​ការសម្រេច​របស់​ក្រុមហ៊ុន Meta លើ​ករណី​ លោក ហ៊ុន សែន រង​ការ​រិះគន់​ថា​«បរាជ័យ»​ក្នុង​ការ​រារាំង​អំពើ​ហិង្សា

រូប​ឯកសារ៖ ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​អ្នក​តាមដាន​ជាង​១៤​លាន​នាក់​ កាល​ពីថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣។

រដ្ឋាភិបាល​កម្ពុជា​បាន​សាទរ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Meta ចំពោះ​សេចក្តី​សម្រេច​កាល​ពី​ចុង​ខែ​សីហា​ដែល​បាន​ច្រានចោល​សេចក្តី​ណែនាំ​ពីសំណាក់​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​របស់​ក្រុមហ៊ុន​នេះក្នុង​ការ​ព្យួរ​គណនី​ហ្វេសប៊ុក (Facebook) ​របស់​អតីត​នាយករដ្ឋមន្រ្តី​ លោក ​ហ៊ុន សែន។

យ៉ាង​ណាក្តី ​ភាគី​ដទៃ​ទៀត​មិន​បាន​បង្ហាញ​អារម្មណ៍​សាទរ​ដូច​គ្នា​នេះ​នោះទេ​ ចំពោះ​សេចក្តី​សម្រេច​លើ​ករណី​ខាង​លើ ទាក់ទង​វីដេអូ​ដែល​បង្ហាញ​ពី ​លោក​ ហ៊ុន សែន ធ្វើ​ការ​គំរាមកំហែង​អំពើ​ហិង្សា​លើ​គូប្រជែង​នយោបាយ​របស់​លោក។

ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​របស់​ក្រុមហ៊ុន Meta ស្រប​ជាមួយ​នឹង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស និង​ក្រុម​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​ឌីជីថល បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​សេចក្តី​សម្រេច​នេះ​នៅ​ក្នុង​បទសម្ភាសន៍ ​និង​សារ​ឆ្លើយឆ្លង​តាម​អ៊ីមែល​ជាមួយ​វីអូអេ​កាលពី​ខែ​កញ្ញា។

​លោក Michael McConnel សហ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ បាន​លើក​ឡើង​នៅ​ក្នុង​សារ​អ៊ីមែល​ក្នុង​ន័យ​ដើម​ថា៖ «វា​ជា​រឿង​លំបាក​ក្នុង​ការប្រមើរមើល​ពី​ករណី​ច្បាស់ក្រឡែត​ជាង​នេះ​ដែល​មេដឹកនាំ​នយោបាយ​ម្នាក់​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​សម្លុត​គំរាមកំហែង»។

លោក​បាន​កត់សម្គាល់​ថា វីដេអូ​ពាក់ព័ន្ធ​នឹង​ លោក​ ហ៊ុន សែន ​ជា​ផ្នែក​មួយ​នៃ «និន្នាការ​អាកប្បកិរិយា​គួរ​ឱ្យ​ព្រួយបារម្ភ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា» ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​មធ្យោបាយ​រឹតត្បិត​ផ្នែក​នយោបាយ និង​ជា​អ្វី​ដែល​អង្គការ​ Freedom House ពណ៌នាថា​ជា «អំណាច​ផ្តាច់ការតាម​ប្រព័ន្ធ​ឌីជីថល»។

លោក McConnell ដែល​ជា​សាស្ត្រាចារ្យផ្នែក​ច្បាប់ប្រចាំសាកលវិទ្យាល័យ Stanford នៅ​សហរដ្ឋ​អាមេរិក បាន​បន្ថែមក្នុង​ន័យ​ដើម​ថា៖ «សេចក្តី​សម្រេច​របស់​យើង​បាន​ដាក់ចេញ​ជា​សេចក្តី​ណែនាំ​ច្បាស់លាស់​មួយ​ទៅ​កាន់​ក្រុមហ៊ុន​ Meta ដើម្បី​បង្ខាំង​បុគ្គល​សាធារណៈ​ពី​ការ​កេង​ចំណេញពី​បណ្តាញ​សង្គម​ដើម្បី​បំផុស​អំពើ​ហិង្សា។ ភាព​អសកម្ម​របស់​ក្រុមហ៊ុន Meta គឺ​ជា ការ​បរាជ័យ​មួយ​ក្នុង​ការ​ធានា​ថា បណ្តាញ​សង្គម​របស់​ខ្លួន​មិន​រួមចំណែកក្នុង​ការ​បំពាន​ទាំង​នេះ»។

ព័ត៌មាន​ទាក់ទង៖ ក្រុមហ៊ុន Meta ច្រានចោល​អនុសាសន៍​ដែល​ស្នើ​ឱ្យ​ផ្អាក​ទំព័រ Facebook របស់​លោក ហ៊ុន សែន

កាល​ពី​ថ្ងៃ​ទី២៩ ខែ​មិថុនា ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​របស់​ក្រុមហ៊ុន Meta ដែល​ជា​ក្រុម​អ្នក​ជំនាញ​មាន​ឈ្មោះ​ជាសាកល​មួយ​ ទទួល​បន្ទុក​ផ្តល់​ការ​ណែនាំ​ដែលមិនចាំបាច់​ត្រូវប្រតិបត្តិតាម លើ​ចំណោទ​គោលនយោបាយ​ពិបាកៗ​នានា​របស់​ក្រុមហ៊ុន​នេះ​ បាន​បញ្ចេញ​របាយការណ៍​មួយ​ណែនាំ​ឱ្យ​មាន​ការ​ព្យួរ​គណនី​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ការ​ផ្លាស់ប្តូរ​គោលនយោបាយ​បន្ថែម​ជា​បន្តបន្ទាប់។

ការ​ឆ្លើយតប​ពី​រដ្ឋាភិបាល ​លោក​ ហ៊ុន សែន​ កើត​មាន​យ៉ាង​ឆាប់រហ័ស។

សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​បាន​រង​បម្រាម​ភ្លាមៗ​មិន​ឱ្យ​ចូល​មក​កម្ពុជា​ ស្រប​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​បិទ​គណនី​ផ្ទាល់ខ្លួន​របស់​លោក និង​បាន​លើកឡើង​ថា លោក​ប្រហែល​បិទ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាំងស្រុង​នៅ​កម្ពុជា។

វីអូអេ​បាន​ទាក់ទាង​ទៅ​កាន់​សមាជិក​ប្រាំបួន​នាក់​នៃ​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​សម្រាប់​ការ​អធិប្បាយ​ជុំវិញ​រឿង​នេះ។ អ្នកឆ្លើយតប​បានបង្វែរ​សំណួរ​ទៅ​កាន់​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​របស់​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ ដែលបាន​ផ្តល់​ជា​សេចក្តីថ្លែងការណ៍​របស់​លោក McConnell។

ព័ត៌មាន​ទាក់ទង៖ កម្ពុជា​ហាម​ក្រុមប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​នៃ​ក្រុមហ៊ុន ​Meta​ ចូល​ប្រទេស ក្រោយ​ចេញ​អនុសាសន៍​ព្យួរ​ហ្វេសប៊ុក​លោក ហ៊ុន សែន

នៅ​ក្នុងចន្លោះ​ពេល​ប៉ុន្មាន​ខែ​រវាង​ការ​ណែនាំ​របស់​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ និង​សេចក្តី​សម្រេច​របស់​ក្រុមហ៊ុន​ Meta លោក​ ហ៊ុន សែន​ បាន​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន​ប្រុស​របស់​លោក​ ដែល​ឥឡូវ​នេះ​ជា​នាយករដ្ឋមន្ត្រី​គឺ​ លោក ហ៊ុន ម៉ាណែត។ ការ​ផ្ទេរ​អំណាច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា ដែល​គណបក្ស​កាន់​អំណាច​គឺ គណបក្ស​ប្រជាជន​កម្ពុជា ​ទទួលបាន​ជ័យជម្នះ​យ៉ាង​ងាយស្រួល ខណៈ​គណបក្ស​ប្រឆាំង​ធំជាង​គេបាន​រងបម្រាម​មិន​ឱ្យ​ចូលរួម​ឈរ​ឈ្មោះ​បោះឆ្នោត។ ប៉ុន្តែ​ការ​ចាកចេញ​របស់​ លោក ​ហ៊ុន សែន​ ពី​បណ្តាញ​សង្គម​ហ្វេសប៊ុក​គឺ​មាន​តែ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​គណនីហ្វេសប៊ុក​របស់​លោក​មាន​ភាព​សកម្ម​ឡើង​វិញ​នៅ​ពាក់កណ្តាល​ខែ​កក្កដា។

​វីដេអូ​ដែល​ជាប់​ពាក់ព័ន្ធ​គឺ​ជាសុន្ទរកថា​មួយ​កាល​ពី​ខែ​មករា​ នៅ​ពេល​លោក​ ហ៊ុន សែន គំរាម​វាយដំ គូប្រជែង និង​បញ្ចូន​ក្រុម​ជើងកាង​ទៅ​កាន់​ផ្ទះ​របស់​ពួកគេ។ លោក ហ៊ុន សែន​ ដែល​បាន​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​អស់​រយៈពេល​ប្រមាណ ៣៨​ឆ្នាំ រហូត​មក​ទល់​ខែ​សីហា​ឆ្នាំ​នេះ បាន​និយាយ​ថា៖ «មាន​ជម្រើស​ពីរ។ មួយ​គឺ​ ​ប្រើប្រាស់​មធ្យោបាយ​ផ្លូវច្បាប់ និង​មួយ​ទៀត​គឺ ​ប្រើប្រាស់​ដំបង»។

ដំបូង​ឡើយ​ ក្រុមហ៊ុន​ Meta បដិសេធ​មិន​ដក​ចេញ​វីដេអូ​ជា​ការ​ឆ្លើយតប​នឹងបណ្តឹង​នោះ​ទេ ប៉ុន្តែ​ទីបំផុត​បាន​យល់ស្រប​តាម​សេចក្តីណែនាំ​របស់​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​ក្នុង​ការ​ដកចេញ​វីដេអូ​នោះ។ ប៉ុន្តែ​សម្រាប់​សេចក្តីណែនាំ​ ៥​ ទៅ​ ៦​ ចំណុចបន្ថែម​ទៀត ក្រុមហ៊ុន​ Meta បដិសេធ​មិន​ធ្វើ​តាម ឬ​និយាយ​ថា កំពុង​ស្ថិតក្រោម​ការ​ពិចារណា។

ចំណោទ​ពាក់ព័ន្ធ​នឹង​ការ​ព្យួរ​គណនី​បាន​ជំរុញ​ឱ្យ​មាន​ជា​ការ​តស៊ូ​មតិ​ដ៏​សំខាន់​មួយ ដោយ​ឆ្លុះ​បញ្ចាំង​ពី​ភាព​តានតឹង​រវាង​អ្វី​ដែល​ជា​ព័ត៌មាន សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សុវត្ថិភាព​ជា​រួម​នៅ​ក្នុង​បរិយាកាស​នយោបាយ​រឹតត្បិត។

រូប​ឯកសារ៖ លោក​អតីត​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាន់​ទូរស័ព្ទ​ក្នុង​អំឡុង​ខួប​ទី​៦៥​នៃ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។

នៅ​ក្នុង​ការ​បកស្រាយ​ពី​សេចក្តី​សម្រេច​ក្នុង​ការ​មិន​បិទ​គណនី​ហ្វេសប៊ុក​របស់​ លោក ហ៊ុន សែន ក្រុមហ៊ុន​ Meta បាន​និយាយ​ថា ករណី​នេះ​មិនបាន​បំពេញ​តាម​បទដ្ឋាន​ «កំណត់​ជា​វិបត្តិ» នោះ​ទេ​ ដោយសារ​តែ​កម្រិត​អំពើ​ហិង្សា​នយោបាយ និង​ការ​រឹតត្បិត​នា​ពេល​នោះ​មិន​មាន​លើស​ពី​លក្ខខណ្ឌ​ «កម្រិត​មូលដ្ឋាន» នៅ​កម្ពុជា។

​ក្រុមហ៊ុន​ Meta ក៏​បាន​ច្រានចោល​សេចក្តី​ណែនាំ​ឱ្យ​បញ្ជាក់​ពី​រចនាសម្ព័ន្ធ​សាធារណៈ​របស់​ខ្លួនក្នុង​ការ​រឹតត្បិត​គណនី​បុគ្គល​សាធារណៈ ដើម្បី​រ៉ាប់រង​សម្រាប់​សង្គម​ដែល​ឃើញ​មាន​ការ​កើត​មាន​អំពើ​ហិង្សា​នយោបាយ​ជា​បន្តបន្ទាប់ ក្រៅ​ពី​ហេតុការណ៍​តាម​ពេល​ដូចជា កុប្បកម្ម​កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ដែល​នាំ​ឱ្យ​មាន​ការ​ព្យួរ​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ប្រធានាធិបតី​អាមេរិក​ លោក Donald Trump ​កាល​ពី​ឆ្នាំ២០២១។

ក្រុមហ៊ុន Meta បាន​បកស្រាយ​នៅ​ក្នុង​ការ​ឆ្លើយតប​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៨ ខែ​សីហា​ថា៖ «ការ​ប្រើប្រាស់​ក្បួន​ច្បាប់​នៅ​ក្នុង​កាលៈទេសៈ​ទាំង​នោះ​អាច​នាំ​ឱ្យ​មាន​ការ​ផ្អាក​មិន​មាន​ពេល​កំណត់​មក​លើ​គណនី​របស់​បុគ្គល​សាធារណៈ ដែល​ (ក្រៅ​ពី​បញ្ហា​សមធម៌) អាច​បង្ក​ការ​ប៉ះពាល់​មក​លើ​លទ្ធភាព​របស់​បុគ្គលរូប​នោះ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពី​និង​អំពី​មេដឹកនាំ​របស់​ពួកគេ និង​ដើម្បី​បញ្ចេញ​មតិ​របស់​ខ្លួន​ដោយ​ប្រើប្រាស់​បណ្តាញ​សង្គម​របស់​ក្រុមហ៊ុន Meta»។

ព័ត៌មាន​ទាក់ទង៖ ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ​Meta ជំរុញ​ឲ្យ​ព្យួរ​គណនី​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន​
ព័ត៌មាន​ទាក់ទង៖ គណបក្ស​កាន់​អំណាច​ព្យាយាម​ជំរុញ​បង្កើន​ចំនួន​អ្នក​គាំទ្រ​លោក ហ៊ុន សែន តាម TikTok និង Telegram

ក្រុម​អ្នក​ជំនាញ​ផ្នែក​ច្បាប់និង​អ្នក​គាំពារ​សិទ្ធិ​មនុស្ស​បាន​រិះគន់​សេចក្តី​សម្រេច​និង​ការ​បកស្រាយ​របស់​ក្រុមហ៊ុន Meta ដោយ​អះអាង​ថា ក្រុមហ៊ុននេះ​បាន​ខកខាន​នៅ​ក្នុង​ការ​ពិនិត្យ​លើ​តួនាទី​របស់​បណ្តាញ​សង្គម​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នយោបាយ​ដែល​កើត​មាន ហើយ​ហាក់ដូច​ជា ផ្តល់​អាទិភាព​លើ​ផលប្រយោជន៍​ផ្នែក​ធុរកិច្ច​របស់​ខ្លួន​ជាជាង​គុណ​តម្លៃ​ផ្សេងៗ​ដូចជា លទ្ធិប្រជាធិបតេយ្យ សុវត្ថិភាព​សាធារណៈ និង​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ​បែប​អហិង្សា។

អ្នកស្រី Golda Benjamin អ្នក​ធ្វើ​យុទ្ធនាការ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​អង្គការ​គាំពារ​សិទ្ធិ​តាម​ប្រព័ន្ធ​ឌីជីថល Access Now បាន​ថ្លែង​ប្រាប់វីអូអេក្នុង​សម្តី​ដើម​ថា៖ «បណ្តាញ​សង្គមនានា​គួរ​តែ​យល់​ថា ខ្លួន​ជា​កន្លែង​បំផុសបំផុល​ជា​បន្តបន្ទាប់​នៃ​មាតិកា​ប្រភេទ​នេះ ក៏ដូចជា ការ​រីក​សាយភាយ​នៃ​មាតិកា​ប្រភេទ​នេះ ពីព្រោះ​តែ​ប្រភព​នៃ​មាតិកា ដែល​កាន់តែ​ដាក់​សម្ពាធ និង​រឹតត្បិត​លំហ​ស៊ីវិល​បន្ថែម»។

អ្នកស្រី Benjamin បាន​និយាយ​ថា ក្រុមហ៊ុន Meta «យល់​ដឹង​យ៉ាង​ច្បាស់» ពីផល​ប៉ះពាល់​ដែល​បណ្តាញ​សង្គម​របស់​ខ្លួន​មាននៅ​តាមបណ្តា​ប្រទេស​ដូចជា​ កម្ពុជា ប៉ុន្តែ​បាន​បដិសេធ​ជា​ប្រចាំ​លើ​គោលនយោបាយ​ ដែលបង្កើន​គណនេយ្យភាព​របស់​ខ្លួន​ចំពោះ​អំពើ​ហិង្សា​នយោបាយ ឬ​ការ​បំពាន​សិទ្ធិ​មនុស្សក្នុង​ទម្រង់​ដទៃ​ទៀត​នៅ​តាម​សង្គម​ទាំង​នោះ។

ដោយ​សំដៅ​ទៅ​ក្រុមហ៊ុន​ Meta អ្នកស្រី​បាន​លើកឡើង​ថា៖ «ដូច្នេះ​នៅ​ពេល​ពួកគេ​និយាយ​អំពី​អំណាច​សេដ្ឋកិច្ច ពួកគេ​អាច​ប្រសិទ្ធ​ឈ្មោះ ហើយ​ពង្រីក​ខ្លួន ឬ​ថែមទាំង​បំផ្លើស​ផង​ដែរ ប៉ុន្តែ​នៅ​ពេល​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុសត្រូវ និង​ការ​ប៉ះប៉ូវ​ចំពោះ​ផលប៉ះពាល់​ដែល​ពួកគេ​បាន​បង្ក​ឡើង​ ពួកគេ​បែរ​ជា​រាថយ​ទៅ​វិញ»។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ចំណាត់ការ​ផ្លូវច្បាប់​ និង​ដាក់​ពន្ធនាគារ​លើ​អ្នករិះគន់​មួយ​ចំនួន ដែលសកម្ម​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដែលបាន​បញ្ចេញ​មតិ​នយោបាយ។ ចំណាត់ការ​ផ្លូវ​ច្បាប់​នេះជា​រឿយៗ​ស្ថិត​ក្រោមបរិបទ​ច្បាប់ «ញុះញង់» ដែល​ក្រុម​អ្នក​អង្កេតការណ៍​និយាយ​ថា ត្រូវ​បាន​បំពាន​ ដើម្បី​រឹតត្បិត​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ ដែល​ពួកគេ​មិន​ចង់​ឮ។ អ្នក​រិះគន់​បើកចំហ​ក៏​តែង​រងការ​វាយប្រហារ​លើ​រាងកាយ​ជា​ប្រចាំ​ផង​ដែរ។ ខណៈការ​ផ្សារភ្ជាប់​ផ្ទាល់​រវាង​ភាសា​របស់​រដ្ឋាភិបាល និង​អំពើ​ហិង្សា​កម្រ​នឹង​ត្រូវ​បាន​បញ្ជាក់​ជា​ភស្តុតាង ក្រុម​អ្នក​រិះគន់​និយាយ​ថា សារ​ទៅ​កាន់​សាធារណជន​នៅ​កម្ពុជា​គឺ​ មាន​ច្បាស់។

នា​ពេល​ថ្មីៗ​នេះ អ្នក​រិះគន់​រដ្ឋាភិបាល​មួយ​រូប ដែល​មាន​ភាព​សកម្ម​លើ​បណ្តាញ​សង្គម​ ​បាន​រង​ការ​វាយដំ​យ៉ាង​ដំណំ​ តែ​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​លោក​បាន​រិះគន់​រដ្ឋមន្ត្រី​កសិកម្ម។ ពី​មុន​មក លោកធ្លាប់​បាន​ជាប់​ពន្ធនាគារ​អស់​ពេល​ជា​ច្រើន​ខែ​ បន្ទាប់​ពី​ប្រៀបធៀប​ដោយ​ចំអក​ការ​បិទ​ខ្ទប់​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា​ទៅ​នឹង​ជម្រុក​មាន់។

រូបឯកសារ៖ លោក​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២៣។

​គណៈកម្មការ​នៃ​ក្រុម​អ្នក​ជំនាញ​ច្បាប់​អន្តរជាតិ (International Commission of Jurists)​ ធ្លាប់​បាន​រិះគន់​ជា​យូរ​មក​ហើយ​ចំពោះ​ការ​បៀតបៀន​តាម​ប្រព័ន្ធ​ផ្លូវច្បាប់ និង​ក្រៅ​ប្រព័ន្ធ​ផ្លូវច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​គូប្រជែង​ ក៏ដូចជា ការ​បំពាន​សិទ្ធិ​មនុស្ស​ទូលំទូលាយ​ជាង​នេះ។ លោក Daron Tan ទីប្រឹក្សា​ផ្នែក​ផ្លូវ​ច្បាប់​នៃ​គណៈកម្មការ​នេះប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បាន​និយាយ​ថា សេចក្តីសម្រេច​របស់​ក្រុមហ៊ុន Meta មក​លើ​គណនី​បណ្តាញ​សង្គម​របស់​លោក ហ៊ុន សែន ពោរពេញ​ដោយ​ភាព «គួរ​ឱ្យ​ចោទសួរ»។

លោក​បាន​បន្ត​ថា ក្រុមហ៊ុន Meta មិន​ត្រឹម​តែ​មិន​បាន​បិទគណនី​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ថែមទាំង​មិនបាន​ធ្វើ​អ្វី​ទាល់​តែ​សោះ​ដើម្បី​ដាក់​ពិន័យ​លើ​មេដឹកនាំកម្ពុជា​ដ៏​យូរ​អង្វែង​រូប​នេះ ក្រៅ​ពី​ដកចេញវីដេអូ​ដែល​បង្ហាញ​ការ​បំពាន។

លោក Daron Tan និយាយ​ថា៖ «ខ្ញុំ​គិត​ថា នេះ​បង្ហាញ​ជា​សារ​ប្រកប​ដោយ​គ្រោះថ្នាក់​មួយ​ថា លោក​ ហ៊ុន សែន អាច​ធ្វើ​អ្វី​តាម​តែ​លោក​ចង់ ត្រឹមត្រូវ​ទេ? លោក​អាច​និយាយ​អ្វី​ដែល​លោក​ចង់​និយាយ អាច​ធ្វើ​អ្វី​តាម​តែ​ទំនើង​ចិត្ត ដោយ​មិន​មាន​ផល​វិបាក។ ខ្ញុំ​គិត​ថា ​នេះ​ជា​រឿង​គួរ​ឱ្យ​ខ្វល់ខ្វាយ​បំផុត​សម្រាប់​ពួក​យើង​ជុំវិញ​សេចក្តី​សម្រេច​របស់​ក្រុមហ៊ុន Meta»។

លោក​ Tan ក៏​បាន​កត់សម្គាល់​ពី​គោលបំណង​នៃ​ការ​បកស្រាយ​ប្រកប​ដោយ​ភាព​ប្រុងប្រយ័ត្ន​របស់​ក្រុមហ៊ុន Meta ពី​ការ​ដែល​ខ្លួន​ផ្តល់​អាទិភាព​ចំពោះ «ការ​បញ្ចេញ​សំឡេង​មតិ» និង​សេរីភាព​ព័ត៌មាន​ជាជាង​ការ​ព្រួយបារម្ភ​ពី​អំពើ​ហិង្សា​នយោបាយ។

លោក​បាន​ថ្លែង​ថា៖ «អ្វី​ដែល​ស្ថិត​នៅ​ក្នុង​ចិត្ត​មនុស្ស​ភាគច្រើន​គឺ​ថា នៅ​ទីបំផុត សេចក្តី​សម្រេច​នេះ​គឺ​ផ្អែក​លើ​ ការ​ពិចារណា​លើផ្នែក​អាជីវកម្ម​ ពីព្រោះ​ក្រុមហ៊ុន Meta មាន​ការ​វិនិយោគ​សំខាន់​នៅ​កម្ពុជា»។

លោក Tan បាន​បន្ថែម​ថា ស្រប​ពេល​លោក​ Trump ចាកចេញ​ពី​សេតវិមាន​កាល​ពី​ឆ្នាំ ២០២១ នៅ​ពេល​ក្រុមហ៊ុន Meta បាន​ធ្វើ​សម្រេច​លើ​គណនី​របស់​ប្រធានាធិបតី​អាមេរិក​រូប​នេះ លោក ហ៊ុន សែន ​បាន​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូនប្រុស​របស់​លោក ប៉ុន្តែ​លោក​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ហើយ​ក្រុមហ៊ុន Meta ដឹង​ច្បាស់​ពី​ផលវិបាក​ដែល​អាច​កើតមាន ប្រសិន​បើ​ខ្លួន​បិទ​គណនី​របស់​លោក ហ៊ុន សែន។

​អ្នកស្រី​ Elina Noor អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​អាស៊ី​ប្រចាំ​វិទ្យាស្ថាន Carnegie Endowment for International Peace បាន​និយាយ​ថា ក្រុមហ៊ុន​ Meta ប្រហែល​ឈាន​ដល់​ «សេចក្តី​សន្និដ្ឋាន​ផ្នែក​នយោបាយ​សម​ហេតុផល​មួយ» ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹកនាំ​នៅ​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ។ ប៉ុន្តែ​អ្នកស្រី​បាន​បន្ថែម​ថា ការណ៍​នេះ​គឺ​ខុស​ពី​សេចក្តី​ណែនាំ​របស់​ ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​របស់​ខ្លួន ហើយ​ជា​លទ្ធផល​ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជំនឿ​ទុកចិត្ត​លើ​សេចក្តី​សម្រេច​នេះ។

អ្នកស្រី​ Elina Noor និយាយ​ថា៖ «ប្រហែល​មាន​ការ​ពិចារណា​លើ​ផ្នែក​ធុរកិច្ច​ផង​ដែរ ដែល​មាន​ឥទ្ធិពល​មក​លើ​សេចក្តី​សម្រេច​របស់​ក្រុមហ៊ុន Meta ដោយសារ​តែ​តួនាទី​ចម្បង​ដែល​បណ្តាញ​សង្គម​ហ្វេសប៊ុក​មានក្នុង​ឆាក​នយោបាយនៅ​កម្ពុជា។ ពិត​ណាស់ វា​មិនបាន​ជួយ​ជ្រោមជ្រែង​នោះ​ទេ​ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​អបអរសាទរ​ក្រុមហ៊ុន Meta និង​ឱ្យ​តម្លៃ​លើ​សេចក្តី​សម្រេច​នេះ​ ក្រោយ​មក»។

អ្នកស្រី​បាន​បន្ត​ថា៖ «បញ្ហា​នេះ​ទំនង​នឹង​នាំ​ឱ្យ​មាន​ជា​រឿង​អាក្រក់​សម្រាប់​ក្រុមហ៊ុន​ Meta ដោយសារ​តែ​ការ​គំរាមកំហែង​អំពើ​ហិង្សា​អាច​កើត​មាន​ជា​ការ​ពិត​យ៉ាង​ឆាប់រហ័ស ទៅ​ដល់​ចំណុច​មួយ​ដែល​ការ​ព្យួរ​គណនី​អាច​យឺត​ពេល​ទៅ​ហើយ»។

ក្រុមហ៊ុន Meta មិន​បាន​ឆ្លើយតប​សំណើ​សុំ​ការ​អធិប្បាយ​ពី​វីអូអេ​ជុំវិញ​ការ​រិះគន់​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​នោះ​ទេ។

​លោក McConnell សហប្រធាន​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ បាន​និយាយ​ថា ផលវិបាក​ពី​សេចក្តី​សម្រេច​របស់​ក្រុមហ៊ុន Meta គឺ​មាន​ក្រៅ​ពី​អ្នក​ដែល​រង​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​ការ​គំរាមកំហែង​ពី​សំណាក់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន។

លោក​ថ្លែង​ថា៖ «នេះ​មិនមែន​ត្រឹមតែ​ចំពោះ​ស្ថានភាព​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន Meta មិន​បាន​ធ្វើ​អ្វី​គ្រប់គ្រាន់​ដើម្បី​រារាំង​បុគ្គល​ដែល​ស្វះស្វែង​កេង​ចំណេញ​ពី​បណ្តាញ​សង្គម​របស់​ខ្លួន​នៅ​ក្នុង​បែបផែន​ស្រដៀង​គ្នា​នេះ»។

លោក​បាន​បន្ត​ថា៖ ​«ដូច​សេចក្តី​សម្រេច​របស់​យើង​បាន​កត់សម្គាល់ ការ​ខកខាន​ក្នុង​ការ​ដាក់កំហិត​លើការ​ប្រើប្រាស់​សម្តី​បំពាន​នៅ​ក្នុង​បរិយាកាស​នយោបាយ​ ដែល​លំហ​ស៊ីវិល​ត្រូវ​បាន​ធ្វើ​ឱ្យ​រួម​តូច និង​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ មិនបាន​ការពារ​ការ​បញ្ចេញ​មតិ​នោះ​ទេ។ វា​បាន​បង្ក​ជា​ផលវិបាក​បញ្ច្រាស​មក​វិញ ដោយ​នាំ​ឱ្យ​មាន​ការ​គំរាមកំហែង​ច្រើន​ជាង​មុន និង​ការ​បំបិទ​ទស្សនៈ​ទូលំទូលាយ»។

សូម​អាន​ការ​ឆ្លើយតប​ទាំងស្រុង​របស់​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​ចំពោះ​សំណួរ​វីអូអេ​ជុំវិញ​ករណី​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន សែន៖

នេះ​ជា​ការ​ឆ្លើយតបមកកាន់ VOA របស់ ​លោក Michael McConnell សហប្រធាន​ក្រុមប្រឹក្សាភិបាល ត្រួតពិនិត្យ​របស់​ក្រុមហ៊ុន Meta។

តើ​លោក​យល់​យ៉ាងណា​ចំពោះ​ហេតុផល​របស់​ក្រុមហ៊ុន Meta ក្នុង​ការ​សម្រេច​ផ្ទុយពី​សេចក្តី​ណែនាំ​ឱ្យ​ព្យួរ​គណនី​របស់​លោក ហ៊ុន សែន?

ពិត​ណាស់ យើង​មាន​ក្តី​សោមនស្ស​ដែល​ក្រុមហ៊ុន Meta បាន​សម្រប​ជាមួយ​នឹង​សេចក្តី​សម្រេច​របស់​យើង​នៅ​ក្នុង​ការ​ដកចេញ​នូវ​ការ​បង្ហោះ​ជា​វីដេអូ​ ដែល​លោក​ ហ៊ុន សែន គំរាមកំហែង​វាយប្រហារ​លើ​គូប្រជែង​នយោបាយ​នឹង «ដំបង» និង​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​អ្នក​គាំទ្រ​រូប​លោក។ ប៉ុន្តែ​យើង​មាន​ការ​ខក​ចិត្ត​ ដែល​ក្រុមហ៊ុន​មិនបាន​ទទួល​យក​សេចក្តីណែនាំ​បន្ថែម​របស់​យើង​នៅ​ក្នុង​ការ​ព្យួរ​គណនី​របស់​លោក។

ជា​រឿង​លំបាក​ក្នុង​ការ​ស្រមៃឃើញករណី​ច្បាស់​ក្រឡែត​ជាង​នេះ​ដែល​មេដឹកនាំ​នយោបាយ​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បីសម្លុត​គំរាមកំហែង។ ក្រុមប្រឹក្សាភិបាល​បាន​ផ្អែក​លើ​ជំនាញ​ពី​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​បញ្ជាក់​លម្អិត​ពី​និន្នាការ​អាកប្បកិរិយា​គួរ​ឱ្យ​ព្រួយបារម្ភ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។ អង្គការ Freedom House បាន​ពណ៌នា​អាកប្បកិរិយា​នេះ​ជា «អំណាច​ផ្តាច់ការតាម​ប្រព័ន្ធ​ឌីជីថល » ដែល​ការ​ប្រើប្រាស់​ និង​ការ​ត្រួតពិនិត្យ​លើ​បណ្តាញ​សង្គម​ដោយ​រដ្ឋាភិបាល​ ត្រូវ​បាន​ប្រើ​ដើម្បី​រឹតត្បិត និង​គំរាមកំហែង​គណបក្ស​ប្រឆាំង។

សេចក្តី​សម្រេច​របស់​យើង​បាន​ដាក់​ចេញ​ជា​សេចក្តី​ណែនាំ​ច្បាស់​មួយ​ទៅ​កាន់​ក្រុមហ៊ុន Meta ដើម្បី​រារាំង​បុគ្គល​សាធារណៈ​ដែលកេង​ចំណេញ​ពី​បណ្តាញ​សង្គម​ដើម្បី​បំផុស​អំពើ​ហិង្សា។ ភាព​អសកម្ម​របស់​ក្រុមហ៊ុន Meta គឺ​ជា ការ​ខកខាន​ក្នុង​ការ​ធានា​ថា បណ្តាញ​សង្គម​របស់​ខ្លួន​មិន​បាន​រួមចំណែក​ទៅ​លើ​ការ​បង្ក​ការ​ប៉ះពាល់​ទាំង​នេះ។ យើង​សូម​រក្សា​ជំហរ​ស្រប​តាម​សេចក្តី​ណែនាំ​របស់​យើង និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន Meta ចាត់​វិធានការ​ប្រកប​ដោយ​ផ្លែផ្កា​ដើម្បី​រារាំង​ការ​ប្រើប្រាស់​មិន​សមស្រប​ដូចនេះ។

តើ​លោក​យល់​យ៉ាង​ណា​ចំពោះ​ហេតុផល​របស់​ក្រុមហ៊ុន Meta ក្នុង​ការ​សម្រេច​ប្រឆាំង​នឹង​សេចក្តី​ណែនាំ​ដើម្បី​បញ្ជាក់​ ឬ​ផ្លាស់ប្តូរ​គោលនយោបាយ​របស់​ខ្លួន ឱ្យយ​ថ្លឹងថ្លែង​«បរិបទ​ដែល​ពលរដ្ឋ​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​សងសឹក​ជា​បន្តបន្ទាប់​ពី​រដ្ឋាភិបាល​របស់​ខ្លួន»?

ការ​លើក​ឡើង​ថា គោលនយោបាយ​របស់​ក្រុមហ៊ុន Meta ពាក់ព័ន្ធ​ជាមួយ​នឹង​មេដឹកនាំ​នយោបាយ​គួរ​តែ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្រោម​កាលៈទេសៈ​កំណត់​ជាក់លាក់​លម្អិត​នោះ បាន​បង្ក​ជា​មន្ទិល​មក​លើ​គោលបំណង​នៃ​គោលនយោបាយ​នេះ ក៏ដូចជា សមត្ថភាពការពារ​ប្រឆាំង​នឹង​ការ​បំពាន​ផ្សេងៗ។ ដោយសារ​ប្រវត្តិ​ប្រព្រឹត្ត​ការ​បំពាន​សិទ្ធិ​មនុស្ស​របស់​ លោក​ ហ៊ុន សែន វា​ច្បាស់​ណាស់​ថា ក្រុមហ៊ុន Meta មិន​អាច​រង់ចាំ​ឱ្យ​មាន​ការ​គំរាមកំហែង​ ដើម្បី​ចាត់វិធានការ​នោះ​ទេ ហើយ​នៅ​ក្នុង​ករណី​នេះ ក៏​មាន​សេចក្តី​ណែនាំ​ដើម្បី​ផ្អែកមូលដ្ឋាន​លើ​ផង​ដែរ។

នៅ​ក្នុង​បរិបទ​ទូលំទូលាយ​ជាង​នេះ ជា​លទ្ធផល​នៃ​ការ​ណែនាំ​របស់​ក្រុមប្រឹក្សាភិបាល​ បន្ទាប់​ពី​ការ​ពិនិត្យ​លើ​ការ​ព្យួរ​គណនី​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ក្រុមហ៊ុន Meta បាន​ធ្វើការ​ផ្លាស់ប្តូរ​សំខាន់ៗ​ដូចជា ដាក់ចេញ​ជា​គោលនយោបាយ​ដោះស្រាយ​វិបត្តិ​ប្រកប​ដោយ​ភាព​លម្អិត​នៅ​ក្នុង​ស្ថានភាព​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​បង្ហាញ​រចនាសម្ព័ន្ធ​ច្បាស់ជាង​មុន​ពី​របៀប​ដែល​ខ្លួន​នឹង​រឹតត្បិត​គណនី​បុគ្គល​សាធារណៈ​អំឡុង​ពេល​មាន​ភាព​ចលាចល​សង្គម។ នេះ​គឺ​ជា ជំហាន​ល្អ​ដំបូង​នៅ​លើ​ក្រដាស ប៉ុន្តែ​ការ​មិនមាន​ឆន្ទៈ​ប្រើប្រាស់​ចំណាត់ការ​ទាំង​នេះ​សម្រាប់​បរិបទ​ដូចនេះ​ បាន​បង្ក​ជា​ចំណោទ​ធ្ងន់ធ្ងរ។ ក្រុមហ៊ុន​ត្រូវ​តែ​សម្របសម្រួល​ពិនិត្យ​លើ​បរិយាកាស​នយោបាយ​ ដែល​ពលរដ្ឋ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​អំពើ​ហិង្សា​ពី​សំណាក់​រដ្ឋាភិបាល​របស់​ពួកគេ។

តើ​សេចក្តី​សម្រេច​របស់​ក្រុមហ៊ុន​ Meta ​ក្នុង​ករណី លោក ហ៊ុន សែន នេះ នឹង​បង្កើត​ជាគំរូ​អ្វីទាក់ទងបញ្ហា​អាកប្បកិរិយា​សមរម្យ​សម្រាប់​មេដឹកនាំ​នយោបាយ​នៅ​លើ​បណ្តា​វេទិកា​បណ្តាញ​សង្គម​របស់​ក្រុមហ៊ុន Meta?

សេចក្តី​សម្រេច​របស់​ក្រុមហ៊ុន Meta បង្ហាញ​ជា​សារ​ដ៏​ខុស​មួយ​ទៅ​កាន់​មេដឹកនាំ​នយោបាយ​ ដែល​បំពាន​ច្បាប់​ថា ពួកគេ​នឹង​មិន​រ៉ាប់រង​ចំពោះ​ទង្វើ​របស់​ខ្លួន​នោះ​ទេ។ នេះ​មិន​ត្រឹម​តែ​ជា​ស្ថានភាព​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​ Meta មិន​បាន​ធ្វើ​គ្រប់គ្រាន់​ដើម្បី​បង្អាក់​បុគ្គល​ដទៃ​ទៀត ដែល​ព្យាយាម​កេងចំណេង​ពី​បណ្តាញ​សង្គម​របស់​ក្រុមហ៊ុនក្នុង​បែបផែន​ស្រដៀង​គ្នា​នេះ។

តើ​លោក​គិត​ថា ប្រជាជន​កម្ពុជា​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ខ្លាំង​ជាង​មុន​ទេ​នា​ពេល​អនាគត​ ពីព្រោះ​ក្រុមហ៊ុន​ Meta បាន​បដិសេធ​មិន​គោរព​តាម​សេចក្តី​ណែនាំ​របស់​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ?

យើង​មិន​ស្ថិត​ក្នុង​គោលជំហរ​ណា​មួយ​ក្នុង​ការព្យាករណ៍​នោះ​ទេ ប៉ុន្តែ​សេចក្តី​សម្រេច​របស់​យើង​គឺ​ច្បាស់​ថា ក្រុមហ៊ុន​ Meta ត្រូវ​តែ​ធ្វើ​អ្វី​ច្រើន​ជាង​នេះ ដើម្បី​ការពារ​មាតិកា​ដែល​បង្ក​ការ​ប៉ះពាល់​ នៅ​ក្នុង​បរិបទ​ដែល​ពលរដ្ឋ​ស្ថិតក្រោម​ការ​បន្ត​គំរាមកំហែងអំពើ​ហិង្សា​សងសឹក​ពី​រដ្ឋាភិបាល​របស់​ពួកគេ។ ដូច​សេចក្តី​សម្រេច​របស់​យើង​បាន​កត់សម្គាល់ ការ​ខកខាន​នៅ​ក្នុង​ការ​ដាក់​កំហិត​លើ​សម្តី​បំពាន​យ៉ាង​ច្បាស់​នៅ​ក្នុង​បរិយាកាស​នយោបាយ​ ជា​ទី​ដែល​លំហ​ស៊ីវិល​ត្រូវ​បាន​ធ្វើ​ឱ្យ​រួម​តូច និង​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​រួច​ទៅ​ហើយ​ មិន​បានការពារ​ការ​បញ្ចេញ​មតិ​នោះ​ទេ។ វា​អាច​មាន​ផលវិបាក​បញ្ច្រាស​ទៅ​វិញ ដោយ​នាំ​ឱ្យ​មាន​ការ​បំពាន​បន្ថែម និង​ការ​បំបិទ​ការ​បញ្ចេញ​មតិ​ទូលំទូលាយ​ជាង​នេះ។

យើង​នឹង​បន្ត​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ Meta ធ្វើ​ការ​ការពារ​សិទ្ធិ​មនុស្ស​ឱ្យ​បាន​ប្រសើរ​ជាង​មុន និង​ធានា​ថា បណ្តាញ​សង្គម​របស់​ខ្លួន​មិន​បង្ក​ការ​ប៉ះពាល់​ដល់​សុចរិតភាព​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។ នេះ​ជា​ហេតុផល​មួយ​ដែល​យើង​ចាត់​អាទិភាព​លើ​ការ​ផ្តោត​របស់​យើង​នៅ​ក្នុង​ការ​រួមបញ្ចូល​ការ​ការពារ​ការបោះឆ្នោត​និង​លំហ​ស៊ីវិល។ ជា​រឿង​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​រ៉ាប់រង​គណនេយ្យភាព​ចំពោះ​រាល់​ភាគី​ណាមួយ​ដែល​បង្ក​ការ​ប៉ះពាល់​ដល់​លំហ​ស៊ីវិល ឬ​ស្វះស្វែង​បំផុស​អំពើ​ហិង្សា​ ហើយ​ក្នុង​នោះ​រួម​មាន​ មេដឹកនាំ​នយោបាយ​ផង​ដែរ៕