សមាគម​មីក្រូ​ហិរញ្ញវត្ថុ​ចាត់ទុក​ថា របាយការណ៍​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​ភាព«មិន​ប្រក្រតី»

រូបឯកសារ៖ ប្រជាពលរដ្ឋខ្មែរ​រាប់​លុយ​រៀល​ ដែល​ជា​រូបិយប័ណ្ណ​​ជាតិ ​នៅតូប​ដូរ​លុយ​ក្នុង​ស្រុក​មួយ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ​ខែ​មេសា​ ឆ្នាំ២០១៦។​ (វីអូអេ)

សមាគម​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ​អេស៊ីលីដា​រិះគន់​ថា របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​ភាព«មិនប្រក្រតី» «មាន​ចរិត​ញុះញង់ និង​មាន​ចេតនា​បំផ្លាញ​បង្ខូច​កេរ្តិ៍ឈ្មោះ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ»។

សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ ​ដែល​តំណាង​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​អះអាង​ថា​ ​ខ្លួន​បាន​រក​ឃើញ​«ភាព​មិន​ប្រក្រតី​ជា​ច្រើន»​ក្នុង​របាយ​ការណ៍​របស់​អង្គការ​លីកាដូ​ ដែល​ទើប​ចេញ​ផ្សាយ​នៅ​ដើម​សប្តាហ៍​នេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​នេះ​ ចុះ​ថ្ងៃ​ទី​៣ ​ខែ​កក្កដា​ បាន​បញ្ជាក់​ថា ​ខ្លួនបាន​សម្ភាសអ្នក​ភូមិ​២​នាក់​ ក្នុង​ចំណោម​៤​នាក់​ ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ជា​វីដេអូ​ដល់​ក្រុម​ស្រាវជ្រាវ​របស់​អង្គការ​លីកាដូ ហើយ​រក​ឃើញ​ថា​ ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​នោះ​ មិន​ធ្លាប់​បាន​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ណា​មួយ​ឡើយ។​

ការ​លើក​ឡើង​នេះ​ កើត​ឡើង​ក្រោយ​ពី​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣ គឺ​អង្គការ​លីកាដូ អង្គការ​សង់ត្រាល់​ ​និងសម្ព័ន្ធ​សហជីព​កម្ពុជា​ កាល​ពី​ថ្ងៃ​អង្គារ ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ថ្មី​ចុង​ក្រោយ​បំផុត​មួយ​ដែល​បង្ហាញ​ថា​ ​កម្មករ​រោងចក្រ​មួយ​ចំនួន​ត្រូវ​បង្ខំ​ចិត្ត​លក់​ដី ​ផ្ទះនិង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ ​ដើម្បី​សង​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ​និង​ធនាគារ។​

ប្រតិកម្ម​របស់​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​នេះ​ ធ្វើ​ឡើង​មួយ​ថ្ងៃក្រោយ​ពី​ធនាគារ​អេស៊ីលីដា​ដែល​ជា​ធនាគារ​ធំ​ជាង​គេ​មួយ​នៅ​កម្ពុជា ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​ហៅ​របាយ​ការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នេះ​ថា ​«មាន​ចរិត​ញុះញង់​និង​មាន​ចេតនា​បំផ្លាញ​បង្ខូច​កេរ្តិ៍​ឈ្មោះគ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញ​វត្ថុ»។​

​របាយ​ការណ៍​ដែល​មាន​ចំណង​ជើង​ថា​ «ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក» ​ដែល​ចងក្រង​ដោយ​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ ​បានសម្ភាស​កម្មករ​កាត់​ដេរ​ចំនួន​១៦២​នាក់ ​ដែលភាគ​ច្រើន​ជា​ស្ត្រី​ នៅ​ចន្លោះខែ​មីនា​ដល់​ខែ​ឧសភា ​ឆ្នាំ​២០២០។

លោក​ ​អំ សំអាត​ ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ថ្លែង​ប្រាប់​វីអូអេ​តាម​បណ្តាញ​សង្គម​នៅ​ថ្ងៃ​សុក្រ​នេះថា​ ​ការ​រក​ឃើញអាច​ខុស​គ្នា​រវាង​អ្វី​ដែល​អង្គការ​របស់​លោក​រក​ឃើញ​ និង​អ្វី​ដែល​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​រក​ឃើញ ​ពេល​ចុះ​ទៅ​ជួប​សម្ភាសកម្មករ។​

«ការ​ដែល​ជួប​វា​ខុស​គ្នា​ ព្រោះ​បើ​ទាក់ទង​មីក្រូ​ហិរញ្ញ​វត្ថុ​ទៅ​ជួប​តែ​ម្តង​ ប្រហែល​ជា​គាត់​មិន​ហ៊ាន​និយាយ​ពី​ផល​ប៉ះពាល់​ជាមួយ​មីក្រូ​ហិរញ្ញ​វត្ថុ​ទេ»៕