពុជា​ក្នុង​ទសវត្សរ៍​ទី​៦០​ ​ដែល​បាន​បង្ហាញ​ពី​ជ្រុង​មួយ​នៃ​ការ​រស់នៅ​ដែល​ធ្លាប់​មាន​នៅ​កម្ពុជា​មុន​របបខ្មែរ​ក្រហម​យ៉ាងណា​ក្តី លោក​បាន​ជាប់​ចិត្ត​ស្រឡាញ់​កម្ពុជា​ហើយ​លោក​បាន​ជ្រើស​មក​រស់​នៅកម្ពុជា រហូត​ដល់​ពេល​លោក​ទទួល​មរណភាព​ នៅ​ខេត្ត​បាត់ដំបង​កាល​ពី​ឆ្នាំ​២០១៧ ក្នុង​វ័យ​៨៦​ឆ្នាំ។ ​

​លោក​ យង់ សុភា​ ​បញ្ជាក់ថា​ លោក Michael Vickery ជា​អ្នកស្រាវជ្រាវ​មនុស្ស​សាស្រ្ត​បែប​នយោបាយ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ «Political Anthropologist» ហើយ​លោក​បាន​ថត​រូប​ទុក​ធ្វើ​ជា​ភស្តុតាង​ដើម្បី​រៀបរៀង​ជា​ឯកសារ​ក្នុង​ការ​ធ្វើបទបង្ហាញ​ទៅ​កាន់​មនុស្ស​ទូទៅ។ ​ប៉ុន្តែ​លោក​សុភានៅ​មាន​ចម្ងល់​ថា​តើ​ហេតុអ្វី​ លោក​ Vickery មិន​បាន​លាត​ត្រដាង​រូបថត​ទាំង​នោះ​នា​គ្រា​នោះ។⁠ នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​លោក​គិត​ថា រូបថត​ទាំង​នោះ​មាន​បង្កប់តម្លៃ​អ្វី​មួយ​នា​ពេល​អនាគត។

លោក​សុភា​បាន​និយាយ​ថា៖

«ខ្ញុំ​គិត​ថា គាត់​ហ្នឹង​ជា Political Anthropologist។ ហើយ​គាត់​បាន​សរសេរ​សៀវភៅ​ច្រើន​ដូច​ដែល​យើង​បាន​ឃើញ​នៅ​ហ្នឹង​ទាក់ទង​នឹង​ប្រវត្តិសាស្រ្ត​ខ្មែរ។​ ហើយ​នៅ​ក្នុង​ Anthropology ​មាន​ផ្នែក​មួយ​គេ​ហៅ​ថា Visual Anthropology ឬ​ Crowd Photography។​ ​អញ្ចឹង​ Photography ហ្នឹង​គឺ​ថត​រូប ដើម្បី​បញ្ជាក់​ថា​ជា Evidence អី​មួយ​ដើម្បី​គាត់​យក​ទៅ​សរសេរ ដើម្បី​ធ្វើ​ការ​បទ​បង្ហាញ»។

លោក​បាន​បន្ត​ថា៖

«អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​នោះ​គឺ​មាន​ន័យ​ថា គាត់​ថត​តាំង​ពី​យូរ​។ ហេតុអី​បាន​ជា​ គាត់​មិន​យក​រូប​ហ្នឹង​ទៅ​តាំង​ពិព័រណ៍ ឬ​ក៏​Disclose​ ​វា​ទៅ​កន្លែង​ណា​ផ្សេង? ហេតុអី​បាន​ គាត់​ប្រាប់​កូន​គាត់​ថា តើ​នៅ​ពេល​ស្លាប់​ទៅ​ហ្នឹង​ តើយក​រូប​គាត់​ទៅ​ធ្វើ​អី?⁠ អញ្ចឹង​រូប​ថត​ហ្នឹង​ ខ្ញុំ​គិត​ថា ហ្នឹង​មាន​តម្លៃ​អ្វី​មួយ​នៅ​ថ្ងៃអនាគត»។​

អ្នកស្រី Amema "Mimi" Saeju និងលោកយង់ សុភាធ្វើបទបង្ហាញពីស្នាដៃរបស់លោក Michael Vickery នៅ​មជ្ឈមណ្ឌលវប្បធម៌បារាំង កាល​ពីថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០១៨។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

លោក​ ​យង់ សុភា​ ជា​អ្នកស្រាវជ្រាវ​ថ្នាក់​ក្រោយ​បណ្ឌិត​នៅ​សាកលវិទ្យាល័យ University College London ​នៅ​ចក្រភព​អង់គ្លេស។​ នា​ពេល​បច្ចុប្បន្ន លោក​កំពុង​តែ​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​ក្នុង​គម្រោង​មួយ​ឧបត្ថម្ភ​ដោយ​ក្រុម​ប្រឹក្សា​ស្រាវជ្រាវ​អឺរ៉ុប​ ក្រោមឈ្មោះ​ថា ​«ពលរដ្ឋ​នៃ​ការ​ថតរូប៖​ កាមេរ៉ា​ និង​ការ​ស្រមើស្រមៃ​នយោបាយ»។ ការ​ស្រាវជ្រាវ​របស់​លោក​ផ្តោត​ទៅ​លើ​ គំនិត​ស្តី​ពី​ភាព​ជា​ពលរដ្ឋ និង​ការ​ព្យាយាម​ស្វែង​រក​ទំនាក់ទំនង​រវាង​ភាព​ជា​ពលរដ្ឋ និង​មធ្យោបាយ​ឆ្លុះ​បញ្ចាំង​តាម​រូបភាព ដូចជា រូបថត និង​សិល្បៈ​តាមរយៈ​រូបភាព​ជា​ដើម។​

លោក​ ​សុភា​ មាន​មន្ទិល​ពី​ការ​ផ្តល់​តម្លៃ​ជា​ពលរដ្ឋ​ទៅ​លើ​សហគមន៍​ជនជាតិ​ភាគ​តិច ​នៅ​តំបន់​ដាច់ស្រយាល​នានា​នៅ​កម្ពុជានា​អំឡុង​ពេល​ទសវត្សរ៍​ឆ្នាំ ៦០ ​ដោយសារ​តែ​ការ​មិនសូវផ្តិត​យក​រូបភាព​របស់​សហគមន៍ជនជាតិ​ភាគតិច​ទាំង​នោះ​ តាមរយៈ​មធ្យោបាយ​ផ្សេងៗ​ ដូច​ដែល​ពលរដ្ឋ​នៅ​ទីក្រុងបានប្រើប្រាស់​ និង​ទទួលបាន​ ដូចជា​ ម៉ាស៊ីន​ថត​រូប ​ម៉ាស៉ីន​ថត​វីដេអូ និងផ្ទាំងគំនូរ​ជា​ដើម។ យ៉ាង​ណា​ក្តី​ លោក​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ពីការ​វិវត្ត​នៃ​មធ្យោបាយ​ផ្តិត​យក​រូបភាព​នា​សម័យ​ទំនើប​ ​ដែល​បាន​ផ្តល់​កំណើត​ទៅ​ដល់​អ្វី​ដែល​លោក​បាន​ហៅ​ថា​ «លទ្ធិ​ប្រជាធិបេតយ្យ​តាមរយៈ​ការ​បង្ហាញ​ជា​រូបភាព»​ ​(Visual⁠ Democracy)។​តាមរយៈ​ឃ្លា​នេះ លោក​សុភា​ ផ្តោត​ទៅ​លើ​ ភាព​សម្បូរ​ហូហៀរ​នៃ​មធ្យោបាយ​ផ្តិត​យក​រូបភាព​នា​ពេល​បច្ចុប្បន្ន ដែល​មនុស្ស​ទូទៅ​អាច​មាន​លទ្ធភាព​យក​មក​ប្រើប្រាស់​បាន ហើយ​មិនមែន​សម្រាប់​តែ​ក្រុម​មនុស្ស ឬ​សហគមន៍​ជាក់លាក់​ណា​មួយ​ ដូច​កាល​ពី​សម័យ​ទសវត្សរ៍​ឆ្នាំ​៦០​នោះ​ទេ។​

លោក​ Michael Vickery ជា​បញ្ញវន្ត​មួយ​រូប​ដែល​បាន​ចំណាយ​ពេល​មួយ​ភាគធំ​នៃ​ជីវិត​របស់​គាត់​នៅ​ប្រទេស​ថៃ និង​កម្ពុជា។ លោក​បាន​បម្រើការ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​នៅ​វិទ្យាល័យ​មួយ​នៅ​ខេត្ត​កំពង់ធំ ​ដែល​ក្នុង​ចំណោម​សិស្ស​ដែល​ធ្លាប់​រៀន​សូត្រ​ជាមួយ​លោក ក៏​រួម​មាន​ កាំង ហ្គិចអ៊ាវ ហៅ​ឌុច អតីត​មេ​គុក​ស-២១ ឬ​គុក​ទួល​ស្លែង​ផង​ដែរ។ ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​មហាវិទ្យាល័យ Yale នៅ​សហ​រដ្ឋអាមេរិក​ ក្នុង​ឆ្នាំ ១៩៧៧ លោក​ Vickery ​បាន​បម្រើ​ការ​ជា​អ្នកជំនាញ​មួយ​រូប​ក្នុង​ការ​ស្រាវជ្រាវ​ផ្សេងៗ​ពី​កម្ពុជា និង​តំបន់​ជុំវិញ។​ ​ស្នាដៃ​ដ៏​គួរ​ឲ្យ​សម្គាល់​មួយ​របស់​លោក​គឺ​សៀវភៅ​ស្រាវជ្រាវ​ក្រោម​ចំណងជើង​ថា «សង្គម សេដ្ឋកិច្ច និង​នយោបាយ​នៅ​មុន​សម័យ​អង្គរ​នៅ​កម្ពុជា»។​

អ្នកស្រី​ Amema “Mimi” Saeju ជា​កូនស្រី​ចិញ្ចឹម និង​ជា​វាគ្មិន​មួយ​រូប​ទៀត​នៅ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ពី​សា្នដៃ​របស់​លោក​ Michael Vickery។ ​ក្នុង​វ័យ​៣៧​ឆ្នាំ​ ​អ្នកស្រី​បាន​និយាយ​ថា​អ្នកស្រី​មាន​អារម្មណ៍​នឹក​ស្រណោះ​ពី​អតីតកាល​នៅ​ពេល​ដែល​អ្នកស្រី​មើល​ទៅ​លើ​រូបថត​ដែល​លោក​ Vickery ​បាន​ថត។​ ​លើស​ពី​នេះ​ទៀត​អ្នកស្រី​ក៏​បាន​លើក​ឡើង​ពី​លក្ខណៈ​ជា​គ្រួសារ​ និង​ជីវិត​សាមញ្ញ​ ក៏ដូចជា​ភាព​ស្លូត​ត្រង់​របស់​កុមារ​ និង​ប្រជាពល​រដ្ឋ​នា​គ្រា​នោះ​មុន​ពេល​សង្រ្គាម​បាន​កើត​ឡើង​ផង​ដែរ។

អ្នកស្រី​ Amema ​បាន​និយាយក្នុង​ភាសា​អង់គ្លេស​ហើយ​ត្រូវ​បាន​ប្រែសម្រួល​ក្នុង​ន័យ​ដើម​ថា៖

«ទោះ​បី​នេះ​មិនមែន​ជា​ប្រទេស​របស់​ខ្ញុំ​ក៏​ដោយ ហើយ​ខ្ញុំ​មិន​បាន​ស្គាល់​មនុស្ស​នៅ​ក្នុង​រូប​ថត​ទាំង​នោះ​ក្តី។ ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​មើល​ទៅ​ការ​ស្លៀកពាក់ ក្រសែភ្នែក ម៉ូដសក់ និង​អ្វីៗ​ផ្សេង​ទៀត ខ្ញុំ​មាន​អារម្មណ៍​ថា នឹក​ស្រណោះ​ដល់​អតីត​កាល។ ខ្ញុំ​ងឿង​ឆ្ងល់​ថា តើ​យើង​នៅ​អាច​សម្លឹង​មើល​គ្នា​ដូច​អញ្ចឹង​ទេ នា​ពេល​បច្ចុប្បន្ន។⁠ តើ​យើង​នៅ​មាន​ជីវិភាព​បែប​សាមញ្ញ ដែល​យើង​ឃើញ​គ្រួសារ​នៅ​ជាមួយ​គ្នា ហើយ​ក្មេងៗ​រត់​លេង​ក្នុង​ភូមិ ដោយ​មិនមាន​សង្រ្គាម ឬ​អំពើ​ហិង្សា​ណាមួយ​ទេ?»​។

អ្នកស្រី​បាន​បន្តថា៖

«ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​យល់ពី​ភាព​ស្លូតត្រង់​របស់​កុមារ​ និង​ប្រជាជន​នៅ​ក្នុង​រូបថត​ដែល​គាត់​បាន​ថត»។​

រូបថតបង្ហាញពីអ្នកស្រី Amema "Mimi" Saeju និងលោក Michael Vickery នៅក្នុងផ្ទាំងចាក់បញ្ចាំងពេលអ្នកស្រីធ្វើបទបង្ហាញពីស្នាដៃរបស់លោក Michael Vickery នៅ​មជ្ឈមណ្ឌលវប្បធម៌បារាំង កាល​ពីថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០១៨។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

អ្នកស្រី​ Amema ​ចាប់​ផ្តើម​រស់​នៅ​ជាមួយ​ឪពុកចិញ្ចឹម​ គឺ​លោក Michael Vickery​ ​និង​ម្តាយ​ចិញ្ចឹម​លោកស្រី Otome Kleine ដែល​ជា​នរវិទូ​ជនជាតិ​ហូឡង់​ នៅ​ឆ្នាំ​ ១៩៩៩ នៅ​ពេល​អ្នកស្រី​មាន​អាយុ ១៦​ឆ្នាំ។​ ​អ្នកស្រី​បាន​លើក​ឡើង​ថា អ្វី​ដែល​បំផុស​ចិត្ត​លោក​ Vickery ឲ្យ​ធ្វើ​ការ​ថតរូប​នោះ​ គឺ​ដោយសារ​តែ​ការ​ថត​រូប​ជា​ទម្លាប់​របស់​គាត់។ លើស​ពី​នេះ​ទៀត អ្នកស្រី​បាន​បន្ត​ថា ដោយសារ​តែ​បុគ្គលិក​លក្ខណៈ​របស់​លោក​Vickery ផ្ទាល់​ផង​ដែរ ពីព្រោះ​លោក​ចូលចិត្ត​ដើរ​ស្វែងរក​អ្វី​ថ្មីៗ។ ​

ការ​តាំង​ពិព័រណ៍រូបថត​ស្នា​ដៃ​ផ្ទាល់​របស់​លោក​ ​Michael Vickery​ ​ពី​ប្រជាជន​ ទេ​សភាព​ និង​ប្រពៃណី​របស់​កម្ពុជា​នៅ​ក្នុង​ទសវត្សរ៍​ទី​៦០​នេះ​ ​គឺ​ជា​ផ្នែក​មួយ​នៃ​មហោស្រព​រូបថត​ភ្នំពេញ​ឆ្នាំ​២០១៨។​ ​ពិព័រណ៍​រូប​ថត​នេះ​ ​នឹង​ត្រូវ​ដាក់​បង្ហាញ​ជា​សាធារណៈ​រហូត​ដល់​ដើម​ខែ​វិច្ឆិកា​ខាង​មុខ៕​