ការសិក្សាថ្មីមួយដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោករកឃើញថា ជំងឺដែលទាក់ទងនឹងសតិ ជាមូលហេតុនាំមុខគេដែលនាំឲ្យមានភាពពិការនៅក្នុងចំណោមក្មេងជំទង់ និងមនុស្សពេញវ័យក្មេងៗ។ ការសិក្សានេះជាការសិក្សាដំបូងបង្អស់ដែលផ្តល់រូបភាពសាកលមួយនៃសុខភាពមនុស្សនៅក្នុងក្រុមអាយុនេះ។
មនុស្សវ័យក្មេងពីអាយុ១០ឆ្នាំដល់២៤ឆ្នាំ គួរតែនៅក្នុងចំណោមអ្នកមានសុខភាពល្អបំផុតដោយសារតែមនុស្សក្នុងវ័យនេះអាចគេចផុតពីគ្រោះថ្នាក់ជំងឺកុមារភាព ហើយមិនទាន់ចាស់ល្មមនឹងទទួលការរាតត្បាតដោយជំងឺមហារីក ជំងឺបេះដូង និងពីស្ថានភាពជំងឺផ្សេងៗទៀតដែលប៉ះពាល់មនុស្សចាស់។
ប៉ុន្តែការសិក្សាថ្មីមួយបដិសេធទស្សនៈនេះ ដោយពិនិត្យមើលអត្រាស្លាប់កន្លងមកដោយប្រើវិធានការមួយមានឈ្មោះថា Disability Adjusted Life Years ឬហៅកាត់ថា DALY ដែលគិតបញ្ចូលទាំងការស្លាប់ និងការមានជំងឺ។
ដោយប្រើប្រព័ន្ធទិន្នន័យមួយដែលមានឈ្មោះថា បន្ទុកជំងឺសាកល (Global Burden of Disease) ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា បញ្ហាសុខភាពផ្លូវចិត្តបានបង្ហាញថា ជិតពាក់កណ្តាលនៃជំងឺដែលពួកគេបានចុះបញ្ជីគឺស្ថិតនៅក្នុងក្រុមមនុស្សពីអាយុ១០ឆ្នាំទៅ២៤ឆ្នាំ។
«ទាក់ទងនឹងមូលហេតុចំបងចំនួន១០នៃជំងឺរបស់ក្រុមអាយុនេះ មូលហេតុប្រាំក្នុងចំណោមមូលហេតុទាំងនេះគឺបញ្ហាទាក់ទងនឹងផ្លូវចិត្ត ដូចជាដំណើរធ្លាក់ទឹកចិត្ត វិកលចរិក ការផឹកស្រាហួសប្រមាណ ការធ្វើអត្តឃាត ការធ្វើទុក្ខទោសខ្លួន និងភាពខូចសណ្តាប់ធ្នាប់ផ្នែកស្មារតី»។
លោកវេជ្ជបណ្ឌិត ចច ផាថិ្ថន (George Patton) នៃសាកលវិទ្យាល័យមែលប៊ន (University of Melbourne) នៃប្រទេសអូស្ត្រាលី ជាសហអ្នកនិពន្ធជាន់ខ្ពស់ម្នាក់នៃការសិក្សាថ្មី ដែលការសិក្សានោះត្រូវបានដឹកនាំដោយអង្គការសុខភាពពិភពលោក។ ដោយសារតែការសិក្សាដំបូងបង្អស់ដូចនេះត្រូវបានរៀបចំឡើង វាពិតជាមិនអាចនិយាយអំពីនិន្នាការទេនៃជំងឺទេ ប៉ុន្តែលោក ផាថ្ថិន បានកត់សម្គាល់លំនាំនៃតំបន់ខ្លះៗ។ ជាឧទាហរណ៍ នៅក្នុងទ្វីបអាហ្វ្រិក ជំងឺឆ្លងជាច្រើននៅតែជាបញ្ហាដ៏សំខាន់មួយ។ លោកថ្លែងថា៖
«អញ្ចឹង ជំងឺអេដស៍ របេង និងគ្រុនចាញ់ ជាមូលហេតុសំខាន់ដែលបង្កឲ្យស្លាប់និងបង្កឲ្យមានជំងឺ ពោលគឺជាភាពពិការ។ សរុបបញ្ហាទាំងអស់ចូលគ្នា នាំឲ្យការស្លាប់នៃម្តាយនិងផលវិបាកនៃកំណើតកុមារពិការមានកាន់តែច្រើនឡើងជាងផ្នែកផ្សេងៗទៀតនៃពិភពលោក»។
ផ្ទុយទៅវិញ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលគ្របដណ្តប់ដោយប្រទេសចិន រូបភាពស្រដៀងគ្នាទៅនឹងក្រុមប្រទេសមានប្រាក់ចំណូលខ្ពស់ ដែលពិការភាពមានច្រើនដោយសារជំងឺផ្លូវចិត្តនិងជាពិសេសគឺគ្រោះថ្នាក់ចរាចរ។
បន្ថែមពីលើជំងឺ និងស្ថានភាពដែលបង្កឲ្យមានសុខភាពមិនល្អនៃក្រុមមនុស្សវ័យក្មេងនោះ លោក ចច ផាថិ្ថន មានប្រសាសន៍ថា ទម្លាប់អាក្រក់នៅក្នុងយុវវ័យ ដូចជាការជក់បារី ការសេពសុរា ការធាត់លើសទម្ងន់ និងការសេពកាមគ្មានសុវត្ថិភាព អាចនាំឲ្យមានជំងឺ និងឲ្យឆាប់ស្លាប់នៅប៉ុន្មានទសវត្សរ៍ក្រោយ។ លោកថ្លែងថា៖
«ករណីទាំងអស់នេះលេចឡើងនៅក្នុងប៉ុន្មានឆ្នាំនេះ ហើយវាក្លាយជាបន្ទុកធំមួយនៃការបង្កជំងឺនៅក្នុងជីវិតនៅពេលក្រោយ។ អន្តរាគមន៍ទាំងឡាយនឹងមានប្រសិទ្ធភាពខ្លាំង ប្រសិនបើយើងធ្វើអន្តរាគមន៍ឲ្យបានទាន់ពេល»។
ការសិក្សាអំពីបន្ទុកនៃជំងឺនៅក្នុងក្រុមមនុស្សពីអាយុ១០ទៅ២៤ឆ្នាំ ដោយសហអ្នកនិពន្ធ ចច ផាថិ្ថន អ្នកនិពន្ធនាំមុខ ហ្វ៊ីអូណា ហ្គ័រ (Fiona Gore) និងអ្នកនិពន្ធផ្សេងៗទៀតមានផ្សាយតាមប្រព័ន្ធអ៊ិនធឺណេតរបស់ទស្សនាវដ្តី “The Lancet”។
ប្រែសម្រួល ដោយ នុច សារីតា